តុលាការ​ចោទ​ប្រកាន់​លោក ថេង សាវឿន និង​សហការី​២នាក់​ពី​បទ​ញុះញង់​និង​រួម​គំនិត​ក្បត់

ដោយ សុជីវី
2023.05.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​ចោទ​ប្រកាន់​លោក ថេង សាវឿន និង​សហការី​ ២នាក់​ពី​បទ​ញុះញង់​ និង​រួម​គំនិត​ក្បត់

ពលរដ្ឋ​ពីបណ្ដាខេត្ត​ដែលជាសមាជិកសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា តវ៉ា​លើកបដា តាមដងផ្លូវ​ក្នុង​រាជធានីភ្នំពេញ​ដើម្បីទាមទារដោះលែងលោក ថេង សាវឿន និងសហការី នៅថ្ងៃទី២២ ឧសភា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


តុលាការ​ខេត្ត​រតនគិរី​សម្រេច​ឃុំ​ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី​ ២រូប គឺ​លោក ញិល ភាព និង​លោក ថាច់ ហាច ដោយ​ចោទ​ចំនួន​ពីរ​ករណី គឺ​បទ​ញុះញង់ និង​រួមគំនិតក្បត់។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុន​ការ​ផ្សាយ នា​រាត្រី​ថ្ងៃ​ទី​២២ ឧសភា ថា សមត្ថកិច្ច​ខេត្ត​រតនគិរី​បាន​បញ្ជូន​ខ្លួន​លោក ថេង សាវឿន និង​សហការី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​រួច​ហើយ តាំង​ពី​ល្ងាច​ថ្ងៃទី២១ ខែ​ឧសភា។ លោក​បន្ត​ថា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី បាន​ចោទ​ប្រកាន់​លោក ថេង សាវឿន និង​សហការី​ចំនួន ២​ករណី។ បទ​ចោទ​ទី១ គឺ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍ និង​បទ​ចោទ​ទី​២ គឺ​រួម​គំនិត​ក្បត់។

ស្រប​ពេល​ដែលសមត្ថកិច្ច​ខេត្ត​រតនគិរី​ ​បញ្ជូន​​លោក ថេង សាវឿន និង​សហការី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ ប្រជាកសិករ​ជាង ​២០០នាក់​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ គ្នា បន្ត​ការ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២២ ឧសភា ដើម្បី​ទាមទារ​ឱ្យ​សមត្ថកិច្ច​ខេត្តរតនគិរី​ដោះ​លែង​លោក ថេង សាវឿន និង​សហការី​របស់​លោក​វិញ។ ស្រដៀង​គ្នា​នេះ​ មន្ត្រី​សង្គម​ស៊ីវិល និង​គ្រួសារ​របស់​បុគ្គលិក​សមាគម​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា​ទាំង​បី​នាក់ នៅ​តែ​បន្ត​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ពួកគេ ដោយ​ឥត​មាន​លក្ខខណ្ឌ។

នេះ​គឺ​ជា​សំឡេង​របស់​ប្រជា​កសិករ​ជាង​២០០នាក់ ដែល​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​ គ្នា​ រួម​មាន ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប​ជា​ដើម។ ពួកគេ​ទាមទារ​ឱ្យ​សមត្ថកិច្ច​ខេត្ត​រតនគិរី​ដោះលែង ប្រធាន​សមាគម​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា ហៅ​កាត់​ថា CCFC លោក ថេង សាវឿន និង​សហការី​របស់​លោក​ពីរ​នាក់​ទៀត គឺ​លោក ញិល ភាព និងលោក ថាច់ ហាច។ ក្រុម​ប្រជា​កសិករ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ចេញ​ពី​វត្ត​សាមគ្គីរង្សី ដើរ​ឆ្ពោះ​សំដៅ​ទៅ​ក្រសូង​មហាផ្ទៃ ដោយ​ដៃ​មាន​បដា​ ដែល​មាន​ពាក្យ​ថា ដោះលែង​លោក ថេង សាវឿន លោក ញិល ភាព និងលោក ថាច់ ហាច និង​រូប​ថត​របស់​លោក​ទាំង​បីនាក់​ផង​ដែរ។ នៅ​ក្នុង​ចំណោម​អ្នក​តវ៉ា​ខាង​មុខ​ក្រសួង​មហាផ្ទៃ​នេះ ម្ដាយ​របស់​លោក ថេង សាវឿន ដែល​មាន​អាយុ​ ៦៧ឆ្នាំ​ទៅ​ហើយ​នោះ ក៏​បាន​មក​ចូល​រួម​តវ៉ា ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​កូន​ប្រុស​របស់​លោក​ស្រី​ឱ្យ​មាន​សេរីភាព​វិញ​ដែរ។


ក្បាល​មាន​ឆ្នួត​ក្រមា និង​ថ្លែង​ដោយ​ភាព​ឈឺ​ចាប់ ម្ដាយ​លោក ថេង សាវឿន គឺ​លោកស្រី តូច សាត លើក​ឡើង​ថា កូន​ប្រុស​របស់​លោកស្រី មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ទៅ​សួរ​សុខ​ទុក្ខ មើល​ថែ​ឪពុក​ម្ដាយ​នោះ​ឡើយ ព្រោះ គ្រួសារ​របស់​លោកស្រី សុខ​ចិត្ត​លះបង់​កូន​ប្រុស​ឱ្យ​ចូល​រួម​ការងារ​សង្គម ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាកសិករ។ លោកស្រី​បន្ថែម​ថា កូនប្រុស​របស់​លោកស្រី និង​សហការី​ទាំង​ពីរ​នាក់ មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រសួងមហាផ្ទៃ​នោះ​ឡើយ ហើយ​លោកស្រី​បញ្ជាក់​ថា លោកស្រី​នឹង​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ដរាបណា​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​ដោះលែង​កូន​ប្រុស​លោកស្រី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​នោះ។

លោកស្រី តូច សាត៖ «ទាំង​លោក​ទាំង​ខ្ញុំ ក៏​មាន​ការ​អាណិត​អាសូរ​កូន មិនមែន​កូន​ឆ្កែ​ឯណា កូន​មនុស្ស​ទេតើ! តែ​ខ្ញុំ​វះ​កាត់ ខ្ញុំ​ថា​កូន​បម្រើ​ប្រជាពលរដ្ឋ។ ខ្ញុំ​សោកស្ដាយ​ ដោយ​លោក​មក​ធ្វើ​ចាប់​ចង មក​ចាប់​ជំរិត​កូន​ខ្ញុំ​អត់​មាន​កំហុស ខ្ញុំ​មាន​ការ​អយុត្តិធម៌​ជា​ខ្លាំង»។

សមត្ថកិច្ច​ខេត្តក្រចេះ បាន​ឃាត់​ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​អស់​ចំនួន​ ១៧នាក់ កាល​ពីម៉ោង ១រសៀល ថ្ងៃទី១៧ ខែឧសភា ក៏​ប៉ុន្តែ​ក្រោយ​ពី​ការ​សាកសួរ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​ដោះលែង​មនុស្ស​ ១៤នាក់​វិញ ក៏​ប៉ុន្តែ​បន្ត​ឃុំ​ខ្លួន​លោក ថេង សាវឿន លោក ញិល ភាព និង​លោក ថាច់ ហាច ហើយ​ក៏​បញ្ជូន​បន្ត​ទៅ​ស្នងការ​នគរបាល​ខេត្តរតនគិរី​នៅ​ថ្ងៃ​បន្ទាប់ គឺថ្ងៃទី១៨ ខែឧសភា។

Theng_Savoeun_Nhel_Pheap_Thach_Hach_CCFC_FB_052223.jpg
ពីឆ្វេងទៅស្ដាំ៖ ​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា ហៅ​កាត់​ថា CCFC លោក ញិល ភាព (កណ្ដាល) និងលោក ថាច់ ហាច (ស្ដាំ) ជា​សហការី ដែលកំពុងជាប់ឃុំឃាំង​នៅ​ខេត្តរតនគិរី។ រូប​ពីហ្វេសប៊ុក CCFC

វិទ្យុអាស៊ីសេរី​នៅ​តែ​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្តរតនគិរី លោក អ៊ុង សុភាព និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២២ ខែសភា។

ក៏​ប៉ុន្តែ លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន ខេមបូចា (CamboJa) កាល​ពី​ថ្ងៃទី១៩ ខែឧសភា ដោយ​ចោទ​ប្រកាន់​ថា លោក ថេង សាវឿន និង​សហការី​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​លោក​ហៅថា «ការ​រៀប​ផែនការ​ធ្វើ​បដិវត្តន៍​កសិករ»។ លោក ខៀវ សុភ័គ ថា សមត្ថកិច្ច​សំអាង​លើ​ភស្តុតាង​មួយ​ចំនួន​នៅ​កន្លែង​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​របស់​សមាគម នៅ​ក្នុង​ខេត្តរតនគិរី និង​ឯកសារ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​កុំព្យូទ័រ​របស់​សមាគម។

ទោះ​ជា​យ៉ាង​ណា ក្រុម​ប្រជាកសិករ​ដែល​ធ្លាប់​ទទួល​បាន​វគ្គ​បណ្ដុះបណ្ដាល​ពី សមាគម​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​មហាផ្ទៃ​នេះ​យ៉ាង​ដាច់​អហង្ការ។ ក្រុម​ប្រជាកសិករ​អះអាង​ថា សមាគម​មិន​ដែល​បង្រៀន​ឱ្យ​ពួក​គាត់​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ប្រមាថ​មើល​ងាយ​ថ្នាក់​ដឹកនាំ​ប្រទេស​ជាតិ​នោះ​ឡើយ ដោយ​សមាគម​បាន​បង្រៀន​ពួកគាត់​ឱ្យ​យល់​អំពី​ច្បាប់ និង​ជំនាញ​កសិកម្ម​ប៉ុណ្ណោះ។

គិត​មក​ទល់​ពេល​នេះ លោក ថេង សាវឿន និង​សហការី​របស់​លោក​ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​រយៈពេល ​៥ថ្ងៃ​មក​ហើយ ការ​ឃុំ​ខ្លួន​រយៈពេល​យូរ ដោយ​មិន​ដោះ​លែង ឬ​មិន​ចោទ​ប្រកាន់​ពួកគេ​ទាំង​បី​នាក់​ដូច្នេះ ត្រូវ​បាន​អ្នក​សិក្សា​ផ្នែក​ច្បាប់​លើក​ឡើង​ថា គឺជា​ការ​រំលោភ​សិទ្ធិ​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ផ្អែក​តាម​សិទ្ធិ​របស់​ជន​ត្រូវ​បាន​ឃាត់​ខ្លួន នគរបាល​យុត្តិធម៌​អាច​ឃុំ​បុគ្គល​ណា​ម្នាក់​យ៉ាង​យូរ​បំផុត​ត្រឹម​តែ​រយៈពេល​ ៧២ម៉ោង តែ​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុអាស៊ីសេរី​ថា ព្រះរាជ​អាជ្ញា​រង នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្តរតនគិរី លោក កែវ ភក្ដី បាន​បញ្ចប់​ការ​ស៊ើបសួរ និង​បាន​បញ្ជូន​សំណុំ​រឿង​របស់​លោក ថេង វឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ ទៅ​ដល់​ចៅក្រម​ស៊ើបសួរ​រួច​ហើយ។ ទោះ​ជា​យ៉ាង​ណា លោក​មិន​ទាន់​ដឹង​ថា ព្រះរាជ​អាជ្ញារង​ចោទ​ប្រកាន់​ទៅ​លើ​លោក​ទាំង​បី​ពី​បទល្មើស​អ្វី​ខ្លះ​នោះ​ឡើយ ហើយ​ចៅក្រម​ស៊ើបសួរ​នៅ​មិន​ទាន់​បញ្ចប់​នីតិវិធី​សាកសួរ​ទៅ​លើ​អ្នក​ទាំង​បី​នាក់​នៅ​ឡើយ​ មក​ទល់​ល្ងាច​ថ្ងៃទី២២ ខែឧសភា​នេះ។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​សុំ​គួរ​តែ​ពិនិត្យ​យ៉ាង​ទទូច​ដែរ មើល​ទៅ​បើ​វិមតិ​សង្ស័យ​នៃ​បទ​ចោទ​ហ្នឹង​ថា​វា​ជា​រឿង​មួយ​តម្កល់​ទុក​មិន​ចាត់​ការ​បាន គួរ​តែ​ពិនិត្យ​លទ្ធភាព​ហ្នឹង​ដែរ ពី​ព្រោះ​ថា​ករណី​នេះ​យើង​ឃើញ​ហើយ​ថា លោក ថេង សាវឿន បាន​ធ្វើ​កិច្ច​ការងារ​ជួយ​កសិករ​ក៏​មិន​តិច​ដែរ ហើយ​ក៏​ជួយ​រួម​ចំណែក​ទៅ​ដល់​រដ្ឋាភិបាល​ដែរ»។

ការ​ឃាត់​ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក​នេះ ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ក្នុង​នោះ​រួមមាន​ដូចជា អង្គការ​លីកាដូ សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក មជ្ឈមណ្ឌល​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ជាដើម។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ឃាត់​ខ្លួន​អ្នក​ទាំង៣ មិន​ត្រឹម​តែ​ជា​ការ​គំរាម​កំហែង​ទៅ​ដល់​សមាគម​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំហ​សេរីភាព​ការងារ​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ទៀត​ផង​ដែរ៕

អត្ថបទរឿងនេះ ត្រូវបាន​ធ្វើបច្ចុប្បន្នភាព ដោយ​បញ្ចូលព័ត៌មានពេញលេញ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles