សហគមន៍​អន្តរជាតិ​ថ្កោលទោស​ការ​មិន​ឱ្យ​បក្ស​ភ្លើង​ទៀន​ប្រកួតប្រជែង​ការ​បោះឆ្នោត

ដោយ មាន ឫទ្ធិ
2023.05.16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហគមន៍​អន្តរជាតិ​ថ្កោលទោស​ការ​មិន​ឱ្យ​បក្ស​ភ្លើង​ទៀន​ប្រកួតប្រជែង​ការ​បោះឆ្នោត

ក្បួនយុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០២២ ក្នុងអំឡុង​ពេល​ប្រកួតប្រជែង​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន


សហគមន៍​អន្តរជាតិ​ជាពិសេស​ក្រុម​ប្រទេស​និយម​លទ្ធិ​ប្រជាធិបតេយ្យ ថ្កោលទោស​ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ គណបក្ស​ភ្លើង​ទៀន អាច​ចូលរួម​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែកក្កដា​ខាង​មុខ​នេះ​បាន។ ប្រទេស​ខ្លះ​សង្កត់​ធ្ងន់​ថា ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ណា​មួយ​ចុះបញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ខាង​មុខ​នេះ មិនមែន​ជា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ ពួកគេ​នៅតែ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​នយោបាយ និង​សង្គម​ស៊ីវិល​ឡើងវិញ។

ការសម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ខាងមុខនេះ កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ចំណាប់​អារម្មណ៍​ម្តង​ទៀត​របស់​សហគមន៍​អន្តរជាតិ។

ខុស​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម (SEA Games) ដែល​កម្ពុជា​កំពុង​មាន​មោទនភាព និង​ទទួល​បាន​ការ​កោត​សរសើរ​ពី​អន្តរជាតិ​នោះ ការសម្រេច​របស់ គ.ជ.ប នា​ពេល​នេះ​កំពុង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាក់មុខ​លើ​ឆាក​អន្តរជាតិ​វិញ។ ការ​បាក់​មុខ​នេះ ក៏​ព្រោះ​តែ​សហគមន៍​អន្តរជាតិ​នាំគ្នា​ថ្កោលទោស​ស្ទើរ​ជុំ​ទិស លុប​លើ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។

ចាប់​ផ្ដើម​ដោយ​ប្រទេស​អូស្ត្រាលី ដែល​ធ្លាប់​មាន​ប្រវត្តិ​ជួយ​ជ្រោមជ្រែង​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ឆ្នាំ១៩៩១ នៅ​កម្ពុជា។ អូស្ត្រាលី​ថា ខ្លួន​ព្រួយបារម្ភ​ជា​ខ្លាំង​ដែល​គណបក្ស​ភ្លើង​ទៀន​ជា​គណបក្ស​ប្រឆាំង​មិន​អាច​ចុះ​បញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខ​នេះ​បាន។ អូស្ត្រាលី​បញ្ជាក់​ថា ខ្លួន​នៅតែ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។ អូស្ត្រាលី​សង្កត់​ធ្ងន់​ថា ការណ៍​ដែល​គណបក្ស​ណាមួយ​មិន​អាច​ចុះបញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត មិនមែន​ជា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ និង​ថា លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស​តម្រូវ​ឱ្យ​មាន​លំហ​នយោបាយ ច្បាប់ និង​ស្ថាប័ន​នានា​ដែល​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ផ្សេងៗ​ចូលរួម និង​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​នៅ​ថ្ងៃ​បោះឆ្នោត។

ក្រៅពី​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​របស់​អូស្ត្រាលី សហភាពអឺរ៉ុបដែល​សភា​របស់​ខ្លួន​បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ» (EBA) ទាំងស្រុង​ពី​កម្ពុជា ប្រសិនបើ​ការបោះឆ្នោត​ខាងមុខ​ប្រព្រឹត្តិ​ទៅ​ដោយ​គ្មាន​ភាព​សេរី និង​យុត្តិធម៌​នោះ លើកឡើង​ថា ការ​បដិសេធ​របស់​ គ.ជ.ប មិន​ចុះបញ្ជី​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ គឺជា​សញ្ញាណ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​មួយទៀត​នៃ​ការ​រួញ​តូច​ទៅៗ នៃ​លំហ​សម្រាប់​គណបក្ស​នយោបាយ​ក្នុង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ខាងមុខនេះ។ សហភាព​អឺរ៉ុប​សង្កត់ធ្ងន់​ថា ខ្លួន​ជំទាស់​យ៉ាង​ខ្លាំង​ទៅ​នឹង​សេចក្ដី​សម្រេច​ដែល​ធ្វើឡើង​ដោយ​អាជ្ញាធរ​បោះឆ្នោត​របស់​កម្ពុជា។ សហភាព​អឺរ៉ុប​ហៅ​សេចក្ដី​សម្រេច​នេះ​ថា ជា​ការ​បន្ថែម​បន្ទុក​ទៅលើ​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​តែ​ត្រូវ​គេ​ដកហូត​នូវ​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ពួកគេ។ សហភាព​អឺរ៉ុប​ពន្យល់​ថា ការបោះឆ្នោត​ប្រកប​ដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​តម្រូវ​ឱ្យ​មាន​ការប្រកួតប្រជែង​ដែល​មាន​ការ​បើក​ចំហ ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន ខណៈ​ពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជ្រើសរើស​តំណាង​របស់​ពួកគេ​ដោយសេរី។

ដោយឡែក ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ឯណោះ​វិញ គឺលោក ដូមីនីក វីល្លៀមស៍ (Dominic Williams) ថ្លែង​ក្នុង​សារអេឡិចត្រូនិក (email) ប្រាប់​វិទ្យុអាស៊ីសេរី​ថា នេះគឺជា​ការវិវត្តន៍​ដ៏គួរឱ្យ​ខកចិត្ត​មួយ ដែល​ធ្វើឱ្យ​ទន់ខ្សោយ​ជម្រើស​ដែល​មាន​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុងការ​ជ្រើសរើស និង​ថា​ការសម្រេច​ចិត្ត​នេះ​ទំនងជា​ធ្វើឡើង​ផ្ទុយ​ពី​ការបញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​នាពេល​ថ្មីៗនេះ អំពី​ស្ថានភាព​របស់​គណបក្ស​ភ្លើងទៀន​ដែលត្រូវ​បាន​ទទួលស្គាល់​ជា​គណបក្ស​នយោបាយ។ លោក ដូមីនីក វីល្លៀមស៍ ថា អង់គ្លេស​នឹង​បន្ត​តាមដាន​ដំណើរ​ប្តឹងទាស់​ទៅនឹង​សេចក្តីសម្រេច​របស់ គ.ជ.ប នេះ​ដោយ​យកចិត្តទុកដាក់។ លោក​សង្ឃឹម​ថា ការប្តឹងទាស់​នេះ​នឹង​បញ្ចប់​ទៅ​ជាមួយនឹង​ការសម្រេច​ដោយ​ឈរ​លើ​ស្មារតី​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ងាក​មក​មើល​ប្រទេស​ជប៉ុន (Japan) វិញ ​ដែល​ប្រទេស​នេះ​កំពុង​មាន​ផលប្រយោជន៍​វិនិយោគ និង​អាជីវកម្ម​យ៉ាង​ច្រើន​នៅ​កម្ពុជា ជប៉ុន​ហាក់​បន្ទន់​ឥរិយាបថ​របស់​ខ្លួន។ ប្រទេស​នេះ​មិនបាន​ថ្កោលទោស​ចំណាត់​ការ​ចុងក្រោយ​របស់ គ.ជ.ប នោះ​ទេ។ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ប្រាប់​វិទ្យុអាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី១៦ ខែឧសភា​ថា ខ្លួន​សូម​មិន​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​ទៅលើ​នយោបាយ​ក្នុង​ស្រុក​របស់​ប្រទេស​ដទៃ​ទេ។ ក៏ប៉ុន្តែ ស្ថានទូត​ថា ជប៉ុន​គិត​ថា វា​ជា​ការសំខាន់​ក្នុង​ការ​បង្ក​ឱ្យ​មាន​នូវ​បរិយាកាស​មួយ​ដែល​ប្រជាជន​អាច​បញ្ចេញ​គំនិត​ទស្សនៈ​ចម្រុះ​ដើម្បី​កសាង​នូវ​សង្គម​ប្រជាធិបតេយ្យ​ដ៏​ប្រសើរ​មួយ។ ស្ថានទូត​ថា ជប៉ុន​នឹង​បន្ត​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ជុំវិញ​ស្ថានភាព​នៅ​កម្ពុជា និង​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​អំពី​ការវិវត្តន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ក្នុង​នោះ​ក៏​រួមមាន​រដ្ឋាភិបាល​កម្ពុជា ដោយ​បាន​បញ្ជូន​សារ​អំពី​ទស្សនៈ​របស់​ជប៉ុន ព្រមទាំង​ប្ដេជ្ញា​បន្ត​កិច្ច​ពិគ្រោះ​យោបល់​នេះ​ជា​បន្ត​ទៀត។

ប្រតិកម្ម​ចុងក្រោយ​គឺ​ចេញ​មក​ពី​សហរដ្ឋអាមេរិក ដែល​តែងតែ​ចូលរួម​ចំណែក​ជួយ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អ្នកនាង ស្តេហ្វានី អាហ្សាត (Stephanie Arzate) ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី១៦ ឧសភា ថា ការ​សម្រេច​បដិសេធ​មិន​ចុះ​បញ្ជី​ឱ្យ​គណបក្ស​ភ្លើង​ទៀន​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​នេះ ក្រោម​ការចោទប្រកាន់​ថា​មិនបាន​ដាក់​ឯកសារ​ត្រឹមត្រូវ​នោះ ធ្វើ​ឱ្យ​ទន់ខ្សោយ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​មុន​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ខាងមុខ​នេះ។ អ្នកនាំពាក្យ​រូប​នេះ​ថា ការ​គំរាមកំហែង និង​ហេតុការណ៍​នៃ​ការ​យាយី​ដាក់​គោលដៅ​ទៅលើ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​គណបក្ស​ប្រឆាំង បាន​បង្អាក់​សិទ្ធិ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ សហរដ្ឋអាមេរិក​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​លំហ​នយោបាយ និង​សង្គម​ស៊ីវិល​ឡើងវិញ រួម​ទាំង​បញ្ឈប់​នូវ​ការ​យាយី​មក​លើ​គណបក្ស​ប្រឆាំង។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ វិទ្យុអាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ថ្កោលទោស​របស់​សហគមន៍​អន្តរជាតិ​នេះ​នៅ​ឡើយ​ទេ។

ក្រសួង​ការបរទេស​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី១៦ ខែឧសភា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ការពារ​ចំណាត់ការ​របស់​ស្ថាប័ន គ.ជ.ប។ ក្រសួង​ការបរទេស​ផ្ដល់​អំណះអំណាង​ថា ស្ថាប័ន​រៀបចំ​ការបោះឆ្នោត «ពុំ​មាន​ការប្រព្រឹត្ត​ដោយឡែក​ពិសេស​ចំពោះ​គណបក្ស​នយោបាយ»​ណាមួយ​ឡើយ។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន ក្រសួង​ការបរទេស​បាន​បន្ទរ​សម្ដី​លោក ហ៊ុន សែន ថា ការ​មិន​អាច​ចុះបញ្ជី​ការចូលរួម​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​មួយ គឺ​ដោយសារ​តែ​គណបក្ស​នោះ​«មិន​យក​ចិត្ត​ទុកដាក់»​ចំពោះ​ច្បាប់ និង​បទប្បញ្ញត្តិ​បោះឆ្នោត ព្រមទាំង​សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប។ ក្រសួង​ការបរទេស​ថ្លែង​ការពារ​ថា អវត្តមាន​របស់​គណបក្ស​នយោបាយ​មួយ «ពុំបាន​ប៉ះពាល់» ដល់​ភាព​សេរី ពហុបក្ស និង​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ឡើយ ព្រោះ​អ្នកបោះឆ្នោត​នៅតែ​«អាច​ជ្រើសរើស​ដោយ​សេរី»​នូវ​គណបក្ស​នយោបាយ​មួយ​ក្នុង​ចំណោម​គណបក្ស​ប្រកួតប្រជែង​គ្នា​យ៉ាងតិច​ចំនួន១៨។ ទោះ​យ៉ាង​ណា​ក្ដី ក្រសួងការបរទេស​កម្ពុជា មិន​បាន​ពន្យល់​ពី​មូលហេតុ​ដែល គ.ជ.ប ធ្លាប់​បាន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួតប្រជែង​​កាលពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក ក្រុង ខេត្ត-រាជធានី កន្លងទៅ​ឡើយ បើ​ទោះ​បី​ជា​កាលនោះ​គណបក្ស​នេះ​បាន​ប្រើប្រាស់​ឯកសារ​ដូចគ្នា​​ដាក់​ទៅ គ.ជ.ប ក៏ដោយ។

ជុំវិញ​ហេតុផល​នៃ​ការសម្រេច​របស់ គ.ជ.ប នេះ ការិយាល័យ​កិច្ចការ​បរទេស​របស់​សហព័ន្ធ​អាល្លឺម៉ង់ បាន​សរសេរ​នៅ​លើ​ទំព័រ​ទ្វីតធឺរ (Twitter) របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី១៦ ឧសភា ថា ការ​សម្រេច​ចិត្ត​របស់ គ.ជ.ប កម្ពុជា​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត គឺ​ធ្វើឡើង​ផ្ទុយ​ពី​គោលការណ៍​ពហុបក្ស និង​ប្រជាធិបតេយ្យ។ អាល្លឺម៉ង់​រិះគន់​ថា ហេតុផល​ដែល​ត្រូវ​បាន​ផ្ដល់​ឱ្យ​ចំពោះ​ការ​សម្រេចចិត្ត​នេះ មិន​អាច​ធ្វើ​ឱ្យ​គេ​ជឿជាក់​បាន​ឡើយ។ អាល្លឺម៉ង់ សង្ឃឹមថា ដំណើរការ​តវ៉ា​តាមផ្លូវច្បាប់​ជុំវិញ​រឿង​នេះ នឹង​ត្រូវ​បាន​គេ​គោរព និង​ថា នឹង​មាន​ការ​កែប្រែ​ការសម្រេចចិត្ត​នេះ​ឡើងវិញ។

ក្រៅពី​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ អង្គការ​ក្រុមសមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ក៏​បាន​ប្រកាស​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​បន្ត​ធ្វើ​ឱ្យ​ទន់​ខ្សោយ និង​រារាំង​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ខែកក្កដា​ខាង​មុខ​នេះ​បាន។ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​អង្គការ APHR និង​ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក កាសិត ភីរម្យ (Kasit Piromya) ថ្លែង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា របប​លោក ហ៊ុន សែន ជា​ថ្មី​ម្ដង​ទៀត កំពុង​បង្ហាញ​នូវ​ការ​មើលងាយ​ទាំងស្រុង​ចំពោះ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ។ លោក​ព្រមាន​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ចង់​ឱ្យ​ពិភពលោក​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ខែកក្កដា​ខាង​មុខ​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បញ្ឈប់​នូវ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រារាំង​គូប្រជែង​របស់​ខ្លួន ហើយ​ត្រូវ​ជំនួស​មកវិញ​ដោយ​ការធានា​ឱ្យ​មាន​នូវ​លំហ​សម្រាប់​គ្រប់​ភាគី​ចូលរួម។ លោក កាសិត ភិរម្យ សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ទំនង​ជា​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាស្ថាពរ។ លោក​ថា ប្រសិនបើ​របប​លោក ហ៊ុន សែន នៅតែ​បន្ត​រារាំង​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត នោះ​សហគមន៍​អន្តរជាតិ​ត្រូវតែ​បដិសេធ​មិន​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​ថ្មី ដែល​អះអាង​ថា កើត​ចេញ​មក​ពី​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត​ ដែល​តាមការពិត​លោក​ថា ជា​ការ​បោះ​ឆ្នោត «ក្លែងក្លាយ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សហគមន៍​អន្តរជាតិ​ថ្កោលទោស​ការ​មិន​ឱ្យ​បក្ស​ភ្លើង​ទៀន​ប្រកួតប្រជែង​ការ​បោះឆ្នោត"

  1. Anonymous says:

    Haha ‘ Sorry big brother not allow you to compete because you will win haha ‘ cpp scaring of losing like Thailand vote’