មន្ត្រី​ជាន់ខ្ពស់​យោធា​ថា កម្ពុជា​មិនមែន​ស្វាគមន៍​តែ​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​ឡើយ

ដោយ យ៉ង ចាន់តារា
2023.03.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​ជាន់ខ្ពស់​យោធា​ថា កម្ពុជា​មិនមែន​ស្វាគមន៍​តែ​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​ឡើយ

(រូបឯកសារ) កងទ័ព​កម្ពុជា-ចិន​ចូលរួម​លំហាត់​សមយុទ្ធ «នាគមាស​» នៅកម្ពុជា កាលពីឆ្នាំ២០២០។ រូប៖ ក្រសួងការពារជាតិ


មន្ត្រី​ជាន់ខ្ពស់​យោធា​ប្រកាស​ថា កម្ពុជា​មិនមែន​ស្វាគមន៍​តែ​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​នោះ​ទេ ពោល​គឺ​កម្ពុជា​ស្វាគមន៍​បណ្ដា​ប្រទេស​នានា​ដែល​មាន​បំណង​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅវិញ​ទៅមក និង​គ្មាន​ការ​គំរាមកំហែង​ដល់​ប្រទេស​ទី​បី។ អ្នក​ឃ្លាំមើល​ថា មូលហេតុ​ដែល​បណ្ដា​ប្រទេស​មហា​អំណាច​លោក​សេរី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​មិន​អាច​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កម្ពុជា ដោយសារ​តែ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ប្រាស​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ និង​លម្អៀង​ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត​ខ្លាំង។

កងយោធពលខេមរភូមិន្ទ​ប្រកាស​ថា បណ្ដា​ប្រទេស​នានា​ដែល​មាន​បំណង​ចង់​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កម្ពុជា ត្រូវ​តែ​គោរព​តាម​សំណើ​របស់​កម្ពុជា។

អ្នកនាំពាក្យ​អគ្គបញ្ជាការ​កងយោធពលខេមរភូមិន្ទ លោក ថោង សូលីម៉ូ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ខែ​មីនា​ថា បណ្ដា​ប្រទេស​នានា​ដែល​ចង់​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កម្ពុជា​ត្រូវ​លើក​យក​ប្រធានបទ​ស្រប​តាម​គោល​នយោបាយ​របស់​កម្ពុជា និង​ស្រប​តាម​ច្បាប់​អន្តរជាតិ រួម​ទាំង​ធានា​ថា គ្មាន​ការ​គំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ឡើយ។

លោក ថោង សូលីម៉ូ៖ «ការ​ធ្វើ​សមយុទ្ធ​នេះ គឺ​ត្រូវតែ​ផ្ដល់ និង​ឆ្លើយតប​ផលប្រយោជន៍​របស់​កម្ពុជា។ ពេលវេលា និង​ទីកន្លែង​គឺ​អាស្រ័យ​ភាគី​កម្ពុជា​ជា​អ្នក​កំណត់។ រាល់​ការ​ចំណាយ​នូវ​ការ​ធ្វើ​សមយុទ្ធ​ទាំងមូល គឺ​សាមី​ប្រទេស​ដែល​បាន​ដាក់​ពាក្យ​សុំ​នោះ ត្រូវតែ​ជួយ​ចំណាយ​លើ​ការ​ធ្វើ​សមយុទ្ធ​នេះ»

ការប្រកាស​របស់​យោធា​កម្ពុជា​បែបនេះ គឺ​នៅ​មុន​ពេល​កម្ពុជា និង​ចិន គ្រោង​ធ្វើ​សមយុទ្ធ​យោធា «នាគ​មាស​ឆ្នាំ២០២៣» ចាប់​ពី​ថ្ងៃ​ទី២៣ ខែ​មីនា ដល់​ដើម​ខែ​មេសា នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​របស់​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ស្ថិត​ក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង។ សមយុទ្ធ​យោធា នាគ​មាស​លើកទី៥ នេះ ចិន​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ជាង ២រយនាក់ (២៥៧) រថយន្ត ៤៣គ្រឿង អាវុធ​ថ្មើរ​ជើង សម្ភារៈ​ស៊ើប​ការ សម្ភារៈ​បោស​សម្អាត​ជាតិ​ផ្ទុះ និង​ឧបករណ៍​បន្សាប​ជាតិ​គីមី។ ចំណែក​ភាគី​កម្ពុជា​វិញ កងទ័ព​ដែល​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​នេះ​មាន​ជិត ៦រយនាក់ (៥៨៣) រួម​ទាំង​ឧបករណ៍​ដោះ​មីន និង​សម្ភារៈ​បន្សាប​ជាតិគីមី។ លោក ថោង សូលីម៉ូ បញ្ជាក់​ថា សមយុទ្ធ​យោធា​ជាមួយ​កងទ័ព​ចិន​លើក​នេះ ពុំ​មាន​ការ​បាញ់​អាវុធ​ធុន​ធ្ងន់​ដូច​ការ​ធ្វើ​សមយុទ្ធ​យោធា​គ្រា​មុនៗ​នោះ​ទេ គឺ​ផ្ដោត​សំខាន់​លើ​ការ​ដោះ​មីន និង​បង្ការ​ជំងឺឆ្លង​ដោយ​គ្មាន​មូលហេតុ។

កម្ពុជា​បាន​រៀបចំ​សមយុទ្ធ​យោធា​ជាមួយ​កងទ័ព​ចិន​ចំនួន ៤លើក​រួច​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ២០១៦ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​លុបចោល​សមយុទ្ធ​យោធា​រួមគ្នា​ហៅ​ថា «ឆ្មាំ​អង្គរ» ជាមួយ​សហរដ្ឋអាមេរិក និង «ដនគោព្រៃ» ជាមួយ​អូស្ត្រាលី កាល​ពី​ឆ្នាំ២០១៧។ អ្នកឃ្លាំមើល លើកឡើង​ថា ប្រទេស​ចិន​កុម្មុយនិស្ត​ហាក់​កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន​លើ​ទឹកដី​ខ្មែរ តាមរយៈ​ការ​ផ្ដល់​ជំនួយ​ផ្នែក​យោធា​ដល់​កម្ពុជា និង​ស្ថិត​ក្រោម​រូបភាព​ការ​ធ្វើ​សមយុទ្ធ​យោធា ដើម្បី​ជា​ថ្នូរ​អាច​សាងសង់​មូលដ្ឋាន​ទ័ព​នៅ​កំពង់ផែ​សមុទ្រ​រាម។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ហ៊ុន សែន ថ្មីៗនេះ បាន​ចេញ​មុខ​បដិសេធ​ជា​ថ្មី​ទៀត​ថា កម្ពុជា​គ្មាន​វត្តមាន​កង​ទ័ព​ចិន ឬ​ក៏​អនុញ្ញាត​ឱ្យ​ចិន​សាងសង់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​លើ​ទឹកដី​របស់​ខ្មែរ​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ប្រសិនបើ​កម្ពុជា​ចង់​រក្សា​ជំហរ​អព្យាក្រឹត្យ ឬ​ចង់​បង្ហាញ​ទៅ​កាន់​អន្តរជាតិ​ថា ខ្លួន​មាន​ជំហរ​ឯករាជ្យ​មិន​លម្អៀង​ទៅ​មហា​អំណាច​ណាមួយ​នោះ កម្ពុជា​ត្រូវ​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក និង​មិន​ត្រូវ​បដិសេធ​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក​ឡើយ ខណៈ​ដែល​កម្ពុជា​កំពុង​បង្កើន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ចិន​កុម្មុយនិស្ត​លើ​វិស័យ​យោធា។

លោក ឯម សុវណ្ណារ៉ា៖ «កិច្ចការ​នេះ គឺ​ទាមទារ​ឱ្យ​កម្ពុជា​ជំរុញ ឬ​ពង្រីក​សមយុទ្ធ​យោធា​ជាមួយ​លោក​ខាងលិច​ផង ដើម្បី​ឱ្យ​មើល​ឃើញ​ឥរិយាបថ ឬ​ជំហរ​របស់​កម្ពុជា​មក​នៅ​កណ្ដាល វា​អាច​ជួយ​កាត់បន្ថយ​ជំហរ​ងាក​ទៅ​រក​ចិន​បាន​ច្រើន​ហើយ »

ជាមួយ​គ្នា​នេះ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ បណ្ឌិត សេង សារី លើក​ឡើង​ថា ការ​ដែល​កម្ពុជា​មានការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ចិន គឺ​កងទ័ព​កម្ពុជា​ទទួល​បាន​បទ​ពិសោធន៍​តាម​រយៈ​ការ​ហ្វឹកហ្វឺន និង​បណ្ដុះបណ្ដាល​ជំនាញ​នានា​ក្នុង​ក្របខ័ណ្ឌ​យោធា។ ប៉ុន្តែ លោក​ព្រួយបារម្ភ​ថា ការ​ដែល​កម្ពុជា​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​តែ​ប្រទេស​ចិន ដោយ​គ្មាន​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក ឬ​ប្រទេស​ដែល​និយម​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​នោះ កម្ពុជា​ទំនង​ចៀស​មិន​ផុត​ពី​ការ​រិះគន់​ថា ពុំ​បាន​រក្សា​នយោបាយ​អព្យាក្រឹត្យ​របស់​ខ្លួន និង​លម្អៀង​ទៅ​រក​ចិន​តែ​ម្ខាង។

បណ្ឌិត សេង សារី៖ «ដើម្បី​ថែរក្សា​តុល្យភាព​នយោបាយ​ការបរទេស តាមរយៈ​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ពន្យល់​បកស្រាយ​ឱ្យ​ភាគី​ទាំង​បណ្ដា​ប្រទេស​សេរី និង​បណ្ដា​ប្រទេស​កុម្មុយនិស្ត​ដៃ​គូ​ហ្នឹង បាន​យល់​ដឹង​ឱ្យ​បាន​ច្បាស់​ពី​ជំហរ​កម្ពុជា ការ​ថែរក្សា​តុល្យភាព​ទំនាក់ទំនង​ការបរទេស​របស់​ខ្លួន»

ទំនាក់ទំនង​កម្ពុជា​ចិន ក្រោម​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ជិត ៤០ឆ្នាំ​មក​នេះ បាន​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ពោល​គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ស្ទើរ​គ្រប់​វិស័យ​ជាមួយ​ចិន រាប់​ទាំង​វិស័យ​ពាណិជ្ជកម្ម ការទូត វិស័យ​អប់រំ និង​វិស័យ​យោធា ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​ជាន់ខ្ពស់​យោធា​ថា កម្ពុជា​មិនមែន​ស្វាគមន៍​តែ​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​ឡើយ"

  1. Anonymous says:

    I wish Asian community can do some thing to that strong man of KAMPOUCHEA .