លោក ហ៊ុន សែន ព្រមាន​ក្រុម​ពលរដ្ឋ​នៅ​ក្រៅ​ដែល​ទាមទារ​ឱ្យ​អន្តរជាតិ​កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត

ដោយ ទីន ហ្សាការីយ៉ា
2023.05.02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ព្រមាន​ក្រុម​ពលរដ្ឋ​នៅ​ក្រៅ​ដែល​ទាមទារ​ឱ្យ​អន្តរជាតិ​កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត

លោក ហុង លិម អតីត​សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ។ រូប៖ ហ្វេសប៊ុកលោក ហុង លិម


លោក ហ៊ុន សែន ព្រមាន​ក្រុម​ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស ថា​ពួកគាត់​នឹង​ពិបាក​វិល​ចូល​មក​កម្ពុជា​វិញ​។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ថា ពួក​គាត់​នឹង​ដាក់​ញត្តិ​បន្ថែម​ទៀត​ស្ដីពី​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ ពី​សំណាក់​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ទៅ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​អង្គការ​សហ​ប្រជាជាតិ ដើម្បី​កុំ​ឱ្យ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។

ក្រៅ​ពី​ការ​ដាក់​ញត្តិ ក្រុម​ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​បណ្ដា​ប្រទេស​លោក​សេរី ក៏​បាន​ព្រមាន​ថា នឹង​លើក​គ្នា​ទៅ​ធ្វើ​បាតុកម្ម​តវ៉ា នៅ​ពេល​លោក ហ៊ុន សែន ឡើង​មក​ថ្លែងការណ៍​នៅ​អង្គការ​សហ​ប្រជាជាតិ​នា​ឆ្នាំ​ក្រោយ​នេះ​។ ការ​តស៊ូ​មតិ​របស់​ក្រុម​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ទាំង​នេះ ធ្វើ​ឱ្យ​លោក ហ៊ុន សែន ខឹង​សម្បារ និង​ចាត់​ទុក​ថា ជា​ក្រុម​ជ្រុលនិយម​បំផ្លាញ​ជាតិ។

តាម​រយៈ​សំណេរ​បង្ហោះ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម លោក ហ៊ុន សែន បាន​បង្ហោះ​រូបភាព​ជួយ​ផ្សព្វផ្សាយ​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​ហ្ស៊ូម (zoom) មួយ របស់​ពលរដ្ឋ​ខ្មែរ​ជា​ក្រុម​សង្គម​ស៊ីវិល​រស់នៅ​ក្រៅ​ប្រទេស​មួយ ដែល​លោក​ចាត់​ទុក​ថា ជា​កិច្ច​ប្រជុំ​ធ្វើឡើង​សម្ងាត់​កាល​ពី​ថ្ងៃ​ទី៣០ ខែ​មេសា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែន បញ្ជាក់​ថា កិច្ច​ប្រជុំ​នេះ​មិន​អាច​លាក់បាំង​លោក​ឡើយ ពីព្រោះ​មាន​មនុស្ស​បង្កប់​របស់​លោក​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ។ លោក ហ៊ុន សែន បាន​ចោទ​ក្រុម​ពលរដ្ឋ​ទាំង​នោះ​ថា ជា​ក្រុម​បំផ្លាញ​ជាតិ និង​មិន​យល់​ពី​តម្រូវការ​របស់​ពលរដ្ឋ​ក្នុង​ស្រុក ខណៈ​លោក​ហាក់​ខឹង​សម្បារ​ចំពោះ​ពលរដ្ឋ​រស់​នៅ​ក្រៅ​ប្រទេស​ទាំង​នោះ ដែល​ត្រៀម​អន្តរាគមន៍​បន្ថែម​ទៅ​សហគមន៍​អន្តរជាតិ កុំ​ឱ្យ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ខាង​មុខ​នេះ។

