លោក​ ហ៊ុន សែន​ ទិតៀន​បណ្តា​ប្រទេស​មួយចំនួន​ជុំវិញ​ក្តី​កង្វល់​អំពី​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម

១៦ មិនា ២០២៣
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

ភ្នំពេញ — នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ប្រកាស​ជា​សាធារណៈ​សាជាថ្មី​ថា​ កងទ័ព​ចិន​និង​កងទ័ព​ប្រទេស​ផ្សេង​ទៀត ​នឹង​មិន​អាច​ឈរ​ជើង​នៅមូលដ្ឋាន​ទ័ព​ជើង​ទឹក​សមុទ្រ​រាម​កម្ពុជា​បាន​ទេ​។ លោក​អះអាង​ថា ការ​អភិវឌ្ឍ​កំពង់​ផែ​សមុទ្រ​នៅក្នុង​តំបន់​មូលដ្ឋាន​នោះ គឺដើម្បី​លើក​កម្ពស់​សមត្ថភាព​ការ​ពារ​ខ្លួន​ និង​ទប់​ស្កាត់​បទល្មើស​ផ្សេង​ៗ​តាម​ដែន​សមុទ្រ​។

ថ្លែង​នៅ​ឯ​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​មួយកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុ ន សែន​ បាន​ប្រាប់ប្រទេស​ជាមិត្ត​កម្ពុជា​ ដោយមិន​បាន​សំដៅ​ចំ​ឈ្មោះ​ប្រទេស​ណា​នោះ​ថា​ កំពង់​ផែ​នៅតំបន់មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​កែ​លម្អ​បាន​ប្រសើរ​ជាងមុន​នោះ ​នឹង​បើក​ចំហ​ឱ្យនាវាប្រទេស​ជាមិត្ត​កម្ពុជា​ចូល​ចត​ ហើយ​អាច​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ ក្រោយ​បញ្ចប់​ការ​ធ្វើ​ទំនើប​កម្ម​។


លោក​ថ្លែង​ថា​៖ «អ៊ីចឹង​សូម​ជូន​សារ​ត្រឡប់​ទៅវិញ​ មិន​ចាំបាច់​ធ្វើ​យុទ្ធនាការ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​ទេ​ កម្ពុជា​មាន​សិទ្ធិ​គ្រប់​គ្រាន់​អនុវត្ត​នូវ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ ការពារ​ទឹក​ដី​របស់​ខ្លួន​។ ហើយ​កម្ពុជា​សូមបញ្ជាក់​សា​ជាថ្មី​មិនមាន​វត្ត​មាន​កង​ទ័ព​ចិន​ ឬកង​ទ័ព​បរទេស​ណា​នៅ​កម្ពុជា​ទេ។ បន្ទាប់​ពី​ការ​សាង​សង់​រួច​ កម្ពុជា​នឹង​ស្វាគមន៍​គ្រប់​ប្រទេស​ទាំង​អស់​ ចូល​ចត​នាវា​មក​ក្នុង​កំពង់​ផែ​កម្ពុជា​។ ហើយ​យើង​អាច​ធ្វើ​សម​យុទ្ធ​ជាមួយ​គ្នា»

លោក ​ហ៊ុន សែន​ ឱ្យដឹង​ទៀត​ថា រាល់​ការ​អភិវឌ្ឍ​នានា​ក្នុង​កំពង់​ផែ​រាម​ គឺមាន​លក្ខ​ណៈ​បើក​ចំហ​ និង​មិន​មែន​ជារឿង​សម្ងាត់​នោះ​ទេ ហើយ​វាក៏ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​សមត្ថភាព​នៃ​កំពង់​ផែ​យោធា​កម្ពុជា​ ដែលនឹង​អាច​ទទួល​នាវា​ចម្បាំង​ធំ​ៗ​ឱ្យចូល​ចត​ផង​ដែរ​។

