HRW ស្នើសុំ​ប្រទេស​សេរី​ធំៗ ឱ្យ​ដាក់​កំហិត​លើ​រដ្ឋាភិបាល​កម្ពុជា រឿង​លួច​វាយ​ធ្វើ​បាប​សមាជិក​បក្ស​ប្រឆាំង

ដោយ ទីន ហ្សាការីយ៉ា
2023.04.24
RFA

HRW ស្នើសុំ​ប្រទេស​សេរី​ធំៗ ឱ្យ​ដាក់​កំហិត​លើ​រដ្ឋាភិបាល​កម្ពុជា រឿង​លួច​វាយ​ធ្វើ​បាប​សមាជិក​បក្ស​ប្រឆាំង

អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀនលោក ធន ច័ន្ទថា (ដេកលើគ្រែពេទ្យ) បន្ទាប់ពី​ជនមិនស្គាល់មុខវាយធ្វើបាប កាលពីថ្ងៃទី២៣ មេសា ២០២៣។ រូបពីពលរដ្ឋ


អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​បណ្ដា​ប្រទេស​មហា​អំណាច ដាក់​កំហិត​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បញ្ចប់​ការ​លួច​វាយ​ប្រហារ​លើ​សមាជិក​បក្ស​ប្រឆាំង និង​ត្រូវ​ស្វែងរក​ជនល្មើស​មក​កាត់ទោស​តាម​ច្បាប់​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ខណៈ​សកម្មភាព​លួច​វាយប្រហារ​សមាជិក​គណបក្ស​ប្រឆាំង​ពី​ជន​មិន​ស្គាល់​មុខ កំពុង​កើន​ឡើង។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​បង្កើន​ការ​វាយប្រហារ​លើ​សមាជិក​គណបក្ស​ប្រឆាំង ខណៈ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ក្នុង​ខែ​កក្កដា កាន់​តែ​កៀក​មក​ដល់។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ មេសា អង្គការ​នេះ បាន​ទទូច​ឱ្យ​បណ្ដា​ប្រទេស​ដៃ​គូ​ពាណិជ្ជកម្ម​សំខាន់​ៗ របស់​កម្ពុជា រួម​មាន​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស គួរ​បញ្ចេញ​សារ​ឱ្យ​បាន​ច្បាស់លាស់​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ទំនាក់ទំនង​នយោបាយ​និង​សេដ្ឋកិច្ច​នៅ​ពេល​ខាង​មុខ នឹង​ត្រូវ​ផ្សារភ្ជាប់​សកម្មភាព​របស់​កម្ពុជា ស្រប​តាម​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លើស​ពី​នេះ រដ្ឋាភិបាល​បរទេស​ដែល​គាំទ្រ​ហិរញ្ញវត្ថុ​ការ​រៀបចំ​បោះឆ្នោត​នៅ​កម្ពុជា រួម​មាន​ប្រទេស​ជប៉ុន​និង​អូស្ត្រាលី គួរ​លើកឡើង​ជា​សាធារណៈ នៃ​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស​លើ​សកម្មជន​និង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​គ្រប់​ឧបាយកល​គាប​សង្កត់ ដើម្បី​កម្ចាត់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ចេញ​ពី​កម្ពុជា នៅ​មុន​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ​នេះ។

លោក​បន្ត​ថា រដ្ឋាភិបាល​បរទេស​គួរ​តែ​បញ្ជូន​សារ​ជា​សាធារណៈ​យ៉ាង​ច្បាស់​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង ការ​ដក​សិទ្ធិ​នយោបាយ ការ​វាយ​ដំ និង​ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​មុន​ថ្ងៃ​បោះឆ្នោត គឺ​មាន​ន័យ​ថា កម្ពុជា​នឹង​មិន​មាន​ការ​បោះឆ្នោត​ពិត​ប្រាកដ​សោះ​ឡើយ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន និង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ទេ​នៅ​ថ្ងៃ​ទី​២៤​មេសា​នេះ។

ប៉ុន្តែ​មិន​ខុស​ពី​រាល់​ដង​ឡើយ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ចាត់​ទុក​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ព័ត៌មាន​ច្បាស់លាស់ ក្រោម​ហេតុ​ផល​នយោបាយ និង​មាន​ចេតនា​មិន​ល្អ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។

លោក កត្តា អ៊ន៖«ជា​ទម្លាប់​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ទៅ​ហើយ ដែល​តែងតែ​និយាយ​អ្វី​គ្មាន​មូលដ្ឋាន លើក​អ្វី​គ្មាន​មូលដ្ឋាន គ្មាន​ការ​អង្កេត​ច្បាស់លាស់ គ្មាន​ទិន្នន័យ គ្មាន​ព័ត៌មាន​ច្បាស់លាស់ ហើយ​ធ្វើ​ការ​ចោទប្រកាន់​មក​លើ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​យើង និង​ថែមទាំង​ផ្សព្វផ្សាយ​បញ្ហា​នេះ ទៅ​សហគមន៍​អន្តរជាតិ ក្នុង​គោលបំណង​គាបសង្កត់​មក​លើ​រាជ​រដ្ឋាភិបាល»

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ព្រួយ​បារម្ភ​ថា ការ​អំពាវនាវ​របស់​អង្គការ​សិទ្ធិមនុស្ស​ដែល​មាន​ឈ្មោះ​ល្បី​នៅ​លើ​ឆាក​អន្តរជាតិ ទៅ​កាន់​បណ្ដា​ប្រទេស​និយម​ខាង​សេរី​នេះ នឹង​អាច​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ទាំង​នោះ ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ដាក់​កំហិត​ណា​មួយ​បន្ថែម​ទៀត​លើ​កម្ពុជា ប្រសិន​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ​តាម​ច្បាប់​អន្តរជាតិ។

លោក ស៊ឹង សែនករុណា៖ «កន្លង​មក ព័ត៌មាន​ទាំង​អស់​នេះ តែងតែ​លេចចេញ ពី​ខាង​អង្គការ​អន្តរជាតិ​ទាំង​អស់​ហ្នឹង។ គាត់​ស្នើ​ទៅ​បណ្ដា​ប្រទេស​សេរី គេ​នឹង​ពិនិត្យ​មើល​ទៅ ហើយ​បើ​ឃើញ​ថា ករណី​ហ្នឹង វា​ប្រាកដ​ជា​មាន​ការ​កើត​មាន​ឡើង ហើយ​រដ្ឋាភិបាល​ដែល​មាន​ទទួល​យក កតិកា​សញ្ញា អនុ​សញ្ញា​អន្តរជាតិ ស្ដី​ពី​សិទ្ធិមនុស្ស​ជាច្រើន យក​មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​យើង ហើយ​យើង​ជាប់​កាតព្វកិច្ច ហើយ​យើង​អត់​គោរព​ទៅ​តាម​ហ្នឹង ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​។ ចង់​មិន​ចង់ យើង​មាន​ការ​ព្រួយបារម្ភ​ណាស់ ពី​ព្រោះ​បញ្ហា​ហ្នឹង យើង​អាច​មាន​សម្ពាធ​ផ្សេងៗ ពី​សហគមន៍​អន្តរជាតិ»

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​អ្នកស្រី ស្តេហ្វានី អារហ្សាត (Stephanie Arzate) ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​សារ​អេឡិចត្រូនិក​ថា សហរដ្ឋ​អាមេរិក​ចូលរួម​យ៉ាង​ខ្ជាប់ខ្ជួន​ជាមួយ​អាជ្ញាធរ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស។ ក្នុង​នោះ មាន​ការ​អនុញ្ញាត​ឱ្យ​មាន​ទស្សនៈ​នយោបាយ​ប្រឆាំង ជំរុញ​ការ​ប្រកួតប្រជែង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ការ​លើកកម្ពស់​ការ​ផ្លាស់ប្ដូរ​គំនិត​យោបល់​ដោយ​បើកចំហ និង​ការ​ការពារ​សមត្ថភាព​របស់​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រតិបត្តិ​ការ​ដោយ​សេរី ដោយ​មិន​ភ័យ​ខ្លាច​អំពើ​ហិង្សា។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ គឺ​បន្ទាប់​ពី​រយៈ​ពេល​ត្រឹម ១ខែ​មក​នេះ មាន​សកម្មជន​គណបក្ស​ភ្លើង​ទៀន​យ៉ាង​ហោច​ណាស់ ៤នាក់​ទៀត បាន​ប្រឈម​នឹង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ពី​ក្រុម​ជន​មិន​ស្គាល់​មុខ ដោយ​ការ​លួច​វាយ​ធ្វើ​បាប​ទាំង​កណ្ដាល​ថ្ងៃ​ដោយ​ប្រើ​ដំបង​ឈើ​ជ្រុង និង​បំពង់​ដែក និង​ករណី​បើក​រថយន្ត​បុក នៅ​ពេល​យប់ បង្ក​គ្រោះថ្នាក់​ចរាចរណ៍។

កាល​ពី​ថ្ងៃ​ទី២៣ មេសា សកម្មជន​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ទៀត គឺ​លោក ធន ច័ន្ទថា បាន​រង​របួស​ធ្ងន់​ពេញ​ខ្លួន​ប្រាណ ដោយសារ​ការ​លួច​វាយ​ប្រហារ​ដោយ​ឈើ​ជ្រុង និង​បំពង់​ដែក ពី​ក្រុម​ជន​មិន​ស្គាល់​មុខ​ចំនួន ៤នាក់ ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ។ លោក​បញ្ជាក់​ថា ក្រៅ​ពី​ត្រូវ​របួស​ហើម​ជាំ​ស្ទើរ​គ្រប់​កន្លែង​លើ​រាងកាយ លោក​ក៏​កំពុង​ប្រឈម​ការ​ឈឺ​ចាប់​ពិបាក​ទទួល​ទាន​អាហារ ដោយសារ​ត្រូវ​ដេរ​ថ្នេរ​របួស​ចំនួន ៣កន្លែង គឺ​នៅ​លើ​ថ្គាម​ទាំង​សង​ខាង និង​លើ​ដៃ។

លោក ធន ចន្ទថា៖ «ឥឡូវ ញ៉ាំ​បាយ អត់​បាន ថ្គាម​ទាំង​សង​ខាង កន្លែង​ថ្ពាល់​ថ្គាម​ហ្នឹង វា​ឈឺ។ យើង​ថត​ទៅ វា​អត់​មាន​អី​ដែរ ប៉ុន្តែ​វា​នៅ​ហើម នៅ​ឈឺ​តែ​ម្ដង»

មក​ដល់​ពេល​នេះ ករណី​លប​វាយ​សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​សង្គម​កើត​មាន​ជិត ៥០ករណី​ហើយ ខណៈ​ជន​រងគ្រោះ​ខ្លះ​បាន​ស្លាប់ និង​ធ្លាក់​ខ្លួន​ពិការ ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំ​បាន​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទា​ទោស​ម្ដង​ណា​ឡើយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លើកឡើង​ថា ការ​លួច​វាយប្រហារ​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​ភាគ​ច្រើន កើតឡើង​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា ដែល​អាច​សន្និដ្ឋាន​ថា ជា​ការ​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​មនុស្ស​តែ​មួយ។ អង្គការ​នេះ​បញ្ជាក់​ថា ក្នុង​ចំណោម​ការ​វាយប្រហារ​ចំនួន ៤ករណី គឺ​ក្រុម​ជនល្មើស​ស្លៀក​សំលៀកបំពាក់​ពណ៌​ខ្មៅ ពាក់​មួក​សុវត្ថិភាព​ពណ៌​ខ្មៅ ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​ពីរ​នាក់ ម្នាក់​នៅ​ចាំ​លើ​ម៉ូតូ និង​ម្នាក់​ទៀត​ចុះ​វាយ​ជន​រងគ្រោះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បន្ថែម​ទៀត​ថា ករណី​លួច​វាយ​ប្រហារ​លើ​សមាជិក​គណបក្ស​ប្រឆាំង កើត​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​ពី​មាន​ការ​ព្រមាន​ពី​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៩ ខែមករា មិន​ឱ្យ​គណបក្ស​ប្រឆាំង​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មុន​ការ​បោះ​ឆ្នោត។ អង្គការ​នេះ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​ស៊ើបអង្កេត និង​កាត់​ទោស​ឱ្យ​បាន​ត្រឹមត្រូវ លើ​អ្នក ដែល​ទទួល​ខុស​ត្រូវ​ការ​លួច​វាយ​ប្រហារ​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​សមាជិក​គណបក្ស​ប្រឆាំង​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "HRW ស្នើសុំ​ប្រទេស​សេរី​ធំៗ ឱ្យ​ដាក់​កំហិត​លើ​រដ្ឋាភិបាល​កម្ពុជា រឿង​លួច​វាយ​ធ្វើ​បាប​សមាជិក​បក្ស​ប្រឆាំង"

  1. ន មោ says:

    ក្រុមងងឹតនេះជាក្រុមរបស់ ហ៊ុន ម៉ានី ដែលគេបានបង្កើតឡើងដើម្បីតាមធ្វើបាបក្រុមណាដែលប្រឆាំងនិងCPP ខ្ញុំដឹងច្បាស់ព្រោះខ្ញុំមានក្មួយម្នាក់បានចូលក្នុងក្រុមងងឹតនោះទោះម៉ែឪខំហាមខិតយ៉ាងណាក៏វាមិនស្ដាប់ដែរ។