អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​ដោះលែង​លោក ថេង សាវឿន ជា​បន្ទាន់

ដោយ ម៉ៅ សុធានី
2023.05.20
RFA

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​ដោះលែង​លោក ថេង សាវឿន ជា​បន្ទាន់

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន។ រូប៖ ហ្វេសប៊ុក


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក ថេង សាវឿន និង​សហការី​២​នាក់​ទៀត​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃទី​១៩ ខែ​ឧសភា ថា អាជ្ញាធរ​កម្ពុជា ត្រូវ​បញ្ឈប់​យុទ្ធនាការ​គំរាមកំហែង និង​រំលោភបំពាន​ដល់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត ដែល​ហ៊ាន​និយាយ​និង​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​ព្រមទាំង​សិទ្ធិ​នយោបាយ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សមត្ថកិច្ច​ខែត្រ​រតនគីរី បន្ត​ឃុំខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន និង​សហការី​២​នាក់​ទៀត ដោយ​មិន​អនុញ្ញាត​ឲ្យ​មេធាវី​បាន​ជួប​កូន​ក្តី​ខ្លួន​ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៩ ខែ​ឧសភា​។ ទង្វើ​នេះ គឺជា​ការរំលោភ​មាត្រា​៩៨ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​មេធាវី​បាន​ជួប​កូន​ក្តី ក្រោយ​ការ​ឃុំខ្លួន​២៤​ម៉ោង។

សេចក្តី​ថ្លែងការណ៍​ដដែល សង្កត់ធ្ងន់​ថា ការ​ឃុំ​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល​នេះ គឺ​បង្ហាញ​ពី​ការ​រំលោភបំពាន​របស់​អាជ្ញាធរ​កម្ពុជា ទៅលើ​សិទ្ធិ​សេរីភាព និង​ការ​បញ្ចេញមតិ​របស់​អង្គការ​សមាគម ដែល​ជា​កាតព្វកិច្ច​របស់​កម្ពុជា ត្រូវ​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ។

សេចក្តី​ថ្លែងការណ៍ បន្ត​ថា ទង្វើ​របស់​សមត្ថកិច្ច​ខេត្ត​រតនគីរី​នេះ បង្ហាញ​ឲ្យ​ឃើញច្បាស់​ក្រឡែត​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​ធ្លាក់ចុះ​យ៉ាង​គំហុក ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ​បោសសំអាត​និង​គំរាមកំហែង ដល់​ពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល នៅមុន​ការរៀបចំ​ការ​បោះឆ្នោត​សកល​នៅ​ខែកក្កដា​ខាងមុខ ដែល​នេះ​គឺជា​ការបោះឆ្នោត​ក្លែងក្លាយ​សំរាប់​មួយ​អាណត្តិ​ទៀត។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​រតនគិរី ដើម្បី​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១៩ ខែ​ឧសភា នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles