លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរងទ័ពជើងគោកខណៈលោក ហ៊ុន ម៉ាណែត ឡើងជានាយឧត្តមសេនីយ៍

កម្ពុជា-សង្គម
21/03/2023 – 07:14
ដោយ៖ ញឹម សុផល
RFI

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត កូនប្រុសទី២លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតួនាទីជាប្រធាននាយកដ្ឋានចារកិច្ចនៃក្រសួងការពារជាតិ ត្រូវបានតែងតាំងដោយអនុក្រឹត្យជាមេបញ្ជាការរងកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ © FB


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ បានចេញអនុក្រឹត្យតែងតាំងមុខតំណែងលោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ ការតែងតាំងលោក ហ៊ុន ម៉ានិត ពេលនេះ គឺធ្វើឡើងតំណាលគ្នានឹងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបានតម្លើងឋានន្តរសក្តិដោយព្រះរាជក្រឹត្យជា នាយឧត្តមសេនីយ៍(ផ្កាយ៤)។

ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅសល់ពេលជាង៣ខែទៀត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន២រូប ត្រូវបានតែងតាំង និងតម្លើងឋានន្តរសក្តិដូចជាការសម្រុកតែងតាំងកូនៗមេដឹកនាំគណបក្សប្រជាជនកម្ពុជាឯទៀតដែរ ដែលពួកគេសុទ្ធសឹងជាអ្នកបន្តវេនគណបក្សកាន់អំណាច។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត កូនប្រុសទី២លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតួនាទីជា​​​ប្រធាន​នាយកដ្ឋាន​ចារកិច្ច​នៃ​ក្រសួង​ការ​​ពារ​ជាតិ​​ ត្រូវបានតែងតាំងដោយអនុក្រឹត្យជាមេបញ្ជាការរងកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ កាលពីថ្ងៃទី១៧ ខែមីនាដែរ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជាកូនប្រុសច្បងលោក ហ៊ុន សែន ក៏ត្រូវបានតម្លើងឋានន្តរសក្តិដោយព្រះរាជក្រឹត្យផងដែរ ជានាយឧត្តមសេនីយ៍(ផ្កាយ៤)។

ជាការកត់សម្គាល់ កូនប្រុសទាំងបីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានរំកិលតួនាទីឲ្យដល់កំរិតខ្ពស់ខណៈកូនប្រុសពៅ គឺលោក ហ៊ុន ម៉ានី បច្ចុប្បន្នគឺជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដែល ស.ស.យ.ក នេះ មានឥទ្ធិពលអាចប្រមែប្រមូលយុវជនបានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងសកម្មភាពសង្គម ក៏ដូចជាសកម្មភាពនយោបាយ។

ការតែងតាំងជាបន្តបន្ទាប់មិនថាតែក្នុងតំណែងស៊ីវិល ឬកងកម្លាំងប្រដាប់អាវុធនោះទេ ត្រូវបានរិះគន់ពីសំណាក់អ្នកតាមដាននយោបាយមួយចំនួន និងអ្នកនយោបាយប្រឆាំងថាខ្វះសមភាព និងជាការតែងតាំងបក្សពួកនិងសាច់ញាតិរបស់ខ្លួន។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់តាមរយៈវេទិកាសាធារណៈកន្លងមកថា លោកក៏មានសិទ្ធិចង់ឲ្យកូនៗរបស់លោក មានការងារធ្វើល្អ បានធ្វើការងារធំ ដូចអ្វីដែលអ្នករិះគន់លោកចង់បានដែរ៕

What Next?

Recent Articles

One Response to "លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរងទ័ពជើងគោកខណៈលោក ហ៊ុន ម៉ាណែត ឡើងជានាយឧត្តមសេនីយ៍"

  1. Anonymous says:

    WOW ..they are starting to retaliation to each other now. time is coming CHHEAM SREK SBEKHOV .