សកម្មជន​សង្គ្រោះ​ជាតិ ១៣នាក់​ដែល​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង​សង្ឃឹម​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌

ដោយ ថា ថៃ
2023.03.16
RFA

សកម្មជន​សង្គ្រោះ​ជាតិ ១៣នាក់​ដែល​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង​សង្ឃឹម​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌

រថយន្ត​ដឹក​សមាជិក​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១៣នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ទៅជំនុំជម្រះ​ក្ដី នៅ​តុលាការ​កំពូល ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ២០២៣។ រូបពីពលរដ្ឋ


ក្រុម​គ្រួសារ​និង​មេធាវី​ការពារ​ក្ដី ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​ចេញ​សេចក្ដី​សម្រេច​មួយ​ដែល​មាន​យុត្តិធម៌​ដោយ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ផ្ដល់​សេរីភាព​ដល់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៣នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ខេត្ត​ត្បូង​ឃ្មុំ។ ការ​ស្នើ​សុំ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​តុលាការ​កំពូល បាន​បើក​សវនាការ​លើ​បណ្ដឹង​សារទុក្ខ​របស់​ជន​ជាប់ឃុំ​នយោបាយ​ទាំង ១៣នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែមីនា ហើយ​គ្រោង​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី៣០ ខែមីនា។

បើ​ទោះ​បី​ជា​ក្រុម​គ្រួសារ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១៣នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ​មើល​ឃើញ​ថា ​ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់​ថ្នាក់ ​មិន​បាន​បំពេញ​តួនាទី​ដោយ​វិជ្ជាជីវៈ​និង​ឯករាជ្យ​ត្រឹមត្រូវ​ដូច​គ្នា​ក្តី ក៏​ពួកគាត់​នៅតែ​ទទូច​ដល់​តុលាការ​កំពូល ឲ្យ​សម្រេច​ដោះ​លែង​ប្តី​របស់​ពួកគាត់​នៅ​ថ្ងៃ​ប្រកាស សាល​ដីកា​ខាង​មុខ ដោយសារ​តែ​ពួកគាត់​ទាំង ១៣នាក់ បាន​ទទួល​រង​ការ​ឈឺ​ចាប់​និង​ជាប់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស​ជិត ៣ឆ្នាំ​មក​ហើយ។

ប្រពន្ធ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ លោក ស៊ុន ធន់ គឺ​លោកស្រី សេង ចាន់ថន ថ្លែង​ថា ក្រុម​លោកស្រី​ គ្មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​នេះ​ឡើយ។ ប៉ុន្តែ​លោកស្រី​បន្ត​ថា ប្រសិនបើ​មន្ត្រី​តុលាការ​ ធ្វើ​ការងារ​ទៅ​តាម​ច្បាប់​ពិតប្រាកដ​នោះ លោក​ស្រី​ សង្ឃឹម​ថា ប្ដី​របស់​លោក​ស្រី និង​សកម្មជន​នយោបាយ​ផ្សេង​ទៀត នឹង​រួចផុត​ពី​ការ​ចោទ​ប្រកាន់​ជាក់ជា​មិន​ខាន។

លោកស្រី សេង ចាន់ថន៖ «បើ​គាត់​អត់​ធ្វើ​តាម​ច្បាប់​ទេ ខ្ញុំ​គ្មាន​សង្ឃឹម​ទេ ធ្វើ​ទៅ​តាម​គេ​បញ្ជា​ធ្វើ​ទៅ​តាម​ចិត្ត​ខ្លួន​ឯង កាត់​ក្ដី​យ៉ាង​ម៉េច​ក៏​បាន ចង់​ឲ្យ​ចេញៗ ចង់​ឲ្យ​ចូលៗ។ បើ​ធ្វើ​តាម​ច្បាប់​ខ្ញុំ​មាន​សង្ឃឹម ដោយសារ​តែ​ពួក​គាត់​អត់​មាន​កំហុស។ គាត់​អត់​មាន​ទោស​ណា​ទៅ​ក្បត់​ជាតិ មាន​ទោស​ណា​ទៅ​រួម​គំនិត​ក្បត់។ បើ​គាត់​ក្បត់​ជាតិ​ទាល់តែ​ទៅ​លក់​របស់​ជាតិ តែ​គាត់​អត់ ដែល​បាន​ទៅ​លក់​អី​បាន​មួយ​ដុំ​ហើយ​គាត់​ជា​គ្រូបង្រៀន​ម្នាក់។ ការ​កាត់​ក្តី​របស់​ពួក​គាត់​នេះ​មិន​យក​ច្បាប់​មក​កាត់​ទេ»

