លោក ហ៊ុន សែន បដិសេដមិនជួបជជែកជាមួយគណបក្សប្រឆាំងតាមការស្នើសុំ

កម្ពុជា-នយោបាយ
14/05/2023 – 08:44
ដោយ៖ ជួប នរក្សា
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន AP – Heng Sinith


លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​សៅរ៍​បាន​ចេញ​សារ​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​ការ​ស្នើសុំ​ជួប​ជជែក​របស់​មេដឹកនាំ​គណបក្ស​ភ្លើងទៀន ​ដោយ​លោក​បាន​បដិសេដ​មិន​ជួប​ជជែក​ជា​មួយ​ រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត។​ ការ​ឆ្លើយ​តប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​កម្តៅ​នយោបាយ​បាន​ពុះ​កញ្ជ្រោល​មួយ​ប្រាវ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ​បាន​ព្រមាន​ចាប់​ខ្លួន​រាល់​មេ​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ ដែល​ត្រៀម​ធ្វើ​បាតុកម្ម​អហិង្សា ​ប្រសិន​បើ​គ.ជ.ប​ ជំទាស់​មិន​ឲ្យ​គណបក្ស​ប្រឆាំង​អាច​ចុះ​បញ្ជី​ចូល​រួម​ការ​បោះឆ្នោត។

សំណើសុំជួបរបស់គណបក្សភ្លើងទៀន ត្រូវបានលោក ហ៊ុន សែន ទាត់ចោលភ្លាមៗ ដោយលោកចោទទៅវិញថា  តើភ្លើងទៀងចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៍ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត? បំផ្លាញការបោះឆ្នោត? ពហិការមិនចូលរួមការបោះឆ្នោតតែទម្លាក់កំហុសឲ្យ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីស្ថាប័នទាំងពីរបដិសេដមិនឲ្យចុះឈ្មោបោះឆ្នោត ទាំងដែលនេះជាកំហុសរបស់គណបក្សផ្ទាល់។

បើតាមលោក ហ៊ុន សែន គឺលោកនឹងមិនជួបថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀនណាម្នាក់ឡើយ នៅមុនការបោះឆ្នោតថ្នាក់ជាតិ ដែលធ្វើឡើងនៅថ្ងៃទី២៣កក្កដា២០២៣។ លោកថា ដោយសារតែភាពមិនច្បាស់លាស់និងដោយធុរៈផ្ទាល់ខ្លួន គឺលោកសុំកំណត់យក ម៉ោង៩ថ្ងៃ៣០កក្កដា២០២៣នៅវិមានសន្តិភាព ធ្វើជាការជួបគ្នាក្រោយការបោះឆ្នោត។

តាមរយៈលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៣ឧសភា គណបក្សភ្លើងទៀន ដែលដឹកនាំដោយលោក ទាវ វណ្ណុល បានស្នើសុំជួបប្រមុខរដ្ឋាភិបាលកម្ពុជាដោយផ្ទាល់ ដើម្បីអបអរព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជជែកពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងធ្វើឡើងនៅខែកក្កដាខាងមុខ។

ការបោះដៃរបស់គណបក្សភ្លើងទៀនពេលនេះ គឺធ្វើឡើងនៅក្នុងន័យបន្ធូរស្ថានភាពនយោបាយ ដែលបានតានតឹងឡើងនៅមួយរំពេច ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានពីការចាប់ខ្លួនរាល់បណ្តាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ណាមួយ ដែលហ៊ានប្រមូលផ្តុំបាតុកម្មអហិង្សាទៅនឹងគ.ជ.ប ប្រសិនបើគ.ជ.ប បន្តបដិសេដសំណុំឯកសារចុះឈ្មោះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោត។

ការព្រមានរបស់លោក ហ៊ុន​ សែន តាមរយៈសារជាសំឡេងជាង៦នាទី បានប្រតិកម្មទៅនឹងសកម្មភាពរបស់គណបក្សភ្លើងទៀនដែលគ្រោងធ្វើបាតុកម្មអហិង្សា ថាជាសកម្មភាពធ្វើឲ្យវឹកវរ បង្កអន្តិសុខសង្គម ខណៈដែលកម្ពុជាកំពុងទទួលប្រតិភូកីឡារាប់ម៉ឺននាក់ មកពីបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។

បន្ថែមពីខ្លឹមសារ ដែលបានទាត់ចោលជំនួបជាមួយគណបក្សភ្លើងទៀនភ្លាមៗនោះ លោក ហ៊ុន សែន បានលើកឡើងពីឈ្មោះ ជា ប៉ូច សមាជិកគណៈកម្មាធិការអចិន្ត្រៃគណបក្សភ្លើងទៀន ថាជាអ្នកប្តេជ្ញាផ្តួលរំលំលោកប្រហែល២ខែមុននេះ។ តាមខ្លីបសំឡេងដែលលោក ហ៊ុន សែន បានបង្ហោះគឺ លោក ជា ប៉ូច បានអះអាងពីគោលដៅរបស់លោកថា នឹងទម្លាក់លោក ហ៊ុន សែន ឲ្យបាន។

ក្រោយតែលោក ហ៊ុន សែន បានបង្ហោះខ្លីបសំឡេងនេះ លោក ជា ប៉ូច បានបង្ហោះរូបថតមួយសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃសៅរ៍ ថា លោកមានជំងឺបេះដូងរើឡើងវិញជាខ្លាំងត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃជាបន្ទាន់តាមវេជ្ជបញ្ជា៕

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន បដិសេដមិនជួបជជែកជាមួយគណបក្សប្រឆាំងតាមការស្នើសុំ"

  1. What a coward! Hun Sen is the worst human being to ever walked the earth. He will destroyed Cambodia and makes Cambodian people suffers before gone. We need to show the world that he can not be trusted.