ព្រះ​ភិក្ខុ សាន សុជា ដែល​ជា​ព្រះសង្ឃ​ល្បីល្បាញ​ខាង​ទូន្មាន​បែប​ពុទ្ធសាសនា​លាចាក​សិក្ខាបទ

ដោយ សន ចាន់រដ្ឋា
2023.05.22
RFA

ព្រះ​ភិក្ខុ សាន សុជា ដែល​ជា​ព្រះសង្ឃ​ល្បីល្បាញ​ខាង​ទូន្មាន​បែប​ពុទ្ធសាសនា​លាចាក​សិក្ខាបទ

ព្រះភិក្ខុ សាន សុជា កាលនៅជាបព្វជិត​ក្នុង​ព្រះពុទ្ធសាសនា។ រូប៖ ហ្វេសប៊ុក San Sochea


ពុទ្ធ​បរិស័ទ​ជាច្រើន​ទាំង​តាម​បណ្ដាញ​សង្គម និង​ពុទ្ធ​បរិស័ទ​ដែល​បាន​ចូលរួម​ពិធី​លាចាក​សិក្ខាបទ​របស់​ព្រះ​ភិក្ខុ សាន សុជា បង្ហាញ​នូវ​ការ​សោកស្តាយ​ពី​ដំណឹង​លាចាក​សិក្ខាបទ​របស់​ព្រះអង្គ​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ។

បន្ទាប់ពី​ស្ថិត​នៅ​ក្នុង​ភាពជា​បព្វជិត​អស់ ៣១​ឆ្នាំ​មក ភិក្ខុ​វជិរប្បញ្ញោ សាន សុជា បាន​ប្រកាស​រៀបចំ​ពិធី​លាចាក​សិក្ខាបទ​ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី២១ ខែឧសភា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់។


ភ្លាមៗ​ក្រោយពី​ការប្រកាស​លាចាក​សិក្ខា​របស់​ព្រះ​អង្គ​មាន​ពុទ្ធ​បរិស័ទ​ជាច្រើន ទាំង​ពុទ្ធ​បរិស័ទ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​លាចាក​សិក្ខាបទ និង​ទាំង​ពុទ្ធ​បរិស័ទ​តាម​បណ្ដាញ​សង្គម​ដែល​ជា​សិស្ស​គុណ​របស់​ព្រះអង្គ បាន​សំដែង​នូវ​ការ​សោកស្តាយ​ព្រមទាំង​សំណូមពរ​ឲ្យ​លោក​ពិចារណា​ក្នុង​ការ​សាង​ភ្នួស ដើម្បី​បម្រើ​ក្នុង​ព្រះពុទ្ធសាសនា​ឡើងវិញ​។ ក្រៅពី​នេះ​ក៏​មាន​មានការ​ចែករំលែក​នូវ​វីដេអូ​ពី​ការ​ប្រកាស​លាចាក​សិក្ខា​រាប់​ម៉ឺន​ដង​ក្នុង​រយៈពេល​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ។

ជាមួយគ្នា​នេះ​ផង​ដែរ នៅក្នុង​ពិធី​លាចាក​សិក្ខាបទ​របស់​ព្រះអង្គ​នៅ​វត្ត​គោត្តមារាម នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី​ឯណោះ​វិញ ក៏​មាន​ផង​ដែរ​នូវ​ការ​បង្ហាញ​នូវ​ការ​ដឹង​គុណ​ពី​អ្វី​ដែល​ព្រះអង្គ​បាន​បំពេញ កាល​នៅ​គ្រា​ជា​ឧត្តមភេទ ដោយ​បាន​បង្រៀន​ណែនាំ​ឲ្យ​ពុទ្ធ​បរិស័ទ​យល់​ដឹង​កាន់តែ​ច្បាស់​ពី​ការ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ព្រមទាំង​ការ​អប់រំ​ចិត្ត​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ។

មិន​ខុសគ្នា​នេះ​ដែរ​ព្រះ​ភិក្ខុ ហាក់ សៀងហៃ នាយក​មជ្ឈមណ្ឌល​អប់រំ​ព្រះពុទ្ធសាសនា​នៃ​កម្ពុជា​ដែល​កំពុង​មាន​វត្តមាន​នៅ​រដ្ឋ​ចរចា (Gorgia) សហរដ្ឋ​អាម៉េរិក ក៏បាន​បង្ហាញ​នូវ​ព្រះទ័យ​សោកស្តាយ​ពិបាក​បរិយាយ​ចំពោះ​ការ​លាចាក​សិក្ខាបទ​របស់​ព្រះអង្គ សាន សុជា និង​ប្រគេន​ពរ​ក្នុង​ដំណើរ​ជីវិត​ថ្មី។

ឆ្លើយតប​ទៅ​នឹង​សំណូមពរ​នៅក្នុង​កម្មវិធី​លាចាក​សិក្ខាបទ នៅ​ថ្ងៃ​នេះ​ដែរ ព្រះអង្គ​បាន​ឆ្លើយតប​យ៉ាង​ខ្លី​ថា វា​ជា​គោលការណ៍​នៃ​ជីវិត​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ដោយ​គ្មាន​សម្ពាធ​អ្វី​នោះ​ទេ ហើយ​កន្លងមក​ពុទ្ធ​បរិស័ទ​ក៏បាន​ផ្គត់ផ្គង់​ដោយ​គ្មាន​ការ​ខ្វះខាត​នោះ​ដែរ​។ ជាង​នេះ​ទៅ​ទៀត​បំណង​លាចាក​សិក្ខាបទ​នេះ បាន​ធ្វើ​ឡើង​បី​ដង​រួច​មក​ហើយ​តាំងពី​ព្រះ​មាន​ព្រះជន្ម ២២ ២៨ និង​៣៥ និង​ចុងក្រោយ​នៅ​ព្រះជន្ម ៤៧​ព្រះវស្សា​។

ជា​ការ​ពិត​វា​អាច​មាន​ភាព​រំជើបរំជួល​មួយ​រយៈ ប៉ុន្តែ​ព្រះអង្គ​បញ្ជាក់​ថា ការ​និយាយ​ពី​រឿង​ចាក​សិក្ខាបទ​នេះ​នឹង​មិន​ហួស​ពី​មួយ​សប្តាហ៍​នោះ​ទេ ហើយក៏​គ្មាន​ការ​ដូរ​ការ​សម្រេចចិត្ត​ដែរ ហើយ​ព្រះអង្គ​មិន​បរិយាយ​ពី​ជីវិត​ឯកជន​របស់​លោក​ទេ ទុក​ឲ្យ​លោក​រៀន​រស់នៅ​ដោយ​ខ្លួនឯង ហើយ​ព្រះអង្គ​ក៏​មិន​ទាមទារ​អ្វី​នោះ​ទេ ក្រៅពី​សំណូមពរ​ដល់​ពុទ្ធបរិស័ទ​នៅ​ប្រទេស​កម្ពុជា សូម​បន្ត​ការ​រាប់អាន​ដល់​ម្តាយ​ព្រះអង្គ ដោយ​ចាត់ទុកជា​ការ​ដឹង​គុណ​ដល់​ព្រះអង្គ។


បន្ទាប់ពី​ព្រះអង្គ​លាចាក​សិក្ខា​ទៅ លោក​ក៏​នឹង​ជួយ​ជ្រោមជ្រែង​វត្ត​ដោយ​ធ្វើការ​ជាមួយ​គណៈកម្មការ​វត្ត ដោយ​ធានា​ព្រះសង្ឃ​មក​គង់នៅ​ក្នុង​វត្ត រួច​នឹង​រក​កន្លែង​ថ្មី​ទូលាយ​ជាង​នេះ ដើម្បី​រៀបចំ​ជា​មជ្ឈមណ្ឌល​អប់រំ​ព្រះពុទ្ធសាសនា និង​សំណូមពរ​ដល់​ពុទ្ធបរិស័ទ​កុំ​ឈប់​គាំទ្រ​ព្រះធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles