គណបក្សប្រជាជននឹងដាក់បញ្ជីបេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបេក្ខជនបំរុងនៅថ្ងៃដំបូងទៅគ.ជ.ប

កម្ពុជា-នយោបាយ
19/04/2023 – 08:18
ដោយ៖ ញឹម សុផល
RFI

គណបក្សប្រជាជនកម្ពុជា © Internet


គណបក្សប្រជាជនកម្ពុជាបានត្រៀមបញ្ជីឈ្មោះបេក្ខជនពេញសិទ្ធិ ១២៥រូប និងបេក្ខជនបម្រុងរួចរាល់អស់ហើយ ដើម្បីផ្ញើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។ នេះបើតាមការឲ្យដឹងពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ត្រូវបានគណៈអចិន្ត្រៃយ៍គណបក្សសម្រេចឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តកណ្តាល និងនៅមណ្ឌលភ្នំពេញ។

ក្រៅពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលគណៈអចិន្ត្រៃយ៍គណបក្សសម្រេចតែងតាំងឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្តាល និងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ត្រូវឈរឈ្មោះនៅមណ្ឌលភ្នំពេញ ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនផ្សេងទៀត ក៏ត្រូវបានរំលេចឈ្មោះនៅលេខរៀងលើគេផងដែរ តាមមណ្ឌលផ្សេងៗគ្នា។ នេះបើតាមបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា។


លោក ស ខេង និងលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនបានឈរឈ្មោះលេខរៀងទី១ មណ្ឌលបាត់ដំបង និងខេត្តស្វាយរៀង ខណៈអនុប្រធានគណបក្ស១រូបទៀតគឺលោក ទៀ បាញ់ ឈរឈ្មោះទី១ នៅមណ្ឌលសៀមរាប។ ចំណែកឯលោក ហេង សំរិន ប្រធានកិត្តិយសគណបក្ស បានឈរឈ្មោះលេខរៀងទី១ដែរ នៅមណ្ឌលខេត្តត្បូងឃ្មុំ។

ដោយឡែក អ្នកនយោបាយបន្តវេនដែលគួរឲ្យកត់សម្គាល់ផ្សេងទៀត ដូចជាលោក ហ៊ុន ម៉ានី កូនប្រុសពៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំងដោយគណៈអចិន្ត្រៃយ៍ឲ្យឈរជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លេខរៀងទី២។ លោក ស សុខា កូនប្រុសលោក ស ខេង ឈរនៅលេខរៀងទី២ មណ្ឌលព្រៃវែង លោក សាយ សំអាល់ កូនប្រុសលោក សាយ ឈុំ អនុប្រធានគណបក្សត្រូវបានឈរឈ្មោះជាបេក្ខជននៅមណ្ឌលខេត្តព្រះសីហនុលេខរៀងទី១ ខណៈលោក ទៀ សីហា កូនប្រុសលោក ទៀ បាញ់ បានឈរឈ្មោះនៅមណ្ឌលខេត្តសៀមរាបជាមួយឪពុកលោក លេខរៀងទី៣។

ក្រៅពីនេះ អ្នកនយោបាយបន្តវេនសំខាន់ៗមួយចំនួនទៀត នៅក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន ក៏ត្រូវបានបញ្ចូលឈ្មោះទៅក្នុងបេក្ខជនតំណាងរាស្ត្រដែរ ដូចជាលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ មណ្ឌលខេត្តកំពង់ចាម លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មណ្ឌលបាត់ដំបង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម មណ្ឌលខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថាតាមប្រតិទិនរបស់ គ.ជ.ប ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គឺមានរយៈពេល ១៥ថ្ងៃ៕

What Next?

Recent Articles

One Response to "គណបក្សប្រជាជននឹងដាក់បញ្ជីបេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបេក្ខជនបំរុងនៅថ្ងៃដំបូងទៅគ.ជ.ប"

  1. បើគ្រប់ខេត្តត្រូវបានក្រុមគ្រួសារនៃជួរបក្សប្រជាជនកម្ពុជាបានឈរឈ្មោះអស់ទៅហើយ តើប្រជាជនធម្មតាឬក៏អ្នកដែលមានសមតិភាពដទៃទៀតមានឱកាសបានឈឈ្មោះដើម្បីចូលរួមក្នុងការបោះឈ្នោតនេះទេ? បងប្អូនដែលជាអ្នកគាំទ្របក្សប្រជាជនគួរតែដឹងខ្លួនហើយ។