អតិថិជន​ផ្ទុះ​ការ​តវ៉ា​ករណី​គម្រោង​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​បង់លុយ​ច្រើន​ឆ្នាំ​មិនបាន​ផ្ទះ

ដោយ មាន ឫទ្ធិ
2023.05.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតិថិជន​ផ្ទុះ​ការ​តវ៉ា​ករណី​គម្រោង​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​បង់លុយ​ច្រើន​ឆ្នាំ​មិនបាន​ផ្ទះ

ប្រធានក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា។ រូប៖ ហ្វេសប៊ុក


អតិថិជន​ទិញ​ផ្ទះ​ពី​គម្រោង​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ ដោយ​ថា ពួកគេ​បង់លុយ​គ្រប់​ចំនួន​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ផ្ទះ​តាម​ការ​សន្យា។ ជុំវិញ​បញ្ហា​នេះ​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា បកស្រាយ​ថា ការសាងសង់​យឺតយ៉ាវ​ដោយសារ​ទំនិញ​ឡើងថ្លៃ​សុំ​ឱ្យ​អតិថិជន​យោគយល់។

អតិថិជន​ផ្ទុះ​ការ​តវ៉ា​បន្តបន្ទាប់​ដោយ​អះអាង​ថា ពួកគាត់​រកលុយ​បាន​ដោយ​លំបាក ហើយ​ខ្លះ​ខ្ចី​លុយ​ពី​ធនាគារ​ផង​យក​មក​បង់​ឱ្យ​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា រាប់​ឆ្នាំ​មក​ហើយ នៅ​មិន​ទទួល​បាន​ផ្ទះ ហើយ​មួយ​រយៈពេល​ចុងក្រោយ​នេះ ពួកគាត់​សួរនាំ​ទៅ​ក្រុមហ៊ុន​មួយ​នេះ​មិន​មាន​ការ​ឆ្លើយតប​ទេ។

ការ​តវ៉ា​គឺ​អ្នកខ្លះ​ធ្វើ​ឡើង​ដោយ​សរសេរ​សារ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​អ្នក​ខ្លះ​និយាយ​ជា​វីដេអូ​ផ្សព្វផ្សាយ ហើយ​ពួកគេ​ក៏​បាន​បង្កើត ជា​ក្រុម​ឆាត​តាម​តេឡេក្រាម​ផង​ដែរ។ អ្នក​តវ៉ា​ទាំងនេះ គ្រោង​ប្រមូល​ផ្តុំ​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ខាងមុខនេះ​នៅ​សាខា​ណាមួយ​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា។

អតិថិជន​ម្នាក់​កញ្ញា ម៉ារី ណែត ថ្លែង​ថា កញ្ញា​បាន​បង់លុយ​ទៅ​ក្រុមហ៊ុន លោក ឡេង ណាវ៉ាត្រា ជិត​៣​ឆ្នាំ​ហើយ ចំនួន​៣​ម៉ឺន ៥​ពាន់​ដុល្លារ ទិញ​ផ្ទះ​នៅ ផ្លូវជាតិ​លេខ​៦ នៅ​ក្នុងស្រុក​មុខកំពូល​ខេត្ត​កណ្តាល​។ កញ្ញា​បន្ត​ថា ការ​សម្រេចចិត្ត សរសេរ​ផ្សព្វផ្សាយ​ទាមទារ លើ​ហ្វេសប៊ុក​នេះ ដោយសារតែ​ទីតាំង​ដី ដែល​កញ្ញា​ទិញ​នោះ មិន​ទាន់​បាន​សាង​សង់ផ្ទះ ហើយ​មួយ​រយៈ​ចុង​ក្រោយនេះ​សាកសួរ​តាម​ទូរស័ព្ទ និង​ទៅ​សួរ​ដល់​ការិយាល័យ​ក៏​មិន​មាន​ការ​ឆ្លើយ​តប។

កញ្ញា ម៉ារី ណែត៖ «សម្រាប់​ផ្ទះ​ខ្ញុំ​គឺ​ខ្ញុំ​ទិញ​ជិត​៣​ឆ្នាំ​ហើយ តែ​អត់​ទាន់​មាន​ជើង​សសរ​មួយ​ដើម​ផង។ទៅ​ហ្នឹង​ដូច​អត់​មាន​មនុស្ស​ផង មានតែ​បុគ្គលិក​ប៉ុន្មាន​នៅក្នុង​Office។ ខ្ញុំ​ទៅ​ហ្នឹង​គឺ​ទៅ​តែ​ផ្ទះ​ខ្ញុំ​ទេ ព្រោះ​ទៅ​officeក៏​អត់​មានន័យ​អី​ដែរ ឆ្លើយ​ដដែលៗ បុគ្គលិក​ឆ្លើយ​ដដែល​ឆ្លើយ​លែង​ចេញ​ហើយ សូម្បីតែ​ខ្ញុំ​ទាក់ទង​តាម​ទូរស័ព្ទ​ក៏​អ៊ីចឹង​ដែរ។ និយាយ​ទៅ​បុគ្គលិក​អស់​ពាក្យ​ដោះសារ​ជាមួយ​យើង​តែម្តង»។


ចំណែក​អតិថិជន​ម្នាក់​ទៀត លោក ជីធី ភីណារ៉ាក់ សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ទិញ​ផ្ទះ​គម្រោង​លោក ឡេង ណាវ៉ាត្រា នៅ​ផ្លូវ​ជាតិ​លេខ​៦​ដែរ ហើយ​លោក​មានការ​ភ័យខ្លាច​ដោយ​សារ​លុយ​លំបាក​រក ហើយ​បង់​អស់ មិន​បាន​ផ្ទះ។

វិទ្យុ​អាស៊ីសេរី​ព្យាយាម​ទាក់ទង​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ទាំង​តាម​ឆេត​ហ្វេសប៊ុក (Messenger)ផេក និង​ហៅ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២១ ខែ​ឧសភា ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប។

ទោះ​យ៉ាងណា​លោក​បាន​បកស្រាយ​នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​លោក​នៅ​ថ្ងៃទី​២១ ខែ​ឧសភា ថា លោក​មិន​រត់ចោល​អតិថិជន​ទេ ទោះជា​មានការ​សាងសង់​យឺតយ៉ាវ​បន្តិច។ ទន្ទឹម​នឹង​នេះ​លោក ឡេង ណាវ៉ាត្រា ចោទ​ថា អ្នក​រិះគន់​វាយប្រហារ​លោក គឺជា​ក្រុម​ប្រឆាំង នៅ​ក្រៅ​ប្រទេស ញុះញង់​អតិថិជន។

លោក ឡេង ណាវ៉ាត្រា៖ «ពុក​ម៉ែ​បងប្អូន​កុំឱ្យ​មានការ​ព្រួយបារម្ភ​គឺ​ក្រុមហ៊ុន​មានការ​ទទួលខុសត្រូវ​ទាំង​គុណភាព​សំណង់ ទាំង​ការទទួលខុសត្រូវ​ផ្សេងៗ​ដែល​មាន​ការ​ផ្តិត​មេដៃ។ ហើយក៏​សូម​ផ្តាំ​ទៅ​ជន​អគតិ​ជាពិសេស យើង​អត់​មាន​បោក​អតិថិជន អត់​ទេ នេះ​ជា​ការ​បំភ្លៃ​ការ​ពិត​ទាំងស្រុង ហើយ​គាត់​ថា យើង​លក់​បុរី​ខ្យល់ បុរី​ខ្យល់​យ៉ាងម៉េច យើង​បាន​សាងសង់​ជាង​១​ម៉ឺន​ល្វែង ដែល​អតិថិជន ពុក​ម៉ែ​បងប្អូន​កំពុង​រស់នៅ»។

នៅ​ថ្ងៃទី​២១ ខែ​ឧសភា ដដែល នៅ​លើ​ផេកហ្វេសប៊ុក លោក ឡេង ណាវ៉ាត្រា ផ្សព្វផ្សាយ​សារ​ជា​អក្សរ​និង​វីដេអូ ជាង​២០​សារ​ជា​បន្តបន្ទាប់ ដោយ​មិន​ព្យាយាម​បក​ស្រាយ​លើ​សំណើ​របស់​អតិថិជន​ទេ ប៉ុន្តែ​ផ្ដោត​វាយប្រហារ​លើ​អ្នក​តវ៉ា​ថា ជា​ក្រុមប្រឆាំង ឬ​ជា​ក្រុម​អគតិ​នៅ​ក្រៅ​ប្រទេស។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ​លោក ជ្រី បូរ៉ា លើកឡើង​ថា វិស័យ​ធំៗ ដែល​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​មាន​ទាំង​សំណង់ ទេសចរណ៍ ឧស្សាហកម្ម​កាត់ដេរ និង កសិកម្ម​បាន​ចុះ​ខ្សោយ​ទាំងអស់​។ លោក​បន្ត​ថា ពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ខ្លាំង​កំពុង បន្ត​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។


លោក ជ្រី បូរ៉ា បន្ត​ថា បញ្ហា​របស់​ក្រុមហ៊ុន លោក ឡេង ណាវ៉ាត្រា និង​ឧកញ៉ា​ផ្សេងទៀត​គឺ​ជា​វិបត្តិ​សេដ្ឋកិច្ច​រួម ហើយ​ថា បើ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទប់ស្កាត់​ជាក់លាក់​ទេ​នោះ នឹង​ប៉ះពាល់​ដល់​ធនាគារ​ព្រោះ​ពលរដ្ឋ​មិន​មាន​លុយ​បង់​សង ហើយ​ឈាន​ដល់​ប៉ះពាល់​សេដ្ឋកិច្ចជាតិ​កាន់តែ​ខ្លាំង។


លោក ជ្រី បូរ៉ា៖ «បើសិនជា​រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​ដោះស្រាយ​ទេ វា​អាច​រុញ​ទៅ​ជា​បន្តបន្ទាប់។ ឧទាហរណ៍​ទី​១ ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​បន្ទាប់ពី​បាត់បង់​ការងារ ហើយ​គាត់​បង់លុយ​សម្រាប់​ដោះស្រាយ​បំណុល​ជា​ធនាគារ អ៊ីចឹង​វា​អាច​មាន​បញ្ហា​ដល់​វិស័យ​ធនាគារ»។

ជុំវិញ​រឿង​នេះ​អ្នកជំនាញ​សេដ្ឋកិច្ច​បណ្ឌិត សុក ហាច មាន​ប្រសាសន៍ថា កម្ពុជា​កំពុង​ជួប​បញ្ហា​ខ្វះ​សាច់ប្រាក់​ពី​ការ​វិនិយោគ​ទាំង​ពី​ប្រទេស​ចិន​និង អឺរ៉ុប​។ លោក​បន្ត​ថា ចំណូល​ពី​វិស័យ​ផ្សេងទៀត​ក៏ មាន​ការ​ធ្លាក់ចុះ​ដែរ ទើប​លោក​សន្និដ្ឋាន​ថា សេដ្ឋកិច្ច​កំពុង​ប៉ះពាល់​ខ្លាំង។

លោក សុក ហាច៖ «ពីមុន​យើង​មាន​ធនធាន​ធម្មជាតិ​ច្រើន​ខុសច្បាប់​ត្រូវ​ច្បាប់​អី​យើង​ចេះតែ​កាប់​លក់​ទៅ ដូច្នេះ​មាន​លុយ​ចូល​មែន យើង​មិន​និយាយ​ពី​ច្បាប់​មិន​ច្បាប់​ទេ យើង​និយាយ​ពី​សេដ្ឋកិច្ច​សុទ្ធ។ ឥឡូវ​ក៏​អស់​ទៀត ដូច្នេះ​សាច់​លុយ​ពី​ក្រៅ ការ​វិនិយោគ​ក្រៅ​ស្រុក តាម​ទេសចរណ៍ ឬ​ក៏​តាម​ការ​លក់​ធនធានធម្មជាតិ​ហ្នឹង​បាត់ ដូច្នេះ​ខ្ញុំ​ជឿ​ថា សេដ្ឋកិច្ច​ស្រុក​យើង​នឹង​ដុនដាប​ខ្លាំង»។

លោក សុក ហាច បន្ត​ថា បច្ចុប្បន្ន​នេះ ឧកញ៉ា​ជាច្រើន​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច ខណៈ​ឧកញ៉ា​មួយ​ចំនួន​ប្រកាស​ក្ស័យធន។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​ផែនការ ច្បាស់​លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ រួមមាន​ទាំង​ធ្វើ​កំណែ​ទម្រង់​នយោបាយ​ដឹកនាំ​កុំឱ្យ​ដើរ​ផ្ទុយ ពី​បណ្តា​ប្រទេស​លោក​សេរី​ព្រោះ​សេដ្ឋកិច្ច​កម្ពុជា​មួយ​ផ្នែក​ធំ​ពឹងផ្អែក លើ​សហភាព​អឺរ៉ុប និង​អាមេរិក។

នៅក្នុង​រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៣​នេះ ឧកញ៉ា មួយ​ចំនួន​ឈាន​ដល់​ការ​ប្រកាស​ដោយ​បើកចំហ​ពី​ការ​ក្ស័យធន​ដូចជា ម្ចាស់​ក្រុមហ៊ុន​ដីឡូត៍​និង​ផ្ទះ​លោក ជា សារ៉ន ម្ចាស់​ក្រុមហ៊ុន​លក់​ផ្ទះល្វែង ខេ​ភី​KP របស់​អ្នកស្រី ម៉ន ដានី ម្ចាស់​គម្រោង​វិនិយោគ​លើ​ការសាងសង់​ផ្សារ រីសត​និង​អចលនទ្រព្យ​ផ្សេងៗ​លោក នួន អក ជាដើម។ ក្រៅពី​ឧកញ៉ា​ទាំងនេះ អ្នក​ជំនួញ​ក្នុង​ទឹកប្រាក់​រាប់​សែន និង​រាប់​លាន​ដុល្លារ ក៏​ប្រកាស​ពី​ការ​ក្ស័យ និង​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ​បន្តបន្ទាប់​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២១ ខែ​ឧសភា។

ទោះជា​លោក ឡេង ណាវ៉ាត្រា បញ្ជាក់​ថា ខ្លួន​មិនទាន់​ក្ស័យធន​រត់​ចោល​អតិថិជន​ក៏ដោយ ក៏​លោក​នៅ​មិនទាន់​កំណត់​ពេល​ច្បាស់លាស់​ថា អតិថិជន​ដែល​បាន​បង់លុយ​ហើយ​ជិត​៣​ឆ្នាំ ពេលណា​ទទួល​បាន​ផ្ទះ​នោះ​ទេ គឺ​គ្រាន់តែ​សុំ​ការ​យោគយល់​ព្រោះថា ក្រុមហ៊ុន​លោក​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​ខ្ពស់​រង​ឥទ្ធិពល​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អតិថិជន​ផ្ទុះ​ការ​តវ៉ា​ករណី​គម្រោង​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​បង់លុយ​ច្រើន​ឆ្នាំ​មិនបាន​ផ្ទះ"