គ្រួសារ​កុមារ​រងគ្រោះ​ដោយ​ម្សៅ​ទឹកដោះ​គោ Nutrilatt សោក​ស្ដាយ​ដែល​ក្រសួង​យុត្តិធម៌​មិន​ជួយ​ពន្លឿន

ដោយ ថា ថៃ
2023.03.17
RFA

គ្រួសារ​កុមារ​រងគ្រោះ​ដោយ​ម្សៅ​ទឹកដោះ​គោ Nutrilatt សោក​ស្ដាយ​ដែល​ក្រសួង​យុត្តិធម៌​មិន​ជួយ​ពន្លឿន

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ។ រូប៖ ហ្វេសប៊ុក​ក្រសួង​យុត្តិធម៌


ក្រុម​ម្ដាយ​កុមារ​រងគ្រោះ ដោយសារ​ការ​ប្រើប្រាស់​ម្សៅ​ទឹក​ដោះ​គោ នូទ្រីលេត (Nutrilatt) សម្ដែង​ការ​សោក​ស្ដាយ​ដែល​ក្រសួង​យុត្តិធម៌​មិន​អាច ជួយ​អន្តរាគមន៍​ពន្លឿន​ឱ្យ​ពួកគាត់​ទទួល​បាន​យុត្តិធម៌។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់​ថា តុលាការ​គួរ​ពន្លឿន​សំណុំរឿង​នេះ​ឱ្យ​ក្រុម​គ្រួសារ​រងគ្រោះ ឱ្យ​បាន​ឆាប់​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដាក់​ទោស​ថៅកែ​ក្រុមហ៊ុន​ឱ្យ​បាន​ឆាប់ ដើម្បី​ជា​ការ​ព្រមាន​កុំ​ឱ្យ​មាន​ការ​ចែកចាយ​ម្សៅ​ទឹក​ដោះ​គោ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក។

ក្រុម​គ្រួសារ​កុមារ​ជា​ជន​រង​គ្រោះ​លើក​ឡើង​ដូចៗ​គ្នា​ថា ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​យូរ​រហូត​ដល់​រាប់​ឆ្នាំ ប្រៀប​ដូចជា​ការ​មិន​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់​ដូច្នេះ​ដែរ។

ម្ដាយ​កុមារ​រងគ្រោះ​ម្នាក់ គឺ​លោកស្រី ចាន់ សុផានី ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោក​ស្រី​សោក​ស្ដាយ​ដែល​ក្រសួង​យុត្តិធម៌​មិន​អាច​អន្តរាគមន៍ ឱ្យ​ប្រព័ន្ធ​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​លោក​ស្រី​ឱ្យ​បាន​ឆាប់។ លោកស្រី​បន្ថែម​ថា ការ​បន្ត​នីតិវិធី​នៅ​តុលាការ​ឧទ្ធរណ៍ មិន​ត្រឹមតែ​រំខាន​ពេល​វេលា​ឱ្យ​លោកស្រី និង​គ្រួសារ​ខាត​បង់​ថវិកា​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​របស់​លោកស្រី​ផង​ដែរ នៅ​ពេល​រម្លឹក​ទៅ​ដល់​ស្ថានភាព​កូន​របស់​លោក​ស្រី​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។ លោកស្រី ចាន់ សុផានី បន្ថែម​ថា ក្រសួង​យុត្តិធម៌​មិន​គួរ​បណ្ដោយ​ឱ្យ​ថៅកែ​ក្រុមហ៊ុន ពន្យារ​ពេល​គេចវេះ​ពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន ដែល​បាន​ចែក​ចាយ​ម្សៅ​ទឹក​ដោះ​គោ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក​ធ្ងន់ធ្ងរ រាប់​សិប​នាក់​នោះ​ឡើយ។

លោកស្រី ចាន់ សុផានី៖ «បើ​រឿង​ក្ដី​ហ្នឹង​វា​ចប់ វា​ដោះ​ស្រាយ​ចប់​អ៊ីចឹង​ទៅ ខ្ញុំ​គិត​ថា​យើង​ក៏​ទទួល​បាន​យុត្តិធម៌​មួយ​សម្រាប់​ឱ្យ​កូន​យើង​ហើយ អ៊ីចឹង​យើង​ក៏​ធូរ​ទៅ​តាម​ហ្នឹង​អ៊ីចឹង​ទៅ ដល់​តែ​យើង​ងាកៗ រឿង​ក្ដី​ចូល​ចង់​៣ឆ្នាំ​អត់​ទាន់​ចប់ អ៊ីចឹង​អារម្មណ៍​ហ្នឹង​វា​នៅ​តែ​រើ​កកាយ​ឡើង​មក​នូវ​ទិដ្ឋភាព​កូន​នៅ​មន្ទីរ​ពេទ្យ​ដាក់​ឈាម»។

ស្រដៀងគ្នា​ម្ដាយ​កុមារ​រងគ្រោះ​ម្នាក់ គឺ​លោកស្រី គង់ ចន្ទម៉ាលីស លើក​ឡើង​ថា ការ​អូស​បន្លាយ​មិន​ឱ្យ​ថៅកែ​ក្រុមហ៊ុន​សង​ជំងឺ​ចិត្ត​រហូត​ដល់​ជាង​៣ឆ្នាំ​មក​ហើយ​នោះ គឺ​ប្រៀប​ដូច​ជា​ការ​ផ្ដល់​ភាព​អយុត្តិធម៌ ដល់​គ្រួសារ​លោកស្រី។ លោកស្រី​សោក​ស្ដាយ​ដែល​ក្រសួង​យុត្តិធម៌​មិន​អាច​ជួយ​ពន្លឿន​ឱ្យ ប្រព័ន្ធ​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​លោកស្រី ព្រោះ​ការ​បន្ត​ឡើង​តុលាការ និង​ការ​រម្លឹក​ពី​រូបភាព​របស់​កូន​លោកស្រី​ក្នុង​សភាព​ស្លេក​ស្លាំង គឺ​ប្រៀប​ដូចជា​ការ​ធ្វើ​ទារុណកម្ម​ផ្លូវ​ចិត្ត​របស់​លោកស្រី​ដូច្នេះ​ដែរ។

លោកស្រី គង់ ចន្ទម៉ាលីស៖ «ងាកៗ​ត្រូវ​តុលាការ​កោះ​ហៅ ងាកៗ​ត្រូវ​តុលាការ​កោះ​ហៅ វា​សើរើ​បញ្ហា​ផ្លូវ​ចិត្ត​ដែល​ពួក​ខ្ញុំ​ពី​មុន​នៅ​ដដែលៗ វា​ច្រំ​ដែល មិន​ដឹង​ថា ពេល​ណា​បាន​ពួក​ខ្ញុំ​អាច​ព្យាបាល​បញ្ហា​ផ្លូវ​ចិត្ត​ហ្នឹង​បាន។ ពួក​ខ្ញុំ​ចង់​តែ​បញ្ចប់​រឿង​ក្ដី​ហ្នឹង​ឱ្យ​ឆាប់​ចប់​ទេ ដើម្បី​ឱ្យ​ពួក​ខ្ញុំ​ព្យាបាល​របួស​ស្នាម​ហ្នឹង ឱ្យ​វា​ជា​សះ»។

ការ​លើក​ឡើង​ទាំង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ឆ្លើយ​តប​នឹង​លិខិត​សុំ​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌​ថា ក្រសួង​យុត្តិធម៌​មិន​អាច​ជួយ​ពន្លឿន​នីតិវិធី​ច្បាប់​ដល់​គ្រួសារ​ជន​រងគ្រោះ​នោះ​ឡើយ។

ក្រុមហ៊ុន S&TK Trading Co.Ltd បាន​ចែកចាយ​ម្សៅ​ទឹក​ដោះ​គោ នូទ្រីលេត គ្មាន​គុណភាព​ធ្វើ​ឱ្យ​ទារក​ឈឺ ខ្វះ​គ្រាប់​ឈាម​ក្រហម ជាតិ​ដែក និង​ជាតិ​ស័ង្កសី​ធ្ងន់ធ្ងរ កាល​ពី​ឆ្នាំ២០១៩។ សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​មេសា ឆ្នាំ២០២២ បាន​សម្រេច​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ចែកចាយ​ម្សៅ​ទឹក​ដោះ​គោ នូទ្រីលេត លោកស្រី ខុន កែវកេសី ជាប់​ពន្ធនាគារ​១០ខែ និង​ត្រូវ​បង់​ថវិកា​ចូល​រដ្ឋ​ចំនួន​៨លានរៀល (៨,០០០,០០០រៀល)។ ជា​មួយ​គ្នា​នេះ តុលាការ​ក៏​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន សង​ជំងឺ​ចិត្ត​ដល់​គ្រួសារ​កុមារ​រងគ្រោះ​ពី​ការ​ប្រើប្រាស់​ម្សៅ​ទឹក​ដោះគោ២១គ្រួសារ​ផង​ដែរ ដោយ​គ្រួសារ​នីមួយៗ​ទទួល​បាន​ប្រាក់​ចាប់​ពី១ម៉ឺនដុល្លារ (១០,០០០ដុល្លារ) ទៅដល់២ម៉ឺនដុល្លារ​អាមេរិក (២០,០០០ដុល្លារ) ដោយ​ផ្អែក​តាម​ស្ថាន​ភាព​ជាក់ស្ដែង​ការ​ខាត​បង់​នៃ​គ្រួសារ​នីមួយៗ។ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅ​តែ​មិន​ទាន់​ទទួល​បាន​សំណង​ជំងឺ​ចិត្ត ដោយសារ​ភាគី​ក្រុមហ៊ុន​បាន​បន្ត​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ចំពោះ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ADHOC លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា ប្រព័ន្ធ​តុលាការ​គួរ​តែ​បញ្ចប់​សំណុំ​រឿង​ការ​ចែកចាយ​ម្សៅ​ទឹក​ដោះ​គោ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក​នេះ​ឱ្យ​បាន​ឆាប់។ លោក​បន្ថែម​ថា ការ​ពន្យារ​ពេល​សវនាការ​រហូត​ដល់​រាប់​ឆ្នាំ​បែប​នេះ មិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទន់ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​នោះ​ឡើយ តែ​ក៏​អាច​ធ្វើ​ឱ្យ​សាធារណៈ​ជន​មាន​ការ​សង្ស័យ​ទៅ​លើ​ភាព​ស្មោះត្រង់​របស់​មន្ត្រី​តុលាការ​ផង​ដែរ ខណៈ​សំណុំ​រឿង​នេះ គឺ​ជា​វិវាទ​រវៀង​ក្រុម​ប្រជាពលរដ្ឋ​សាមញ្ញ ជាមួយ​នឹង​ថៅកែ​ក្រុមហ៊ុន​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។

លោក ស៊ឹង សែនករុណា៖ «ប្រសិន​បើ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​យើង​បាន​ល្អ បាន​ត្រឹមត្រូវ​ហើយ មិន​មែន​តែ​ក្រុមហ៊ុន​មួយ​នេះ​ទេ គឺ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ក្ដី គឺ​មិន​ហ៊ាន​អនុវត្ត​អ្វី​ឱ្យ​ផ្ទុយ​ពី​ច្បាប់​ទេ ដោយសារ​តែ​អ្នក​ទាំង​អស់​នោះ​មិន​រួច​ផុត​ពី​សំណាញ់​ច្បាប់ ហើយ​ផ្ដន្ទាទោស​ដោយ​មាន​ផ្ដល់​សំណង ផ្ដន្ទាទោស​តាម​ច្បាប់​ដោយ​ឱ្យ​ឃើញ​ជាក់ស្ដែង​បែប​នេះ ចង់​មិន​ចង់​អ្នក​ផ្សេង​ទៀត​គាត់​មិន​ហ៊ាន​ល្មើស​ទេ បើសិនជា​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​ដោយ​តឹងរ៉ឹង ហើយ​មាន​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​បាន​ច្បាស់លាស់ ខ្ញុំ​ជឿជាក់​ថា ករណី​បែប​នេះ​អាច​នឹង​មិន​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា​ទៀត​ទេ»។

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​អនុវត្ត​នីតិវិធី​ច្បាប់​ទៅ​លើ​ថៅកែ​ក្រុមហ៊ុន​ដែល​បាន​ចែកចាយ​ម្សៅ​ទឹក​ដោះ​គោ នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ទារក​រាប់​រយ​នាក់ ហាក់​ដូច​ជា​មាន​ស្ដង់២ ប្រៀបធៀប​ជា​មួយ​នឹង​ការ​កាត់​ក្ដី​ទៅ​លើ​សកម្មជន​ការងារ​សង្គម និង​នយោបាយ។ ក្រុម​គ្រួសារ​កុមារ​រងគ្រោះ​លើក​ឡើង​ថា ពួកគាត់​នឹង​បន្ត​ដាក់​ពាក្យ​សុំ​អន្តរាគមន៍​ទៅ​កាន់​ស្ថាប័ន​រដ្ឋ​បន្ត​ទៀត ក្នុង​ពេល​ខាង​មុខ ដើម្បី​ឱ្យ​ក្រុមហ៊ុន​សង​ជំងឺ​ចិត្ត​ដល់​គ្រួសារ​ពួកគាត់​ឱ្យ​បាន​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles