អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រិះគន់​ការមិន​អនុញ្ញាត​ឱ្យ​មេធាវី​ជួប​លោក ថេង សាវឿន ប្រធាន​សមាគម​កសិករ

១៩ ឧសភា ២០២៣
ថាំង ស៊ីណន
ស៊ុន ណារិន
វីអូអេខ្មែរ

រូបឯកសារ៖ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)។ (រូបផ្តល់ឱ្យ​ដោយ​លោក ថេង សាវឿន)
រូបឯកសារ៖ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)។ (រូបផ្តល់ឱ្យ​ដោយ​លោក ថេង សាវឿន)


ភ្នំពេញ —  អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ Human Rights Watch បាន​រិះគន់​ការ​មិន​អនុញ្ញាត​ឱ្យ​មេធាវី​បាន​ជួប​កូន​ក្តី គឺ​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​សហការី​របស់​លោក​ពីរ​នាក់​ភ្លាមៗ ខណៈ​អ្នក​ទាំង​៣​ស្ថិត​ក្នុង​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​រតនគិរី គិត​ត្រឹម​ម៉ោង​៣​រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែ​ឧសភា។

ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ចេញ​ផ្សាយ​នា​ថ្ងៃ​សុក្រ​នេះ លោក Phil Robertson នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ បាន​លើក​ឡើង​ថា​ ការ​ឃាត់​ខ្លួន​សាក​សួរ​លោក ថេង សាវឿន និង​សហ​ការី​២​នាក់​របស់​លោក «ជា​ការ​បំពាន​យ៉ាង​ច្បាស់» ​នូវ​មាត្រា​៩៨​នៃ​ច្បាប់​ស្ដី​ពី​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​កម្ពុជា ដែល​ចែង​ថា​ ប៉ូលិស​មិន​ត្រូវ​រារាំង​មេធាវី​មិន​ឱ្យ​ចូល​ទៅ​សន្ទនា​ជាមួយ​កូនក្តី បន្ទាប់​ពី​ឃាត់​ខ្លួន​រយៈ​ពេល​២៤​ម៉ោង។

លោក​បញ្ជាក់​ថា៖ «ភាព​អយុត្តិធម៌​នេះ គឺ​ជា​ឧទាហរណ៍​ថ្មី​មួយ​ដែល​អាជ្ញាធរ​កម្ពុជា​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សេរី​ភាព​ជា​មូលដ្ឋាន​នៃ​ការ​ប្រមូល​ផ្តុំ និង​ការ​បញ្ចេញ​មតិ ហើយ​មិន​គោរព​ទាំង​ស្រុង​លើ​កាតព្វ​កិច្ច​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​របស់​កម្ពុជា»

អង្គការ​អន្តរ​ជាតិ​មួយ​នេះ​ជំរុញ​ឱ្យ​កម្ពុជា​ដោះ​លែង​ពួក​គេ​ទាំង​៣​នាក់​ភ្លាមៗនិង​គ្មាន​លក្ខខណ្ឌ ហើយ ​«បញ្ឈប់​នូវ​យុទ្ធនាការ​នៃ​ការ​យាយី និង​រំលោភ​បំពាន​លើ​សមាគម​សម្ព័ន្ធកសិករ និង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​កម្ពុជា​ផ្សេង​ទៀត ដែល​ហ៊ាន​ក្រោក​ឈរ​និង​អនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពួកគេ»

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) និង​សហការី​របស់​លោក​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ក្រោម​ការ​បញ្ជា​របស់​ស្នង​ការ​នគរបាល​ខេត្ត​រតនគិរី។ ការ​ឃាត់​ខ្លួន​នេះ ​ធ្វើ​ឡើង ខណៈ​លោក​និង​ក្រុម​ការងារ​កំពុង​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ​វិញ កាត់​តាម​ខេត្ត​ក្រចេះ កាល​ពី​ម៉ោង​ប្រមាណ​១១​ព្រឹក​ ថ្ងៃ​ពុធ ក្រោយ​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល និង​ការ​ដើរ​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​រតន​គិរី។ នេះ​បើ​តាម​ភរិយា​របស់​លោក ថេង សាវឿន គឺ​អ្នកស្រី ញូង សុខហៀង និង​មន្ត្រី​សិទ្ធិ​មនុស្ស។

គិត​ត្រឹម​ម៉ោង​៥​រសៀល​ថ្ងៃ​សុក្រ​នេះ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ថា​តើ​ពួក​គេ​ទាំង​៣​ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ​ពី​បទ​ចោទ​ប្រកាន់​អ្វី និង​ក្នុង​អង្គហេតុ​អ្វី​ពិត​ប្រាកដ​ឡើយ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក អ៊ុង​ សុភាព ស្នង​ការ​នគរបាល​ខេត្ត​រតនគិរី​ និងពី​លោក ឆាយ គឹមខឿន អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​បាន​នៅឡើយទេ។

ភរិយា​របស់​លោក​ ថេង សាវឿន​ អ្នកស្រី​ ញូង សុខហៀង ​អាយុ​៣៣ឆ្នាំ ​ប្រាប់​វីអូអេ​ថា​ កាល​ពី​ថ្ងៃ​ទី១៣​ ដល់​១៤ ខែ​ឧសភា ឆ្នាំ​២០២៣ ស្វាមី​របស់​អ្នក​ស្រី​បាន​នាំ​គ្នា​ប្រជុំ ​ដើម្បី​ពង្រឹង ​ក៏​ដូច​ជា​កសាង​សមត្ថភាព​របស់​បុគ្គលិក ​និងវិភាគ​អភិ​ក្រម​សិទ្ធិ​ជា​មូលដ្ឋាន ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី។

អ្នកស្រី​ដែល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ជាមួយ​ស្វាមី​ដែរ បន្ត​ថា ​អាជ្ញាធរ​ខេត្ត​ក្រចេះ​មិន​បាន​បញ្ជាក់​ហេតុ​ផល​នៃ​ការ​ឃាត់​ខ្លួន​ឡើយ ខណៈ​ពួក​គេ​កំពុងធ្វើ​ដំណើតាម​ផ្លូវ​ពី​ខេត្ត​រតនគិរី​មក​កាន់​រាជ​ធានីភ្នំ​ពេញ​វិញ។

បើ​តាម​ភរិយា មិត្តរួម​ការងារ​២នាក់​ទៀត​របស់​លោក ថេង សាវឿន រួម​មានលោក ញិល ភាព មន្ត្រី​ជាន់​ខ្ពស់​ចងក្រង​និង​តស៊ូ​មតិ​ និង​លោក ថាន់ ហាច មន្ត្រី​ចង​ក្រង ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ផង​ដែរ។

អ្នកស្រី​ចាត់​ទុក​ការ​ឃាត់​ខ្លួន​ស្វាមី​ថា​ជា​រឿង​មិន​សម​ហេតុផល ដោយ​សារ​មិន​មាន​បង្ហាញ​ដីកា ហើយ​សមត្ថកិច្ច​ឃាត់​រថយន្ត​តែ​ម្តង។

អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា ដែល​កំពុង​តាម​ដាន​ករណី​ឃាត់​ខ្លួន​នេះ ប្រាប់​វីអូអេ​ថា ​មេធាវី​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​កូន​ក្តី​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍។ ប៉ុន្តែ​នគរបាល​ទើប​អនុញ្ញាត​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។

លោក​ថ្លែង​ថា៖ «បើ​យើង​គិត​រាប់​អំពី​នីតិវិធី​ក្នុង​ការ​ឃាត់​ខ្លួន​ពួកគាត់​តាំង​ពី​ស្នង​ការ​ខេត្ត​ក្រចេះ គឺ​២៤​ម៉ោង ពីមិ្សលមិញ​នេះ​ឯង ដែល​ជា​ម៉ោង​សម្រាប់​អនុញ្ញាត​ឱ្យ​មេធាវី​អាច​ជួប​កូន​ក្តី​របស់​ខ្លួន​ហ្នឹង​បាន»

បណ្តាញ​សហគមន៍​ប្រមាណ​១០០នាក់ ​នៅថ្ងៃ​សុក្រនេះ ​បាន​ប្រមូល​ផ្តុំ​នៅមុខ​ក្រសួង​មហាផ្ទៃ ​ដើម្បី​ទាមទារ​ឲ្យដោះលែង​ពួកគេ​ទាំង​៣នាក់​ផងដែរ។ នេះបើ​តាម​អង្គការ​សង់ត្រាល់។

គួរ​បញ្ជាក់​ថា​ កាលពី​ដើម​ឆ្នាំ​ ២០១៤ លោក ថេង សាវឿន ធ្លាប់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួនក្នុង​ពន្ធនាគារ នៅ​ក្នុង​ករណីបង្ក្រាប​បាតុកម្ម​របស់​កម្មករ​រោងចក្រ នៅ​ជាយ​រាជធានី​ភ្នំពេញ៕

What Next?

Recent Articles