លោក អៀ ចាន់ណា អ្នកនយោបាយបក្សប្រឆាំងត្រូវបានដោះលែង​នៅក្រៅឃុំ ក្រោយសុំទោសលោក ហ៊ុន សែន

កម្ពុជា-នយោបាយ
02/05/2023 – 08:05
ដោយ៖ ជួប នរក្សា
RFI

លោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ តាមការអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី។ © Internet


លោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ តាមការអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់អ្នកនយោបាយបក្សប្រឆាំងរូបនេះ បានសម្រេចចេញវីដេអូ និងសរសេរលិខិតសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់ ក្រោយពេលដែលខ្លួនបានជាប់ក្នុងពន្ធនាគារអស់ជាង១ឆ្នាំ។

ភ្លាមៗក្រោយពេលដែលបានធ្វើលិខិតសុំទោសទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អៀ ចាន់ណា ក៏ត្រូវបានអន្តរាគមន៍ដោយផ្ទាល់ពីលោក ហ៊ុន សែន ដោយដាក់អ្នកនយោបាយបក្សប្រឆាំងរូបនេះឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ តាមរយៈវីដេអូ និងលិខិតដែលបង្ហោះដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក អៀ ចាន់ណា បានសុំទោសចំពោះកំហុសឆ្គងដែលលោកប្រព្រឹត្ត និងបានទទួលស្គាល់ពីកំហុសទាំងនោះ ដោយបានស្នើឲ្យលោកនាយករដ្ឋមន្ត្រី លើកលែងទោស។ តាមខ្លឹមសារ លោក អៀ ចាន់ណា បានអះអាងថា លោកនឹងគោរពទៅតាមច្បាប់របស់ម្ពុជា ហើយការទទួលស្គាល់កំហុសទៀតសោត គឺលោកធ្វើឡើងទៅតាមឆន្ទៈ ដោយគ្មានការបង្ខិតបង្ខំ។

ក្រោយរយៈពេលតែបីម៉ោង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហោះវីដេអូមួយផ្សេងទៀត ដោយបង្ហាញថា លោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន បានទៅដល់ផ្ទះសម្បែងរបស់ខ្លួន។ តាមខ្លឹមសារវីដេអូ គឺលោក អៀ ចាន់ណា បានអរគុណចំពោះលោក ហ៊ុន សែន ដែលអន្តរាគមន៍ឲ្យខ្លួនអាចនៅក្រៅឃុំជាបណ្តោះអាសន្ន។

ជាការកត់សម្គាល់ និន្នាការនៃការទទួលស្គាល់កំហុស និងសុំការលើកលែងទោសពីលោកនាយករដ្ឋមន្ត្រី បានកើតឡើងជាបន្តបន្ទាប់ពីសំណាក់អ្នកនយោបាយបក្សប្រឆាំង។ ទឡ្ហីករណ៍ទាំងនោះ មានជាអាទិ៍ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល សហការីរបស់លោក កឹម សុខា ត្រូវបានលើកលែងទោសពីបទប្រមាថព្រះមហាក្សត្រ ក្រោយសុំលោក ហ៊ុន សែន ឲ្យជួយអន្តរាគមន៍។ ហើយអ្នកនយោបាយទាំងពីរនោះ ក៏សម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងទទួលបានមុខតំណែងនយោបាយនៅក្រសួង ស្ថាប័នរដ្ឋទៀតផង។

យ៉ាងណាមិញ សម្រាប់លោក អៀ ចាន់ណា ដែលជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន នៅមិនទាន់មានការអះអាងថា លោកនឹងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ឬយ៉ាងណានៅឡើយនោះទេ។

គួរជម្រាបថា លោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តតាកែវ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្សារអ៊ីអន២ ក្នុងខណ្ឌសែនសុខ ដោយចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃស តាមដីការបង្គាប់របស់តុលាការរាជធានីភ្នំពេញ។

ការចាប់ខ្លួនលោក អៀ ចាន់ណា ដែលជាតំណាងយុវជនរបស់អតីតគណបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសណ័រវេស បានធ្វើឡើងតាមដីការបស់តុលាការកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលនេះជាសំណុំរឿងចាស់ពាក់ព័ន្ធទៅនឹងសកម្មភាពនយោបាយជាមួយអតីតគណបក្សសង្រ្គោះជាតិ។

សម្រាប់ក្រុមអ្នកនយោបាយប្រឆាំង ការចាប់ខ្លួនលោក អៀ ចាន់ណា គ្រានោះ ជាចេតនាគំរាមកំហែង និងបំបាក់ស្មារតីផ្នែកនយោបាយដើម្បីទប់ស្កាត់កម្លាំងមហាជន ខណៈដែលអនុប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តតាកែវរូបនេះ គឺជាអ្នកនយោបាយបានភៀសខ្លួនទៅសុំសិទ្ធិជ្រកកោននៅប្រទេសន័រវេសអស់ជាច្រើនឆ្នាំ ដោយហេតុផលនយោបាយ៕

What Next?

Recent Articles