សភា​អឺរ៉ុប អនុម័ត​ជា​ផ្លូវការ​សេចក្ដី​សម្រេច​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត​ពី​កម្ពុជា

ដោយ មាន ឫទ្ធិ
2023.03.17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សភា​អឺរ៉ុប អនុម័ត​ជា​ផ្លូវការ​សេចក្ដី​សម្រេច​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត​ពី​កម្ពុជា

(រូបឯកសារ) ពរលដ្ឋ​នៅ​ខេត្តបាត់ដំបង តម្រង់ជួរ​ចូល​ទៅ​បោះឆ្នោត កាលពីឆ្នាំ២០២២។ រូបពីពលរដ្ឋ


សភាអឺរ៉ុប អនុម័ត​ជា​ផ្លូវការ​ សេចក្តីសម្រេចថ្មី​មួយ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) ពី​កម្ពុជា ប្រសិនបើ​ការបោះឆ្នោត​ជាតិ​ខែកក្កដា ខាងមុខ ប្រព្រឹត្ត​ទៅ​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​មាន​ការ​បន្ត​រំលោភ​សិទ្ធិមនុស្ស។ ការ​អនុម័ត​សេចក្ដី​សម្រេច​នេះ ធ្វើឡើង​ក្រោយ​តុលាការ​ក្រោម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់ទោស​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ឱ្យ​ជាប់គុក ២៧ឆ្នាំ ជំនួស​ដោយ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​បណ្ដោះអាសន្ន និង​ការ​ដក​ហូត​សិទ្ធិ​ធ្វើនយោបាយ​អស់​មួយ​ជីវិត។

ការ​អនុម័ត​ សេចក្តីសម្រេច ​របស់​សភា​អឺរ៉ុប​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី១៦ ខែមីនា ដោយ​សំឡេង​គាំទ្រ ៤៩៦ សំឡេង ទល់នឹង​សំឡេង​ប្រឆាំង ១១ សំឡេង និង​សំឡេង​អនុប្បវាទ ៣៦ សំឡេង ក្នុង​ចំណោម​តំណាងរាស្ត្រ​សភា​អឺរ៉ុប​សរុប ៧៥១ សំឡេង។


សេចក្ដី​សម្រេច​នេះ​ដំបូង​ឡើយ​ស្នើ​ដោយ​ក្រុម​តំណាងរាស្ត្រ​សភា​អឺរ៉ុប​ជាង ៥០នាក់​នេះ កាលពី​ថ្ងៃទី១៥ ខែមីនា។

សេចក្ដី​សម្រេច​នេះ​មាន ៧ចំណុចធំៗ។ ចំណុច​សំខាន់​មួយ​នៃ​សេចក្ដី​សម្រេច​នេះ គឺ​ការ​អំពាវនាវ​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែម​ទៀត ប្រសិន​បើ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​ខែកក្កដា​ខាងមុខ​នេះ ធ្វើឡើង​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​បន្ត​កើតមាន​ការរំលោភ​សិទ្ធិមនុស្ស។

ចាប់តាំង​ពី​ខែសីហា ឆ្នាំ២០២០មក សហភាព​អឺរ៉ុប បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា លើ​តម្លៃ​ទំនិញ​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ជាង ១ពាន់​លាន​ដុល្លារ។ ការណ៍​នេះ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុងឆ្នាំ២០១៧ និង​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​ដែល​រង​នូវ​ការរិះគន់​ថា ជា​ការ​បោះ​ឆ្នោត «ក្លែងក្លាយ» ឬ «បង្គ្រប់​កិច្ច» កាលពី​ខែកក្កដា ឆ្នាំ២០១៨​កន្លងទៅ។

សេចក្តី​សម្រេច​ដែល​ទើប​អនុម័ត​ចុងក្រោយ​នេះ​ក្លាយ​ជា​ការព្រមាន​ផ្លូវការ​របស់​សភា​អឺរ៉ុប​ជា​លើក​ទី​ពីរ​ក្រោយ​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%​ពី​កម្ពុជា។ នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី៥ កាលពី​ខែមិថុនា ឆ្នាំ២០២២​កន្លងទៅ សភា​អឺរ៉ុប​ធ្លាប់​បាន​អនុម័ត​សេចក្ដី​សម្រេច​ម្ដង​រួច​មក​ហើយ​ដោយ​ព្រមាន​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ EBA ទាំងស្រុង​ពី​កម្ពុជា បើ​រក​ឃើញ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ធ្វើឡើង​មិន​ត្រឹមត្រូវ និង​យុត្តិធម៌។

ក្រៅពី​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែម​ទៀត​នេះ ចំណុច​ទី៦ នៃ​សេចក្ដី​សម្រេច​នេះ​ក៏​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​អឺរ៉ុប​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មក​លើ​បុគ្គល​កម្ពុជា​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឬ​ពាក់ព័ន្ធ​នឹង​ការ​រំលាយ និង​ការ​រឹតត្បិត​ជាបន្តបន្ទាប់​មក​លើ​ក្រុម​អ្នក​ប្រឆាំង​នៅ​កម្ពុជា​ផង​ដែរ។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ រដ្ឋាភិបាល និង​រដ្ឋសភា​ឯក​បក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​ផ្លូវការ​ណាមួយ​ជុំវិញ​សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប​នៅ​ឡើយ​ទេ។

វិទ្យុអាស៊ីសេរី​មិន​អាច​​សុំ​អត្ថាធិប្បាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃ​ទី១៦ ខែមីនា ដោយ​ជំនួយ​ការ​លោក​ប្រាប់​ថា លោក​កំពុង​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ។

ទោះ​យ៉ាង​ណា​ក្ដី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី១៦ ខែមីនា បាន​បញ្ចេញ​ប្រតិកម្ម​ជាបន្តបន្ទាប់​ក្រោយ​តុលាការ​របស់​លោក​បាន​ចេញ​សាលក្រម​កាត់ទោស​លោក កឹម សុខា។ លោក ហ៊ុន សែន ស្ដីបន្ទោស​ទូត​បរទេស​លោក​ខាង​លិច​មួយ​ចំនួន ដោយ​មិន​បញ្ចេញ​ឈ្មោះ ដែល​លោក​ថា ជា​អ្នក​ចូលរួម​ចំណែក «ដាក់ទោស»​ លោក កឹម សុខា ដោយសារ​តែ​ពួកគេ​បាន​មាន​ជំនួប​ផ្ទាល់​ជាបន្តបន្ទាប់​ជាមួយ​លោក កឹម សុខា។

លោក ហ៊ុន សែន៖ «វា​ជា​ការ​ជ្រៀតជ្រែក​មួយ ដែល​មាន​ចរិត​ជា​យុទ្ធនាការ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ ហើយ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​លើក​នេះ គឺ​ចំ​ពេល​ដែល​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត។ អ៊ីចឹង​ទេ បាន​ជា​ខ្ញុំ​ប្រាប់​ទូត​មួយ​ថា កន្លងទៅ​នេះ ពួក​អ្នក​ឯង​ធ្វើ​សកម្មភាព​រួមចំណែក​ដាក់ទោស​មនុស្ស ដែល​គេ​ទើបនឹង​កាត់ទោស។ អ្នកឯង​សួរ​សុខ​ទុក្ខ​ចុះ សួរ​សុខ​ទុក្ខ​ឡើង។ បន្តិច​ជួបៗ។ អា​ហ្នឹង​ហើយ​ស្មាន​តែ​តុលាការ​គេ​មិន​យក​ចិត្ត​ទុកដាក់​អា​ហ្នឹង

លោក ហ៊ុន សែន ទម្លាយ​ថា គឺ​ដោយសារ​តែ​រឿង​មន្ត្រី​ទូត​លោក​ខាង​លិច​ជួប​លោក កឹម សុខា បែប​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​លោក​មិន​ទុក​ចិត្ត​លើកលែង​ទោស​ឱ្យ​អ្នក​ណា​ទាំង​អស់។

ទោះ​យ៉ាង​ណា លោក ហ៊ុន សែន ខ្លួនឯង គឺ​ជា​អ្នក​នៅ​ពីក្រោយ​ការ​បញ្ជា​ក្នុង​សំណុំរឿង «ក្បត់ជាតិ» របស់​មេ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នេះ រាប់​ចាប់តាំង​ពី​ការ​បញ្ជា​ឱ្យ​ចាប់ខ្លួន​ទាំង​កណ្ដាល​យប់ រហូតដល់​ការ​និយាយ​ក្នុង​ន័យ​ឱ្យ​តុលាការ​អូស​បន្លាយ​សំណុំរឿង​លោក កឹម សុខា រហូត​ដល់​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០២៣។

តុលាការ​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី០៣ ខែមីនា បាន​កាត់ទោស​លោក កឹម សុខា អាយុ៦៩ឆ្នាំ ឱ្យ​ជាប់គុក​រយៈពេល ២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស។ ការ​កាត់​ទោស​ឱ្យ​ជាប់គុក​នេះ ត្រូវ​បាន​ជំនួស​ដោយ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​បណ្ដោះអាសន្ន និង​ទោស​បន្ថែម​មួយ​ចំនួន ដូចជា​ដកហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ ពេញ​មួយ​ជីវិត។ ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ហាមប្រាម​មិន​ឱ្យ​ចេញ​ពី​បរិវេណ​នៃ​លំនៅឋាន និង​មិន​ឱ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​ខ្មែរ និង​បរទេស ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លើកលែង​តែ​សមាជិក​គ្រួសារ។

សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប ក៏បាន​អំពាវនាវ​ឱ្យ​ដោះ​លែង​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំងអស់​ដែល​ត្រូវ​បាន​កាត់ទោស ឬ​ឃុំឃាំង​ដោយសារ​តែ​រឿង​នយោបាយ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ សភា​អឺរ៉ុប ក៏​មិន​ភ្លេច​និយាយ​យោង​ទៅដល់​ការ​កាត់​ទោស​ជា​ក្រុម​ក្នុង​ពេល​តែមួយ​លើ​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង ការ​កាត់​ទោស​កញ្ញា សេង ធារី និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ដទៃ​ទៀត នា​រយៈ​ពេល​កន្លង​មក​នេះ ព្រមទាំង​ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD កាល​ពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ផង​ដែរ។

សភា​អឺរ៉ុប ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ធានា​ថា ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា ឆ្នាំ២០២៣​នេះ នឹង​ប្រព្រឹត្តទៅ​ដោយសេរី និង​យុត្តិធម៌ ដោយ​អនុញ្ញាត​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​អាច​ធ្វើ​យុទ្ធនាការ​ដោយ​ស្មើភាព​គ្នា ដោយ​សេរី និង​តម្លាភាព ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ត្រូវ​មាន​តម្លាភាព និង​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ សេចក្ដី​សម្រេច​នេះ ក៏​បន្ត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ និង​អាច​ចូលរួម​​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ជា​បន្ទាន់។

ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ក្នុងឆ្នាំ២០២២ កន្លងទៅ មាន​ទំហំ​ជា​ទឹកប្រាក់​ជាង ៤ពាន់​៨រយ លាន​ដុល្លារ (៤.៨៥៧លាន​ដុល្លារ) គឺ​កើន​ឡើង​ជិត ១៦% បើ​ធៀប​នឹង​ឆ្នាំ២០២១។ ក្នុង​ឆ្នាំ២០២២ ដដែល កម្ពុជា​បាន​នាំចេញ​ទំនិញ​​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ក្នុង​តម្លៃ​សរុប​រហូតដល់​ជាង ៤ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​ទិញ​ពី​អឺរ៉ុប​វិញ បាន​ត្រឹម​តែ​ជាង ៨០០លាន​ដុល្លារ (៨១២លាន​ដុល្លារ) ប៉ុណ្ណោះ។

ខុស​ពី​មិត្ត​ដែកថែប​ចិន សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក នៅតែ​​ជា​ទីផ្សារ​ទិញ​ទំនិញ​ដ៏​ធំ​បំផុត​ចំនួន​ពីរ​របស់​កម្ពុជា ដែល​កម្ពុជា​រកស៊ី​ចំណេញ​ខ្លាំង។ ផ្ទុយទៅវិញ មិត្ត​ដែក​ថែប​ចិន​មិនបាន​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​កម្ពុជា​ឡើយ ដោយ​ចិន​ពូកែ​តែ​ខាង​យក​ទំនិញ​របស់​ខ្លួន​មក​លក់​ឱ្យ​ខ្មែរ គឺ​រហូត​ដល់​ទៅ​ជិត ១ម៉ឺន​លាន​ដុល្លារ ខណៈ​ប្រទេស​នេះ​ទិញ​ទំនិញ​ពី​កម្ពុជា​វិញ​បាន​ត្រឹមតែ​ជាង ១ពាន់​២រយ​លាន​ដុល្លារ​ប៉ុណ្ណោះ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សភា​អឺរ៉ុប អនុម័ត​ជា​ផ្លូវការ​សេចក្ដី​សម្រេច​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត​ពី​កម្ពុជា"

  1. Anonymous says:

    that what I said HUN SEN rather die if he lost powers . HUN SEN never win any election since he got the powers from Vietnam. from 1993 this evil monster thief HUN SEN stilling all the way up to this day . how can he care about EBA because it have some condition to have free and fare election . HUN SEN he knew that if he doing as EBA wanted he can not be stay as the evil monster in Cambodia any more . too bad so sad every thing is over right now that mean HUN SEN’s day is closer than what he think .