លោក​ថែ្លងថា៖ «ម៉េចក៏​ចាំបាច់​ថា​ អាហ្នឹង​ជា​ព័ត៌មាន​ចារកម្ម​ បើ​គេបើក​ម៉ាចំហ​ហើយ​ចំា​បាច់​ស្អី​។ លើកលែង​តែ​អ្នកឯង​ចង់​រក​រឿង​ខ្ញុំ​។ កំពុង​ពង្រឹង​សមត្ថភាព​កំពង់​ផែ​យោធា​របស់​កម្ពុជា​មាន​អី​ខុស​ ទឹកដី​នេះ​ ជា​ទឹក​ដី​កម្ពុជា​។ កម្ពុជា​មាន​សិទ្ធិ​នឹង​ធ្វើ​ពង្រីក​សមត្ថភាព​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​ ជម្រៅ​ទឹក​ដើម​របស់​យើង​ ត្រឹម​តែ ​២,៧​ម៉ែត្រ​ទេ។ ពេល​នេះ​ត្រូវ​តែ​បូម​វា​ឱ្យ​ជ្រៅ​ និង​ធ្វើមូលដ្ឋាន​កង​ទ័ព​ឱ្យ​ច្បាស់​លាស់។ អត់​មាន​ទៅ​គំរាមកំហែង​អ្នកណា​ទេ»។​

រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian និងរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា និងផែសំចត ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២។ (Fresh News via AP)
រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian និងរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា និងផែសំចត ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២។ (Fresh News via AP)

កាលពីដើមខែ​មិថុនា ​ឆ្នាំ ២០២២​ កម្ពុជា​និង​ចិន​បាន​បើក​ការដ្ឋាន​សាង​សង់​សំណង់​នានា​នៅ​មូលដ្ឋាន​រាម​ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋា​ភិបាល​ចិន ​និង​សាងសង់​ដោយ​ក្រុម​កង​ទ័ព​រំដោះ​ប្រជាជន​ចិន។ យ៉ាង​ណាក្តី​ ការ​សាង​សង់​សំណង់​ថ្មី ​និង​ការ​ធ្វើ​ទំនើប​កម្ម​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ទ័ព​ជើងទឹករាម​នេះ​បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ​ ដោយ​សារ​មាន​ការ​ចោទ​ប្រកាន់​ពី​សហ​រដ្ឋ​អាមេរិក​ថា ​ចិន​នឹង​ប្រើប្រាស់​មូលដ្ឋាន​នេះ​សម្រាប់​ពង្រីក​អំណាច​របស់​ខ្លួន​។ ប៉ុន្តែទាំងភាគី​ចិន និង​កម្ពុជា​អះអាង​ជាបន្តបន្ទាប់ថា នឹង​មិន​អាច​មាន​រឿង​ដូច្នេះ​កើត​ឡើង​នោះទេ​។

បើ​តាម​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​ថ្លែង​ក្នុងពិធី​ចែក​សញ្ញាបត្រ​នៅព្រឹក​ថ្ងៃ ព្រហស្បតិ៍ដដែលនោះ​ ​កំពង់​ផែ​សមុទ្រ​រាម ក្រោយ​ការ​កែម្អនឹង​មិន​អាច​បម្រើ​ឱ្យការ​ចូល​ចត​នៃ​នាវាផ្ទុក​យន្ត​ហោះ​ប្រតិកម្ម​របស់​ចិន ដូច​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ខ្លះ​បាន​លើក​ឡើង​ទេ​។ លោក​ក៏​បញ្ជាក់​ទៀតថា​ កម្ពុជា​ក៏​មិន​ឆោត​រហូត​បើក​ដៃ​ឱ្យ​ចិន​មក​គ្រប់​គ្រង​ខ្លួន​ដែរ​។

លោក​ថ្លែងថា៖ «ហើយ​យើង​ត្រូវ​ការ​ធ្វើ​អី​ កងទ័ព​ចិន​យក​មក​ធ្វើ​អី​ ហើយ​ឆោត​អី​ឆោត​ថា​ ហ្ន៎មាន​អាកាសែត​មួយ​នោះ​ថា​ កន្លែង​រាម​នេះ​ អាច​ដាក់​នាវា​ ចុះ​យន្តហោះ​ចិន​បាន​រហូត​ដល់​ពីរគ្រឿង​។ អ្ហូ៎ចិន!​ ល្ងង់​ដល់​ប៉ុណ្ណឹង! ចិន​ល្ងង់​រហូតដល់​យក​ អានាវា​ចុះ​យន្ត​ហោះ​យក​មក​ដាក់​នៅ​កំពង់​ផែ​ស្រុក​ខ្មែរ​។ ចុះ​សមុទ្រ​ចិន​ខាង​ត្បូង​ម៉េច​ក៏មិនដាក់​។ រួច​បើ​គង់​តែ​មក​ចុះ​យន្តហោះ​ដែរ ចុះ​អាព្រលាន​កង​កេង​ម៉េច​ក៏មិន​ចុះ​តាហ្មងទៅ​។ ម៉េច​ឆ្កួត​ចាំបាច់​យក​អាហ្នឹង​មក​»

