មន្ត្រី​បក្ស​ប្រឆាំងរិះគន់​ការ​ពន្យារ​ពេល​ចូល​និវត្តន៍​របស់​អនុប្រធាន​តុលាការ​កំពូល

ដោយ សុជីវី
2023.04.12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​បក្ស​ប្រឆាំងរិះគន់​ការ​ពន្យារ​ពេល​ចូល​និវត្តន៍​របស់​អនុប្រធាន​តុលាការ​កំពូល

(រូបឯកសារ​របស់​សាលាក្ដី​ខ្មែរក្រហម ឆ្វេង) ចៅក្រម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ និង​ចៅក្រអន្តរជាតិ នៅ​សាលាក្ដីខ្មែរក្រហម កាលពីឆ្នាំ២០១៨។ រូប៖ ECCC


មន្ត្រី​គណបក្ស​ប្រឆាំង​រិះគន់​ថា នៅ​ក្នុង​ប្រទេស​ងាយ​ស្រួល​ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រកាន់​បក្ខពួក​និយម និង​ដឹកនាំ​តាម​បែប​ផ្ដាច់ការ​ត​វង្ស​ត្រកូល គឺ​មន្ត្រី​កំពូលៗ មិន​ចង់​ចូល​និវត្តន៍​ឡើយ បើ​ទោះ​ជា​ពួក​គេ​​មាន​វ័យ​ចាស់​ជរា​ជ្រុល​ពិបាក​ធ្វើ​ការងារ​ទៅ​ហើយ​ក្ដី។ ការ​រិះគន់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​អនុប្រធាន​តុលាការ​កំពូល​មួយ​រូប ពន្យារ​ពេល​ចូល​និវត្តន៍។

មន្ត្រី​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា ការណ៍​ដែល​មន្ត្រី​ចំណាស់ៗ ដែល​កំពុង​ដឹកនាំ​ស្ថាប័ន​តុលាការ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ពន្យារពេល​ចូល​និវត្តន៍​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ដោយសារ​តែ​ពួក​គេ​មាន​ស្នាដៃ​ជួយ​បម្រើ​កិច្ចការ​ឱ្យ​លោក ហ៊ុន សែន រក្សា​អំណាច តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​ទុក្ខ​បុក​ម្នេញ​មន្ត្រី​គណបក្ស​ប្រឆាំង សកម្មជន​ស៊ីវិល និង​សកម្មជន​ដីធ្លី ដែល​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស តាម​បំណង​ចង់​បាន​របស់​លោក ហ៊ុន សែន។

អតីត​តំណាង​រាស្ត្ររបស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១២ មេសា​ថា លោក ហ៊ុន សែន ចង់​បន្ត​ប្រើប្រាស់​មន្ត្រី​ចំណាស់ៗ ដឹកនាំ​ស្ថាប័ន​តុលាការ ធ្វើជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន ក្នុង​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​បញ្ចេញមតិ តាម​រយៈ​ការ​បង្គាប់​បញ្ជា​ឱ្យ​ចាប់​ចង​អ្នក​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស​ជាដើម ក្នុង​ការ​ជួយ​ការពារ​អំណាច​ផ្ដាច់ការ​ត​វង្ស​ត្រកូល​ឱ្យ​លោក ដែល​ជា​ទង្វើ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​។ លោក អ៊ុំ សំអាន បន្ត​ថា មូលហេតុ​លោក ហ៊ុន សែន ធ្វើ​បែប​នេះ ដោយសារ​លោក​ព្រួយ​បារម្ភ​ថា អ្នក​ជំនាន់​ក្រោយ​ដែល​ជា​ឈាម​ថ្មី​ចូល​មក​ជំនួស​តំណែង​កំពូល​នៅ​តុលាការ​ទាំង​នោះ អាច​នឹង​មិន​មាន​និន្នាការ​ច្បាស់​លាស់ ជួយ​ការពារ​អំណាច​ឱ្យ​លោក។

លោក អ៊ុំ សំអាន៖ «ចៅក្រម​ថ្មីៗ ត្រូវ​បាន​បណ្ដុះបណ្ដាល​ច្រើន​ណាស់។ ក្មេងៗ គេ​មាន​ចំណេះដឹង​ជ្រៅជ្រះ រៀន​ចប់​សាលា​ច្បាប់ មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ច្រើន​ជាង​គាត់​ឆ្ងាយ​ណាស់ ក៏​ប៉ុន្តែ​គេ​អត់​ផ្ដល់​ឱកាស​ទៅ​ក្មេង​ជំនាន់​ក្រោយ ផ្ទុយ​ទៅ​វិញ គេ​ឱ្យ​គាត់​ (អនុប្រធាន​តុលាការ​កំពូល​)​ បន្ត​ធ្វើ​ការ​បន្ត​ទៀត​។ អ៊ីចឹងការណ៍​ដែល​គាត់​មិន​ចូល​និវត្តន៍​នេះ ជា​ការ​មិន​ផ្ដល់​ឱកាស​ទៅ​ដល់​ក្មេងៗ ជំនាន់​ក្រោយ ដើម្បី​បន្ត​វេន​តទៅមុខ​ទៀត ហើយ​ដែល​មាន​ចំណេះដឹង​ជ្រៅជ្រះ អាច​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។ ព្រោះ​គេ​យល់​ថា មាន​តែ​គាត់​ហ្នឹង​ហើយ មាន​គំនិត​ឆ្អិនឆ្អៅ​ការពារ​របប​ផ្ដាច់ការ របប​កុម្មុយនិស្ត​ត​វង្ស​ត្រកូល​ឱ្យ​លោក ហ៊ុន សែន»

ប្រតិកម្ម​មន្ត្រី​បក្ស​ប្រឆាំង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ថ្នាក់​ដឹកនាំ​តុលាការ​ជា​បន្ត​បន្ទាប់ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​ពន្យារ​ពេល​ចូល​និវត្តន៍ បើ​ទោះ​ជា​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញា កំណត់​ឱ្យ​ចូល​និវត្តន៍​នៅ​អាយុ ៦០ឆ្នាំ​ឡើង​ក្ដី។ ជាក់ស្ដែង​លោក យូ ប៊ុនឡេង អនុប្រធាន​តុលាការ​កំពូល ដែល​មាន​អាយុ ៦៥ឆ្នាំ​ទៅ​ហើយ​នោះ កាល​ពី​ថ្ងៃ​ទី ៨ ខែមេសា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ឱ្យ​បន្ត​ធ្វើ​ការងារ​ដោយ​មិន​កំណត់​ពេល​ចូល​និវត្តន៍ តាម​ការ​ស្នើ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ។

មិន​មែន​តែ​លោក យូ ប៊ុនឡេង ម្នាក់​ទេ​ ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ពន្យារ​ពេល​ចូល​និវត្តន៍ គឺ​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល​ដែល​មាន​អាយុ ៨១ឆ្នាំ និង​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ទ្រុឌទ្រោម​ទៅ​ហើយ​នោះ ក៏​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ពន្យារ​ពេល​ចូល​និវត្តន៍​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ចំណែក​ប្រធាន​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​លោក សេង ស៊ីវត្ថា មាន​អាយុ ៦០​ឆ្នាំ ក៏​ទើប​ទទួល​បាន​ការ​អនុញ្ញាត​ពី​ព្រះមហាក្សត្រ​ឱ្យ​ពន្យារ​ពេល​ចូល​និវត្តន៍​នេះ​ដែរ​។

លើស​ពី​នេះ កាល​ពី​ថ្ងៃ​ទី៨ មេសា ព្រះមហាក្សត្រ​ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​អនុញ្ញាត​ឱ្យ​ចៅក្រម​សាលា​ឧទ្ធរណ៍ និង​ព្រះរាជ​អាជ្ញា​អយ្យការ​អម​សាលា​ឧទ្ធរណ៍ ដែល​ត្រូវ​ចូល​និវត្តន៍​នៅ​អាយុ ៦០ឆ្នាំ អាច​ពន្យារ​អាយុ​រហូត​ដល់​អាយុ ៦៥ឆ្នាំ និង​ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា នឹង​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​សម្រាប់​អ្នក​ជំនាន់​ក្រោយ ដែល​មាន​ទឹក​ចិត្ត​និង​ឆន្ទៈ​ពិត​ប្រាកដ ចង់​ជួយ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌ ដែល​កំពុង​មាន​អំពើ​ពុករលួយ មិន​ឯករាជ្យ និង​មិន​អព្យាក្រឹត។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក ជិន ម៉ាលីន បាន​ទេ។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន លើក​ឡើង​ថា តុលាការ​កម្ពុជា​មិន​បាន​លម្អៀង​ទៅ​គណបក្ស​កាន់​អំណាច​ឡើយ។ លោក សុខ ឥសាន បន្ត​ថា ចំពោះ​ការ​អនុញ្ញាត​ឱ្យ​មន្ត្រី​ដឹកនាំ​តុលាការ​ឧទ្ធរណ៍ និង​តុលាការ​កំពូល​ពន្យារ​ពេល​ចូល​និវត្តន៍ ជា​ការ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សមត្ថភាព និង​បទ​ពិសោធន៍​ការងារ​បម្រើ​ប្រទេស​ជាតិ​របស់​មន្ត្រី​ទាំង​នោះ​នា​ពេល​កន្លង​មក។

លោក សុខ ឥសាន៖ «ទើបតែ​មាន​អាយុ ៦៥ឆ្នាំ ខ្ញុំ​យល់​ថា ខ្ញី​ចាស់​កាន់តែ​ហឹរ ពីព្រោះ​គាត់​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ក្ដី​នានា កើត​ឡើង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដោះ​ស្រាយ​របស់​គាត់។ អ៊ីចឹងគាត់​មាន​ពិសោធន៍​ច្រើន ហើយ​បើ​សិន​ណា លើក​ដូច​ជា​បងប្អូន​មួយ​ចំនួន​ថា ទេត្រូវ​តែ​ឱ្យ​អ្នក​ចាស់​ចូល​និវត្តន៍ ដើម្បី​ទុក​កន្លែង​ឱ្យ​អ្នក​ថ្មី អ្នក​ថ្មី​មក​មិន​ប្រាកដ​ថា មាន​បទ​ពិសោធន៍​ដូច​អ្នក​ចាស់​ទេ»

ទោះ​មាន​ការ​បកស្រាយ​ពី​មន្ត្រី​គណបក្ស​កាន់​អំណាច​បែប​នេះ ប៉ុន្តែ​អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ឃើញ​ថា ថ្វីត្បិត​មាន​គោលការណ៍​អាច​ឱ្យ​មន្ត្រី​ដឹកនាំ​ស្ថាប័ន​តុលាការ​ពន្យារ​ពេល​ចូល​និវត្តន៍ ប៉ុន្តែ​គោលការណ៍​នេះ​គួរ​តែ​អនុវត្ត​នៅ​ក្នុង​លក្ខខណ្ឌ​ចាំបាច់​ដែល​មាន​ការ​វាយតម្លៃ​ច្បាស់​លាស់​ថា នៅ​ក្នុង​ស្ថាប័ន​នោះ​ខ្វះខាត​បរិមាណ​មន្ត្រី។ លោក វ៉ន ចាន់ឡូត បន្ត​ថា ប៉ុន្តែ​នៅ​ពេល​នេះ កម្ពុជា​មិន​ខ្វះ​ធនធាន​អ្នក​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ និង​មាន​បទ​ពិសោធន៍​ខាង​ច្បាប់​ឡើយ ដូច្នេះ​គួរ​តែ​អនុវត្ត​តាម​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ដែល​តម្រូវ​ឱ្យ​ចូល​និវត្តន៍​នៅ​អាយុ ៦០ឆ្នាំ​ឡើង​ទៅ។

លោក វ៉ន ចាន់ឡូត៖«ត្រូវ​យក​ច្បាប់​ជា​មូលដ្ឋាន មាន​ន័យ​ថា ដល់​អាយុ​ចូល​និវត្តន៍​ គឺ​គ្រប់​មន្ត្រី​រាជការ​គ្រប់​វិស័យ​ទាំង​អស់ គឺ​ត្រូវ​តែ​ចូល​និវត្តន៍ អា​ហ្នឹង​គឺ​យក​ច្បាប់​ជា​មូលដ្ឋាន​អ៊ីចឹង​តែ​ម្ដង។ មិន​អាច​សំអាង​ហេតុផល​អ៊ីចេះ ហេតុផល​អ៊ីចុះ តាម​តែ​ចិត្ត​នឹក​ឃើញ​ទេ​»​

មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ទៀត​ថា មូលហេតុ​ដែល​មន្ត្រី​កំពូលៗ ភាគ​ច្រើន​នៅ​កម្ពុជា មិន​សូវ​ចូលចិត្ត​ការ​ចូល​និវត្តន៍ ដោយសារ​ពួកគាត់​ចង់​បន្ត​កើប​លុយ​ធ្វើ​មាន​បាន​ឱ្យ​កាន់តែ​កប់​ក្ដោង​បន្ថែម​ទៀត ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​តួនាទី និង​ដើម្បី​យក​ពេលវេលា​រៀបចំ​ការ​ផ្ទេរ​អំណាច ឬ​ជួយ​កូន​ចៅ​និង​សាច់​ញាតិ​របស់​ខ្លួន​ឱ្យ​ចូល​មក​កាន់​តំណែង​ជំនួស​ ឬ​ទទួល​បាន​តួនាទី​ខ្ពង់ខ្ពស់​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​ណា​មួយ​សិន ទើប​ពួកគេ​ចូល​និវត្តន៍​។

ក្រៅពី​មន្ត្រី​ដឹកនាំ​តុលាការ​វ័យ​ចំណាស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ពន្យារ​ពេល​ចូល​និវត្តន៍ លោក ហ៊ុន សែន ក៏​កំពុង​ខ្នះខ្នែង​រៀបចំ​ចាត់ចែង​ឱ្យ​មន្ត្រី​ស្មោះស្ម័គ្រ​នឹង​លោក​ជាច្រើន​ទៀត អាច​បន្ត​កាន់​តំណែង​ខ្ពស់​របស់​ខ្លួន​បន្ត​ទៀត​។ ជាក់ស្ដែង ដូច​ជា​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់​ចាម ត្រូវ​បាន​តែងតាំង​ឱ្យ​បន្ត​កាន់​តំណែង​កំពូល​នេះ​បន្ថែម​មួយ​អាណត្តិ​ទៀត តាម​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃ​ទី ១១មេសា តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "មន្ត្រី​បក្ស​ប្រឆាំងរិះគន់​ការ​ពន្យារ​ពេល​ចូល​និវត្តន៍​របស់​អនុប្រធាន​តុលាការ​កំពូល"

  1. so socheath says:

    ចម្រៀងសម្រាប់ឆ្នាំថ្មី
    មួយណាមនុស្សពិត !
    *******
    I-មហាសង្ក្រានច្រានឆ្នាំមួយទៅ ចិត្តសែនកក់ក្តៅ ឃើញហ៊ុនសែននៅ
    ធ្វើរឿងដូចដើម ចុះជួយប្រជា ផ្តល់ខ្យល់ដង្ហើម សែនថែមផ្តួចផ្តើម
    ផ្តល់កម្លាំងថ្មី ជូនរាស្ត្រប្រជា។
    II-ប្រជាក្រខ្សត់គត់ហ្មត់ កក់ក្តៅ ឆ្នាំចាស់ឆ្លងទៅ តែឆ្នាំថ្មីត្រូវ
    ប្តូរវេនដូចដល់ ហ៊ុនសែនមិនប្តូរ តាមឆ្នាំមកដល់
    សែននៅរចល់ ជួយរាស្ត្រក្រីក្រ ឲ្យឆ្លងទុក្ខកម្ម ។
    IV- អ្នកវិភាគអើយ កុំបាច់ប្រូអី ទុក្ខសោកចង្រៃ
    ហ៊ុនសែន អារកាត់ សែនជួយប្រជា មិនយកមុខមាត់ ជួយរាស្ត្រក្រក្សត់
    ឲ្យឆ្លងផុតអត់ មិនដូចអ្នកថា ។
    III- រដូវបោះឆ្នោត ខ្ញុំឆោតសួរវិញ អ្នកកុំទោម្នេញ
    អ្នកប្រាប់ខ្ញុំវិញ ប្រាប់កុំមុសា ហ៊ុនសែននិងអ្នក បញ្ជាក់ច្បាស់ថា តើពិតអ្នកណា
    ហ៊ុនសែន-រង្សុី មួយណាមនុស្សពិត ជួយជាតិដោយស្មោះ ?៕

  2. Anonymous says:

    HAS…HAS…HAAAAAAAAAAAAAAA working till time to go hell that all . I tell you what life is too short every one should at lease put down every thing in the age of 65 and trying to do some thing to enjoy in the last minute of their life . I can see the dump and uneducated people wanted to be every one GOD but he is not so sour after he going hell his mane can be every one hate the most . I knew some of the powerful dictator after they going hell his name have been note to people around the world that he is the worse evil on art