អ្នកនាំពាក្យ៖ គណបក្សភ្លើងទៀនកំពុងសម្រិតសម្រាំងបញ្ជីបេក្ខជនឲ្យល្អប្រសើរមុននឹងដាក់ទៅ គ.ជ.ប

កម្ពុជា-នយោបាយ
26/04/2023 – 13:28
ដោយ៖ ញឹម សុផល
RFI

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន © Internet


គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេ ទល់នឹងគណបក្សកាន់អំណាចនៅមិនទាន់កំណត់ថានឹងត្រូវទៅចុះបញ្ជីគណបក្ស និងដាក់បេក្ខជនឈរឈ្មោះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅឡើយទេ។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថាគណបក្សភ្លើងទៀនមិនប្រញ៉ាប់ប្រញាល់ពេកទេក្នុងការចុះបញ្ជីគណបក្ស និងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ​.ជ.ប) ខណៈដែលពេលវេលានៅសល់ច្រើនទៀត។ អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ បញ្ជាក់ថាការអូសបន្លាយក្នុងការចុះបញ្ជីគណបក្ស និងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រនេះ មិនមានឧបសគ្គអ្វីទេ។ ផ្ទុយទៅវិញគណបក្សកំពុងសម្រិតសម្រាំងបញ្ជីឈ្មោះបេក្ខជនឲ្យបានល្អប្រសើរ និងរៀបចំឲ្យគ្រប់ឯកសារដើម្បីកុំឲ្យខុស។

សូមស្តាប់លោក គីមសួរ ភារិទ្ធ៖

សូមបញ្ជាក់ថា គ.ជ.ប បានប្រកាសឲ្យគណបក្សនយោបាយនានាទៅចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងដាក់បេក្ខជនតំណាងរាស្ត្ររបស់ខ្លួនចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។ ក៏ប៉ុន្តែរយៈពេល៣ថ្ងៃមកនេះ មានតែគណបក្សចំនួន៧ប៉ុណ្ណោះ បានទៅចុះបញ្ជី និងដាក់បេក្ខជនរបស់ខ្លួន។ គណបក្សទាំង៧នោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរតែមួយ៕​

What Next?

Recent Articles