សភា​កម្ពុជា​ប្រតិកម្ម​ទៅ​នឹង​ការសម្រេច​របស់​សភា​អឺរ៉ុប​រឿង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA បន្ថែម

ដោយ ម៉ៅ សុធានី
2023.03.18
RFA

សភា​កម្ពុជា​ប្រតិកម្ម​ទៅ​នឹង​ការសម្រេច​របស់​សភា​អឺរ៉ុប​រឿង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA បន្ថែម

លោក ហេង សំរិន ប្រធាន​រដ្ឋសភា ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សហជីព នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


សភា​កម្ពុជា​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​សម្រេចចិត្ត​របស់​សភា​អឺរ៉ុប កាលពី​ថ្ងៃទី ១៦ ខែ​មិនា ជំរុញ​ឲ្យ​កម្ពុជា​ដោះលែង​លោក កឹម សុខា សកម្មជន​បក្ស​ភ្លើងទៀន ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត និង​ជំរុញ​ឲ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ព្រមទាំង​អនុញ្ញាត ឱ្យ​គ្រប់​គណបក្ស​នយោបាយ អាច​ធ្វើ​យុទ្ធនាការ​ដោយ​ស្មើភាព​គ្នា។

សេចក្តី​ថ្លែងការណ៍​រដ្ឋ​សភា​កម្ពុជា កាលពី​ថ្ងៃទី១៧ ខែ​មីនា អះអាង​ថា សេចក្តី​សម្រេចចិត្ត​របស់​សភា​អឺរ៉ុប គឺជា​ការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ មក​លើ​ឯករាជ្យ​ភាព និង​អធិបតេយ្យ​របស់​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​។ សភា​កម្ពុជា​ក៏​បាន​ចោទប្រកាន់​សមាជិកសភា​អឺរ៉ុប​មួយ​ចំនួន ថា កំពុង​បំពាន​ផ្នែក​នយោបាយ និង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​ជា​រដ្ឋ​តូច​ជាង និង​ទន់ខ្សោយ​ជាង ដោយ​បាន​មើល​រំលង​នូវ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ យុត្តិធម៌ និង​នីតិរដ្ឋ របស់​រដ្ឋាភិបាល​កម្ពុជា។

បន្ថែម​ពី​នេះ រដ្ឋសភា​កម្ពុជា ក៏​បាន​ច្រានចោល​ទាំង​ស្រុង​នូវ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប ទាំង​៧​ចំណុច ក្នុង​នោះ​សភា​អឺរ៉ុប ក៏​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​អឺរ៉ុប អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មក​លើ​បុគ្គល​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ព្រមទាំង​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ និង​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​ជាបន្ទាន់​ផង​ដែរ។ ទោះជា​យ៉ាងនេះ​ក្តី រដ្ឋសភា​កម្ពុជា​ក៏បាន​សំដែង​ការ​ដឹង​គុណ​ចំពោះ​សភា​អឺរ៉ុប និង​ប្រជាជន​អឺរ៉ុប ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ជាពិសេស ការ​ស្តារ​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​រាតត្បាត​កូវីដ១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles