គណបក្ស​នយោបាយ​កាន់​អំណាច និង​គណបក្ស ៦ទៀត ចុះ​បញ្ជី​គណបក្ស និង​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ

ដោយ ទីន ហ្សាការីយ៉ា
2023.04.26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណបក្ស​នយោបាយ​កាន់​អំណាច និង​គណបក្ស ៦ទៀត ចុះ​បញ្ជី​គណបក្ស និង​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ

 រូប៖ RFA


គណបក្ស​នយោបាយ​ចំនួន៧ ក្នុង​នោះ​មាន គណបក្ស​កាន់​អំណាច​ផង បាន​ចុះ​បញ្ជី​គណបក្ស និង​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៧ ខាង​មុខ​នេះ​រួច​ហើយ។ មន្ត្រី​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា គណបក្ស​នយោបាយ​ដែល​មិនទាន់​ចុះ​បញ្ជី ដោយសារ​តែ​គណបក្ស​ទាំង​នោះ​ជួប​បញ្ហា​បច្ចេកទេស និង​ការ​រើសអើង​ផ្នែក​នយោបាយ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ គ.ជ.ប កំពុង​សិក្សា​លើ បញ្ជី​ឈ្មោះ​របស់​គណបក្ស​នយោបាយ ដែល​បាន​ចុះ​បញ្ជី​គណបក្ស និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ខាង​មុខ។ មន្ត្រី​ជាន់ គ.ជ.ប. ស្នើ​គ្រប់​គណបក្ស​នយោបាយ ដែល​មាន​បំណង​ចូលរួម​ការ​បោះ​ឆ្នោត​ ឆាប់​រួសរាន់​បំពេញ​បែបបទ​ឱ្យ​ទាន់​ពេល​វេលា​ តាម​ការ​កំណត់​របស់ គ.ជ.ប.។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ គ.ជ.ប. លោក​ ហង្ស ពុទ្ធា ឱ្យ​ដឹង​ថា តាម​នីតិវិធី​នៅ​ពេល​គណបក្ស​នយោបាយ​បញ្ជី​គណបក្ស​ ​និង​ដាក់​បញ្ជី​បេក្ខជន​របស់ខ្លួន មក​គ.ជ.ប រួច​ហើយ​ ស្ថាប័ន​របស់លោកនឹង​ពិនិត្យ​និង​សិក្សា​ ហើយ​ក្រោយ​ថ្ងៃ​ទី​០៨ ខែ​ឧសភា​ ​គ.ជ.ប ​នឹង​ផ្ដល់​ដំណឹង​ទៅ​គណបក្ស​នយោបាយ​ទាំង​នោះ។ លោក​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការបោះឆ្នោតជាតិអាណត្តិនេះ គ.ជ.ប បាន​បង្កើត​កម្មវិធី​អែប​(APP)ថ្មី អាចឱ្យ​គណបក្ស​នយោបាយ​ ​ពិនិត្យ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​​​បោះឆ្នោត ​ដែល​ជួយ​មិន​ឱ្យ​គណបក្ស​នយោបាយដាក់បញ្ជីបេក្ខជនឈរឈ្មោះ ​យក​បេក្ខជន​ផ្ទួន​គ្នា​ ឬ​ជាន់​គ្នា ដូចលើកមុនៗទេ។ ​

លោក ហង្ស ពុទ្ធា៖«..ប បាន​ដំឡើង​កម្មវិធី​មួយ​ជា​អែប(APP) ដើម្បី​ជំនួយ​ដល់​គណបក្ស​នយោបាយ​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ចេញ​ពី​បញ្ជី​អ្នក​បោះឆ្នោត​ បាន​ន័យ​ថា បេក្ខជន​គាត់​ព្រមព្រៀង​ទៅ​ឈរ​ឈ្មោះ​ឱ្យ​គណបក្ស​ណា​ហើយ​នោះ​ខាង​អាយធី(IT)របស់​កុំព្យូទ័រ​មិន​អនុញ្ញាត​គណបក្ស​យក​ឈ្មោះ​ហ្នឹង​ទៅ​ដាក់​ក្នុង​បញ្ជី​បោះឆ្នោត​ទៀត​ទេ»

ត្រឹម​រយៈ​ពេល​បី​ថ្ងៃ​ នៃ​រយៈ​ពេល​សរុប​ចំនួន១៥​ថ្ងៃ​ នៃ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ និងការដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​​​បោះឆ្នោត​ខែ​កក្កដា ខាង​មុខ គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​នយោបាយ​ចំនួន០៦ ទៀត​បាន​ចុះបញ្ជីគណបក្ស និងស្នើ​ដាក់​បេក្ខជន​ទាំង​ពេញ​សិទ្ធិ​ និងបេក្ខជន​បម្រុង​២៥​មណ្ឌល​ទូទាំង​ប្រទេស​មកគ.ជ.ប រួចហើយ។

​គ.ជ.ប ​ទុក​រយៈ​ពេល​១៥​ថ្ងៃ​​ឱ្យ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​ ​ចុះ​បញ្ជី​គណបក្ស​និង​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​​ចាប់​ពី​ថ្ងៃទី២៤ ខែ​មេសា ដល់​ថ្ងៃទី០៨ ខែ​ឧសភា។

