មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​រិះគន់​លោក ហ៊ុន សែន ថា ឆ្លៀត​កេង​ចំណេញ​នយោបាយ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ

ដោយ សេក បណ្ឌិត
2023.04.14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​រិះគន់​លោក ហ៊ុន សែន ថា ឆ្លៀត​កេង​ចំណេញ​នយោបាយ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ

(ឆ្វេង) លោក ហ៊ុន សែន និង​កូនប្រុសរបស់​លោក គឺ​លោក ហ៊ុន ម៉ានី (ស្ដាំ) ក្នុង​ពេល​អុជទៀន​បើក​ពិធីអង្គរ​សង្ក្រាន្ត ដែលធ្វើនៅខាង​មុខប្រាសាទបាយ័ន ខេត្តសៀមរាប នៅ​ថ្ងៃ​ទី១៤ ខែមេសា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


មន្រ្តី​គណបក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​លើកឡើង​ថា របប​ដឹកនាំ​របស់​លោក ហ៊ុន សែន កំពុង​ឆ្លៀត​ឱកាស​បញ្ជ្រាប​សារ​នយោបាយ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ដឹង​គុណ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បំភ្លេច​ចោល​បញ្ហា​របស់​ជាតិ​ធំៗ ដែល​កំពុង​កើត​ឡើង​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ពួកគេ​យល់ឃើញ​ថា បុណ្យ​ចូលឆ្នាំ គួរ​ត្រូវ​បាន​រៀបចំ​ឡើង​ធ្វើ​ជា​ពិធី​បុណ្យជាតិ​មួយ ដែល​មិន​គួរ​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ឡើយ។

មន្ត្រី​គណបក្ស​ប្រឆាំង​យល់ឃើញ​ថា ការណ៍​ដែល​កូន​ប្រុស​របស់​លោក ហ៊ុន សែន និង​កូនៗ របស់​មេ​ដឹកនាំ​កំពូលៗ ផ្សេង​ទៀត សកម្ម​ក្នុង​ការ​ដឹកនាំ​ក្រុម​យុវជន​រៀបចំ​សង្ក្រាន្ត​នៅ​ទូទាំង​ប្រទេស គឺ​មិនមែន​ចង់​លើកកម្ពស់​ប្រពៃណី និង​វប្បធម៌​ជាតិ​ប៉ុន្មាន​ឡើយ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពួកគេ​គ្រាន់តែ​ចង់​ព្យាយាម​លើក​តម្កើង​ខ្លួន​ឱ្យ​កាន់តែ​មាន​ប្រជា​ប្រិយភាព ក្នុង​នាម​ជា​អ្នក​ត្រៀម​ដឹកនាំ​ត​វង្ស​ត្រកូល​ពី​ឪពុក និង​ដើម្បី​ឆ្លៀត​បញ្ជ្រាប​សារ​នយោបាយ​ឃោសនា​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣ នៅ​សល់​រយៈ​ពេល​តែ៣ខែ​ទៀត​ខាង​មុខ​នេះ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ មេសា​ថា ការ​រៀបចំ​សង្ក្រាន្ត​ស្វាគមន៍​ឆ្នាំ​ថ្មី ជា​រឿង​ល្អ​មួយ ប៉ុន្តែ​សង្ក្រាន្ត​នៅ​ទូទាំង​ប្រទេស ដែល​ដឹកនាំ​រៀបចំ​ស្ទើរ​តែ​ផ្ដាច់មុខ ដោយ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) របស់​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ហាក់​បាន​បង្កើត​កម្មវិធី​កម្សាន្ត​តាម​បែប​ល្បែង​របាំ​ប្រជាប្រិយ និង​ប្រពៃណី​ខ្មែរ តិច​ជាង​ការ​ព្យាយាម​ពង្វក់​ឱ្យ​យុវជន​ប្រើប្រាស់​គ្រឿង​ស្រវឹង លេង​ប៉ាត​ម្សៅ ជះ​ទឹក និង​ការ​ចាក់​ធុងបាស់​រាំរែក​បែប​ភ្លើតភ្លើន។

លោក​បន្ត​ថា ការ​បណ្ដែត​បណ្ដោយ​របស់​របប​លោក ហ៊ុន សែន នេះ មាន​គោល​បំណង​ឱ្យ​យុវជន​គិត​តែ​ពី​រឿង​សប្បាយ ហើយ​ភ្លេច​គិត​ដល់​បញ្ហា​ជាតិ​សំខាន់ៗ ដែល​កំពុង​កើត​ឡើង​សព្វ​ថ្ងៃ ដូច​ជា បញ្ហា​ទឹកដី អំពើ​ពុក​រលួយ ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ ការ​រឹបអូស​យក​ដីធ្លី​ពី​ពលរដ្ឋ បញ្ហា​គ្មាន​ការងារ​ធ្វើ បញ្ហា​គ្រឿង​ញៀន កសិករ​គ្មាន​ទីផ្សារ បញ្ហា​ជាប់​គាំង​នយោបាយ និង​បញ្ហា​ជាតិ​សំខាន់​ជាច្រើន​ទៀត​។

លោក អ៊ុំ សំអាន៖ «គេ​ពង្វក់​ឱ្យ​យុវជន ទៅ​គាំទ្រ​គណបក្ស​ប្រជាជន​ដោយ​ភ្លេច​ខ្លួន មិន​គិត​ពី​បញ្ហា​ជាតិ​សំខាន់ៗ ដែល​កំពុង​ប្រឈម​មុខ​សព្វថ្ងៃ​នេះ។ បញ្ហា​កសិករ​អត់​ទីផ្សារ បញ្ហា​យុវជន​អត់​ការងារ​ធ្វើ​នៅ​ពេល​រៀន​ចប់ បញ្ហា​គ្រឿង​ញៀន​នៅ​ក្នុង​សង្គម ដែល​បំផ្លាញ​អនាគត​យុវជន​ជា​ដើម។ ដូច្នេះគេ​រៀបចំ ដើម្បី​ពង្វក់​យុវជន ភ្លេច​គិត​រឿង​នយោបាយ ទៅ​គិត​រឿង​សប្បាយៗ»។

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​អង្គរ​សង្ក្រាន្ត និង​សង្ក្រាន្ត​នៅ​តាម​បណ្ដា​ខេត្ត សុទ្ធ​តែ​ចេញ​មុខ​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) ជា​ក្រុម​យុវជន​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានី កូន​ប្រុស​លោក ហ៊ុន សែន និង​មាន​អនុប្រធាន​ជា​កូន​មេ​ដឹកនាំ​ជាន់​ខ្ពស់​ជាច្រើន​រូប​ទៀត។ ក្រុម​យុវជន ស.ស.យ.ក ត្រូវ​បាន​គេ​ដឹង​ថា ជា​ភ្នាក់ងារ​ដ៏​សំខាន់​បំផុត​មួយ សម្រាប់​ជួយ​កៀរគរ​ប្រមែប្រមូល​កម្លាំង​យុវជន​ឱ្យ​ចូលរួម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រុម​យុវជន ស.ស.យ.ក បាន​រៀបចំ​សង្ក្រាន្ត​ទាំង​អស់ ភ្ជាប់​នូវ​ពាក្យ​អរគុណ​សន្តិភាព ជា​សារ​នយោបាយ​ដ៏​ពេញ​និយម​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រើប្រាស់​ជារឿយៗ សម្រាប់​គំរាម​កំហែង​ពលរដ្ឋ​និង​ក្រុម​យុវជន ឱ្យ​ដឹង​គុណ​និង​គាំទ្រ​បក្ស​កាន់​អំណាច​របស់​ខ្លួន ស្រប​ពេល​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​កំពុង​រង​ការ​រិះគន់​កាន់​តែ​ខ្លាំង​ពី​ពលរដ្ឋ ថា​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​ធ្លាក់​ចុះ និង​ក្រុម​កម្មករ​បាត់បង់​ការងារ​ធ្វើ ដោយ​សារ​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ បន្ទាប់​ពី​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ការ​ចាប់ចង​មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស​ជាច្រើន នៅ​មុន​រដូវ​កាល​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លោកស្រី អ៊ុក ឆាយ៉ាវី លើកឡើង​ដែរ​ថា សង្ក្រាន្ត​នៅ​តាម​សាលារៀន ហាក់​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ផុលផុស​ខុស​ប្លែក​ពី​រាល់​ឆ្នាំ ដើម្បី​បង្កើត​កម្មវិធី​រាំរែក ហើយ​តាម​សាលារៀន​ខ្លះ​ទៀត ថែម​ទាំង​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស ប្រើប្រាស់​គ្រឿង​ស្រវឹង។ លោកស្រី​យល់ឃើញ​ថា ការ​រៀបចំ​សង្ក្រាន្ត​បែបនេះ បាន​ជះឥទ្ធិពល​អាក្រក់​ទៅ​ដល់​យុវជន កុំ​ឱ្យ​ពួកគេ​ខ្វល់ខ្វាយ​ពី​រឿង​ជាតិ ហើយ​ក៏​មិន​បាន​ជួយ​លើក​កម្ពស់​វប្បធម៌ និង​ប្រពៃណី​ខ្មែរ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បាន​នោះ​ដែរ។

លោកស្រី អ៊ុក ឆាយ៉ាវី៖ «​ការ​លេង​កម្សាន្ត វា​ខុស​ពី​សព្វ​មួយ​ដង នៅ​តាម​ទីធ្លា​សាលា​។ មិន​ត្រឹម​តែ​លេង​ជា​លក្ខណៈ​សាលា​រៀន ឬ​ក៏​សិស្សានុសិស្ស​តាម​បណ្ដា​សាលា​ទេ គេ​កេង​ចំណេញ​នយោបាយ​ផង​ដែរ​។ ព្រោះ​អី នៅ​ក្នុង​ហ្នឹង វា​មាន​គណៈ​ពង្រឹង (គណបក្សខ្ញុំ​ឃើញ​មាន​គណៈ​ពង្រឹង គេ​ចុះ​ទៅ​ដើម្បី​បង្កើត​ការ​លេង​សប្បាយ​នេះ (ការ​អនុញ្ញាត​ឱ្យ​សិស្ស​ផឹក​គ្រឿង​ស្រវឹងនេះ​ហើយ​ជា​អ្វី ដែល​ពង្វក់​កុំ​ឱ្យ​យុវជន​ខ្វល់ខ្វាយ​ពី​រឿង​ជាតិ ព្រោះ​អី​យើង​ឃើញ ការ​ជិត​បោះឆ្នោត​ក៏​កាន់​តែ​កៀក​មក​ដល់»

នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី១០ នៅ​ថ្ងៃ​ទី១៤ មេសា​នេះ ឪ​កូន​ទាំង​ពីរ​នាក់ គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ានី បាន​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក ហ៊ុន ម៉ានី បាន​ថ្លែង​ថា មាន​សន្តិភាព ទើប​មាន​ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ និង​ការ​ផ្ដល់​ឱកាស​ដល់​ប្រជាជន​បាន​លើកស្ទួយ​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​។ លោក ហ៊ុន ម៉ានី ក៏​បាន​អរគុណ​ដល់​ឪពុកម្តាយ​របស់​លោក គឺ​លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ដែល​តែងតែ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ក្រុម​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ពេល​កន្លង​មក។

លោក ហ៊ុន ម៉ានី៖ «យើង​ខ្ញុំ​ជឿជាក់​លើ​កម្ពុជា ព្រោះ​យើង​យល់​ច្បាស់​ពី​ពលីកម្ម និង​គុណ​តម្លៃ​នៃ​សន្តិភាព ដែល​បាន​នាំ​កម្ពុជា​មក​ដល់​ថ្ងៃនេះ។ ពី​នេះ​ត​ទៅ​មុខ យើង​ខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ត និង​ជំហរ​រឹងមាំ​ឥត​ងាករេ​ថា ទោះ​ក្នុង​កាលៈទេសៈ និង​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ យើង​ត្រូវ​ការពារ​អនាគត​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានា​កម្ពុជា​ជា​ប្រជាជាតិ​សម្បូរ​សប្បាយ កម្ពុជា​មាន​ភាព​រឹងមាំ​នៃ​ខឿន​ការពារ​ជាតិ និង​សន្តិសុខ​ជាតិ និង​ដើម្បី​កម្ពុជា​មាន​ភាព​ធន់​នៃ​ខឿន​សេដ្ឋកិច្ច និង​ពោរពេញ​ដោយ​ឱកាស»

ចំណែក​លោក ហ៊ុន សែន វិញ លោក​ថ្លែង​បន្ត​ពី​កូនប្រុស​របស់​លោក​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ដែល​មិន​មែន​កើតឡើង​ដោយ​ការ​ចៃដន្យ ឬ​ដោយ​គ្មាន​ការ​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់​ឡើយ ប៉ុន្តែ​ជា​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ជាង ៥ពាន់​នាក់ ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក និង​ដែល​មាន​ការ​សហការ​ពី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់។ ប៉ុន្តែ​លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ឆ្លៀត​ឃោសនា​ឱ្យ​ខ្លួន​ឯង​នោះ​ទេ គឺ​ថា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត អាច​រៀបចំ​ឡើង​នៅ​ពេល​នេះ ដោយសារ​មាន​សន្តិភាព ដែល​លោក​បាន​ខិតខំ​ស្វែងរក​បាន​នោះ។

លោក ហ៊ុន សែន៖ «ដំបូង​បំផុត ខ្ញុំ​សូម​ចាប់ផ្ដើម​ថា សុខ​សន្ដិភាព ស្ថិរភាព​ខាង​នយោបាយ គឺ​ជា​កត្តា​ដ៏​សំខាន់ ដែល​នាំ​មក​នូវ​ការ​ផ្ដល់​ឱកាស​ឱ្យ​សប្បាយ​រីករាយ​របស់​ប្រជាជន​របស់​យើង​។ គ្មាន​ការ​សប្បាយ​ណា​មួយ ដែល​អាច​កើតឡើង​នៅ​ក្រោម​គ្រាប់បែក គ្រាប់​ផ្លោង និង​ក្នុង​សង្គ្រាម​នោះ​ទេ»

ទោះ​ជា​យ៉ាង​ណា អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី លើកឡើង​ថា សារធាតុ​របស់​អ្នក​នយោបាយ មិន​ថា​គណបក្ស​ណា​ដែល​បាន​ធ្វើ​សកម្មភាព​ធំ​ឬ​តូចតាច តែង​ចង់​កេង​ចំណេញ​នយោបាយ ប៉ុន្តែ​លោក​យល់ថា ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន ពិត​ជា​ការ​យល់ដឹង​ច្បាស់លាស់​ថា គណបក្ស​ណា​ជា​អ្នក​កេង​ចំណេញ​ពី​ជាតិ។

បណ្ឌិត សេង សារី៖ «ខ្ញុំ​ជឿ​ថា ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​នេះ មាន​បទពិសោធន៍ មាន​ការ​យល់​ដឹង​ច្បាស់លាស់​ថា តើ​អ្នក​នយោបាយ​ណា ដែល​កេង​ចំណេញ​ពី​បុណ្យ​ជាតិ កេង​ចំណេញ​ពី​សាសនា កេង​ចំណេញ​ពី​មន្ត្រី​រាជការ​ជាដើម»

បើ​ទោះ​បី​ជា លោក ហ៊ុន សែន និង​កូន​ប្រុស​ព្រម​ទាំង​បក្ខពួក​របស់​លោក ព្យាយាម​ឃោសនា​អួតអាង​ថា កម្ពុជា​មាន​សុខ​សន្តិភាព និង​ខំ​បត់​បេះដូង​ច្រើន​ជាង​គេ​ក្ដី ក៏​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​តាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា អះអាង​ថា កម្ពុជា​គ្មាន​សន្តិភាព​ពិត​ប្រាកដ​នោះ​ទេ និង​កំពុង​មាន​ការ​បែកបាក់​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​គាប​សង្កត់ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពី​លោក ហ៊ុន សែន អស់​ជិត ៤ទសវត្សរ៍​មក​នេះ​។

មន្រ្តី​គណបក្ស​ប្រឆាំង​យល់ឃើញ​ថា ដើម្បី​បង្ហាញ​ពី​បេះដូង​ខ្មែរ​តែ​មួយ​ឱ្យ​ពិភពលោក​ទទួល​ស្គាល់​និង​កោត​សរសើរ គឺ​ទាល់​តែ​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​ដើម្បី​ចាប់ចង​អ្នក​នយោបាយ​ប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស​តទៅទៀត​។ លើស​ពី​នេះ លោក ហ៊ុន សែន ត្រូវ​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី អាច​វិល​ចូល​ស្រុក រួម​ទាំង​ដោះលែង​លោក កឹម សុខា និង​អ្នក​ជាប់ឃុំ​ដោយសារ​រឿង​នយោបាយ​ទាំង​អស់ ឱ្យ​មាន​សេរីភាព​ឡើង​វិញ នោះ​ទើប​ជា​ការ​បង្ហាញ​ពី​បេះដូង​ជាតិ និង​ជា​ការ​បង្រួបបង្រួម​ជាតិ​ពិត​ប្រាកដ ដែល​បរទេស​កំពុង​ចង់​ឃើញ​កើត​មាន​ឡើង​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​រិះគន់​លោក ហ៊ុន សែន ថា ឆ្លៀត​កេង​ចំណេញ​នយោបាយ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ"

  1. ពុទ្ធោ! ពុទ្ធោ! says:

    មហាជនខ្មែរត្រូវយល់ឲ្យច្បាស់ពីរបៀប ពិធីសង្ក្រាន្ត!នឹង ពិធីចូលឆ្នាំខ្មែរ!ហ៊ុនសែនបានបង្កើតកម្មវិធីសង្ក្រាន្តអង្គរនេះឡើងគឺសម្រាប់ប្រជាជនកម្ពុជាដែលពួកគេមិនចង់ប្រើពាក្យថាចូលឆ្នាំខ្មែរដែលជាប្រពៃណីខ្មែរសម្រាប់ប្រជាជនខ្មែរ។កូនចៅនឹងបក្យពួកអ្នកដឹកនាំសព្វថ្ងៃពួកគេជាជនជាតិកម្ពុជាគេមិនដែលបានគឹតថាខ្លួនគេជាខ្មែរទេ។