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​កំពូល ​លោក​ចៅក្រម​ សឹង បញ្ញាវុធ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែមីនា ​បាន​បើក​សវនាការ​លើ​បណ្ដឹង​របស់​សមាជិក​បក្ស​ប្រឆាំង​ទាំង​១៣​រូប​ដែល​​ទាមទារ​ឲ្យ​បដិសេធ​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​​កាត់ទោស​ពួកគាត់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៥ឆ្នាំ ប៉ុន្តែ​តម្រូវ​ឱ្យ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ៣ឆ្នាំ ៨ខែ ក្រោម​បទ​ចោទ​រួម​គំនិត​ក្បត់​និង​ញុះញង់។ នៅ​ក្នុង​បន្ទប់​សវនាការ ក៏​មាន​វត្តមាន​សកម្មជន​ជាប់​ឃុំ​​ទាំង ១៣រូប និង​មេធាវី​ការពារ​ក្ដី ព្រមទាំង​មានការ​តាម​ដាន​សវនាការ​ពី​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ផង​ដែរ។

មេធាវី​ការពារ​ក្តី លោក សំ សុគង់ ឡើង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចំពោះ​មុខ​ចៅ​ក្រម​ថា កូន​ក្តី​របស់​លោក​ទាំង​១៣រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​ស្រប​តាម​ច្បាប់​រឿង​កូវីដ-១៩ ប៉ុន្តែ​ចុងក្រោយ​បែរជា​ចោទ​​ប្រកាន់​ពួកគាត់​ពី​បទ​រួមគំនិតក្បត់​ និង​ញុះញង់ គឺ​មិន​​ត្រឹមត្រូវ​តាម​អង្គហេតុ​និង​អង្គច្បាប់​ឡើយ។លោក សំ សុគង់ ​ទាមទារ​ឲ្យ​តុលាការ​កំពូល ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​និង​ដោះលែង​កូន​ក្តី​របស់​លោក​វិញ។ បន្ទាប់​ពី​សវនាការ​រួច​ តុលាការ​កំពូល ​ក៏​សម្រេច​លើក​ពេល​ទៅ​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី៣០ ខែ​មីនា​ខាង​មុខ។

នៅ​ឯ​ខាង​ក្រៅ​របង​តុលាការ​កំពូល​​វិញ ក្រុម​ប្រពន្ធ​កូន​របស់​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​គ្នា​ប្រមាណ​ជាង ២០នាក់ ​ក៏បាន​លើក​បដា​និង​រូបថត​អ្នក​ជាប់​ឃុំ​​ដោយ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​គ្រួសារ​របស់​ពួកគាត់ ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ​និង​កង​សន្តិសុខ​ជាច្រើន​នាក់។ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ លោក រ៉ុង ឈុន ក៏​បាន​ទៅ​ចូលរួម​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ដែរ ​ដោយសារ​ពួកគាត់​ធ្លាប់​ជាប់​ឃុំ​ក្នុង​​​ពន្ធនាគារ​ជាមួយ​គ្នា និង​មួយ​ចំនួន​គឺជា​គ្រូ​បង្រៀន​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​ថែម​ទៀត​ផង។

កូន​ប្រុស​សមាជិក​បក្ស​ប្រឆាំង​មួយ​រូប​នៅ​ខេត្តព្រៃវែង លោក សុខ ចាន់ថា គឺ​លោក សុខ ចំរើន រៀបរាប់​ថា ការ​ចាប់​ឃុំ​ខ្លួន​ឪពុក​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ទាំង​អយុត្តិធម៌​រយៈ​ពេល​ជិត ៣ឆ្នាំ​មកនេះ​ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​លោក​ឈឺ​ចាប់​បំផុត ជាពិសេស ម្ដាយ​របស់​លោក​ដែល​បាក់​ទឹកចិត្ត​ធ្លាក់​ខ្លួន​ឈឺ​រីងរៃ​រហូត​បាត់​បង់​ជីវិត​កាល​ពី​ពេល​ថ្មី​នេះ​ទាំង​មិន​ទាន់​បាន​ជួប​មុខ​ប្ដី​ជា​លើក​ចុង​ក្រោយ។ លោក អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ​ទាំង​អស់​ឲ្យ​មាន​សេរីភាព។

លោក សុខ ចាន់ថា៖ «យើង​ដឹង​ស្រាប់​ហើយ​បង ប្រព័ន្ធ​តុលាការ បើ​សិន​មាន​អំណាច​មួយ ដែល​ធំ​នៅ​ពី​លើ​ដែល​គាត់​អាច​បញ្ជា​ឆ្វេង​ទៅ​ឆ្វេង​ស្កាំ​ទៅ​ស្ដាំ​នោះ អា​ហ្នឹង​យើង​មិន​ទាន់​ដឹង​ទេ។ នៅ​ថ្ងៃ​ទី៣០ តុលាការ​នឹង​ប្រកាស​សាលដីកា ដូច្នេះ ខ្ញុំ​សង្ឃឹម ហើយ​សង្ឃឹម​ទៀត​ថា គាត់​នឹង​គោរព​វិជ្ជាជីវៈ និង​គោរព​ឧត្ដមគតិ​របស់​គាត់ ផ្តល់​ភាព​យុត្តិធម៌​ឲ្យ​ប៉ា​ខ្ញុំ និង​ពូៗ ទាំង​អស់​គ្នា»

សមាជិក​បក្ស​ប្រឆាំង​ទាំង ១៣នាក់​នេះ រួមមាន៖ លោក កែវ ថៃ លោក ស៊ុន ធន់ លោក យឹម សារ៉េត លោក សុខ ចាន់ថា លោក កាក់ កុម្ភារ និង​លោក ជុំ ចាន់ ជា ដើម។ អ្នក​ទាំង ១៣នាក់​នេះ ត្រូវ​បាន​អាជ្ញាធរ ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ កាល​ពី​ដើម​ឆ្នាំ២០២០ តាម​រយៈ​ការ​លួច​ស្ដាប់​កិច្ច​សន្ទនា​ឯកជន​របស់​ពួក​គាត់​តាម​ទូរស័ព្ទ​ ពាក់ព័ន្ធ​នឹង​ការ​ជជែក​គ្នា​ពី​ការ​ព្រួយបារម្ភ​រឿង​ជំងឺ​កូវីដ-១៩ និង​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAពី​សហភាព​អឺរ៉ុប។ក្រោយ​ការ​ចាប់​ខ្លួន តុលាការ​បាន​ប្ដូរ​បទ​ចោទ​ប្រកាន់​ពួក​គាត់​ពី​រឿង​កូវីដ-១៩ ទៅ​ជា​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ទៅ​វិញ។ ការ​ចាប់​ខ្លួន​នៅ​ពេល​នោះ​ទៀត​សោត គឺ​អាជ្ញាធរ មិន​បាន​បង្ហាញ​ដីកា​ត្រឹមត្រូវ ពោល​គឺ​តែងតែ​កុហក​ឲ្យ​ពួក​គាត់​ទៅ​ជួប​អ្នក​នេះ ឬ​អ្នក​នោះ រួច​ហើយ​ចាប់​ដាក់​ឡាន​គ្មាន​ទាំង​សំលៀក​បំពាក់​ត្រឹមត្រូវ​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត មាន​ប្រសាសន៍​ថា តុលាការ​កំពូល គួរតែ​ពិចារណា​ឲ្យ​ហួស​ពី​តុលាការ​ជាន់​ទាប ពីព្រោះ​មន្ត្រី​បក្ស​ប្រឆាំង​ទាំង ១៣រូប​នេះ គ្រាន់​តែ​បញ្ចេញ​មតិ​រឿង​ជំងឺ​កូវីដ-១៩ ដូច្នេះ​មិន​គួរ​ចោទ​ប្រកាន់​ពី​បទ​រួមគំនិតក្បត់​នោះ​ទេ​ ខណៈ​ដែល​ពួកគាត់ ​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​ខុសច្បាប់​ឡើយ ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។

លោក យី សុខសាន្ត៖ «សម្រាប់​ពួក​គាត់​ទាំង ១៣នាក់ ដែល​ពួក​គាត់​ព្រាត់ប្រាស គ្រួសារ​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ ហើយ​មាន​សន្តិភាព​ហើយ មិន​គួរ​ដាក់​ទោស​ដាក់​ទណ្ឌ​គាត់​ទេ គួរតែ​ដោះ​លែង​ឲ្យ​គាត់​បាន​ជួបជុំ​ប្រពន្ធ​របស់​ពួក​គាត់។ ពួក​គាត់​ចាស់ៗ អស់​ហើយ នៅ​សល់​បន្តិចបន្តួច​ឆ្នាំ គួរតែ​ពិចារណា​ដោះ​លែង​ពួក​គាត់​ទៅ​បាទ»

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​ប្រទេស​ប្រជាធិបតេយ្យ​ផង ចាត់ទុកថា ​ការ​ចាប់​សកម្មជន​ទាំង​នេះ​ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​សុទ្ធសាធ​ ដោយ​សារ​ពួកគាត់​​ជា​ថ្នាក់​ដឹកនាំ​សំខាន់ៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ខេត្ត​នី​មួយៗ ​ហើយ​ការ​ចាប់​ខ្លួន​នេះ​ ធ្វើឡើង​ក្រោយ​ពី​លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា ​លោក​នឹង​កម្ទេច​រចនា​សម្ព័ន្ធ​គណបក្ស​ប្រឆាំង​ពី​លើ​ដល់​ក្រោម។​ពួកគាត់​ តែង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទ​ប្រកាន់ និង​ដោះលែង​ជន​ជាប់​ឃុំ​នយោបាយ​​ទាំង​នេះ​​ឱ្យ​មាន​សេរីភាព​វិញ​ ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles