អ្នកឃ្លាំមើលបារម្ភពី​ករណី​រដ្ឋាភិបាល​បន្ត​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ស្ងាត់ៗ

ដោយ ថា ថៃ
2023.05.21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកឃ្លាំមើលបារម្ភពី​ករណី​រដ្ឋាភិបាល​បន្ត​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ស្ងាត់ៗ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១២ កុម្ភៈ ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


អ្នក​សិក្សា​ផ្នែក​កិច្ចការ​សង្គម​ព្រួយបារម្ភ​ករណី​រដ្ឋាភិបាល​បន្ត​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ស្ងាត់ៗ អាច​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​នាំ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក ពីព្រោះ​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​ដែល​មក​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​កម្ពុជា បាន​ទិញ​ផ្ទះ ដីធ្លី និង​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ។ ការ​លើក​ឡើង​នេះ​គឺ​បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម​៥​នាក់។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍ និង​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ឡើងវិញ​អំពី​ការ​ផ្ដល់​សញ្ជាតិ​ដល់​ជនបរទេស រួមមាន​ជនជាតិ​វៀតណាម​ជាដើម។

អ្នក​សិក្សា​ផ្នែក​កិច្ចការ​នយោបាយ និង​សង្គម លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ឧសភា ថា លំហូរ​ពលរដ្ឋ​វៀតណាម​មក​កម្ពុជា​ចេះតែ​កើន​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្កើន​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ចៀសវាង បង្ក​ឱ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​បាត់បង់​ការងារ និង​ប្រាក់ចំណូល។ លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​វៀតណាម​មួយចំនួន​មក​រស់នៅ​កម្ពុជា​ភាគី​ច្រើន​ពួកគេ​ប្រកប​របរ​នេសាទ លក់​ចំណីអាហារ និង​ខ្លះទៀត​បាន​ក្លាយជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ។

លោក ប៉ោ មករា៖ «ការ​ផ្ដល់​សញ្ជាតិ​ហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា ដែល​ទាក់ទង​នឹង​មុខរបរ​មួយចំនួន​ឧទាហរណ៍​វៀតណាម​មួយ​ចំនួន គាត់​ចេះ​កាត់សក់​គាត់​រត់​ម៉ូតូឌុប​គាត់​ចេះ​លក់​បន្លែ មីឆា​តាម​ដងផ្លូវ ហើយ​មុខរបរ​ទាំង​ហ្នឹង​គឺជា​មុខរបរ​របស់​អ្នកស្រុក​អ្នកភូមិ​ដែល​ប្រជាជន​កម្ពុជា​ខ្វះ​លទ្ធភាព​ក្នុង​ការ​ប្រកប អ៊ីចឹង​គាត់​មានតែ​មុខរបរ​អ៊ីចឹងៗ​ជនបរទេស​ដូចជា​វៀតណាម​អី​ចូល​មក​ធ្វើ​ឱ្យ​កម្ពុជា​យើង​ខ្វះខាត​នៅមុខ​របរ​ហ្នឹង​បន្ថែម​ទៀត»។

ក្រោម​ការ​ដឹកនាំ​ប្រទេស​បែប​ឯក​បក្ស​មក រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​បង្កើន​ការ​ផ្ដល់​សញ្ជាតិ​ដល់​ជនជាតិ​វៀតណាម​ជា​បន្តបន្ទាប់​។ ថ្មីៗ​នេះ អាស៊ីសេរី​ទទួល​បាន​ឯកសារ​ចំនួន ៥ ដែល​បង្ហាញ​ថា លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ ឲ្យ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​បុរស​ជនជាតិ​វៀតណាម​ចំនួន ៥​នាក់ កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ។ ជនជាតិ​វៀតណាម​៥​នាក់​នោះ​រួមមាន លោក ហ្វៀង តិនអាន់ (Nguyen Tuan Anh) មកពី​ខេត្ត​ណាំឌិញ នៃ​ប្រទេស​វៀតណាម (Nam Dinh) បាន​ដូរ​ឈ្មោះ​ជា លោក តាំង សុភ័ក្ក្រ លោក ហ្វី ទៀនថាញ់ (Phi Tien Thanh) មកពី​ខេត្ត​ថាយង្វៀន (Thai Nguyen) បាន​ប្ដូរ​ឈ្មោះ​ជា សេង សុទ្ធី លោក ង្វៀន ហ័នវីញ (Nguyen Hoan Vinh) មកពី​ទីក្រុង​ហូជីមិញ (Ho Chi Minh) បាន​ប្ដូរ​ឈ្មោះ​ជា សុខ បញ្ញា លោក ជាវ វៀតហ្វឿង (Dao Viet Phuong) មកពី​ខេត្ត​ដុងណាយ (Dong Nai) បាន​ប្តូរ​ឈ្មោះ​ជា គីម ប៊ុនណា និង​លោក ង្វៀង ហុងហ្ស៊ុង (Nguyen Hong Dung) មកពី​ទីក្រុង​តៃនិញ (Dai Loan) បាន​ប្ដូរ​ឈ្មោះ ជា សុខ តារា។

ក្រៅពី​ជនជាតិ​វៀតណាម​ទាំង​៥​នាក់​នេះ កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ក៏​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​បុរស​ជនជាតិ​វៀតណាម​ពីរ​នាក់​ផ្សេងទៀត​ដែរ គឺ លោក ង្វៀន វណ្ណឌ័ន (Nguyen Van Doan) រស់នៅ​ខេត្ត​នីញប៊ីញ បាន​ប្ដូរ​ឈ្មោះ​ជា លោក ប៊ុន សំណាង និង​លោក វណ្ណហ្ស៊ុង រស់នៅ​ខេត្ត​នីញប៊ីញ បាន​ដាក់​ជំនួស​មក​វិញ​នូវ​ឈ្មោះ លឹម វាសនា។

កាន់តែ​ភ្ញាក់ផ្អើល​ជាង​នេះឧកញ៉ា ថោង សារ៉ាត ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​ឧទ្ធរណ៍​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ស្ងាត់ៗ និង​តែងតែ​ថតរូប​ជាមួយ​កូនៗ​របស់​លោក ហ៊ុន សែន ព្រមទាំង​បរិច្ចាគ​លុយ​ម៉ឺនៗ​ដុល្លារ​ដល់ លោក ហ៊ុន សែន នោះ ក៏​មាន​ឪពុកម្ដាយ​ជនជាតិ​វៀតណាម ទើប​ទទួល​បាន​សញ្ជាតិ​ខ្មែរ។ ប៉ុន្តែ​រឿង​ចម្លែក​នោះ នៅ​ត្រង់​ថា ឪពុក​របស់ លោក ថោង សារ៉ាត់ មានឈ្មោះ យឿង ថេគឿង ( Duong The Cuong ) រស់នៅ​ខេត្ត​ឡាងសិន (Lang Son) ដោយ​ប្ដូរ​ឈ្មោះ​ជា ថោង ចំរើន និង​ម្ដាយ​ឈ្មោះ ចិន ធីឡុក (Tran Thi Loc) ប្ដូរ​ឈ្មោះ​មក​ជា កែវ សារី ទើប​ទទួល​បាន​សញ្ជាតិ​នៅ​ខែកក្កដា ឆ្នាំ​២០២២ តែ​បែរជា​លោកស្រី កែវ សារី មាន​ក្របខ័ណ្ឌ​ជា​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួង​ការពារ​ជាតិ ឋានន្តរស័ក្ដិ ថ្នាក់​វរសេនីយ៍ទោ តាំងពី​អំឡុង​ឆ្នាំ​២០១០ និង​ធ្លាប់​មាន​មុខតំណែង​ជា​ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​របស់​ប្រទេស​កម្ពុជា មាន​ឋានៈ​ជា «ជំទាវ» ទៀត​ផង។ លើស​ពី​នេះ ក្រោយ​មានរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ កាល​ពី​ឆ្នាំ​២០១៤​នោះ ឪពុកម្ដាយ​របស់​លោក ថោង សារ៉ាត់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​លាក់​ទុក និង​ប្រើប្រាស់​អាវុធ​ជាច្រើន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ តែបើ​ទោះបីជា​ឪពុកម្ដាយ​លោក ថោង សារ៉ាត់ ធ្លាប់​មាន​ទោស​ជាប់​ពន្ធនាគារ និង​ក្រោយមក​រង​ការ​ចោទ​ថា បាន​ផ្ដល់​សំណូក​ដល់​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​ក្ដី ក៏​ពួកគាត់​ទាំងពីរ មានសំណាង​ដោយសារ​លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​ផ្ដល់​សញ្ជាតិ​ដល់​ពួកគេ នៅ​ឆ្នាំ​២០២២។

ច្បាប់​ស្ដីពី​សញ្ជាតិ​របស់​កម្ពុជា បាន​កំណត់​អំពី​មធ្យោបាយ​នៃ​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នោះ គឺ​ការ​ទទួល​បាន​សញ្ជាតិ​តាមរយៈ​កំណើត​ការ​ទទួល​បាន​សញ្ជាតិ​ដោយ​អាពាហ៍ពិពាហ៍ និង​ការ​ទទួល​បាន​សញ្ជាតិ​តាមរយៈ​សញ្ជាតូបនីយកម្ម។

មាត្រា​១៩​នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ ជនបរទេស ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ ហើយ​បង្ហាញ​ភស្តុតាង​ច្បាស់​ថា ខ្លួន​អាច​រស់នៅ​ក្នុង​សង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួល​បាន​នូវ​ទំនៀមទម្លាប់ និង​ប្រពៃណី​របស់​ខ្មែរ​មាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឱ្យ​មាន​បន្ទុក​ដល់​ជាតិ។

ជុំវិញ​រឿង​នេះ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង កត់​សំគាល់​ឃើញ​ថា ប្រទេស​វៀតណាម និង​កម្ពុជា​មាន​ព្រំប្រទល់​ជាប់​គ្នា​មិន​គួរ​ពិបាក​ដល់​ធ្វើដំណើរ​នោះ​ឡើយ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បែរជា​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ពួកគេ​ទៅវិញ។ លោក​បន្ត​រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​មុន​ពេល​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យទៅ​ជនបរទេស​ណា​ម្នាក់​ពីព្រោះ​អាច​ធ្វើ​ឱ្យ​កម្ពុជា បាត់បង់​អធិបតេយ្យភាព និង​ប៉ះពាល់​ដល់​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍។

លោក យង់ គិមអេង៖ «ច្បាប់​អន្តោ​ប្រវេសន៍​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ បើសិន​ជា​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​ទេ អ្នក​ដែល​ទទួលរង​បញ្ហា អ្នក​ដែល​ចាំ​ដោះស្រាយ​បញ្ហា​គឺ​មាន​តែ​កម្ពុជា​ហ្នឹងឯង អ៊ីចឹង​បានទេ​បណ្ដាល​ប្រទេស​ផ្សេងៗ គេ​អនុវត្ត​នៅ​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង​តឹងរ៉ឹង ហើយ​ការដែល​អនុវត្ត​តឹងរ៉ឹង​នេះ​គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ឆ្លងដែន​ចូល​មក​ស្រុក​ខ្មែរ​ហ្នឹង​ទទួល​អ្នក​ដែល​គេ​ចូល​មក​ល្អៗ»។

ក្រៅពី​ផ្ដល់​សញ្ជាតិ​ឱ្យ​ពលរដ្ឋ​វៀតណាម​មក​រស់នៅ​កម្ពុជា រដ្ឋាភិបាល​ក៏បាន​បង្ហាញ​ពី​ការ​យក​ចិត្តទុក​ដាក់​ចំពោះ ជនជាតិ​វៀតណាម​បន្ត​បន្ទាប់​ដែរ ។ កាលពី​ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ដី​៤០​ហិកតារ សម្រាប់​ទទួល​ជនជាតិ​វៀតណាម​នៅក្នុង​ទន្លេ​ខេត្តកំពង់ឆ្នាំង ឱ្យ​ពួកគេ​ឡើង​មក​រស់នៅ​លើ​ដី​គោក​វិញ​។ ក្រៅ​ពី​នេះ រដ្ឋាភិបាល ក៏​ថែមទាំង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ឱ្យ​ជន​អន្តោប្រវេសន៍​បរទេស​រស់នៅ​កម្ពុជា​ស្រប​ច្បាប់​ថែម​ទៀត។ របាយការណ៍​ក្រសួង​មហាផ្ទៃ​ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ​២០២០ បង្ហាញ​ថា គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១៩ កម្ពុជា​បាន​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជូន​ជនជាតិ​វៀតណាម​ចំនួន​ជិត​៩​ម៉ឺន​នាក់ (៨៩.៤៧១​នាក់​) រួច​ទៅ​ហើយ និង​នៅសល់​រាប់​ម៉ឺន​នាក់​ទៀត។

ក្រៅពី​ជនជាតិ​វៀតណាម​នោះ លោក ហ៊ុន សែន ក៏​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជន​ជាតិចិន​មួយចំនួន ដែល​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ពន្ធនាគារ និង​រឿងអាស្រូវ​ពុករលួយ​កម្រិត​អន្តរជាតិ​ដែរ។ មិន​ត្រឹមតែ​ផ្ដល់​សញ្ជាតិ​ទេ លោក ហ៊ុន សែន ថែមទាំង​តែងតាំង​ជា​មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​មាន​លិខិតឆ្លងដែន​ការទូត​កាន់​នៅក្នុង​ដៃ​ទៀត​ផង ដូចជា ករណី​បុរស​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ វ៉ាង យ៉ាវហ៊ុយ (Wang Yaohui)។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​មួយ​ចំនួន យល់​ថា រដ្ឋាភិបាល លោក ហ៊ុន សែន គួរតែ​មាន​ការ​ដាក់​កំហិត និង​រឹត​បន្តឹង​ចំពោះ​ការ​ផ្ដល់​សញ្ជាតិ​ដល់​ជនបរទេស ជាពិសេស​នាយករដ្ឋមន្ត្រី មិន​ត្រូវ​ប្រើ​អំណាច​លើសលប់​ក្នុង​ការ​សម្រេច​ផ្ដល់​សញ្ជាតិ​ដោយ​គ្មាន​យន្តការ​ត្រួត​ពិនិត្យមើល​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ ព្រោះ​ករណី​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដ៏​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles