សភាអឺរ៉ុបបោះឆ្នោតគាំទ្រសេចក្តីស្នើការដកប្រព័ន្ធអនុគ្រោះពន្ធ និងទណ្ឌកម្មលើមន្ត្រីកម្ពុជា ក្រោយការបោះឆ្នោត

កម្ពុជា-នយោបាយ
17/03/2023 – 07:12
ដោយ៖ ជួប នរក្សា
RFI

សភាអឺរ៉ុបបោះឆ្នោតគាំទ្រសេចក្តីស្នើការដកប្រព័ន្ធអនុគ្រោះពន្ធ និងទណ្ឌកម្មលើមន្ត្រីកម្ពុជា ក្រោយការបោះឆ្នោត © Internet


សភាអឺរ៉ុប ឆ្លងតាមរយៈការបោះឆ្នោតស្តីពីដំណោះស្រាយជាបន្ទាន់នៅកម្ពុជា ចំពោះការកាត់ទោសលោក កឹម សុខា បានគាំទ្រដោយសំឡេងភាគច្រើន លើសេចក្តីស្នើរបស់សមាជិកសភាអឺរ៉ុប ដែលបានកោះប្រជុំកាលពីថ្ងៃពុធ។ តាមរយៈសេចក្តីសម្រេចរបស់ខ្លួន សភាអឺរ៉ុបបានគាំទ្រចំពោះការស្នើឲ្យដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា ក្រោយការបោះឆ្នោតថ្នាក់ជាតិពេលខាងមុខ ប្រសិនបើការបោះឆ្នោតនោះមិនស្របតាមគោលការណ៍អន្តរជាតិ។

ដោយទទួលបានសំឡេងគាំទ្រចំនួន៤៩៦សំឡេង សភាអឺរ៉ុបបានអនុម័តជាសំឡេងភាគច្រើនទៅលើការស្នើរបស់សមាជិកខ្លួន ដែលបានលើកទាំង៧ចំណុច នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បិត៍។ សភាអឺរ៉ុបបានគាំទ្រចំពោះការស្នើឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ និងមន្ត្រី សកម្មជនគណបក្សប្រឆាំងទាំងអស់ ដែលត្រូវបានកាត់ទោស ឬឃុំខ្លួន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនយោបាយ។ ការស្នើឲ្យអាជ្ញាធរបញ្ឈប់រាល់ទម្រង់នៃការយាយី និងការចោទប្រកាន់តាមហេតុផលនយោបាយ លើសមាជិកនៃគណបក្សប្រឆាំង សហជីព អ្នកការពារសិទ្ធិមនុស្ស សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

ស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិក៏ជិតមកដល់ សភាអឺរ៉ុបបានជំរុញជាថ្មី ឲ្យរដ្ឋាភិបាលកម្ពុជាធានាបាននូវការបោះឆ្នោតដែលសេរី និងយុត្តិធម៌ ដោយធ្វើឲ្យយ៉ាងឲ្យគណបក្សនយោបាយទាំងអស់បានចូលរួម ខណៈដែលខ្លួនក៏ទាមទារឲ្យមានអតីតគណបក្សសង្រ្គោះជាតិ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧នេះ។

តាមសេចក្តីសម្រេចរបស់ខ្លួន សភាអឺរ៉ុបនឹងបន្តពិនិត្យពីការដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា តាមរយៈការដកជាបន្តនៃប្រព័ន្ធអនុគ្រោះពន្ធ EBA នៅក្រោយការបោះឆ្នោត។ នៅក្រោយការបោះឆ្នោត ដែលអឺរ៉ុបបានព្រមានថា ប្រសិនបើមិនគោរពតាមស្តង់ដារអន្តរជាតិ ហើយរដ្ឋាភិបាលនៅតែបន្តរំលោភបំពានសិទ្ធិមនុស្ស។ លើសពីនេះ សភាអឺរ៉ុប​ក៏ជំរុញក្រុមប្រឹក្សា ឲ្យដាក់ទណ្ឌកម្មដោយចំពោះទៅលើមន្ត្រីពាក់ព័ន្ធ ដែលជាន់ឈ្លីសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីសម្រេច ដែលមានសមាជិកជំទាស់ចំនួន១១រូប និង៣៦រូបអនុបវាទ នោះ សភាអឺរ៉ុបបានអះអាងថា សេចក្តីសម្រេចស្តីពីដំណោះស្រាយកម្ពុជា នឹងត្រូវបានប្រធានសភាអឺរ៉ុបបញ្ជូនទៅកាន់ក្រុមប្រឹក្សា និងគណៈកម្មាការអឺរ៉ុប ជាបន្ត។

លោក សម រង្ស៊ី ដែលជាប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ បានសម្តែងការគាំទ្រ ចំពោះការសម្រេចរបស់សភាអឺរ៉ុបពេលនេះ។ បើតាមលោក សម រង្ស៊ី សេចក្តីសម្រេចរបស់សភាអឺរ៉ុប គឺមានន័យថា សហគមន៍អន្តរជាតិ នៅតែបន្តឃ្លាំមើលពីស្ថានភាពនយោបាយស្រុកខ្មែរ។

តែយ៉ាងណាសម្រាប់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា សេចក្តីសម្រេចរបស់សភាអឺរ៉ុប គឺជារឿងរបស់អឺរ៉ុប មិនទាក់ទងនឹងកម្ពុជា។ តាមលោក សុខ ឥសាន ទោះបីជាអឺរ៉ុបត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក្រោយការបោះឆ្នោត គឺគ្រាន់ជារឿងធម្មតា និងជាសិទ្ធិរបស់អ្នកសម្រេច។ លោក សុខ ឥសាន បានអះអាងសម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជាដាច់ខាតមិនយកអធិបតេយ្យភាពរបស់ខ្លួន ទៅដូរតាមអ្វីជាការចង់បានរបស់បរទេសឡើយ៕

What Next?

Recent Articles