មានបញ្ហាប្រឈមជុំវិញការចុះបញ្ជីឈរឈ្មោះ ​ តែបក្សភ្លើងទៀនថានឹងចុះឈ្មោះនាចុងសប្តាហ៍នេះ

កម្ពុជា-នយោបាយ
04/05/2023 – 08:04
ដោយ៖ សឿង ភារៈ
RFI

គណបក្សភ្លើងទៀន © Internet


គណបក្សភ្លើងទៀនគ្រោងនឹងយកឯកសារទៅចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃទី០៦ ខែឧសភា ចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនាំពាក្យគណបក្ស នៅថ្ងៃទី០៤ ខែឧសភា ខណៈការចុះបញ្ជីឈរឈ្មោះនឹងបិទបញ្ចប់​ នៅថ្ងៃទី០៨ ខែឧសភា។ បក្សជំទាស់មួយនេះជួបបញ្ហាមួយចំនួន ប៉ុន្តែអ្នកនាំពាក្យបក្សថានឹងព្យាយាមដោះស្រាយឲ្យបាន។

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យរបស់គណបក្សភ្លើងទៀនបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី០៤ ខែឧសភានេះថា គណបក្សភ្លើងទៀនគ្រោងនឹងយកឯកសារទៅចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃទី០៦ ខែឧសភា ចុងសប្តាហ៍នេះ។ លោកបន្តថាភាពមិនប្រញាប់ប្រញាល់ពេក គឺព្រោះតែការទទួលឯកសារសម្រាប់ចុះបញ្ជីគណបក្ស មានពេលរហូត ដល់ថ្ងៃទី០៨ ខែឧសភា។

ជុំវិញបញ្ហាឯកសារចុះបញ្ជីបក្សនយោបាយនៅក្រសួងមហាផ្ទៃ (ច្បាប់ដើម) របស់បក្សភ្លើងទៀន ដែលនឹងត្រូវប្រើសម្រាប់ចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត លោក គីមសួរ ភីរិទ្ធ​ បញ្ជាក់ថា ឯកសារដែលជាច្បាប់ដើមរបស់បក្សត្រូវបានបាត់បង់ នៅពេលដែលគណបក្សភ្លើងទៀនមានស្នាក់ការជាមួយគណបក្សសង្រ្គោះជាតិ ខណៈពេលដែលស្នាក់ការបក្សសង្រ្គោះជាតិត្រូវបិទ និងមិនអនុញ្ញាតឲ្យចូល។ បច្ចុប្បន្នគណបក្សភ្លើងទៀនមានតែឯកសារចម្លង ប៉ុន្តែមិនមានជាបញ្ហាអ្វីដែលត្រូវបារម្ភទេ ដោយសារតែនៅមានឯកសារពាក់ព័ន្ធផ្សេងៗទៀត។ នេះបើតាមអ្នកនាំពាក្យរបស់គណបក្សភ្លើងទៀន។

លោកបញ្ជាក់ថា មានបញ្ហាលំបាកតិចតួច ប៉ុន្តែបក្សនឹងព្យាយាមដោះស្រាយ ហើយម្យ៉ាងរហូតមកដល់ពេលនេះ គណបក្សភ្លើងទៀនក៏ធ្លាប់ចូលរួមនៅក្នុងការបោះឆ្នោតឃុំសង្កាត់ម្តងរួចមកហើយ ពោលគឺមិនមានបញ្ហាចោទទេ ខណៈក្រសួងមហាផ្ទៃក៏ទទួលស្គាល់ថាមានគណបក្សភ្លើងទៀនដែរ។ 

កាលពីថ្ងៃទី០២ ខែឧសភា លោក សម រង្ស៊ី​ ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា បន្ទាប់ពីយកតុលាការ ធ្វើជាឧបករណ៍របស់ខ្លួន ដើម្បីបង្ក្រាបអ្នកប្រឆាំង រដ្ឋអំណាច ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បង្កើតឧបសគ្គរដ្ឋបាល ដែលហួសពីការនឹកស្មាន ក្នុងគោលបំណងរារាំងមិនឲ្យគណបក្សភ្លើងទៀន ចុះឈ្មោះចូលរួមក្នុងការបោះឆ្នោត ខាងមុខ។

គិតរហូតមកដល់ព្រឹកថ្ងៃទី០៤ ខែឧសភា មានគណបក្សនយោបាយចំនួន១១ហើយ ដែលបានស្នើសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ គួរបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជាបានកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧៕

What Next?

Recent Articles