លោក ហ៊ុន សែន ប្រតិកម្ម​ទៅ​នឹង​ទូត​បរទេស ក្នុង​ករណី​លោក កឹម សុខា

២២ ឧសភា ២០២៣
ថាំង ស៊ីណន
ហាន ណូយ
វីអូអេខ្មែរ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅពហុកីឡដ្ឋានមរតកតេជោ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅពហុកីឡដ្ឋានមរតកតេជោ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។


ភ្នំពេញ — លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រតិកម្ម​ទៅ​នឹង​តំណាង​ទូត​បរទេស ដែល​លោក​ថា​ប្រើប្រាស់​ស្តង់ដារ​ពីរ និង​លូកដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ក្នុង​នោះ​មាន​ករណី​លោក កឹម សុខា មេដឹក​នាំ​គណបក្ស​ជំទាស់​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះនៅក្នុងពិធីសម្ពោធ​ដាក់​ឱ្យប្រើប្រាស់​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​នៅ​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះ​សីហនុ។ ទោះ​ជាយ៉ាងណា​លោក ហ៊ុន សែន មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ចំៗ​នោះ​ទេ។ លោក​ថ្លែង​ថា​ប្រទេស​មួយ​នោះ មក​និយាយ​ជាមួយ​លោក​អំពី​បញ្ហា​ផ្ទៃ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ដែល​ទៅ​និយាយ​ជាមួយ​ប្រទេស​ថៃ ដើម្បី​ឱ្យ​អតីត​នាយក​រដ្ឋន្រ្តី​ថៃ លោក Thaksin Shinawatra និង​ប្អូនស្រី​របស់លោក គឺ​អ្នកស្រី Yingluck Shinawatra​ បាន​ចូល​ប្រទេស​ថៃ​វិញ​ឡើយ។

លោក​ថ្លែង​ថា៖ «ស្តង់ដារ​ពីរ មក​សង្កត់​តែ​កម្ពុជា​ឱ្យ​ធ្វើ​អញ្ចេះៗៗៗ ដល់​ទៅ​ជាមួយ​គេ​អ្នក​ខ្លះ អត់​ហ៊ាន​ដែរ។ បាន​ខ្ញុំ​ចង្អុល​មុខ​ពួក​អ្នក​ឯង​មក​និយាយ​តែ​ជាមួយ​ខ្ញុំ​ទេ ឱ្យ​អ្នក​នេះ​អីចេះ អ្នក​នោះ​អីចុះ»

លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​តំណាង​ទូត​បរទេស​មួយ​ចំនួន ដែល​លោក​ថា​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក កឹម សុខា បើ​ទោះ​លោក​មិន​បញ្ចេញ​ឈ្មោះ​លោក កឹម សុខា ចំៗ​ក៏ដោយ។ លោក​ថ្លែង​ថា​ពួកគេ​បាន​ទៅ​ជួប​លោក កឹម សុខា ដល់​ផ្ទះ និង​នាំ​មក​ជួប​ក្នុង​ស្ថាន​ទូត​ ក្នុង​ពេល​ដែល​តុលាការ​កំពុង​ស៊ើប​អង្កេត​រឿង​ឃុប​ឃិត​ជាមួយ​បរទេស។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា៖ «បើ​សិន​ជា​សាល​ក្រម​ហ្នឹង បើ​ ហ៊ុន សែន ចង់​ធ្វើ ហ៊ុន សែន អាច​ធ្វើ​បាន។ តែ​ ហ៊ុន សែន មិន​ទុក​ចិត្ត​អ្នក​ឯង ព្រោះ​អ្នក​ឯង​លេង​ខូច ចាប់​ដៃ​ជាន់​ជើង​ខ្ញុំ។ អ្នក​ឯង​មក​ធ្វើ​ការ​ជាមួយ​ខ្ញុំ បន្ទាប់​ទៅ អ្នក​ឯង​ទៅ​ជួប​អ្នក​ផ្សេង»

លោក ហ៊ុន សែន ក៏​ប្រតិកម្ម​ទៅ​នឹង​ប្រទេស​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​នោះ​ថា៖ «រដ្ឋមន្រ្តី​ការ​បរទេស​របស់​គេ​មក​ជួប​ជាមួយ​ខ្ញុំ ចេញ​ពី​ហ្នឹង​ទៅ ទៅ​ជួប​នៅ​ណោះ។ ហើយ​អ្នក​ឯង​ធ្វើ​អញ្ចឹង? ​ហើយ​ម៉េច​មិន​ប្រាប់​ក្រសួង​ការបរទេស​កម្ពុជា​ផង មួយ​ម៉ាត់ ហើយ​ចាំបាច់​ស្ងាត់? ស្ងាត់​ទៅណា​រួច ស្មាន​តែ​គេ​ហ្នឹង គេ​ភ្លើ? គេ​គ្រប់​គ្រង​ប្រទេស​គេ​មួយ​ដែរ»

លោក ហ៊ុន សែន បន្ថែម​ថា​រឿង​ផ្ទៃ​ក្នុង​របស់​កម្ពុជា ទុក​ឱ្យ​កម្ពុជា​ជា​អ្នក​ដោះ​ស្រាយ។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ទំនង​សំដៅ​ទៅ​ទូតបរទេស​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​សហរដ្ឋ​អាមេរិក និង​បារាំង ដែល​លោក កឹម សុខា ធ្លាប់​មាន​វត្តមាន​នៅ​ក្នុង​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ក្នុង​ពេល​លោក​កំពុង​ជាប់​ក្តី​ក្តាំ​នៅ​តុលាការ។

កញ្ញា​ Stephanie Arzate​ អ្នកនាំ​ពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រាប់​វីអូអេថា​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស គឺជា​ចំណុច​ស្នូល​នៃ​គោល​នយោបាយ​ការ​បរទេស​របស់អាមេរិក​នៅ​កម្ពុជា និង​ជុំវិញ​ពិភព​លោក។ អ្នកស្រី​បន្ដ​ថា​អាមេរិក​មិន​គាំទ្រ​បុគ្គល ស្ថាប័ន ឬគណបក្សនយោបាយ​ណា​មួយ​ឡើយ ហើយ​ការ​ជួប​ជាមួយ​បុគ្គល​នានា ជា​បែប​បទ និង​ការ​អនុវត្ត​នៃ​ការ​ទូត​របស់​អាមេរិក។

អ្នក​នាំពាក្យ​រូបនេះ​បញ្ជាក់​បន្ថែម​ថា​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​លោក កឹម សុខា រយៈពេល​២៧ឆ្នាំ គឺជា​កង្វល់​មួយ ហើយ​អយុត្តិធម៌​សម្រាប់​រូប​លោក។

កាលពី​ថ្ងៃទី១០ ខែ មករា ​ឆ្នាំ ២០២៣ ​លោក កឹម សុខា បាន​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​លោក​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ សាធារណរដ្ឋ​បារាំង នៅ​ក្នុងស្ថាន​ទូតបារាំង​ប្រចាំ​កម្ពុជា។

ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​ស្ថាន​ទូត​មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ឡើយ។

លោក វណ្ណ ប៊ុនណា ប្រធាន The Thinker Cambodia (រូបថត៖ ផ្តល់ដោយ លោក វណ្ណ ប៊ុនណា)
លោក វណ្ណ ប៊ុនណា ប្រធាន The Thinker Cambodia (រូបថត៖ ផ្តល់ដោយ លោក វណ្ណ ប៊ុនណា)

​អ្នក​តាមដាន​នយោបាយ​អន្តរជាតិ លោកប្រាប់​វីអូអេ​ថា​ទំនាក់​ទំនង​កម្ពុជា​និងសហ​រដ្ឋអា​មេរិក មាន​សភាព​រកាំរកូស​ជា​មួយ​គ្នា​តាំងពី​យូរមក​ហើយ ជាពិ​សេស​ចាប់​តាំង​ពី​កម្ពុជា​មាន​បញ្ហា​នយោបាយ​ក្នុង​ស្រុក។ លោក​បន្ថែម​ថា​កត្តា​ចំនួន​ពីរ​ដែល​កំណត់​ជោគ​វាសនា​នៃ​ទំនាក់​ទំនង​រវាង​ប្រទេ​ស​ទាំងពីរ​នោះ គឺ​នយោបាយ​ក្នុង​ស្រុក​និង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា​៖ «បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ វា​បាន​ជា​កត្តា​ដើម​ចម​មួយ​ដែល​ធ្វើ​ឱ្យមាន​ការ​ឆ្លើយ​តប​ពី​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នក​នយោបាយ​មក​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជាពិសេស​គណបក្ស​ប្រឆាំង​ដូចជា​សកម្មជន​មួយ​ចំនួន​ផង​ដែរ។ មួយ​ទៀត​ទាក់ទង​នឹង​កត្តា​ចិន ដោយសា​រវត្តមាន​ចិន​នៅ​កម្ពុជា​ ជាហេតុធ្វើ​ឱ្យ​សហរដ្ឋអា​មេរិក​មិន​សូវ​សប្បាយ​ចិត្ត​ទៅ​លើ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា។ ដូច្នេះ​កត្តា​ពីរ​នេះ វា​ចង​ដែល​ធ្វើ​ឱ្យល្អក់​កករ​ក្នុង​ទំនាក់​ទំនង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​»

បើតាម​អ្នក​ជំនាញ​កិច្ច​ការអន្តរជាតិ​រូប​នេះ​ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ល្អ​ប្រសើរ កម្ពុជា​ត្រូវ​តែ​ស្តារ​នយោបាយ​ក្នុង​ស្រុក​របស់​ខ្លួន​ឱ្យ​ល្អ​ប្រសើរ​ និង​ត្រូវ​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​មហា​អំណាច។

លោក​ថ្លែង​ថា៖​ «ដូច្នេះ​កត្តា​ទី១​គឺ​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​។ ទី២​កម្ពុជា​ត្រូវ​តែ​បង្ហាញអំពី​ការធ្វើ​តម្លាភាព ឬក៏​តុល្យ​ភាព​នៅ​ក្នង​ទំនាក់​ទំនង​រវាង​បណ្តា​ប្រទេស​កម្ពុជា និងចិន​ ក៏ដូចជា​សហរដ្ឋ​អាមេរិក​ក៏ដូចជា​បណ្តា​ប្រទេស​មហា​អំណាច​ទៀត​ផង​។នេះ​គឺ​ជាអ្វី​ដែល​កម្ពុជា​អាច​ធ្វើបាន។ ក្រៅ​ពី​នេះ ក៏មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ​ សហរដ្ឋ​អាមេរិក​ត្រូវតែ​ស្វែងយល់​ពី​ចំណុច​ផល​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ទាំងផល​ប្រយោជន៍ សេដ្ឋកិច្ច​និង​ភូមិសាស្ត្រ​នយោ​បាយ​ផង​ដែរ»

អ្នក​វិភាគ​នយោបាយ​ លោក​ សេង សារី ប្រាប់វី​អូ​អេ​ថា​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ កំពុង​តែធ្វើ​នយោបាយ ​ដោយ​យក​សហរដ្ឋ​អាមេរិកធ្វើ​ជា​សត្រូវ​ ដែល​លោក​ចាត់​ទុក​ថានេះ​ជា​យុទ្ធសាស្ត្រ​របស់​លោក​ ហ៊ុន​ សែន ដើម្បី​ចំណេញ​ប្រយោជន៍​នយោបាយ។ បើតាម​អ្នកវិភាគ​រូបនេះ រដ្ឋាភិបាល​កម្ពុជា​តែងតែ​អះអាងថា​ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អព្យាក្រឹត្យ ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​លម្អៀង​ទៅ​រក​ចិន។

លោក​ថ្លែង​ថា​៖ «នៅក្នុងវិ​ទ្យាសាស្ត្រ​នយោបាយគេថា​ចាប់​យក​សត្រូវ​នយោបាយ​ កំណត់​សត្រូវ​នយោបាយ​ហើយដើម្បី​ទាក់​ទាញ​ការចាប់​អារម្មណ៍​ទៅ​បង្ហាញ​ទៅ​ពលរដ្ឋ​ថា​សូម្បីតែ​អាមេរិក​ក៏ខ្លួន​ហ៊ាន​ឈ្លោះ​ជាមួយ​ដែរ​ សូម្បីតែ​អាមេរិកក៏ខ្លួន​ហ៊ាន​តតាំង​ជាមួយ​ដែរដើម្បី​ទាក់ទាញ​ការ​គាំទ្រ។ ចំណុច​នេះ​ខ្ញុំ​សង្កេត​ឃើញថា​វាហាក់​ដូចជា​ស្រដៀង​ទៅនឹង​ចុង​សម័យ​សង្គម​រាស្ត្រ​និយម​ហើយ​ប្រហែល​ជា​អាច​ឆ្លុះ​បញ្ចាំង​ថា​វាអាច​ជា​កាលៈទេសៈ​មួយ​នៃ​ចុង​សម័យ​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន»

លោក សេង សារី បន្ថែមថា៖ «អ៊ីចឹង​សម្រាប់​ខ្ញុំ ខ្ញុំ​វាយ​តម្លៃ​ថា​ទំនាក់ទំនង​យើង​មើលក្នុង​កម្រិត​រវាង​ប្រទេស​និងប្រទេស​ ខ្ញុំថា​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ មិនមាន​ផល​បះ​ពាល់​ឬ​ក៏​ការ​ធ្លាក់​ចុះ​នៃ​ទំនាក់​ទំនង​ការ​ទូត​ទេ។ ក៏ប៉ុន្តែ​បើ​យើង​មើល​ក្នុង​កម្រិត​សហរដ្ឋអាមេរិក​ជាមួយ​នឹង​រដ្ឋាភិ​បាល មាន​ន័យ​ថា​ជា​មួយ​លោក​នាយករដ្ឋ​មន្ត្រី​និយាយ​ដោយ​ចំទៅ​គឺមិន​សូវ​ជា​ប្រសើរ​ឡើង​ទេ។ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ ក៏មាន​ការ​បង្ហាញ​អំពី​ទំនាក់​ទំនង​ក្រៅ​ផ្លូវការ។ យើង​ឃើញថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ប្រវត្តិសាស្ត្រ​ក៏​ធ្លាប់​ទៅ​ធ្វើ​ទស្សន​កិច្ច​ក្នុង​ស្ថាន​ទូត​អាមេរិក​អំឡុង​ពេល​បុណ្យ​ណូអែល​ជាដើម​»

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា​កម្ពុជា​រាប់​អាន​ប្រទេស​ទាំង​អស់​ស្មើ​គ្នា និង​មិន​យក​ប្រទេស​ណាមួយ​ជា​សត្រូវ​ឡើយ៕

What Next?

Recent Articles