កាសែតចិន៖ សមយុទ្ធកម្ពុជាចិន ធ្វើដោយសន្តិភាព មិនដូចសមយុទ្ធបង្កភាពតានតឹងរបស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក

កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
21/03/2023 – 07:19
ដោយ៖ សឿង ភារៈ
RFI

សមយុទ្ធនាគមាសរវាងកម្ពុជា និង ចិន © Internet


“សមយុទ្ធនាគមាស២០២៣” ធ្វើឡើងប្រកបដោយសន្តិភាពមិនដូចសមយុទ្ធរួមគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសង្កត់ធ្ងន់លើការប្រឈមមុខដាក់គ្នា។ នេះបើតាមការចុះផ្សាយរបស់កាសែតចិន នៅថ្ងៃទី២០ ខែមីនា ខណៈដែលកម្ពុជាផ្តើមសមយុទ្ធជាមួយចិនទ្រង់ទ្រាយធំឡើងវិញពីចុងខែមីនានេះ ដល់ដើមខែមេសា។

សមយុទ្ធនាគមាស២០២៣រៀបចំដោយកម្ពុជា-ចិន នឹងធ្វើឡើងនៅមូលដ្ឋានហ្វឹកហ្វឺនកម្ពុជា នៅភ្នំជុំរីករាយ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា។ បើតាមក្រសួងការពារជាតិកម្ពុជា សមយុទ្ធរួមគ្នា ដោយមានលក្ខណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងការពារនូវសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានា។ ​សមយុទ្ធ​នាគ​មាស​លើក​ទី​៥​ មានការចូលរួមពីកងទ័ពកម្ពុជាចំនួនជិត៣ពាន់នាក់ និងកងទ័ពចិនជិត៣០០នាក់។

ប្រព័ន្ធផ្សាយលោកខាងលិចបានអះអាងថាទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់កម្ពុជាជាមួយចិនបានបង្កើនការព្រួយបារម្ភចំពោះសហរដ្ឋអាមេរិក និងប្រទេសជិតខាងក្នុងតំបន់។ ជាការឆ្លើយតបកាសែត Global Times របស់ចិនបានដកស្រង់ការបញ្ជាក់របស់អ្នកជំនាញចិនថា សមយុទ្ធនាពេលនេះធ្វើឡើងក្របកដោយសន្តិភាពគឺមិនដូចសមយុទ្ធរួមគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសង្កត់ធ្ងន់លើការប្រឈមមុខដាក់គ្នានោះទេ។

Global Times បានដកស្រង់ការលើកឡើងរបស់លោក Chen Xiangmiao ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវកងទ័ពជើងទឹកពិភពលោកថា​សមយុទ្ធ​រួម​កម្ពុជា​​ចិន គឺជា​សមយុទ្ធ​ដែល​រៀបចំ​ជា​ប្រចាំ​ ដែល​ផ្តោត​លើ​ការ​ប្រឆាំង​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ព្រម​ទាំង​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ដ និង​ការ​ជួយ​សង្គ្រោះ ដែល​មិន​មាន​ចំណុច​រសើប​នោះ​ទេ។

លោក Chen Xiangmiao បានប្រៀបធៀបថាសមុទ្ធរបស់អាមេរិកជាមួយបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត គឺ​មាន​ទ្រង់ទ្រាយ​ធំ និង​មាន​​ការ​ប្រយុទ្ធ​សំខាន់ៗដូចជា​ការ​ប្រយុទ្ធ​លើ​ផ្ទៃទឹក ដោយនាវាមុជទឹក និង​យន្តហោះ​ចម្បាំង។ សមយុទ្ធដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺសំដៅលើការឆ្លើយតបក្នុងសង្រ្គាម ខណៈសមយុទ្ធរួមចិនកម្ពុជា ផ្តោតលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។

លោក វណ្ណ ប៊ុនណា ​អ្នក​សិក្សា​ស្រាវជ្រាវ​ភូមិសាស្ត្រ​នយោបាយ​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ​និង​សន្តិភាព (CICP)​ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ការធ្វើសមយុទ្ធនាពេលនេះ មានទ្រង់តូចនៅឡើយ មិនមែនជាសមយុទ្ធសម្រាប់ឆ្លើយតបការវាយប្រហារ ឬធ្វើសង្គ្រាមនោះទេ។ ប៉ុន្តែលោកថាសមយុទ្ធនាពេលនេះនឹងពង្រឹងសមត្ថភាពយោធារវាងប្រទេសទាំងពីរ និងបង្ហាញភាពជិតស្និទ្ធរវាងកម្ពុជា និងចិន។

កន្លងមកកម្ពុជាធ្លាប់មានសមយុទ្ធជាមួយសហរដ្ឋអាមេរិកដែរ ប៉ុន្តែបានផ្អាក។ ជុំវិញបញ្ហានេះ លោក វណ្ណ ប៊ុនណា ថាបើកម្ពុជាអាចធ្វើសមយុទ្ធជាមួយចិនបាន ដូច្នេះកម្ពុជាគួរចាប់ផ្តើមចរចាធ្វើសមយុទ្ធឡើងវិញជាមួយសហរដ្ឋអាមេរិក ដើម្បីបង្ហាញថាកម្ពុជាមានគោលនយោបាយ​ពិពិធ​កម្មការបរទេសរបស់ខ្លួន។

សមយុទ្ធនាគមាសរវាងកម្ពុជាចិន បានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺបានចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦,២០១៨, ២០១៩ និងឆ្នាំ ២០២០។ កងទ័ពទាំងពីរបានផ្អាកមួយរយៈ គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០២១ និង ឆ្នាំ២០២២ដោយសារតែប្រទេសទាំងពីរប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

What Next?

Recent Articles