អ្នកឃ្លាំមើល​ ថា លោក ហ៊ុន សែន​ ទំនង​លែងទុកចិត្ត​អ្នក​ណា​ក្រៅ​ពី​កូន​របស់​ខ្លួន​ហើយ

ដោយ មាន ឫទ្ធិ
2023.03.21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកឃ្លាំមើល​ ថា លោក ហ៊ុន សែន​ ទំនង​លែងទុកចិត្ត​អ្នក​ណា​ក្រៅ​ពី​កូន​របស់​ខ្លួន​ហើយ

លោក ហ៊ុន ម៉ានិត ជា​​កូន​ប្រុស​ទី២ របស់​លោក ហ៊ុន សែន ដែល​ត្រូវបាន​តែងតាំង​ឱ្យ​ធ្វើជា​មេបញ្ជាការ​រង​ នៃ​កងទ័ពជើងគោក។ Photo: RFA


មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ទំនង​លែង​ទុក​ចិត្ត​មនុស្ស​ក្បែរ​ខ្លួន​ក្រៅ​តែ​ពី​កូនៗ របស់​គាត់​ហើយ ទើប​មេដឹកនាំ​រូប​នេះ តែងតាំង​កូនៗ របស់​ខ្លួន​ឱ្យ​កាន់​ការងារ​កំពូលៗ ក្នុង​ជួរ​កងទ័ព។ ការ​រិះគន់​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល លោក ហ៊ុន សែន ​ប្រឹង​ញាត់​បញ្ចូល​កូន​ប្រុស​ទី២ របស់​លោក​ម្នាក់ គឺ​លោក ហ៊ុន ម៉ានិត ឱ្យ​ធ្វើជា​មេបញ្ជាការ​រង​កងទ័ពជើងគោក នៅ​អែប​ជាប់​នឹង​បង​ប្រុស​របស់​ខ្លួន។

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ សង្ស័យ​​លោក ហ៊ុន សែន ទំនង​មាន​គម្រោង​លើក​បន្តុប​កូន​ប្រុស​របស់​លោក​គឺ​ជា​លោក ហ៊ុន ម៉ាណែត ជា​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ទើប​លោក ហ៊ុន សែន រូតរះ យក​កូន​ប្រុស​ទី២ របស់​លោក គឺ​លោក ហ៊ុន ម៉ានិត ទៅ​ញាត់​ជាប់​នឹង​បង​ប្រុស​របស់​ខ្លួន​​ ឱ្យ​កាន់​តួនាទី​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក​ពេល​នេះ។ ​​

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា បញ្ហា​នេះ​គួរតែ​ជៀសវាង​ ការ​ដែល​មេ​ដឹកនាំ​យក​សាច់​ឈាម​របស់​ខ្លួន​ឱ្យ​កាន់​ការងារ​សាធារណៈ​ធំៗ បែប​នេះ ជា​ពិសេស ក្នុង​ជួរ​កង​ទ័ព​។ លោក​បន្ត​ទៀត​បញ្ហា​នេះ​នឹង​ឱ្យ​មាន​ការ​រិះគន់​ថា នេះ​ជា​រៀបចំ​ធ្វើ​ឱ្យ​មាន​អំណាច​ប្រមូល​ផ្ដុំ​។ លោក​ព្រួយ​បារម្ភ​ថា បញ្ហា​នេះ​នឹង​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ ប្រសិន​បើ​មាន​បញ្ហា​កើត​ឡើង​ដូច​កាល​ពី​ឆ្នាំ២០១៣ តើ​កង​ទ័ព​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កូនៗ លោក ហ៊ុន សែន អាច​ធានា​ថា កង​ទ័ព​អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ឯករាជ្យ​ដែរ ឬ​ទេ?

លោក រស់ សុដ្ឋា៖«ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ទាំង​អស់​គ្នា​មិនមែន​ជា​ក្រុមហ៊ុន​ទេ ហើយ​អំណាច​ប្រមូល​ផ្ដុំ​ដំណើរ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​ដឹកនាំ​ប្រទេស​ជាតិ គឺ​បម្រើ​តែ​ក្រុម​ខ្លួន​ហ្នឹង​ឯង​មិន​អាច​ធានា​ឱ្យ​ការ​អនុវត្ត​ទង្វើ​នោះ​បម្រើ​ផល​ប្រជាជាតិ​មហាជន​ទាំង​មូល​បាន»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់ថា នេះ​ការ​ជា​ព្រួយបារម្ភ​សម្រាប់​ប្រទេស​ជាតិ ដែល​ឪពុក​ជា​នាយករដ្ឋមន្ត្រី ហើយ​តែងតាំង​កូនៗ ជា​អ្នក​គ្រប់គ្រង​​កងទ័ព​បែប​នេះ។ លោក​បន្ត​ទៀត​ថា រូបភាព​នេះ ក្នុង​សង្គមប្រជាធិបតេយ្យ​នេះ​មិនមែន​ជា​គំរូ​ល្អ​ឡើយ។ អតីត​អ្នក​ទោស​មនសិការ​រូប​នេះ យល់ថា នេះ​ជា​ការ​បង្ហាញ​ថា លោក ហ៊ុន សែន លែង​ទុក​ចិត្ត​អ្នកណា​ក្រៅ​សាច់ញាតិ​របស់​ខ្លួន​ហើយ។

លោក កើត សារ៉ាយ៖ «កាលណា​ដែល​ឪពុក​ជា​នាយករដ្ឋមន្ត្រី​ កូនៗ តែងតាំង​ដំណែង​សុទ្ធតែ​ដំណែង​កំពូល​នៅ​ក្នុង​កង​ប្រដាប់​អាវុធ​ជាពិសេស​ទាក់ទង​កងយោធា​នេះ​ខ្ញុំ​មាន​ការ​ព្រួយ​បាម្ភ​ថា អំណាច​ទៅ​មិន​វិវឌ្ឍ​អាច​អំណាច​ប្រជាធិបតេយ្យ​ទេ នឹង​អាច​វិវឌ្ឍ​ទៅ​ជា​បក្ខពួក​ឬ​ក្រុម​គ្រួសារ​និយម​អី​ជា​ដើម»

ការ​រិះគន់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក ហ៊ុន ម៉ានិត ដែល​ទើប​ឪពុក​របស់​លោក​បន្ថែម​ឋានៈ​ឱ្យ​ស្មើ​រដ្ឋមន្ត្រី​ កាល​ពី​ចុង​ឆ្នាំ២០២២ ត្រូវ​បាន​ឪពុក​របស់​ខ្លួន​តែងតាំង​តួនាទី​មួយ​ទៀត ឱ្យ​ធ្វើ​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក។ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មីនា​ សម្រេច​តែងតាំង​មុខ​ដំណែង​នាយ​ទាហាន​ នៃ​កងយោធពលខេមរភូមិន្ទ ឱ្យ​លោក ហ៊ុន ម៉ានិត ជា​មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។

លោក ហ៊ុន ម៉ានិត ដែល​កំពុង​ពាក់​ផ្កាយ​បី​លើ​ស្មា បាន​ក្រសោប​ការងារ​សំខាន់ៗ​​រួមាន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួង​ការពារ​ជាតិ ជា​នាយករង​ខុទ្ទកាល័យ​លោក ហ៊ុន សែន សមាជិក​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC)។

ការ​តែងតាំង​លោក ហ៊ុន ម៉ានិត ឱ្យ​ទៅ​អែប​ជាប់​នឹង​បង​ប្រុស​ខ្លួន​របស់​ខ្លួន​ពេល​នេះ ក្រោយ​ពេល​លោក ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​​ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​៤​ បន្ថែម​លើ​មុខងារ​សព្វ​ថ្ងៃ។

ទាក់ទង​ការ​រិះគន់​នេះ​នៃ​ការ​តែងតាំង លោក ហ៊ុន ម៉ានិត ពេលនេះ ​អ្នក​នាំ​ពាក្យ​កងទ័ព​ជើង​គោក​លោក​ ម៉ៅ ផល្លា សុំ​មិន​ឆ្លើយតប​ទេ ដោយ​ប្រាប់​ថា រឿង​នេះ​ហួស​ការ​ទទួល​ខុសត្រូវ​របស់​លោ​។ លោក​ថា ករណី​នេះ ជា​សមត្ថកិច្ច​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ប្រតិកម្ម​ពី​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែ​មីនា។

ទោះ​យ៉ាង​ណា​នៅ​ពេល​មាន​រិះគន់​ការ​តែងតាំង​កូនៗ របស់​លោក ហ៊ុន សែន ម្ដងៗ មេដឹកនាំ​​យូរ​ជាង​គេ​រូប​នេះ តែង​និយាយ​អួត​សរសើរ​ថា ព្រោះ​កូនៗ របស់​លោក​មាន​សមត្ថភាព។

លោក ហ៊ុន សែន៖ «និយាយ​ពី​រឿង​តែងតាំងកូន​ខ្ញុំ​សុទ្ធតែ​ថ្នាក់បណ្ឌិត អនុបណ្ឌិត តើយ​វា​មក​បោះចោល ឬអ្វី?តើ​ឱ្យ​ការងារ​គេ​ធ្វើ​បានទេ

ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ដួង ចន្ត្រា យល់​ថា នេះ​ការ​បង្ហាញ​ថា ទំនង​លោក ហ៊ុន សែន ចង់​ឱ្យ​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើ​ជា​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ ដ្បិត​លោក ហ៊ុន ម៉ាណែត ទើប​ក្លាយ​ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស៤ កាល​ពី​ពេល​ថ្មីៗ នេះ។ លោក​បន្ត​ទៀត នៅ​ពេល​លោក ហ៊ុន សែន ក្លាយ​ជា​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ គឺ​លោក ហ៊ុន ម៉ានិត អាច​ឡើង​កាន់​ការងារ​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ជំនួស​បង​ប្រុស​តែ​ម្ដង។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​​ថា ការ​រៀបចំ​របស់​លោក ហ៊ុន សែន នេះ ជា​របៀប​នៃ​ការ​ផ្ទេរ​អំណាច​របស់​ជន​ផ្ដាច់។​

លោក ដួង ចន្ត្រា៖«គឺ​សេណារីយ៉ូ ដែល​គេ​រៀបចំ ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​របស់​យោធា​ឱ្យ​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​មនុស្ស​តែ​ម្នាក់​ ព្រោះ​ជា​ទូទៅ​របប​ផ្ដាច់ការ គឺ​គេ​តែងតែ​ក្ដោប​យក​ប្រើ​យោធា​និយម។ អ៊ីចឹង​ហើយ​បាន​ជា​គេ​ពង្រឹង​ខាង​យោធា​ឱ្យ​បាន​ខ្លាំងក្លា ដាក់​ទាំង​បង ដាក់​ទាំង​ប្អូន​ផង ដើម្បី​គ្រប់គ្រង​អំណាច»

លោក ហ៊ុន សែន ដែល​បាន​រៀបចំ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក​ត្រៀម​ធ្វើ​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​លោក លោក​បាន​យក​សាច់ញាតិ​របស់​ខ្លួន​ឱ្យ​ចាក់​គ្រឹះ​ក្នុង​ស្ថាប័ន​កម្លាំង​ប្រដាក់​អាវុធ​គ្រប់​កន្លែង។ ក្នុង​នោះ​រួមមាន លោក ហ៊ុន ម៉ាណែត ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ព្រមទាំង​មាន​តួនាទី​មួយ​ចំនួន​ទៀត​ក្នុង​ជួរ​កងទ័ព។ ចំណែក​កូន​ប្រុស​ពៅ គឺ​លោក ហ៊ុន ម៉ានី ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ជា​ប្រធាន​គណៈកម្មការ​ទី៧ នៃ​សភា​ឯក​បក្ស និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។ ក្មួយ​ប្រសា​លោក គឺ​លោក នេត សាវឿន ជា​អគ្គ​ស្នងការ​​នគរបាល​ជាតិ។ កូន​ប្រសា​របស់​លោក​គឺ​លោក ឌី វិជ្ជា ដែល​ត្រូវ​ជា​ស្វាមី​អ្នកស្រី ហ៊ុន ម៉ាណា គឺជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។ ចំណែក​ក្មួយ​ប្រុស​លោក​ម្នាក់​ទៀត គឺ​លោក ហ៊ុន ជា ដែល​ធ្លាប់​​ប្រព្រឹត្តិ​អំពើ​ហិង្សា បាញ់បោះ​សេរី និង​រឿង​អាស្រូវ​ស្នេហា​ផង​នោះ កំពុង​ពាក់​ផ្កាយ​បី​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ និង​សាច់ញាតិ​របស់​ផ្សេងៗ កំពុង​កាន់​ការងារ​ខ្លាញ់ៗ ក្នុង​ស្ថាប័ន​នានា​របស់​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នកឃ្លាំមើល​ ថា លោក ហ៊ុន សែន​ ទំនង​លែងទុកចិត្ត​អ្នក​ណា​ក្រៅ​ពី​កូន​របស់​ខ្លួន​ហើយ"

  1. Anonymous says:

    I know HUN NAL is too evil at last he and his families are isolate from his team