ក្រសួង​បរិស្ថាន​ថា ​យុវជន​មាតា​ធម្មជាតិ​ប្រព្រឹត្ត​សកម្មភាព​ប្រាស​ចាក​ពី​ឧត្តម​ប្រយោជន៍​ជាតិ

២៤ ឧសភា ២០២៣
កាន់ វិច្ឆិកា
វីអូអេខ្មែរ

ក្រុម​យុវជន​បរិស្ថាន​លើក​បដា «បញ្ឈប់​ការ​កាត់​ឧទ្យាន​ជាតិ​នៅ​កម្ពុជា» និង​ផលិត​ផល​របស់​ក្រុម​ហ៊ុន វ័ន ម័រ ដែល​បាន​ទទួល​សិទ្ធិ​កាន់​កាប់​ដី​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ នៅ​មុខ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី ២២ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ក្រុម​យុវជន​បរិស្ថាន​លើក​បដា «បញ្ឈប់​ការ​កាត់​ឧទ្យាន​ជាតិ​នៅ​កម្ពុជា» និង​ផលិត​ផល​របស់​ក្រុម​ហ៊ុន វ័ន ម័រ ដែល​បាន​ទទួល​សិទ្ធិ​កាន់​កាប់​ដី​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ នៅ​មុខ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី ២២ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)


ភ្នំពេញ — ក្រសួង​បរិស្ថាននៅ​ថ្ងៃ​ពុធ​នេះប្រកាសជា​សាធារណៈថា ក្រុមយុវជន​ចលនាមាតាធម្មជាតិដែល​មាន​ទំនាក់​ទំនង​ជាមួយ​បុរស​សញ្ជាតិអេស្ប៉ាញ​លោក​ Alejandro Gonzalez Davidson បាន​ប្រព្រឹត្ត​សកម្មភាព​ប្រាសចាក​ពីឧត្តម​ប្រយោជន៍​នៃ​សង្គមជាតិ​ និង​ផ្ទុយ​ពី​បទ​ប្បញ្ញត្តិ​ច្បាប់​នៅ​កម្ពុជា។

​ការ​ប្រកាស​របស់​ក្រសួង​បរិស្ថាន​ធ្វើ​ឡើង​បន្ទាប់​ពីក្រុម​យុវជន​បរិស្ថាន​ និង​យុវជនចលនា​មាតា​ធម្មជាតិប្រមាណ​ជាជិ​ត​២០​នាក់ កាល​ពី​ថ្ងៃ​ចន្ទ បាននាំគ្នាហែ​ញត្តិទៅ​ក្រសួង​បរិស្ថានស្នើ​ឱ្យ​ក្រសួង​ដក​ហូត​ដីនៅឧទ្យាន​ជាតិគិរីរម្យ​ ដែន​ជម្រក​សត្វព្រៃភ្នំឱរ៉ាល់ និងដែន​ជម្រក​សត្វ​ព្រៃកែវ​សីម៉ា​ ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ទៅឱ្យ​វិស័យឯកជន។ ពួកគេ​ក៏​បាន​ប្រកាសធ្វើ​ពហិកាមិន​ប្រើ​ផលិត​ផលក្រុម​ហ៊ុន វ័ន ម៉រ (One More Ltd.) របស់លោកស្រី ជឹង សុគន្ធាវី​ កូន​ស្រី​របស់​លោកស្រី ជឹង សុភាព​ ហៅយាយ​ភូ​ ដែល​ទទួល​បាន​ដី​ជាង​៩០០​ហិកតា នៅ​តំបន់​ទាំង​បី។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី២៤ ​ខែឧសភា ឆ្នាំ​២០២៣ បាន​បញ្ជាក់​ថា បណ្តាញ​អង្គការ​ចាត់តាំង​ដែល​ប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំ​ដោយបុគ្គល​សញ្ជាតិ​អេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមាន​លក្ខណៈ​សម្បត្តិ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះទេ​។

ក្រសួង​បន្ថែម​ថា កាលពីឆ្នាំ២០១៧ ប្រធាន​អង្គការ​នេះ​បាន​ដាក់​លិខិត​ស្នើ​សុំ​រំលាយ​អង្គការ​នេះ​ទៅក្រសួង​មហាផ្ទៃ ​ហើយ​ក្រសួង​មហាផ្ទៃ​បាន​សម្រេចលុប​ឈ្មោះ «អង្គការ​មាតាធម្មជាតិ» ចេញ​ពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាស្ថាពរ។

ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះតាម​ន័យ​ដើម​ថា៖ «រាល់​សកម្មភាព​ដែល​បក្ខ​ពួក​ និង​ក្រុម​នេះបាន​ប្រព្រឹត្ត គឺ​ប្រាសចាក​នឹង​ឧត្តម​ប្រយោជន៍​នៃសង្គមជាតិ​កម្ពុជា និង​ផ្ទុយ​ពី​បទប្បញ្ញត្តិ​នៃក្រមរដ្ឋប្បវេណី​ ក្រមព្រហ្មទណ្ឌ​ និង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​ រដ្ឋាភិបាល​។ ដូច្នេះ អ្នក​ដែល​ចូល​រួម​ធ្វើសកម្ម​ភាព​ជាមួយ​ក្រុមនេះ​ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»

ក៏ប៉ុន្តែ​ ក្រសួង​បរិស្ថាន​មិនបាន​បញ្ជាក់ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន​អំពីមូលហេតុថា តើ​ក្រុម​យុវជន​ចលនាមាតាធម្មជាតិ​បាន​ប្រព្រឹត្ត​សម្មភាព​ប្រាសចាក​នឹង​ឧត្តម​ប្រយោជន៍​សង្គម​ជាតិ​កម្ពុជា បែបណា​នោះ​ទេ។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្រ្តីក្រសួង​បរិស្ថាន លោក សាយ សំអាល់ និង​អ្នកនាំពាក្យ​ លោក នេត្រ ភក្រ្តា តែ​មិនមាន​ការ​ឆ្លើយតប រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

ក្រុម​យុវជនចលនា​មាតាធម្មជាតិ ត្រូវ​បាន​គេ​ស្គាល់​ថា​ជាក្រុម​យុវជន​ដែល​តែង​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​បរិស្ថានលើ​បណ្តាញ​សង្គម និង​តែង​ធ្វើសកម្មភាព​តវ៉ា និង​ដាក់ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​បរិស្ថាន​ នៅរាល់​ពេល​មានករណី​នៃការ​កាប់​ព្រៃឈើ​ ការ​លុបបឹង ការចាក់​ដី ឬបង្ហូរ​ទឹក​ស្អុយចូល​សមុទ្រ ទន្លេ និង​ការបូម​ខ្សាច់​ជាដើម។​

កញ្ញា ភួន កែវរស្មី សមាជិក​ក្រុម​យុវជន​ចលនាមាតាធម្មជាតិ​ប្រាប់វីអូអេ​ថា ចលនាមាតាធម្មជាតិ ជាក្រុម​យុវជន​ដែលធ្វើសកម្មភាព​ពាក់ព័ន្ធ​នឹង​ការការពារ​បរិស្ថាន និង​មិន​ធ្លាប់​បាន​ប្រកាស​ថា​ជា​សមាគម ឬ​អង្គការ​នោះទេ។​ កញ្ញា​ថា ការ​ចោទ​ក្រុម​យុវជន​មាតាធម្មជាតិថា​ធ្វើ​សកម្មភាព​ប្រាស​ចាកនឹង​ឧត្តម​ប្រយោជន៍ជាតិ គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​ផ្ទុយ​ពីការ​ពិត។

កញ្ញាបាន​លើកជាសំណួរ​ទៅកាន់​ក្រសួង​បរិស្ថាន​ថា តើ​ការធ្វើ​សកម្មភាព​ទាមទារឱ្យ​មានការការពារ​តំបន់​ធម្មជាតិ និង​បរិស្ថាន ជាសកម្មភាពប្រាសចាក​នឹង​ឧត្តម​ប្រយោជន៍​ជាតិ ឬការ​កាត់តំបន់​ធម្មជាតិ​ទៅឱ្យ​ក្រុម​ហ៊ុន​ឯកជន​ជាសកម្មភាព​ប្រាសចាក​នឹង​ឧត្តម​ប្រយោជន៍​ជាតិ?​

កញ្ញា​បញ្ជាក់ថា៖ «បើសិនជា​ក្រសួង​បរិស្ថាន​យល់ថា ការការពារ​ព្រៃឈើ ការ​ទប់​ស្កាត់ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កោះកុង​ក្រៅ ការទាមទារ​ឱ្យមានបញ្ឈប់​ការកាត់ដីឧទ្យានជាតិ​គិរីរម្យ ដូចជានៅ​ភ្នំ​ឱរ៉ាល់ ជារឿង​ដែល​កំពុង​តែបញ្ច្រាស​នឹង​ឧត្តម​ប្រយោជន៍​ជាតិ អ៊ីចឹង​តើ​ឧត្តមប្រយោជន៍​ជាតិ​សម្រាប់​ក្រសួង​បរិស្ថាន គឺជាអ្វី? តើការ​ទុក​ព្រៃ​គឺ​ជារឿងដែលបញ្ច្រាស​ជាមួយ​នឹង​ឧត្តម​ប្រយោជន៍ជាតិ? ការការពារ​កោះ​ដែល​ធំជាងគេ​នៅ​ខ្មែរជាការ​បញ្ច្រាស និង​ផ្ទុយពី​ការការពារ ឬក៏​បញ្ច្រាស​នឹង​ឧត្តម​ប្រយោជន៍​ជាតិ​សម្រាប់​ក្រសួង​បរិស្ថាន អ៊ីចឹងមាន​តែការ​បំផ្លាញ​ទើប​ជា​ឧត្តម​ប្រយោជន៍​ជាតិ​សម្រាប់​ក្រសួង​បរិស្ថាន?»

កញ្ញា ភួន កែវរស្មី ​បន្ថែម​ថា ក្រសួង​បរិស្ថាន​គួរ​តែយក​ពេលទៅការពារ​ និង​ដោះស្រាយ​បញ្ហា​បរិស្ថាន ជាជាង​ចំណាយ​ពេល​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានចោទប្រកាន់​ក្រុម​យុវជន​ចលនា​មាតាធម្មជាតិ។​

លោក សាន ម៉ាឡា មន្ត្រី​តស៊ូ​មតិ​នៃ​គម្រោង​ការ​ពារ​ព្រៃ​ឈើ​នៃ​សមាគម​បណ្តាញ​យុវជនកម្ពុជា ​(CYN)​ លើកឡើងថា ​មាតាធម្មជាតិ​គឺ​ជាក្រុម​យុវជន​ មិនមែន​ជាអង្គការ ឬ​សមាគម​ដែល​ត្រូវអនុវត្តសកម្មភាព​ក្រោមច្បាប់​ស្តីពី​អង្គការ​សមាគម​នោះ​ទេ។​ លោក​ថា ក្រុម​យុវជន​មាតា​ធម្មជាតិ​តែង​ធ្វើកិច្ចការ​ដោយ​មាន​យោង​ភស្តុតាង និង​មាត្រា​ច្បាប់ក្នុងការ​បង្ហាញ​អំពី​បញ្ហា​បរិស្ថាន​នានា​ដែល​ពួកគេ​លើក​ឡើង ហើយ​ថា ការ​ចោទ​ប្រកាន់​របស់​ក្រសួង​បរិស្ថាន គឺជារឿង​មិន​ត្រឹមត្រូវ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «បើ​យើង​ទៅ​ពិនិត្យ​មើល​វីដេអូ​ ឬក៏​គ្រប់​មាតិកា​ដែល​គាត់​ផុស តែង​តែផ្សា​ភ្ជាប់​ជាមួយ​មាត្រា​ច្បាប់ ឯកសារ​ភស្តុតាង​ពីការ​សិក្សា​ស្រាវជ្រាវ ​ពី​មន្ទីរ​ពិសោធន៍​ផ្សេងៗ។ ជាពិសេស​មាតា​ធម្មជាតិតែងតែសួរ​ជាសំណួរ អនុសាសន៍ និងទាមទារ​ដំណោះ​ស្រាយ​ពី​ក្រសួង​បរិស្ថាន​ដែរ។​ មាតា​ធម្មជាតិអត់​ដែល​ទៅបំផុស​បំផុល​ឱ្យ​ប្រជាពលរដ្ឋធ្វើ​សកម្មភាពដើម្បីសម្រេច​គោលបំណង​ផ្ទាល់ខ្លួន ឬក៏ទៅដោះ​ស្រាយ​បញ្ហា​ដោយ​មិនមាន​ការ​ចូលរួម​ពីសំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះទេ»

នៅ​ដើមខែឧសភា​នេះ សកម្ម​ជន​បរិស្ថាន​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​មិន​ប្រើប្រាស់​ទំនិញ​ និង​សេវា​កម្មក្រុម​ហ៊ុន វ័នម៉រ ​របស់​លោកស្រី ជឹង សុគន្ធាវី ​កូន​ស្រី​របស់​លោកស្រី ជឹង សុភាព ហៅ​យាយភូ ដែលគេ​ដឹង​ថា​ល្បី​ក្នុងការ​ទន្ទ្រាន​ដី​ព្រៃ​និង​លុប​បឹង ក្នុង​គោលបំណង​ការពារដីឧទ្យាន​ជាតិគិរីរម្យ និង​ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ បន្ទាប់ពីរដ្ឋាភិបាល​បានកាត់​ឱ្យ​ទៅក្រុម​ហ៊ុន​នេះដើម្បី​អភិវឌ្ឍគម្រោង​ទេសចរណ៍។​ ទំនិញ​ និង​សេវាកម្មរបស់​ក្រុម​ហ៊ុន​វ័នម៉រ ដែល​ក្រុម​សកម្មជន​បរិស្ថាន​ប្រកាស​ធ្វើ​ពហិកា​មិន​ប្រើប្រាស់នោះ​មាន​ដូចជា ទឹកបរិសុទ្ធ​ឱរ៉ាល់ មីជាតិ និងភោជនីយដ្ឋាន​វ័នម៉រ៕

What Next?

Recent Articles