កម្ពុជា-សង្គម
18/03/2023 – 08:17
ដោយ៖ ជួប នរក្សា
RFI

រដ្ឋសភាកម្ពុជា © Internet
រដ្ឋសភាកម្ពុជា បានចេញមកប្រតិកម្មទៅនឹងសេចក្តីសម្រេចរបស់សភាអឺរ៉ុប ទាក់ទងទៅនឹងការគ្រោងដកប្រព័ន្ធអនុគ្រោះពន្ធ និងដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ថាជាការបំពានអធិបតេយ្យភាព និងលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជា។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប បានបើកកិច្ចប្រជុំពិភាក្សា និងបោះឆ្នោតគាំទ្រសេចក្តីស្នើដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា ដែលបានធ្វើឲ្យខូចខាតប្រព័ន្ធប្រជាធិបតេយ្យ តាមរយៈការកាត់ទោសមេដឹកនាំអតីតបក្សប្រឆាំង ឲ្យជាប់ឃុំជិត៣០ឆ្នាំ។
តាមរយៈសេចក្តីថ្លែងការណ៍ ចំនួន២ទំព័រ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៧មីនា បានបង្ហាញពីភាពខកចិត្តចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប។ រដ្ឋសភា បានអះអាងថា សេចក្តីសម្រេចនោះបានបង្ហាញពីការមិនគោរពរបស់សភាអឺរ៉ុប មកលើឯករាជ្យភាព និងអធិបតេយ្យភាពកម្ពុជា។
សេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជា បានទាត់ចោលចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ដោយបានបញ្ជាក់ជាថ្មីម្តងទៀតថា ខ្លួនមានជំហរស្របគ្នាទៅនឹងការឆ្លើយតប និងសេចក្តីថ្លែងការណ៍ទាំងឡាយរបស់ក្រសួងការបរទេស ទាក់ទងទៅនឹងសំណុំរឿងលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។
រដ្ឋសភាកម្ពុជា លើកឡើងថា ការបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់សភាអឺរ៉ុប ពីសំណាក់ក្រុមសមាជិកឆ្វេងនិយមមួយចំនួននោះ គឺជាការបំពាននយោបាយ និងជ្រែតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ក្នុងនាមជារដ្ឋតូច និងទន់ខ្សោយ ដោយមើលរំលងទាំងស្រុងពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងនីតិរដ្ឋ ដែលកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់។
បន្ថែមពីនេះ សេចក្តីថ្លែងការណ៍របស់រដ្ឋសភា បានកត់សម្គាល់ថា សភាអឺរ៉ុប បាននិងកំពុងបំពងសំឡេង ក្នុងការលូកដៃចូលរឿងផ្ទៃក្នុងប្រទេសដទៃ ទោះបីជាត្រូវលះបង់ សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ប្រទេសនោះក៏ដោយ។
ទោះយ៉ាងណា សម្រាប់រដ្ឋសភាកម្ពុជា ក៏ដឹងគុណសភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប សម្រាប់ការគាំទ្រការអភិវឌ្ឍកម្ពុជា ជាពិសេសការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩។
គួរកត់សម្គាល់ថា ប្រតិកម្មរបស់រដ្ឋសភាភ្លាមៗនេះ ធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប នៅក្នុងកិច្ចប្រជុំចំនួនពីរថ្ងៃរបស់ខ្លួន បានលើកយកសេចក្តីស្នើដំណោះស្រាយជាបន្ទាន់សម្រាប់កម្ពុជា ចំនួន៧ចំណុច ក្រោយតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី០៣មីនា បានកាត់ទោស លោក កឹម សុខា ឲ្យជាប់ឃុំចំនួន២៧ឆ្នាំ។
សេចក្តីស្នើទាំង៧ចំណុច របស់សភាអឺរ៉ុប រួមមាន ការទទូចឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ការធានាបរិយាកាសបោះឆ្នោតថ្នាក់ ដែលសេរី និងយុត្តិធម៌ ការព្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅក្រោយការបោះឆ្នោត និងការស្នើដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលបានបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
សេចក្តីស្នើរបស់សភាអឺរ៉ុប បានទទួលការគាំទ្រដោយសំឡេងភាគច្រើន ចំនួន៤៩៦ សំឡេង ខណៈដែល១១សំឡេងបានបោះឆ្នោតប្រឆាំង និង៣៦សំឡេងអនុបវាទ៕
how can all Cambodian depending on Mr HENG SAMRIN his education is so low all his life was top up by some one trying to use him every day he just work for his PAK all he can say is >>DERMBAY KIETHA and KIETHA DERMBAY . CHAIYO PAK PAK DEWATH KAMPOUCHEA