លោក ហ៊ុន សែន ព្រមាន​អ្នក​គាំទ្រ​បក្ស​ភ្លើងទៀន​ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ គ.ជ.ប​ ប្រឈម​នឹង​ការ​ស្លាប់ និង​ជាប់​គុក

ដោយ យន់ សាមៀន
2023.05.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ព្រមាន​អ្នក​គាំទ្រ​បក្ស​ភ្លើងទៀន​ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​ប្រឆាំង​គ.ជ.ប​ប្រឈម​នឹង​ការ​ស្លាប់ និង​ជាប់​គុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែងកាលពីថ្ងៃទី២៩ មករា ២០២៣។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


លោក ហ៊ុន សែន ​ព្រមាន​អ្នកគាំទ្រ​និង​ក្រុម​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ថា ​ពួកគេ​អាច​ប្រឈម​នឹង​ការ​ស្លាប់​និង​ជាប់គុក ពី​ការ​បង្ក្រាប​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ប្រសិន​បើ​ហ៊ាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ ​មន្ត្រី​សិទ្ធិ​មនុស្ស​បារម្ភ​ពី​ការ​ព្រមាន​របស់​លោក​ ហ៊ុន សែន ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

លោក ហ៊ុន សែន ​ហៅ​ការ​ព្រមាន​ធ្វើ​បាតុកម្ម​ អហិង្សា​ពី​គណបក្ស​ភ្លើងទៀន​នៅ​ពេល​ខាងមុខនេះ ថា មាន​ចរិត​ជា​លក្ខណៈ​គាបសង្កត់​លើ​គ.ជ.ប​ និង​ដើម្បី​បង្ក​ឱ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​សង្គម។ ​លោក ហ៊ុន សែន ចាត់ទុក ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ថា ​ជា​ក្រុម​មេដឹកនាំ​ខ្ជីខ្ជា ​និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួនឯង ទើប​ជួប​ការ​ពិបាក​ចុះ​ឈ្មោះ​ចូល​រួមការ​បោះឆ្នោត​នៅ​ពេល​នេះ។ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជា​ពិសេស​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​គ្រប់​ទី​កន្លែង មិន​ត្រូវ​ញញើត​ប្រើប្រាស់​វិធានការ​ក្ដៅ ​ចំពោះ​អ្នក​គាំទ្រ និង​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើង​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ​ដែល​ហ៊ាន​ចេញមុខ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​អហិង្សា។ លោក​ថា បាតុកម្ម​បក្ស​ភ្លើងទៀន​នឹង​ប៉ះពាល់​ដល់​សណ្ដាប់​សាធារណៈ  អំឡុង​ពេល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នោះ​ទេ។ លោក​ក៏​បាន​បញ្ជា​ឱ្យ​បណ្ដា​ពន្ធនាគារ ត្រូវ​រៀបចំ​ដាក់​ក្រុម​មេដឹកនាំ​គណបក្ស​ភ្លើងទៀន​ប្រសិន​បើ​មាន​បាតុកម្ម។

លោក ហ៊ុន សែន៖ «សូម​បងប្អូន​កុំ​ចាញ់​បោក ហើយ​មក​ជាប់​គុក ឬ​ស្លាប់ ជំនួស​ឱ្យ​មេដឹកនាំ​(គណបក្ស​ភ្លើងទៀន)។ ខ្ញុំ​សូម​អំពាវនាវ ​បងប្អូន​កុំ​ចូលរួម​សកម្មភាព​ណា​មួយ ​ជាមួយ​មេ​ដឹកនាំ​(គណបក្ស)ភ្លើង​ទៀន​ឱ្យ​សោះ ហើយ​ក៏​សូម​បញ្ជា​ទៅ​អាជ្ញាធរ​គ្រប់​ទីកន្លែង​ ដែល​មាន​សមត្ថកិច្ច មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ប្រឆាំង​ជាមួយនឹង សណ្ដាប់ធ្នាប់​សាធារណៈ»

ការ​ព្រមាន​បង្ក្រាប​ពី​សកម្មជន​គណបក្ស​ភ្លើងទៀន​របស់​លោក ​ហ៊ុន​ សែន ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​បាន​ព្រមាន ​កាលពីថ្ងៃទី១២ ឧសភា ថា ​នឹង​ប្រមូល​ផ្តុំ​ថ្នាក់​ដឹកនាំ​ សមាជិក​ សកម្មជន​និង​អ្នកគាំទ្រ​គណបក្ស​នៅ​ទូទាំង​ប្រទេស នឹង​ធ្វើ​បាតុកម្ម​តស៊ូ​មតិ​ដោយ​សន្តិវិធី​នៅ​ក្រោយ​ថ្ងៃទី១៣ ឧសភា ​ក្នុងករណី​(គ.ជ.ប) បដិសេធ​មិន​ព្រម​ចុះ​បញ្ជី​គណបក្ស​ភ្លើងទៀន​ឲ្យ​មាន​សិទ្ធិ​ចូល​រួម​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​នៅ​ខែ​កក្កដា ខាងមុខ។

ជុំវិញ​ការ​ព្រមាន​ពី​លោក ហ៊ុន សែន នេះ អ្នកនាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក គីមសួរ ភីរិទ្ធ​បញ្ជាក់​ថា​ គណបក្ស​នឹង​ជួបជុំ​ដើម្បី​សំដែង​មតិ​ដោយ​អហិង្សា ហើយ​គណបក្ស​នឹង​សុំ​ច្បាប់​ដើម្បី​ធ្វើ ​ហើយ​ប្រសិន​ អាជ្ញាធរ​មិន​អនុញ្ញាត គណបក្ស​នឹង​ពិចារណា​ស្វែង​វិធី​ផ្សេង។ ប្រធាន​គណបក្ស លោក ទាវ វណ្ណុល ក៏​បាន​ដាក់​លិខិត​សុំ​ជួប​នឹង​លោក ហ៊ុន សែន។ ក្នុង​នោះ​លិខិត​នោះ គណបក្ស​ភ្លើងទៀន​អះអាង ​ប្រតិភូ​គណបក្ស​ចង់​ជួប លោក ហ៊ុន សែន ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី៣២ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ។ ទោះបីជា​យ៉ាងណា គណបក្ស​មិន​បាន​បញ្ជាក់​ថា ​គណបក្ស​ចង់​ជជែក​នឹង​លោក ហ៊ុន សែន ជុំវិញ​បញ្ហា​ចុះ​បញ្ជី​បេក្ខជន ​និង​គណបក្ស​ដើម្បី​ប្រកួត​ការ​បោះឆ្នោត​នៅថ្ងៃទី២៣ កក្កដា ខាង​មុខ​នៅ​ឡើយ​ទេ។

ការ​ព្រមាន​របស់​លោក ហ៊ុន សែន កើត​ឡើង​ស្រប​ពេល​គណបក្ស​ភ្លើងទៀន​កាល​ពី​ថ្ងៃ​ទី១៣ ​ឧសភា បាន​ដាក់​លិខិត​ចំនួន​៣​ចំណុច​ទៀត ដើម្បី​បំពេញ​បន្ថែម​លើ​ឯកសារ ដែល​បាន​ដាក់​ឲ្យ​គ.ជ.ប កាល​ពី​ចុង​សប្ដាហ៍​មុន ដែល​ស្ថាប័ន​នេះ​អះអាង​ថា ​មិន​ទាន់​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ។ គ.ជ.ប ​តម្រូវឲ្យ គណបក្ស​ភ្លើងទៀន ត្រូវ​ដាក់​ឯកសារ​បន្ថែម​ចំនួន ៣​ចំនុច​ទៀត គឺទី១ សេចក្ដី​ចម្លង​ច្បាប់​ដើម​លេខ១៩៣​ចុះឆ្នាំ១៩៩៨​ ស្ដីពី​ការ​ទទួល​ស្គាល់ ជា​គណបក្ស​ស្រប​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ ទី២. ការ​ដក​លោក រ៉ុន ឈុន ចេញ​ពី​បញ្ជី​បេក្ខជន​ឈ្មោះ​ ឈរ​ជា​តំណាងរាស្រ្ដ និងទី៣ លិខិត​បង្កាន់​ដៃ​ការ​បង់​ប្រាក់១៥​លាន​រៀល ចេញ​ពី​រតនាគារជាតិ។

ក្រុម​មន្ត្រី​គណបក្ស​ភ្លើងទៀន ​ដែល​ដឹកនាំ​ដោយ​លោក​ រ៉ុង ឈុន អនុប្រធាន​គណបក្ស​ ប្រាប់​អាស៊ីសេរី​ថា ដោយសារ​ក្រសួងមហាផ្ទៃ​មិន​ព្រម​ចេញ​លិខិត​ជា​លើក​ទី២ ទៅ​តាម​ការ​ចង់​បាន​របស់​គ.ជ.ប ​ដូច្នេះ​ គណបក្ស​សម្រេច​ដាក់​ភ្ជាប់​នូវ​សេចក្ដី​ប្រកាស​ចុះថ្ងៃទី៥ ឧសភា របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ប្រកាស​ទទួល​ស្គាល់​គណបក្ស​ភ្លើងទៀន ជា គណបក្ស​បាន​ចុះ​បញ្ជី​ស្របច្បាប់ និង​ភ្ជាប់​លិខិត​ស​ខ្មៅ​លេខ​១៩៣ ចុះ​កាល​ពី​ឆ្នាំ​១៩៩៨ និង​លិខិត​ឆ្នាំ២០១៧ របស់​ក្រសួង​មហាផ្ទៃ ដែល​ទទួល​ស្គាល់​ថា ​គណបក្ស សម រង្ស៊ី បាន​ដូរ​ឈ្មោះ​មក​ជា​គណបក្ស ភ្លើងទៀន។

លោក​ រ៉ុង ឈុន៖ «យើង​ដាក់​៣​ច្បាប់​ហ្នឹង​ជូន​ហើយ រង់​ចាំ​មើល ​ថា​តើ គ..ប សម្រេច​បែប​ម៉េច ​អាហ្នឹង​យើង​រង់​ចាំ​មើល​បន្ត​ទៀត»។

ងាក​ទៅ​រឿង​ការ​គំរាម​បង្ក្រាប​របស់​លោក ហ៊ុន សែន ​មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ​កម្ពុជា​ដែល​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ ​​និង​សេរី​ពហុបក្ស​មិន​គួរ​កើតមាន​អំពើ​ហិង្សា​ទៀត​ទេ ព្រោះ​វា​មិន​ចំណេញ​សម្រាប់​សង្គម​ជាតិ​ឡើយ និង​មាន​តែ​ធ្វើ​ឱ្យ​បែក​បាក់​សាមគ្គី​ជាតិ ​និង​ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ប៉ុណ្ណោះ​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើក​ឡើង​ថា ក្នុង​នាម​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ នឹង​មាន​ការ​សោកស្ដាយ​បំផុត​ ប្រសិន​បើ​កម្ពុជា​ឈាន​ដល់​ដំណាក់​កាល ​នៃ​ការ​បង្ក្រាប​លើ​ក្រុម​បាតុករ​អហិង្សា ​រហូត​អាច​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ និង​ជាប់គុក ដូច​ការ​ព្រមាន​ពី​លោក ហ៊ុន សែន។ ប៉ុន្តែ​លោក​យល់​ឃើញ​ថា រូបភាព​ទាំង​នោះ មិន​អាច​កើត​ឡើយ ហើយ​វា​គ្រាន់​តែ​ជា​សារ​ឆ្លើយឆ្លង​គ្នា​រវាង​អ្នក​នយោបាយ​ប៉ុណ្ណោះ។

លោក អំ សំអាត៖ «អ៊ីចឹង! ​អ្វី​ដែល​សំខាន់ ​បើជា​ឈាន​ដល់​ដំណាក់​កាល​ហ្នឹង (ការ​សម្លាប់ ឬ​ចាប់​ដាក់​ពន្ធនាគារ​អ្នក​តវ៉ា) ​វា​ជា​រឿង​មួយ​ដែល​សោកស្ដាយ​ណាស់ សម្រាប់​កម្ពុជា​យើង​ក្រោយ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​មាន​ការ​រិះ គន់​ជា​ហូរហែ​កន្លង​មក។ ប៉ុន្តែ​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ នៅតែ​មាន​សុទិដ្ឋិនិយម ពី​រឿង​អ្នកនយោបាយ ​អាច​បន្ត​ការ​ជជែក​គ្នា​បាន ​ហើយ​ស្វែង​រក​ដំណោះ ស្រាយ ផ្នែក​នយោបាយ ដើម្បី​ឱ្យ​មាន​បរិយាកាស​នយោបាយ​ល្អ​ ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ហ្នឹង​បាន»។

មេ​ដឹកនាំ​គណបក្ស​ភ្លើងទៀន​លើក​ឡើង​ថា គ.ជ.ប ដែល​តម្រូវ​ឱ្យ​គណបក្ស​នយោបាយ ​ត្រូវ​យក​លិខិត​ចម្លង​ចេញ​ពី​ច្បាប់​ដើម នៃ​សេចក្ដី​ប្រកាស​ទទួល​ស្គាល់​ជា គណបក្ស​ស្រប​ច្បាប់​ពី​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​១៩៩៨ ជា​ការ​ធ្វើ​ផ្ទុយ​ទៅ​នឹង​នីតិវិធី​កន្លង​មក ​និង​ដើម្បី​បង្ក​លក្ខណៈ​លំបាក​ដល់​គណបក្ស​ភ្លើងទៀន ក្នុង​ការ​ចុះ​បញ្ជី​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។ ពួកគេ​ថា ​ការ​បោះឆ្នោត​នេះ នឹង​គ្មាន​ន័យ​អ្វី​ឡើយ ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ពេល​នេះ​ មិន​អាច​ចូលរួម​ការ​បោះឆ្នោត​បាន ​ដោយសារ​ការ​បង្ក​បញ្ហា​ស្មុគស្មាញ​ពី​ស្ថាប័ន​ គ.ជ.ប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

2 Responses to "លោក ហ៊ុន សែន ព្រមាន​អ្នក​គាំទ្រ​បក្ស​ភ្លើងទៀន​ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ គ.ជ.ប​ ប្រឈម​នឹង​ការ​ស្លាប់ និង​ជាប់​គុក"

  1. What is this guy wants? Why can’t he just lets it all play out on the election? Why is he so afraid? If he makes this kind of warning/ threatening to the people that wanted to do a peaceful protest/ demonstrations, we will let the world know that he’s violating every Cambodian’s citizen their’s rights. He doesn’t own Cambodia and Cambodian citizens. He is just a poppet leader that was installed by the Vietnamese and he think he’s God!. Well, he’s not God, he’s bully, he’s a murderer, he’s violent, he’s a control freak and he will kill people without hesitation. The Cambodian people should know by now, if we lets him do whatever he wants, we will not , can not live in a peaceful life. That’ll goes on to next generation. Without power he’s nothing but a little piece of shit!

  2. Anonymous says:

    This guy never respected human right or constitution or Parish Accord what so ever because he former khmer rough and the killer so he afraid everything ‘ but when he die he go to hell thousand years