លោក ហ៊ុន សែន សរសេរ​ដូច្នេះ៖ «ពួក​អ្នក​ជា​ជនជាតិ​ខ្មែរ​រស់​នៅ​បរទេស និង​មាន​សញ្ជាតិ​បរទេស​មិន​ស្គាល់​សេចក្ដី​ត្រូវការ​ប្រជាជន​នៅ​ក្នុង​ប្រទេស​នោះ​ឡើយ។ សូម​អ្នក​កុំ​ភ្លេច​ថា បរទេស​គ្មាន​លទ្ធភាព សម្លាប់​ខ្មែរ​ដូច​អ្នក​ចង់​បាន​នោះ​ឡើយ។ ពួក​អ្នក​មក​លេង​ស្រុក​លំបាក​បន្តិច​ហើយ ព្រោះ​ពួក​អ្នក​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រុម​ជ្រុលនិយម​បំផ្លាញ​ជាតិ»

ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ​ធ្វើឡើង បន្ទាប់​ពី​ក្រុម​ពលរដ្ឋ​រស់នៅ​សហរដ្ឋ​អាមេរិក បារាំង អាល្លឺម៉ង់ និង​ប្រទេស​អូស្ត្រាលី​ជាដើម​ចំនួន​២៩​នាក់ បាន​ជួប​ប្រជុំ​ជជែក​គ្នា​តាម​ប្រព័ន្ធ​ហ្ស៊ូម ស្ដីពី​បច្ចុប្បន្ន​ភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​បញ្ហា​នៃ​ការ​ព្យាយាម​លេប​ត្របាក់​ទឹកដី​ខ្មែរ​ពី​រដ្ឋាភិបាល​វៀតណាម​។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ពួកគាត់​បាន​ប្រកាស​ត្រៀម​ដាក់​សំណូមពរ​បន្ថែម​ទៀត​ទៅ​បណ្ដា​ប្រទេស​សេរី​ធំ​ៗ និង​អង្គការ​សហ​ប្រជាជាតិ ដើម្បី​បញ្ជាក់​ថា លោក ហ៊ុន សែន មិន​បាន​ស្ដារ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ តាម​ការ​ទាមទារ​២០​ចំណុច​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ឡើយ ផ្ទុយ​ទៅ​វិញ បាន​រំលោភ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។

អតីត​សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក ហុង លិម ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​តាម​អនឡាញ​នេះ ហាក់​អស់​សំណើច​នឹង​ការ​ព្រមាន​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​លោក​មាន​ចិត្ត​អាណោចអាធ័ម​ចំពោះ​ប្រទេស​កំណើត ដែល​មាន​មេ​ដឹកនាំ​បច្ចុប្បន្ន គ្មាន​លក្ខណៈ​គ្រប់គ្រាន់​ជា​មេ​ដឹកនាំ​គួរ​ឱ្យ​គោរព ដោយសារ​ចូលចិត្ត​លប​លួច​ស្ដាប់​រឿង​របស់​អ្នក​ដទៃ ទាំង​ដែល​លោក​បញ្ជាក់​ថា កិច្ច​ប្រជុំ​តាម​អនឡាញ​នោះ បាន​ធ្វើឡើង​ជា​សាធារណៈ​បើក​ចំហ។

លោក ហុង លិម៖ «យើង​បើក​ចំហ​ពេញ​ទី ហើយ​គាត់ (ហ៊ុន សែនផ្អើល​ឯណា។ ក្នុង​ន័យ​មួយ​ទៀត គាត់​ដូច​ជា​ឱ្យ​កិត្តិយស​យើង​សម្បើម​ណាស់ បាន​ជា​គាត់​ចូលចិត្ត​យក​ចិត្ត​ទុក​ដាក់​លួច​ស្ដាប់​អ៊ីចឹងៗ ហើយ​យក​ទៅ​និយាយ។ វា​ដូច​អាណោចអាធ័ម​ណាស់ នៅ​ពេល​អត់​រឿង យក​ទៅ​បង្កើត​ជា​រឿង​ជា​ឈុត​ឆាក​ឱ្យ​គេ​ចាប់​អារម្មណ៍»

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន លើក​ឡើង​ថា ទោះ​លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​នឹង​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស ដែល​ទាមទារ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត ប៉ុន្តែ​លោក​ថា កម្ពុជា​មិន​បាន​ព្រួយបារម្ភ​នឹង​សហគមន៍​អន្តរជាតិ មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ក្រោយ​ការ​បោះ​ឆ្នោត តាម​ការ​បន្ទរ​ពី​ក្រុម​ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​ឡើយ។

លោក សុខ ឥសាន៖ «ឥឡូវ កាប់​ថ្ម​ចំណាំ​ថ្ងៃ​ហ្នឹង សួរ​ថា​ក្រោយ​ការ​បោះឆ្នោត ថ្ងៃ២៣ ខែ​កក្កដា ២០២៣ ហ្នឹង សួរ​ថា តើ​មាន​ប្រទេស​ណា ដែល​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត អា​ហ្នឹង​យើង​ចាំ​មើល​ទាំង​អស់​គ្នា។ កត្តា​កំណត់ គឺ​ជា​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស ដែល​ជា​ម្ចាស់​ម្ចាស់​ទឹក​ម្ចាស់​ដី​ជា​អ្នក​កំណត់​ថា តើ​ការ​បោះ​ឆ្នោត​ហ្នឹង​ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ យុត្តិធម៌ ឬ​មិន​យុត្តិធម៌»

ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​នយោបាយ បណ្ឌិត សេង សារី លើកឡើង​ថា ថ្វីត្បិត​ការ​ដាក់​ញត្តិ និង​ការ​ចេញ​ធ្វើ​បាតុកម្ម​នៅ​ពេល​ខាង​មុខ របស់​ក្រុម​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស មិន​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដួល​រលំ ប៉ុន្តែ​វា​នឹង​ធ្វើ​ឱ្យ​មុខមាត់​រដ្ឋាភិបាល ហ៊ុន សែន ត្រូវ​រង​ភាព​អាម៉ាស់​កាន់​តែ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ។

បណ្ឌិត សេង សារី៖ «ចំណុច​នេះ​ក៏​ជា​ចំណុច​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន កំពុង​តែ​មាន​ការ​ខឹង​សម្បារ​ដែរ ទោះបីជា​ខ្លួន​ដឹង​ថា យន្តការ​អន្តរជាតិ​មិន​អាច​ធ្វើអ្វី​ខ្លួន​បាន ក៏​ប៉ុន្តែ​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់​ខ្លួន​រង​ភាព​អាម៉ាស់។ ដូច្នេះ​ហើយ​បាន​ជា​យើង​ឃើញ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហាក់​ដូច​ជា ខឹង​សម្បារ ពលរដ្ឋ​ដែល​ជា​អាណិកជន​ទាំង​នោះ»

ក្រុម​ពលរដ្ឋ​ដែល​ចូលរួម​ប្រជុំ​តាម​ហ្ស៊ូម​បាន​ប្រកាស​ថា ពួកគាត់​នឹង​ដាក់​សំណូមពរ​ជា​ច្រើន​ចំណុច​បន្ថែម​ទៀត​ទៅ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​អង្គការ​សហ​ប្រជាជាតិ រួម​មាន​ស្នើ​ឱ្យ​ចាត់​ទុក​ដាក់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ ជា​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ​តាម​ច្បាប់ និង​ត្រូវ​ដាក់​សម្ពាធ​ឱ្យ​លោក ហ៊ុន សែន ផ្អាក​ការ​រៀបចំ​ការ​បោះ​ឆ្នោត រហូត​មាន​ការ​ធានា​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​អាច​ធ្វើ​ឡើង​ស្រប​ច្បាប់។ បន្ថែម​ពី​នេះ ពួក​គាត់​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ស្រុក ធ្វើ​ពហិការ​ទៅ​បោះឆ្នោត និង​ស្នើ​ក្រុម​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស រួមគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ដែល​នឹង​ធ្វើ​ដំណើរ​មក​ថ្លែងការណ៍​នៅ​អង្គការ​សហប្រជាជាតិ នៅ​ខែ​មេសា​ឆ្នាំ២០២៤៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles