លោក កឹម សុខា មិនអាចជួបមេធាវី ខណៈមានការតម្រូវឲ្យលោកដាក់សំណើទៅព្រះរាជអាជ្ញាជាមុនសិន

កម្ពុជា-នយោបាយ
18/03/2023 – 08:09
ដោយ៖ សឿង ភារៈ
RFI

លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ © Internet


លោក​ កឹម សុខា ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ទៅ​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​សុំ​ជួប​ពឹង​ពាក់​មេធាវី​ និង​ពិគ្រោះ​យោបល់​ពី​នីតិវិធី​បន្ត​ក្នុង​សំណុំ​រឿង​របស់​ខ្លួន។​ នេះ​ជា​ការ​បញ្ជាក់​របស់​គណៈ​មេធាវី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៧​ ខែ​មីនា​ បន្ទាប់​ពី​មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​សហ​មេធាវី​ការពារ​ក្តី​ចូល​ជួប​លោក​ កឹម សុខា ​ក្នុង​ផ្ទះ​ដែល​លោក​កំពុង​ជាប់​ឃុំ។​ សហ​មេធាវី​ម្នាក់​ បាន​ចោទ​សួរ​វិញ​ថា ​តើ​ឲ្យ​លោក​ កឹម សុខា ​ដាក់​ពាក្យ​ស្នើសុំ​ទៅ​ព្រះ​រាជ​អាជ្ញា​យ៉ាង​ដូចម្តេច​ បើ​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ ​និង​មិន​បាន​ជួប​ពិគ្រោះ​ជាមួយ​សហ​មេធាវី​ផង។

គណៈមេធាវីកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ក្នុងករណីលោក កឹម សុខា ត្រូវការពឹងពាក់មេធាវី គឺត្រូវអនុវត្តតាមខ្លឹមសារនៃសាលក្រមព្រហ្មទណ្ឌលេខ ១៨២“ម” ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយលោក កឹម សុខា ត្រូវដាក់ពាក្យស្នើសុំទៅព្រះរាជអាជ្ញាអមសាលាដំបូង ដើម្បីសុំជួបពឹងពាក់មេធាវី និងពិគ្រោះយោបល់អំពីនីតិវិធីបន្ត ដែលត្រូវធ្វើក្នុងសំណុំរឿងរបស់ខ្លួន។

ការបញ្ជាក់របស់គណៈមេធាវីកម្ពុជា ធ្វើឡើងក្រោយពីសហមេធាវីការពារក្តីលោក កឹម សុខា កាលពីថ្ងៃទី១៤ ខែមីនា ត្រូវកងកម្លាំង ដែលយាមនៅមុខផ្ទះលោក កឹម សុខា រារាំង និងណែនាំឲ្យសហមេធាវីត្រូវសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន។ តាមរយៈសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃដដែលនោះ សហមេធាវីការពារក្តីលោក កឹម សុខា បានអះអាងថា មិនអាចអនុវត្តតាមការណែនាំខាងលើ ដែលផ្ទុយនឹងច្បាប់ ក្រម និងវិធានជាធរមានដែលគ្រប់គ្រងវិជ្ជាជីវៈមេធាវី។

លោក អាង ឧត្តម សហមេធាវីការពារលោក កឹម សុខា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១៨ ខែមីនានេះថា លោកនៅតែជាមេធាវីការពារក្តី នៅក្នុងសំណុំរឿងរបស់លោក កឹម សុខា ដដែល ខណៈមានការបកស្រាយថា លោកអស់សិទ្ធិជាមេធាវីតាមសាលក្រម កាលពីថ្ងៃទី០៣ ខែមីនា។ លោកបន្តថា អំណាចសាលក្រម ដែលមិនទាន់ចូលជាស្ថាពរតើអនុវត្តម្តេចកើត។

លោក អាង ឧត្តម បញ្ជាក់ថា បញ្ហាទាំងនេះអាចនឹងប៉ះពាល់ដល់នីតិវីធីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមសាលាដំបូង។ លោកលើកឡើងឧទារណ៍ថា បើមានការតម្រូវឲ្យលោក កឹម សុខា ត្រូវដាក់ពាក្យស្នើសុំទៅព្រះរាជអាជ្ញា ដើម្បីសុំជួបពឹងពាក់មេធាវី តើអ្នកណាធ្វើពាក្យនោះ ហើយយកទៅដាក់ដូចម្តេច បើលោក កឹម សុខា មិនអាចចេញក្រៅផ្ទះបាន ខណៈដែលគ្មានមេធាវីជួយធ្វើការងារ។ សហមេធាវីរូបនេះ បានចោទសួរថាតើឲ្យមេធាវីសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនដូចម្តេច បើមេធាវីនៅមានសុពលភាពក្នុងសំណុំរឿងដដែលនេះ។

សូមជម្រាបជូនថា សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រម ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ សម្រេចផ្តន្ទាទោស លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ សិទ្ធបោះឆ្នោត សិទ្ធឈរឈ្មោះបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ ត្រូវដកជាស្ថាពរ។ សាលាក្រមដដែលនេះ បានតម្រូវឲ្យ លោក កឹម សុខា នៅតែក្នុងបរិវេណផ្ទះរបស់លោក មិនត្រូវជួបបុគ្គលណាម្នាក់ ដោយផ្ទាល់ ឬប្រយោល ក្រៅពីសមាជិកគ្រួសារ​ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា៕

What Next?

Recent Articles

Leave a Reply

Submit Comment