ទោះ​យ៉ាងណា គណបក្ស​ភ្លើងទៀន ដែល​ជា​គូ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ទាន់​បាន​ចុះ​បញ្ជី​គណបក្ស​ និងដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ឡើយ​ទេ​គិត​មក​ដល់​ពេល​នេះ។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើងទៀន​ លោក គីមសួរ ភីរិទ្ធ ឱ្យ​វិទ្យុ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៦ ខែ​មេសា​ថា គណបក្ស​របស់​លោក​នឹង​ចុះ​​បញ្ជី​គណបក្ស និង​ដាក់​បញ្ជី​បេក្ខជន​​ឈរ​ឈ្មោះ​បោះឆ្នោត ​​ឱ្យ​ទាន់​ពេល​វេលា​ដែល គ.ជ.ប កំណត់​។ លោក​ថា ពេលនេះ​គណបក្ស​ភ្លើង​ទៀន​កំពុង​សម្រិតសម្រាំង​បញ្ជីបេកក្ខជន​ ដើម្បី​ជ្រើសរើស​បេក្ខជន​ដែល​សមត្ថភាព​សម្រាប់​ការ​ប្រកួត​ប្រជែង​មួយ​នេះ។​​​ ទោះ​បែប​នេះ​ក្ដី លោក គីមសួរ ភីរិទ្ធ ​ឱ្យ​ដឹង​ទៀត​​ថា សព្វ​ថ្ងៃ​ គណបក្ស​របស់​លោក ក៏​ជួប​បញ្ហា​នៃ​ការ​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​នេះ​ដែរ ដូច​ជា​ការ​រើសអើង​នយោបាយ ការ​វាយ​ធ្វើ​បាប​លើ​សកម្មជន​គណបក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់ និង​ពលរដ្ឋ​ខ្លះ​ហ៊ាន​​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​​ត្រឹម​ផ្នែក​ផ្លូវ​ចិត្ត ​តែ​មិន​ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម។ ​

លោក គីមសួរ ភីរិទ្ធ៖ «សកម្មជន​ខ្លះ​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ក៏​រង​ការ​វាយ​ប្រហារ​លើ​រាង​កាយ​ គំរាមកំហែង​ផ្នែក​ផ្លូវ​ចិត្ត​អី​ជា​ហូរហែ​អ៊ីចឹង​មិនមែន​ជា​រឿង​ល្អ​ប្រសើរ​ទេ​សម្រាប់​ការ​រើសអើង​មក​គណបក្ស​ដែល​គូ​ប្រជែង​របស់​ខ្លួន»

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី សង្កេត​ឃើញ​ថា គណបក្ស​មួយ​ចំនួន ដែល​មិន​ទាន់​ចុះ​បញ្ជី​ឈ្មោះ និង​ដាក់​បញ្ជី​បេក្ខជន ព្រោះ​ជួប​​បញ្ហា​បច្ចេកទេស​ និងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នយោបបាយ។ លោក​បន្ត​ទៀត​ថា ក្នុង​រយៈ​ពេល​នេះ​ដែរ ​​​សកម្មជន​មួយ​ចំនួន​របស់​គណបក្ស​ភ្លើងទៀន ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ធ្វើ​បាប​ជា​បន្តបន្ទាប់​ ដែល​នេះជារូប​ភាព​មិន​ល្អ​សម្រាប់​ការបោះឆ្នោត​នា​ពេល​ខាង​មុខទេ។ លោក​យល់ថា បញ្ហានេះនឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​​ក្នុង​ការចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន។

លោក សំ គន្ធាមី៖ «ខ្ញុំ​ចង់​ឱ្យ​កុំ​មាន​អំពើ​ហិង្សា​កើតឡើង​ទៅលើ​សកម្មជន​គណបក្ស​នយោបាយ​ទាំងអស់​មិន​ថា បក្ស​ណា​ទេ​ពី​ព្រោះ​ដំណាក់កាល​នេះ​គេ​កំពុង​ត្រៀម​ហើយ​រៀបចំ​ដើម្បី​ចូលរួម​​ការបោះឆ្នោត​កុំ​ឱ្យ​មាន​អំពើ​ហិង្សា​ផ្នែក​នយោបាយ​កើតឡើង»

ជុំវិញ​ការ​ធ្វើ​ទុក្ខបុកម្នេញ ​និង​ការ​វាយ​ធ្វើ​បាប​លើ​សកម្មជន​គណបក្ស​ភ្លើងទៀន​នេះ​ដែរ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)  ​អំពាវនាវ​បណ្ដា​ប្រទេស​មហា​អំណាច ដាក់​កំហិត​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បញ្ចប់​ការ​លួច​វាយ​ប្រហារ​លើ​សមាជិក​បក្ស​ប្រឆាំង និង​ត្រូវ​ស្វែងរក​ជនល្មើស​មក​កាត់ទោស​តាម​ច្បាប់​។  ​​អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​លោក គីមសួរ ភីរិទ្ធ ស្នើ​គ្រប់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត ថ្ងៃទី២៣ ខែកក្កដា ខាងមុខ ​កុំ​ចាត់​ទុក​គូ​ប្រកួតប្រជែង​​សត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles