កម្ពុជា-នយោបាយ
16/03/2023 – 09:03
ដោយ៖ សាំ ឧត្តម
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB/SPM
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបន្តអះអាងថា លោកនឹងមិនស្ទាក់ស្ទើរឡើយចំពោះការពង្រឹងសមត្ថភាពមូលដ្ឋានទ័ពជើងទឹករាមឱ្យកាន់តែទំនើបបន្ថែមទៀតដើម្បីបម្រើផលប្រយោជន៍ជាតិ បើទោះបីកម្ពុជាបន្តរងការចោទប្រកាន់ពីប្រទេសលោកសេរីថា កំពុងលាក់បាំងព័ត៌មានអំពីការអភិវឌ្ឍកំពង់ផែរាមនេះសម្រាប់បម្រើផលប្រយោជន៍ផ្តាច់មុខរបស់ទ័ពចិនក៏ដោយក្តី។ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានាពេលនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មានបរទេសមួយបានចុះផ្សាយថា មូលដ្ឋានទ័ពរាមកំពុងបន្តអភិវឌ្ឍន៍យ៉ាងសកម្ម និងជាទ្រព្យសម្បតិ្តលាក់បាំងរបស់ចិន។
ក្នុងពិធីចែកសញ្ញាបត្រជូននិសិ្សតនៃសាកលវិទ្យាល័យបៀលប្រាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាក់ជំហរសារជាថ្មីថា កម្ពុជាមានសិទ្ធិពង្រឹង និងពង្រើកមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួនដោយមិនព្រួយបារម្ភពីការចោទប្រកាន់របស់រដ្ឋបរទេសណាឡើយ ពីព្រោះមូលដ្ឋានទ័ពរាមស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយកម្ពុជាមិនឆោតល្ងង់ឱ្យចិនមកគ្រប់គ្រងលើប្រទេសរបស់ខ្លួននោះដែរ។
លោក ហ៊ុន សែន បន្តថា លោកមិនខ្លាចរអ៊ាឡើយ រាល់ការតាមដាននូវដំណើការអភិវឌ្ឍមូលដ្ឋានទ័ពរាមកម្ពុជាតាមរយៈផ្កាយរណបរបស់បរទេស (សហរដ្ឋអាមេរិក) ពីព្រោះសំណង់ដែលកំពុងសាងសង់លើមូលដ្ឋានទ័ពរាម នឹងបន្តឡើងខ្ពស់ ហើយកាន់តែច្រើនបន្ថែមទៀតឱ្យស្របតាមតម្រូវការរបស់កម្ពុជា។ ចំណែកកំពង់ផែនាវាវិញ កម្ពុជាក៏នឹងបន្តបូមឱ្យជ្រៅ ពីព្រោះជម្រៅបច្ចុប្បន្នមានត្រឹមជាង២ម៉ែត្រប៉ុណ្ណោះ។
បើតាមលោក ហ៊ុន សែន ការពង្រឹងសមត្ថភាពមូលដ្ឋានកងទ័ពជើងទឹករាមក្រោមជំនួយរបស់ចិននេះ គឺដើម្បីការពារអធិបតេយ្យភាព ប្រយុទ្ធប្រឆាំងការរត់ពន្ធមនុស្ស រត់ពន្ធគ្រឿងញៀន ការនេសាទខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងសមុទ្ររបស់កម្ពុជា។
តែយ៉ាងណា លោកនាយករដ្ឋមន្ត្រីបញ្ជាក់ជំហរម៉ឺងម៉ាត់ថា មិនមានកងទ័ពយោធារបស់ចិន ឬកងទ័ពបរទេសណាមួយនៅកម្ពុជាឡើយ ហើយកម្ពុជានឹងស្វាគមន៍គ្រប់ប្រទេសទាំងអស់ចូលចតនាវាមកក្នុងកំពង់ផែរាមរបស់កម្ពុជា និងព្រមទាំងធ្វើសមយុទ្ធជាមួយគ្នាទៅវិញទៅមកនៅពេលដែលមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាសាងសង់រួចរាល់។
ការលើកឡើងអំពីមូលដ្ឋានទ័ពរាមនាពេលនេះ គឺធ្វើឡើងបន្ទាប់ពី កាសែតបរទេសឈ្មោះ Naval Technology កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា«មូលដ្ឋានទ័ពសម្ងាត់របស់ចិននៅកម្ពុជាតាមរយៈរូបភាពផ្កាយរណប»។ ក្នុងអត្ថបទនោះបានសរសេរថា មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា គឺជាទ្រព្យសម្បត្តិលាក់បាំងរបស់ចិន និងជាទីតាំងយុទ្ធសាស្ត្ររបស់យោធាចិន និងដើម្បីជាផ្នែកមួយគាំទ្រដល់ចិនសំដៅទៅលើជម្លោះក្នុងសមុទ្រចិនខាងត្បូង។
រូបភាពពីផ្កាយរណបថតបានកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញថា សំណង់ថ្មីៗក្នុងទីតាំងមូលដ្ឋានទ័ពបានសាងសង់យ៉ាងឆាប់រហ័ស។ ក្នុងនោះ កំពង់ផែមួយទៀត(កំពង់ផែទី២)បានសាងសង់យ៉ាងធំលាតសន្ធឹងប្រវែង៦៨៥ម៉ែត្រ ដោយមានចំណតអាចប្រើប្រាស់បានប្រវែង២៩០ម៉ែត្រ ហើយផែនេះ មានរូបភាពប្លែកមិនធ្លាប់ឃើញរាប់ចាប់តាំងពីដំណាក់សាងសង់កាលមុនៗមក។ ប៉ុន្តែផែនេះមានលក្ខណៈដូចទៅនឹងមូលដ្ឋានទ័ពជើងទឹកតែមួយគត់របស់ចិននៅក្នុងដែនទឹកក្បែរឆ្នេរសមុទ្ររបស់ប្រទេសជីប៉ូទី (Djibuti)។
បើតាមអត្ថបទសារព័ត៌មានខាងលើ ទីតាំងមូលដ្ឋានទ័ពមួយផ្នែកដែលចិនគ្រប់គ្រងបច្ចុប្បន្នមានសំណង់អគារបន្ថែមចំនួន២៥ និងកំពង់ផែចំនួន២។ ហើយចំណែកផ្នែកខាងត្បូងដែលគេសន្មត់ថា កម្ពុជាគ្រប់គ្រង គឺមានអគារថ្មីចំនួន២ និងមានការសងសាង់កំពង់ផែមួយទៀត។
សូមជម្រាបថា មូលដ្ឋានទ័ពរាមកម្ពុជានៅតែជាបញ្ហាចម្រូងចម្រាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក បន្ទាប់ពីកម្ពុជាបានវាយកម្ទេចចោលនូវអគារមួយជាជំនួយរបស់អាមេរិកកាលពីអំឡុងខែតុលា ឆ្នាំ២០២០។ ក្រោយការវាយកម្ទេច សហរដ្ឋអាមេរិកបានដាក់ការសង្ស័យថា កម្ពុជាកំពុងផ្តល់សិទ្ធិផ្តាច់មុខទៅចិនតាំងមូលដ្ឋានយោធា៕
HUN SEN is lie to himself , I remembers he said in media ten years ago >> if he can not stop the deforest in Cambodia he will cut his KDOR off . I think if HUN SEN cut his KDOR off BUN RANY will got new guy up to this day . you never know HUN SEN mean LNGOUNG only his word that can not close the lite open those stinky mouth all the time