លោក​ ហ៊ុន សែន ការ​ពារ​ការ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​លោក​ ហ៊ុន ម៉ាណែត

២២ មិនា ២០២៣
ស៊ុន ណារិន
វីអូអេខ្មែរ

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថតរូប​ជាមួយ​នឹង​កូន​ប្រុស​ច្បង​របស់​លោក​ គឺ​លោក ហ៊ុន ម៉ាណែត​ នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៩។ (REUTERS/Chor Sokunthea/File Photo)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថតរូប​ជាមួយ​នឹង​កូន​ប្រុស​ច្បង​របស់​លោក​ គឺ​លោក ហ៊ុន ម៉ាណែត​ នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៩។ (REUTERS/Chor Sokunthea/File Photo)

ភ្នំពេញ — លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​ច្រាន​ចោល​ការ​លើកឡើង​ដែល​ថា​ការ​ដំឡើង​ឋានន្តរ​ស័ក្ដិ​ផ្នែក​យោធា​ដល់​លោក ​ហ៊ុន ម៉ាណែត​ គឺ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​លោក​ ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​នៅ​ពេល​ខាង​មុខ។

លោក ហ៊ុន សែន បាន​ប្រតិកម្ម​បែប​នេះ ទៅ​នឹង​អ្នក​វិភាគ​មួយ​ចំនួន ដោយ​លោក​នាយករដ្ឋមន្រ្តី​ហៅ​ជា​ថា​«បណ្ឌិត​ខ្វះ​ការ​ចេះ​ដឹង»។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​រាជធានី​ភ្នំពេញ​ លោក​ ហ៊ុន សែន ​ពន្យល់​ថា​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​ដល់​លោក ​ហ៊ុន ម៉ាណែត ​ជា​កូន​ប្រុស​ច្បង​របស់​លោក​រហូត​ដល់​ផ្កាយ​៤ គួរ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០១៨ នៅ​ពេល​លោក ​ហ៊ុន ម៉ាណែត ​បាន​ទទួល​តំណែង​ជា​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​មក​ម្ល៉េះ។ លោក​ថា​ពេល​នោះ លោក ហ៊ុន ម៉ាណែត​ មិន​ទាន់​ក្លាយ​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយទេ។ ប៉ុន្តែ​ការ​ដំឡើង​ឋានន្តរស័ក្តិ​មិន​ទាន់​បាន​ធ្វើ ដោយ​សា​រលោក ហ៊ុន ម៉ាណែត មិន​ចង់​បាន​ការ​ដំឡើង​នេះ។ នេះ​បើ​តាម​លោក ហ៊ុន សែន។

លោក​ថ្លែង​ថា៖ «ហើយ​សុំ​ផ្តាំ​ទៅ ផ្កាយ​៤ វា​ជា​ផ្កាយ​ដែល​វា​ត្រូវ​មាន។ ក្នុង​ចំណោម​អគ្គ​បញ្ជា​ការ​រង​ទាំង​អស់ ផ្កាយ​៤​ទាំង​អស់ មាន​តែ​ម្នាក់​គត់ [អត់មាន គឺ​ហ៊ុន​ ម៉ាណែត] អញ្ចឹង​ទេ ម៉ាណែត អត់​ដឹង​ខ្លួន​ទេ ពេល​ដំឡើង​ផ្កាយ​នេះ»

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នៅពេល​លោក​ជា​ឧត្តមសេនីយ៍​ឯក​ផ្កាយ​៣ ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ (Franck Robichon/Pool Photo via AP)
ព័ត៌មាន​ទាក់ទង៖អ្នកវិភាគ​បង្ហាញ​ទស្សនៈ​ផ្សេងគ្នា ក្រោយការ​ដំឡើង​តំណែង​លោក ហ៊ុន ម៉ាណែត

លោក​ ហ៊ុន សែន បាន​អះអាង​ទៀត​ថា​មាន​ការ​ប្រមូល​ផ្តុំ​ជា​«រណសិរ្ស» ​ដើម្បី​វាយ​ប្រហារ​កូន​ប្រុស​របស់​លោក គឺ​លោក​ ហ៊ុន ម៉ាណែត ប៉ុន្តែ​លោក​ថា​ការ​វាយ​ប្រហារ​នេះ ជួយ​លោក​ ហ៊ុន ម៉ាណែត ឱ្យ​កាន់​តែ​រឹង​មាំ និង​ត្រៀម​ខ្លួន​ជា​មេដឹកនាំ​ប្រទេស។

លោក​ ហ៊ុន សែន ថ្លែង​ថា៖ «អស់​លោក​រក​តែ​ចំណុច​វាយ​ខ្ញុំ​តែ​ប៉ុណ្ណឹង។ អស់​លោក​គិត​ថា​ការ​វាយ​ខ្ញុំប៉ុណ្ណឹង វា​គ្រប់គ្រាន់សម្រាប់​អស់​លោក​ផ្តួល​គណបក្ស​ប្រជាជន ហើយ​ផ្តួល​គោល​ដៅ​នៃ​ការ​ប្រែក្លាយ​ហ៊ុន ម៉ាណែត ទៅ​ជា​អនាគត​នាយក​រដ្ឋមន្រ្តី​មែន​ទេ?»

អ្នក​សិក្សា​ភូមិសាស្ត្រ​នយោបាយ​ លោក វណ្ណ ប៊ុនណា ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា​ការ​ដំឡើង​ឋានន្តរស័ក្តិ គឺ​ដើម្បី​ឱ្យ​លោក ​ហ៊ុន ម៉ាណែត មាន​តួនាទី​ខ្ពស់ ដែល​អាច​បើក​ផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ឆ្ពោះ​ទៅ​ចាប់​យក​តំណែង​នាយក​រដ្ឋមន្ត្រី៕

What Next?

Recent Articles