លោក​បន្ថែម​ថា​៖ «ទេ​ កុំ​បបួល​ខ្មែរ​ឆ្កួត​ ហើយ​កុំ​បបួល​ចិន​ឆ្កួត​ បើ​ឆ្កួត​ខ្លួន​ឯង​ សូម​អញ្ជើញ​ឆ្កួត​ខ្លួនឯង​ទៅ។ ខ្មែរ​ក៏មិន​ល្ងង់​ដល់​ថ្នាក់​ឱ្យ​ចិន​មក​កាន់​កាប់​ស្រុក​ខ្មែរ​នោះ​ទេ​ ហើយ​ចិន​ក៏មិន​ល្ងង់​ដល់​ថ្នាក់​មក​កាន់​កាប់​កំពង់​ផែ​ស្រុក​ខ្មែរ ហើយ​យក​ទាំង​អានាវា​ដឹក​យន្តហោះ​មកដាក់​នៅហ្នឹង​»

លោក ​ហ៊ុន​ សែន ​អះអាង​ទៀត​ថា​ ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ពន្ធ​ក្នុងមូលដ្ឋាន​នោះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​កសាង​សមត្ថភាព​កង​ទ័ព​កម្ពុជា​ឱ្យ​ខ្លាំង​ជាង​មុន​ផង​ និង​ដើម្បី​ទប់​ទប់និង​ឆ្លើយតប​បទល្មើស​ក្នុង​ដែន​សមុទ្រ​កម្ពុជាផង​ដែរ​។

មេដឹកនាំ​កម្ពុជា​រូបនេះក៏បាន​ថ្លែង​រិះ​គន់​ប្រទេស​ជា​សម្ពន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ ខ្លះ​ថា​មិនយល់​ពី​បំណង​កម្ពុជា ​តែ​បែរប្រឹង​ជំរុញ​ឱ្យកម្ពុជា​យល់​ពី​បំណង​ខ្លួន​ ពាក់​ព័ន្ធ​នឹងផែន​ការ​ដាក់​ឱ្យចរាចរ​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែ​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល ជា​តំបន់​មិន​គាំទ្រ​ដល់​ការប្រើប្រាស់​អាវុធនុយ​ក្លេអ៊ែ​។

លោក​លើក​ឡើង​ថា​៖ «​ថ្ងៃ​មុន​ ខ្ញុំនិយាយ​ជាមួយ​ទូត​អូស្ត្រាលី​យ៉ាង​ច្បាស់​ ខ្ញុំថា​ ខ្ញុំ​យល់ខ្ញុំ​ថា អាហ្នឹង​មិនមែន​អាវុធ​នុយក្លេអ៊ែ​ទេ​ គឺ​នាវាមុជ​ទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ​ ខ្ញុំយល់​ដែរ។ ប៉ុន្តែ​ហេតុអី​បាន​ពួក​អ្នក​ឯងអត់​ព្រម​យល់​ពី​ខ្ញុំ​វិញ នូវ​ការ​ដែល​ខ្ញុំពន្យល់​ថា​ខ្ញុំ​មាន​ការ​ចាំបាច់​ ដើម្បី​កសាង​សមត្ថភាព​កងទ័ព​ជើង​ទឹក​ដើម្បី​ការពារ​អធិបតេយ្យ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់​ពន្ធមនុស្ស​ រត់​ពន្ធ​គ្រឿង​ញៀន​ ការនេសាទ​ខុសច្បាប់​ ឬឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​ក្នុងសមុទ្រ​របស់​កម្ពុជា»

ក្រុម​សម្ពន្ធមិត្ត​ត្រីភាគី​ ដែល​ហៅ​កាត់​ថា Aukus​ រួមមាន​សហរដ្ឋ​អាមេរិក​ ចក្រភព​អង់​គ្លេស​ និង​អូស្រ្តាលី​ បាន​ព្រមព្រៀង​គ្នា​កាល​ពី​ពេល​ថ្មី​ៗនេះ​លើ​គម្រោង​ដាក់​ឱ្យមាន​ការ​ប្រើប្រាស់​នាវា​មុជទឹកដើរ​ដោយ​ថាមពល​នុយក្លេអ៊ែ​ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ដើម្បី​តទល់​នឹង​ឥទ្ធិពល​របស់​ចិន។ បើតាម​គម្រោង​នេះ​ សហរដ្ឋ​អាមេរិក​អាច​ដាក់​ពង្រាយ​នាវា​ប្រភេទនេះ​ចំនួន​យ៉ាង​ហោច​ណាស់​បី​គ្រឿង​។ នេះបើតាម​បណ្តាញ​ព័ត៌មាន​ BBC របស់​ប្រទេស​អង់​គ្លេស​។ ​

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ថ្លែងសុន្ទរកថាអំពីភាពជាដៃគូអូស្ត្រាលី - ចក្រភពអង់គ្លេស - សហរដ្ឋអាមេរិក (AUKUS) បន្ទាប់ពីកិច្ចប្រជុំត្រីភាគីនៅ មូលដ្ឋានទ័ពជើងទឹក Point Loma ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ថ្ងៃទី ១៣ ខែមីនា។ ២០២៣។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ថ្លែងសុន្ទរកថាអំពីភាពជាដៃគូអូស្ត្រាលី – ចក្រភពអង់គ្លេស – សហរដ្ឋអាមេរិក (AUKUS) បន្ទាប់ពីកិច្ចប្រជុំត្រីភាគីនៅ មូលដ្ឋានទ័ពជើងទឹក Point Loma ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ថ្ងៃទី ១៣ ខែមីនា។ ២០២៣។

អ្នកវិភាគ​នយោបាយ​លោក ​សេង សារី ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះថា​ សហរដ្ឋ​អាមេរិក​ និង​សម្ពន្ធ​មិត្តខ្លួន រួមមាន​ប្រទេស​អូស្ត្រាលី​ជារឿយ​ៗ បាន​បង្ហាញ​ក្តីបារម្ភអំពី លទ្ធភាព​ដែល​ចិន​អាច​យក​កម្ពុជាជាមូលដ្ឋាន ​ក្នុងការ​រំកិល​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​បន្ថែមថា៖ «តំបន់​អាស៊ាននេះ​ បើយើង​មើល​ជាក្នុង​មុំភូមិសាស្ត្រ​នយោបាយ​ តំបន់​អាស៊ាន​គឺ​ជា​តំបន់​ដែល​ប្រឈម​ដោយ​ផ្ទាល់​ជាមួយ​នឹង​ តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ គឺប្រទេស​អូស្ត្រាលី​។​ បើសិន​ជា​ចិន​អាច​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ាន​ ហើយ​ចិន​អាច​មាន​មូលដ្ឋាន​ទ័ព​ដោយ​ ប្រើប្រាស់​ប្រទេស​ណាមួយ​ ជាទីតាំង​នៅ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​ទ័ពនោះ​ គឺ​មាន​ន័យថា​ ចិន​អាច​រំកិល​ឥទ្ធិពល​របស់​ខ្លួនបាន​កាន់​តែ​កៀក​ជាមួយ​នឹង ឬក៏ប្រឈម​ជាមួយ​នឹង​ប្រទេស​ដែល​ជា​សម្ពន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ដូច​អូស្រា្តលី​ជាដើម»។ ​

បើតាម​លោក​ សេង សារី ​ខណៈ​កម្ពុជា​បាន​ប្រឹងប្រែង​ពន្យល់​អស់​លទ្ធភាព​ថា​ ខ្លួន​គ្មាន​ចេតនា​ប្រែក្លាយ​មូលដ្ឋាន​កងទ័ពជើង​ទឹក​បម្រើ​ឱ្យមហិច្ឆតា​យោធា​របស់​ប្រទេស​ណាមួយ​ហើយ ​សហរដ្ឋ​អាមេរិក​ និង​សម្ពន្ធ​មិត្ត​ខ្លួន​មិនព្រម​ជឿ​នោះ​ គឺ​មាន​តែពេល​វេលា​ ដែលនឹង​អាច​លាត​ត្រដាង​ការពិត​បាន។

លោកថ្លែង​ថា៖ «បើយើង​សួរ​ថា​ បញ្ហា​នេះ​នឹង​លាង​ជម្រះ​ដោយ​របៀប​ណា​នេះ​ គឺ​កម្ពុជា​ មិន​បាច់​លាង​ជម្រះ​អ្វី​នោះទេ​។ គឺសំខាន់​ថា​ តើកម្ពុជា​នឹង​ប្រើប្រាស់​កំពង់​ផែ​រាម​នេះ​នៅក្នុង​គោល​បំណង​ស្អី។ បើសិន​ជា​ក្នុង​គោល​បំណង​នៅ​ក្នុង​ការ​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​ ក្នុង​គោល​បំណង​ដើម្បី​ពង្រីក​សេវា​ពាណិជ្ជកម្ម​តាម​ផ្លូវ​សមុទ្រ​របស់​ខ្លួនអាហ្នឹង​ពេល​វេលា​ជាអ្នក​បង្ហាញ​សម្រាប់​ពិភពលោក​ឬក៏សម្រាប់​ប្រទេស​មហា​អំណាច​របស់​ពិភពលោក​ហ្នឹង​អំពីជំហរ​របស់​កម្ពុជា»

​នៅក្នុង​បញ្ហាមូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នេះ​ ​លោក​ Joe Biden (ចូ បៃដិន) ​ប្រធានាធិបតី​អាមេរិក ​ដែល​មក​កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២២​ បាន​លើក​ឡើង​អំពី​ក្តី​បារម្ភ​ចំពោះ​មូលដ្ឋាន​កង​ទ័ពជើង​ទឹក​រាម ​ដែល​អាមេរិក​សង្ស័យ​ថា​ នឹង​អាច​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​កងទ័ព​ចិន។ ​ ប៉ុន្តែ​លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅពេល​នោះ​ លើកឡើងថា កម្ពុជា​បាន​បកស្រាយ​ការ​សង្ស័យនោះ​រួចហើយ​ថា​ រឿង​នោះមិន​អាច​ទៅ​រួច​ទេ​ ហើយ​បើអាមេរិក​ជឿ ឬមិន​ជឿ​នោះ​ គឺ​នៅ​លើ​អាមេរិកខ្លួន​ឯង​។​

ទោះបី​មានការ​បកស្រាយ​បែបណា​ពីភាគី​កម្ពុជា​យ៉ាង​ណាក្តី​ ​មជ្ឈមណ្ឌល​សម្រាប់ការ​សិក្សា​អន្តរជាតិ​ និង​យុទ្ធ​សាស្ត្រ​ហៅកាត់​ថា (CSIS) បាន​បន្ត​ចេញ​របាយការណ៍​ជាបន្ត​បន្ទាប់​ ដោយ​មានភ្ជាប់​នឹង​រូបភាព​ផ្កាយរណប​អំពី​ទិដ្ឋ​ភាព​នៃការ​វិវឌ្ឍ​នា​នា​នៅមូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ជាពិសេស​តំបន់​កំពង់​ផែរ​។ ហើយ​គេ​ក៏មិនទាន់​ដឹង​ច្បាស់​ថា អ្វីទៅជា​បំណង​ពិតប្រាកដ​របស់​មជ្ឈមណ្ឌលនេះ​ដែល​ខិត​ខំ​តាមដាន​សកម្មភាព​សាងសង់​ផ្សេង​ៗ​នៅ​មូលដ្ឋាន​កងទ័ពជើង​ទឹក​រាម​របស់​កម្ពុជា​នោះ។

គួររំឭក​ថា​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​លោក ​ទៀ បាញ់ ​បាន​ថ្លែង​ថា​ កម្ពុជា​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​បញ្ជា​ការដ្ឋាន​រាម ​ដែល​លោក​ថា​ ជា​ផ្នែក​មួយ​នៃ​ការ​ទប់​ទល់​នឹង​ឥទ្ធិពល​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ​ផង​ដែរ។ ​ប៉ុន្តែ​លោក​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ​ការ​ធ្វើ​ទំនើប​កម្ម​នេះ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​ឡើយ៕

What Next?

Recent Articles

One Response to "លោក​ ហ៊ុន សែន​ ទិតៀន​បណ្តា​ប្រទេស​មួយចំនួន​ជុំវិញ​ក្តី​កង្វល់​អំពី​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម"

  1. Anonymous says:

    thief still be thief no matter what ???????????????????????