លោក សម រង្ស៊ី ថា អ្នក​ជាប់​ឃុំ​បី​នាក់​ជា​មនុស្ស ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត

ដោយ ជុន ច័ន្ទបុត្រ
2023.04.12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ថា អ្នក​ជាប់​ឃុំ​បី​នាក់​ជា​មនុស្ស ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត

លោក សម រង្ស៊ី (ឆ្វេង) ប្រធា​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហ៊ុន សែន ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ «មរតកតេជោ» ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើក​ឡើង​ថា ក្នុង​ចំណោម​មនុស្ស ដែល​លោក ហ៊ុន សែន ចាប់​ឃុំឃាំង​មាន អ្នក​ជាប់​ឃុំ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច​បំផុត។ នោះ​គឺ​អ្នក​តស៊ូ​មតិ​​កញ្ញា សេង ធារី មេ​ដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ និង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​ផង​នោះ។ លោក សម រង្ស៊ី អះអាង​បន្ត​ថា បើ​ពួក​គាត់​មាន​សេរីភាព នឹង​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​បាត់បង់​សន្លឹក​ឆ្នោត​កាន់តែ​ច្រើន​ថែម​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​អ្នក​ជាប់​ឃុំ​ទាំង​បី​រូប​នេះ​ កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌ ព្រោះ​ការ​បំពេញ​ការងារ និង​ការ​តស៊ូ​មតិ​របស់​ពួក​គាត់។

លោក សម រង្ស៊ី លើក​ឡើង​ថា លោក ហ៊ុន សែន មិន​ហ៊ាន​ឱ្យ​កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និង​លោក ថាច់ សេដ្ឋា មាន​សេរីភាព​មុន​ការ​បោះ​ឆ្នោត​ទេ ព្រោះ​អ្នក​ជាប់​ឃុំ​ស្លូត​ត្រង​ទាំង​បី​នាក់​នេះ ពួក​គាត់​ចេះ​ពន្យល់​ពលរដ្ឋ ឱ្យ​យល់​ដឹង​ពី​ការពិត​រឹតតែ​ច្បាស់ ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្អប់​លោក​ ហ៊ុន សែន កាន់តែ​ខ្លាំង ដែល​ប៉ះពាល់​ដល់​សន្លឹក​បក្ស​កាន់​អំណាច។ លោក​ថា ដោយ​មើល​ឃើញ​បញ្ហា​នេះ​ទើប លោក ហ៊ុន សែន បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​បី​នាក់​នោះ​យក​ទៅ​ឃុំឃាំង។

លោក សម រង្ស៊ី លើក​ឡើង​ដូច្នេះ តាម​រយៈ​ទំព័រ​របស់​លោក កាល​ពី​ថ្ងៃ​ទី១១ ខែ​មេសា។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា អ្នក​ជាប់​ឃុំ​ទាំង​បី​រូប​សុទ្ធតែ​មនុស្ស​ស្រឡាញ់​សង្គម ​ជា​មនុស្ស​ហ៊ាន​និយាយ​ហ៊ាន​ធ្វើ និង​មិន​បាន​ប្រព្រឹត្តិ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​កត់​សម្គាល់​ឃើញ​ទៀត​ថា ស្ត្រី​ទាំង​ពីរ​រូប កញ្ញា សេង ធារី និង​កញ្ញា ឈឹម ស៊ីថរ ជា​អ្នក​តស៊ូ​មតិ​គួរ​ឱ្យ​គោរព​ និង​ហ៊ាន​លះបង់​សេរីភាព​របស់​ខ្លួន​ដើម្បី​ប្រយោជន៍​ពលរដ្ឋ។ លោក​បន្ត​ទៀត​ថា ចំពោះ​លោក ថាច់ សេដ្ឋា ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​នៅ​គណបក្ស​ភ្លើង​ទៀន​ផង និង​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​ផង ដែល​ជា​ជន​រង​រងគ្រោះ​ ដោយ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​វៀតណាម។ លោក​បន្ត​ថា បើ​ខ្មែរ​គ្នា​ឯង​មិន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​លោក ថាច់ សេដ្ឋា ទេ មិន​គួរ​មក​បង្ក​ការ​ឈឺចាប់​ដល់​រូបលោក ថាច់ សេដ្ឋា ឡើយ។

លោក រស់ សុដ្ឋា៖«ខ្ញុំ​កោត​សរសើរ​វីរភាព​អ្នក​ទាំង​បី​ហ្នឹង បើ​យើង​និយាយ​ទៅ ពិសេស​ដូច​គ្នា​ពីរ​នាក់​ទៀត ជា​ស្ត្រី​ក្លាហាន មួយ​នាក់​ទៀត​ជា​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​ងាយ​រង​គ្រោះ​ជន​ងាយ​រងគ្រោះ គឺ​ដោយសារ​គាត់​ជា​ខ្មែរ​ក្រោម​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ​ងាយ​រង​គ្រោះ​ពី​នយោបាយ​វៀតណាម​និយាយ​មែនទែន​ណា»

អ្នក​ជាប់​ឃុំ​ទាំង​បី​រូប​គឺជា​មេដឹកនាំ​នយោបាយ​ជា​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ និង​មេដឹកនាំ​សហជីព​ការពារ​សិទ្ធិ​ការងារ។ កញ្ញា សេង ធារី អាយុ ៥១ឆ្នាំ បាន​ឃុំ​នៅ​ពន្ធនាគារ​អស់​រយៈ​ពេល ៣០៤ថ្ងៃ​ហើយ ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​កញ្ញា​ភ្លាមៗ នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​មិថុនា ឆ្នាំ២០២២ ក្រោយ​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ឃុំ ៦ឆ្នាំ​ពី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជាអាទិ៍ និង​បទ​រួម​គំនិត​ក្បត់។ ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ អាយុ ៣៤ឆ្នាំ បាន​ឃុំ​អស់​រយៈ​ពេល ៣០២ថ្ងៃ​មក​ហើយ ដោយ​តុលាការ​ចោទ​ប្រកាន់​ពី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍។ កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​លើក​ទី២ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ២០២២ ដោយ​ចោទ​ប្រកាន់​ថា ល្មើស​បម្រាម​តុលាការ ដោយសារ​ចេញ​ទៅ​ចូលរួម​ប្រជុំ​សហជីព​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី។ ចំណែក​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា អាយុ ៦៩ឆ្នាំ បាន​ឃុំ​អស់​រយៈ​ពេល ៨៦ថ្ងៃ​មក ហើយ​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទល្មើស​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទៅ​សង​ប្រាក់ ​ឬ​បទ​ចេញ​សែក​ស្អុយ​អត់​លុយ។

ទាក់ទង​ការ​លើកឡើង​ពី​អ្នក​ជាប់​ឃុំ​ទាំង​បី​រូប​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា លោក សម រង្ស៊ី តែងតែ​និយាយ​ផ្ទុយ​ការ​ពិត។ លោក​បន្ត​ទៀត​ថា អ្នក​ទាំង​បី​រូប និង​អ្នក​ជាប់​ឃុំ​ផ្សេងទៀត បាន​ជាប់​ឃុំ​ព្រោះ​ការ​ប្រព្រឹត្ត​បទល្មើស។ លោក​ថា កញ្ញា សេង ធារី ជា​អ្នក​បម្រើ​សកម្មភាព​នយោបាយ លោក សម រង្ស៊ី រីឯ​ កញ្ញា ឈឹម ស៊ីថរ ជាប់​ឃុំ​ព្រោះ បំពាន់​ច្បាប់​ការងារ និង​ល្មើស​បម្រាម​តុលាការ ចំណែក​លោក ថាច់ សេដ្ឋា ជាប់​ឃុំ​ព្រោះ​បញ្ហា​បុគ្គល​ដោយ​ចេញ​សែក​អត់​លុយ។

លោក សុខ ឥសាន៖«សម រង្ស៊ី គាត់​និយាយ​តែ​ផ្ទុយ​ការ​ពិត​ទេ​តើ តាំង​ពី​ដើម​មក ហើយ​បើ​អ៊ីចឹងៗ យើង​ទៅ​ជឿ​គាត់​ម៉េច​បាន។ មហាជន​ប្រជាជន​គេ​អស់​ជំនឿ​លើ​គាត់​ហើយ ទោះ​គាត់​និយាយ​ប៉ុន្មាន​កញ្ឆេរ​ក៏​គេ​បោះ​ចោល​ដែរ គេ​អត់​ស្ដាប់​ដែរ​ទេ»

ទោះ​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំមើល​សង្គម​ ក៏​មាន​ទស្សនៈ​ស្រដៀង​នឹង​លោក សម រង្ស៊ី ដែរ​ដោយ​ថា ការ​ដែល​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​បង្កើន​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល ព្រោះ​លោក ហ៊ុន សែន កំពុង​ភ័យ​ខ្លាច​សំឡេង​របស់​របស់​អ្នក​ទាំង​នោះ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ សង្កេត​ឃើញ​ថា លោក ហ៊ុន សែន ពេល​នេះ​ខ្លាច​មនុស្ស​ស្ទើរ​គ្រប់​គ្នា​រួម​មាន​៖ ​ពលរដ្ឋ​សាមញ្ញ​ដែល​ក្លាហាន សកម្មជន​នយោបាយ ​អ្នក​ការពារ​សិទ្ធិមនុស្ស ​និង​ទាំង​មនុស្ស​ក្នុង​ផ្ទៃ​ក្នុង​​បក្ស​កាន់អំណាច​ផង​ដែរ ហេតុដូច្នេះ​ហើយ ទើប​​លោក ហ៊ុន សែន ប្រកាស​​ថា​ ងើប​មួយ​វាយ​មួយ​និង ចាប់​ដាក់​គុក​មិន​រើស​មុខ​អ្នក​ណា​ដែល​គាត់​យល់​ថា ​រំខាន​ដល់​ផែនការ​អំណាច​របស់​លោក ហ៊ុន សែន។ លោក​បន្ត​ទៀត​ថា នៅ​កៀក​ពេល​ជិត​ពេល​​បោះឆ្នោត និង​ក្នុង​ស្ថានការណ៍​ដែល​លោក ហ៊ុន សែន រៀបចំ​ផ្ទេរ​អំណាច​ទៅ​កូន​ប្រុស​ច្បង​គឺ​លោក ហ៊ុន ម៉ាណែត ដូច្នេះ លោក ហ៊ុន សែន មិន​ចង់​ឱ្យ​មាន​សំឡេង​ប្រឆាំង ឬ​អ្នក​ដែល​មាន​មតិ​មិន​ស្រប​នឹង​លោក មាន​វត្តមាន ឬ​មាន​សេរីភាព​ឡើយ។

លោក គឹម សុខ៖«ពីព្រោះ​អ្វី​ដែល​លោក ហ៊ុន សែន ខ្លាច​គឺ​ខ្លាច​ផ្ទុះ​មាន​ការ​តវ៉ា ក្លាយ​ទៅ​ឈ្នាន​នៃ​បាតុកម្ម​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​​ឱ្យ​រាំងស្ទះ​ដល់​ផែនការ​ផ្ទេរ​អំណាច​ពី​គាត់​ទៅ​កូន​ប្រុស​របស់​គាត់»

សព្វ​ថ្ងៃ​ក្រៅ​ពី​អ្នក​ជាប់​ឃុំ​ទាំង​បី​រូប​នេះ ដែល​កំពុង​បាត់បង់​សេរីភាព​ព្រោះ​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក៏​មាន​អ្នក​ជាប់​ឃុំ​​ជិត ៧០នាក់​ផ្សេង​ទៀត រួមមាន មេ​បក្ស​ប្រឆាំង​លោក កឹម សុខា តែ​ត្រូវ​អនុវត្ត​ទោស​នៅ​ក្នុង​ផ្ទះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មេ​ដឹកនាំ​ និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន សកម្មជន​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ផ្សេង​ទៀត។ សហគមន៍​ជាតិ​និង​អន្តរជាតិ​សុទ្ធតែ​ចាត់​ទុក​ថា ពួក​គាត់​ ជា​ជន​រងគ្រោះ​នៃ​ការ​បង្ក្រាប​តាម​ប្រព័ន្ធ​តុលាការ​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​មេដឹកនាំ​កាន់​អំណាច​ដ៏​យូរ​គឺ​លោក ហ៊ុន សែន៕

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ថា អ្នក​ជាប់​ឃុំ​បី​នាក់​ជា​មនុស្ស ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត"

  1. so socheath says:

    ចម្រៀងសម្រាប់ឆ្នាំថ្មី
    មួយណាមនុស្សពិត !
    *******
    I-មហាសង្ក្រានច្រានឆ្នាំមួយទៅ ចិត្តសែនកក់ក្តៅ ឃើញហ៊ុនសែននៅ ធ្វើរឿងដូចដើម
    ចុះជួយប្រជា ផ្តល់ខ្យល់ដង្ហើម សែនថែមផ្តួចផ្តើម
    ផ្តល់កម្លាំងថ្មី ជូនរាស្ត្រប្រជា។
    II-ប្រជាក្រខ្សត់គត់ហ្មត់ កក់ក្តៅ ឆ្នាំចាស់ឆ្លងទៅ តែឆ្នាំថ្មីត្រូវ
    ប្តូរវេនដូចដល់ ហ៊ុនសែនមិនប្តូរ តាមឆ្នាំមកដល់
    សែននៅរចល់ ជួយរាស្ត្រក្រីក្រ ឲ្យឆ្លងទុក្ខកម្ម ។
    IV- អ្នកវិភាគអើយ កុំបាច់ប្រូអី ទុក្ខសោកចង្រៃ
    ហ៊ុនសែន អារកាត់
    សែនជួយប្រជា មិនយកមុខមាត់ ជួយរាស្ត្រក្រក្សត់
    ឲ្យឆ្លងផុតអត់ មិនដូចអ្នកថា ។
    III- រដូវបោះឆ្នោត ខ្ញុំឆោតសួរវិញ អ្នកកុំទោម្នេញ
    អ្នកប្រាប់ខ្ញុំវិញ ប្រាប់កុំមុសា
    ហ៊ុនសែននិងអ្នក បញ្ជាក់ច្បាស់ថា តើពិតអ្នកណា
    ហ៊ុនសែន-រង្សុី មួយណាមនុស្សពិត ជួយជាតិដោយស្មោះ ?៕

  2. Anonymous says:

    OH …WOW ..congratulation your song is so meaningful and never change from the century of HUMAN from the stone age . I knew this song writer he must be a high educated communist brain washed . just like during POL POT some of them not even can write Cambodian alphabet but they have three or four pens in their pocket . I can tell Cambodia with those kind of animal will never going up as the other nation. please go out of your tiny hole to see what is happening over the world . THANK ..SANTEPHEAP >>>that this nation is going to be a supper powers soon. please just standing and watch if you are not so sour about politic . watch and see who is good who is not than use your brain to chose one . the majority of people vote for one person to work for them is good for five years and it should not the same person till every thing too late to recue . I know the song you are writing is not showing me the true situation in Cambodia .