រូបត្លុកនយោបាយ​៖ ប្រធាន​រដ្ឋសភា​ឯកបក្ស ហេង សំរិន និង​ការរើសអើង​ផ្នែក​នយោបាយ​នៅ​មុន​ការបោះឆ្នោត

ដោយ វិទ្យុអាស៊ីសេរី
2023.05.21
RFA

រូបត្លុកនយោបាយ​៖ ប្រធាន​រដ្ឋសភា​ឯកបក្ស ហេង សំរិន និង​ការរើសអើង​ផ្នែក​នយោបាយ​នៅ​មុន​ការបោះឆ្នោត

តោះ… ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ! រូប៖ RFA


អតីត​មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​ស្រាវជ្រាវ​ច្បាប់​នៃ​អគ្គនាយកដ្ឋាន​នីតិកម្ម និង​ស្រាវជ្រាវ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក អ៊ី មុយលី ត្រូវបាន​ប្រធាន​រដ្ឋសភា​ឯកបក្ស លោក ហេង សំរិន បណ្តេញ​ចេញ​ពី​ក្របខ័ណ្ឌ​ កាលពី​ដើម​ខែឧសភា​នេះ ដោយ​គ្មាន​មូលហេតុ ក្រោយដឹង​ថា​ លោកបាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ឱ្យ​គណបក្ស​ភ្លើងទៀន។ លោក​បាន​ក្លាយ​ជា​ជនរងគ្រោះ​ចុងក្រោយ​នៃ​និន្នាការ​ដ៏គួរឱ្យ​ព្រួយបារម្ភ ​ដែល​កាន់តែ​កើនឡើង​នៃ​ការរើសអើង​ផ្នែក​នយោបាយ​នៅមុន​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ខាងមុខ។

គិត​ចាប់ពី​ឆ្នាំ​២០២០ ក្រៅពី​លោក អ៊ី មុយលី ក្រសួង​ស្ថាប័នរដ្ឋ​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​ជាតិ​ ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​លុបឈ្មោះ​មន្ត្រី​រាជការ​តាម​អំពើ​ចិត្ត ក្នុង​នោះ​រួមមាន​គ្រូបង្រៀន​ជាង ១០​នាក់ ដែល​ពួកគេ​ភាគច្រើន​ធ្លាប់​ជាប់ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ស្រុក និង​ខេត្ត​មកពី​គណបក្ស​ប្រឆាំង។ ក្រៅពីនោះ ក៏មាន​ករណី​លុបឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ ដូចជា​ករណី​មន្ត្រី​បក្ស​ភ្លើងទៀន​ ដែល​​បម្រើ​ការងារ​នៅ​ការិយាល័យ​កសាង​សមត្ថភាព​នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​នៃ​សាលាខេត្ត​កណ្ដាល លោក ផុន សុភា មន្ត្រី​បម្រើការ​នៅ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន​នៃ​ក្រសួង​សុខាភិបាល លោក កែវ សុមុនី គ្រូបង្រៀន​នៅ​អង្គភាព​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ​នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា លោក អេង ស្រូយ និង​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន លោក ខឹម មុនីកុសល ផងដែរ។

កាន់តែធ្ងន់ធ្ងរ​ជាងនេះទៀត នៅ​ពាក់កណ្តាល​ខែឧសភា​នេះ គណបក្ស​ភ្លើងទៀន ក៏​មិន​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជាតិ​នាពេល​ខាងមុខឡើយ ក្រោម​ហេតុផល​ថា​គណបក្ស​នេះ ​ពុំបាន​បំពេញ​ឯកសារ​គ្រប់គ្រាន់ បើទោះបីជា​ គ.ជ.ប ខ្លួនឯង​ធ្លាប់​បាន​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ ​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​កាលពី​ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ២០២២​ កន្លងទៅ​ក៏ដោយ។ ចំណាត់ការ​របស់​ គ.ជ.ប យ៉ាងដូច្នេះ រងនូវ​ការរិះគន់​ថា ជា​ការធ្វើឡើង​ ដើម្បី​ធានា​ជ័យជម្នះ​ទុកជា​មុន​របស់​គណបក្ស​កាន់អំណាច ដែល​នឹង​ប្រកួតប្រជែង​ការបោះឆ្នោត​មួយ​ ដែលគ្មាន​គូប្រជែង​ពិតប្រាកដ៕

អាន​សេចក្ដីរាយការណ៍​ពិស្ដារ សូមចុចត្រង់នេះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles