យុវជន​ព្រួយ​បារម្ភ​អំពី​ការ​កាត់​ដី​ឧទ្យាន​ជាតិ និង​ដីព្រៃ​អភិរក្ស​សម្រាប់​ការ​អភិវឌ្ឍ​ឯកជន

២៤ ឧសភា ២០២៣
ស៊ឹម ចាន់សំណាង
នឿន ដាវីន
លាស់ លីបលីប
វីអូអេខ្មែរ

ក្រុម​យុវជន​បរិស្ថាន​លើក​បដា​ «បញ្ឈប់​ការ​កាត់​ឧទ្យានជាតិ​នៅ​កម្ពុជា» ក្នុង​ពេល​ដែល​ដង្ហែ​ដាក់​ញតិ្ត​ទៅ​ក្រសួង​បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្ នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ក្រុម​យុវជន​បរិស្ថាន​លើក​បដា​ «បញ្ឈប់​ការ​កាត់​ឧទ្យានជាតិ​នៅ​កម្ពុជា» ក្នុង​ពេល​ដែល​ដង្ហែ​ដាក់​ញតិ្ត​ទៅ​ក្រសួង​បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្ នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)


ភ្នំពេញ — បញ្ហា​កាត់​ដី​ឧទ្យាន​ជាតិ និង​ដី​ព្រៃ​អភិរក្ស​សម្រាប់​ការ​អភិវឌ្ឍ​ឯកជន​កំពុងក្លាយ​ជា​ក្តី​បារម្ភ​របស់​យុវជន​មួយ​ក្រុម​ដែល​ពួកគេ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដក​ហូត​ដី​ដែល​បាន​កាត់​រួច ដូច​ជា​ដី​នៅ​ឧទ្យាន​ជាតិ​គិរីរម្យ​ជាដើម យក​មក​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ។

ក្រុម​យុវជន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ក្តី​ព្រួយ​បារម្ភ​ដែល​រដ្ឋាភិបាល​បាន​កាត់​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ដី​ដែន​ជម្រកសត្វព្រៃកែវ​សីម៉ា​នៅ​ខេត្ត​មណ្ឌល​គិរី សរុប​ទាំង​អស់​ប្រមាណ​៩៥០​ហិកតា ផ្តល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​ទេស​ចរណ៍ និង​គ្រប់​គ្រង​បែប​ឯកជន។

យុវជន​ និង​សកម្មជន​បរិស្ថាន​ប្រមាណ​២០​នាក់ បាន​ស្នើ​សុំ​ទៅ​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឱ្យ​បញ្ឈប់​ការ​កាត់​ដី​ឧទ្យាន​ជាតិ​នៅ​កម្ពុជា និង​ដក​ហូត​សិទ្ធិ​ពីវិ​ស័យ​ឯក​ជន​មក​ឱ្យ​រដ្ឋគ្រប់​គ្រង​វិញ។ នេះ​បើ​តាម​ញត្តិ​របស់​ក្រុម​យុវជន​ដែល​វីអូអេ​ទទួល​បាន និង​បាន​ដាក់​ទៅ​ក្រសួង​បរិស្ថាន​កាល​ពីថ្ងៃ​ចន្ទ។

ក្រុម​យុវជន​បរិ​ស្ថាន​បញ្ជាក់​ក្នុង​ញត្តិ​ថា​៖ «យើង​ខ្ញុំ​ស្នើ​សុំ​ក្រសួង​បរិស្ថាន​ពិចារណា​ក្នុង​ការ​បញ្ឈប់​ការ​កាត់​ឧទ្យាន​ជាតិ​នានា​នៅ​កម្ពុជា និង​ដក​ហូត​សិទ្ធិពី​ក្រុមហ៊ុន​ឯក​ជន​ទាំង​នោះ​មក​ឱ្យរដ្ឋ​គ្រប់​គ្រងឡើង​វិញ ហើយ​គួរតែ​ផ្តោត​លើ​ការ​អភិវឌ្ឍ​គម្រោង​អេកូ​ទេស​ចរណ៍​ដែល​គ្រប់គ្រង​ឡើង​ដោយ​សហគមន៍​មូល​ដ្ឋាន ដើម្បី​ធានា​បាន​នូវការ​គ្រប់​គ្រង់​ធន​ធាន​ធម្ម​ជាតិ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ប្រសិទ្ធ​ភាព និង​ភាព​គង់​វង្ស​យូរ​អង្វែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»

ពួកគេ​បាន​លើក​ឡើង​ថា​ការ​កាត់​ដីព្រៃ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​គិរី​រម្យ ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីម៉ា ទៅ​ឱ្យ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុគន្ធាវី បង្កើត​នូវ​ក្តី​ព្រួយ​បារម្ភ​នៃ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ។

អ្នកស្រី ជឹង សុគន្ធាវី ជាអគ្គនាយិកា​ក្រុមហ៊ុន​ វ៉នម៉រ លីមីតធីត និង​ក្រុម​ហ៊ុន​មួយ​ចំនួនទៀត ដែល​ទទួល​បាន​ដី​ប្រមាណ​៩៥០​ហិកតា ពី​តំបន់​ទាំង​៣​ខាង​លើ។ អ្នកស្រី​ត្រូវ​ជា​កូន​របស់អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ អ្នកស្រី ជឹង សុភាព ត្រូវ​ជា​ភរិយា​របស់​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ឡៅ ម៉េង​ឃីន ដែល​ជា​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់។

កញ្ញា រៀម ស្រីពេជ្ររតនា អាយុ ១៩ ឆ្នាំ ជា​យុវជន​មកពី​ខេត្ត​កំពង់ធំ​ដែល​បាន​ចូលរួម​ក្នុងពេល​ដាក់​ញតិ្ត​នៅមុខ​ក្រសួង​បរិស្ថាន ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ ក្នុង​រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
កញ្ញា រៀម ស្រីពេជ្ររតនា អាយុ ១៩ ឆ្នាំ ជា​យុវជន​មកពី​ខេត្ត​កំពង់ធំ​ដែល​បាន​ចូលរួម​ក្នុងពេល​ដាក់​ញតិ្ត​នៅមុខ​ក្រសួង​បរិស្ថាន ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ ក្នុង​រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កញ្ញា រៀម​ ស្រី​ពេជ្យ​រតនា យុវជន​មកពីខេត្ត​កំពង់​ធំ​ ដែល​បាន​ចូលរួម​ដាក់​ញត្តិ សង្ឃឹម​ថា​ក្រសួង​បរិស្ថាន​នឹង​ទទួល​យក​សំណើ​របស់​ក្រុម​យុវជន​ និង​យក​ចិត្តទុក​ដាក់ ស្តាប់​សំឡេង​របស់​យុវជន ដើម្បី​ដោះ​ស្រាយ​ក្តីបារម្ភ​ទាក់​ទង​នឹង​ធនធាន​ធម្មជាតិ។ កញ្ញា​យល់ថា​ការ​អភិវឌ្ឍ​នានា​ជា​សិទ្ធ​ឯកជន ប៉ុន្តែ​ការ​កាត់​ឧទ្យាន​ជាតិ​គិរី​រម្យ​ឱ្យ​ទៅ​ឯកជន​នឹង​បង្ក​ជា​ផលប៉ះ​ពាល់​នានា ដូច​ជា​ការ​បាត់​បង់ព្រៃឈើ បាត់​បង់​សោភ័ណ្ឌភាព​ជាដើម។

កញ្ញា​បញ្ជាក់​ថា៖ «ចំពោះ​ស្ថាន​ភាព​ថ្មីៗ​នេះ​តាម​ដែល​ទទួល​ដំណឹង គឺ​មាន​ការ​បិទ​ទ្វារ​នៅ​តំបន់​ដែល​រដ្ឋ​បាន​កាត់​ទៅក្រុមហ៊ុន​ឯកជន​ ហើយ​ក្នុង​នោះ​ដែរ នៅ​ពេល​យើង​ទទួល​ដំណឹង​ថា​មាន​ការ​បិទ​ផ្លូវ​អីបែប​ហ្នឹង មាន​ចិត្ត​មួយ​ចង់​ធ្វើពហិកា គឺ​ធ្វើ​ពហិកា​បញ្ឈប់​ការ​ប្រើប្រាស់​នៅទឹក​សុទ្ធ​វីតាល់ មីជាតិ​ដែល​ជា​របស់​ក្រុមហ៊ុនរបស់​កូនយាយភូ»

កញ្ញា មាន លីសា អាយុ ២០​ ឆ្នាំ សមាជិក​របស់​ក្រុម​ចលនា​មាតាធម្មជាតិ ផ្តល់​កិច្ចសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្នុង​ពេល​ដាក់​ញតិ្ត​នៅ​មុខ​ក្រសួង​បរិស្ថាន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
កញ្ញា មាន លីសា អាយុ ២០​ ឆ្នាំ សមាជិក​របស់​ក្រុម​ចលនា​មាតាធម្មជាតិ ផ្តល់​កិច្ចសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្នុង​ពេល​ដាក់​ញតិ្ត​នៅ​មុខ​ក្រសួង​បរិស្ថាន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ចំណែក​កញ្ញា មាន​ លីសា​ អាយុ​២​០ឆ្នាំ សមាជិក​នៃ​ក្រុម​ចលនា​មាតា​ធម្មជាតិ ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ក្រុម​យុវជន​បាន​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​បរិស្ថាន​ជា​ច្រើន​ដង​មក​ហើយ​ ប៉ុន្តែ​មិន​មានការ​ទទួល​ការ​ឆ្លើយ​តប​មក​វិញ​ឡើយ។ កញ្ញា​បន្ថែម​ថា​ក្រុម​យុវជន​ដែល​ជា​អ្នក​ស្រឡាញ់​បរិសា្ថន និង​ធ្វើ​ការងារ​សង្គម បែរ​ជា​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​អ្នក​បម្រើ​សកម្មភាព​នយោបាយ​ណា​មួយ​ទៅ​វិញ។

កញ្ញា​ថ្លែង​ថា៖ «ទាក់ទង​នឹង​លទ្ធផល​វិជ្ជមានគឺ​យើង​អត់​ទទួល​បាន​ទេ យើង​ដាក់​ញតិ្ត​កោះ​កុង​ក្រៅ យើង​ដាក់​ញតិ្ត​បរិស្ថាន​ផ្សេងៗ​ ការ​កាត់​ដី​ឧទ្យាន​ជាតិ​ថ្ងៃ​ហ្នឹង ក៏​យើង​ដាក់​ទៀត។ ការ​ឆ្លើយ​តប​មក​កាន់​យុវជន​ដែល​ជា​យុវជន​ការងារ​សង្គម យុវជន​បរិស្ថាន សកម្មជន​បរិស្ថាន​គឺ​មាន​តែ​កា​រឆ្លើយ​តប​ក្នុង​ន័យ​រើស​អើង គំរាម​គំហែង ហើយ​ថា​យើង​ជា​ជន​មួយ​ក្តាប់​តូច​បម្រើ​នយោបាយ ឬ​គណបក្ស​ប្រឆាំង​ផ្សេងៗ»

យុវជន​ម្នាក់​ទៀត គឺលោក គង់ វង្សវិវឌ្ឍ អាយុ​២១​ឆ្នាំ ដែល​បាន​ចូល​រួម​ការ​ដាក់​ញតិ្ត​ទៅ​កាន់​ក្រសួង​បរិស្ថាន​លើក​ឡើង​ថា​ក្រុម​យុវជន​បរិស្ថាន​នឹង​នៅ​តែ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង បើ​ទោះ​បី​ជា​ក្រសួង​បរិស្ថាន​មិន​បាន​ឆ្លើយ​តប​នឹង​ញត្តិ​កន្លង​មក​ក្តី។ លោក​ថា​ក្រុម​យុវជន​ចង់​ការពារ​សម្បតិ្ត​ធន​ធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​នៅ​ស្រស់​ស្អាត និង​ជា​ទីកន្លែង​សម្រាប់​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត។

លោក គង់ វង្សវិវឌ្ឍ អាយុ ២១ ឆ្នាំ ជា​យុវជន​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ពេល​ដាក់​ញតិ្ត​នៅ​មុខ​ក្រសួងបរិស្ថាន ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ ក្នុង​រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក គង់ វង្សវិវឌ្ឍ អាយុ ២១ ឆ្នាំ ជា​យុវជន​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ពេល​ដាក់​ញតិ្ត​នៅ​មុខ​ក្រសួងបរិស្ថាន ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ ក្នុង​រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​ក្រសួង​បរិស្ថាន​នៅ​តែ​មិន​គាំទ្រ​សកម្មភាព​របស់​ពួក​យើង ពួក​យើង​ជា​យុវជន​នឹង​រក​វិធីសាស្ត្រ​បែប​ណា​មួយ​ដើម្បី​ឱ្យ​ក្រសួង​បរិស្ថាន​ទទួល​ការ​ដាក់​ញតិ្ត​របស់​ពួក​យើង​។ ដោយ​សារ​តែ​ពួក​យើង​ជា​យុវជន ពួក​យើង​ចង់​រក្សា​នូវ​សម្បតិ្ត​ធន​ធាន​ធម្មជាតិ​ប្រទេស​កម្ពុជា​របស់​យើង ដោយ​សារ​យើង​ដឹង​ហើយ​ថា​ឧទ្យាន​ជាតិ​គិរីរម្យ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នរណា​គេ​ក៏​ស្គាល់​ដែរ»

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​អ្នកស្រី ជឹង សុគន្ធាវី អគ្គនាយិកា​ក្រុមហ៊ុន វ៉នម៉រ និង​លោក ឡៅ ម៉េង​ឃីន ប៉ុន្តែ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​បាន​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក​នេត្រ ភត្រា្ត ថ្លែង​ថារដ្ឋាភិបាល​បាន​សម្រេច​ត្រឹមត្រូវ ដោយ​ឈរ​លើ​មូលដ្ឋាន​ផល​ប្រយោជន៍​របស់​ប្រជាជន​ជាធំ។ លោក​អះអាង​ថាយុទ្ធនាការ​របស់​ក្រុម​យុវជន​មិន​មាន​ប្រយោជន៍​សម្រាប់​ជាតិ​ឡើយ។


ព័ត៌មាន​ទាក់ទង៖ក្រសួង​បរិស្ថាន​ថា ​យុវជន​មាតា​ធម្មជាតិ​ប្រព្រឹត្ត​សកម្មភាព​ប្រាស​ចាក​ពី​ឧត្តម​ប្រយោជន៍​ជាតិ

ក្រុម​យុវជន​បរិស្ថាន​លើក​បដា «បញ្ឈប់​ការ​កាត់​ឧទ្យាន​ជាតិ​នៅ​កម្ពុជា» និង​ផលិត​ផល​របស់​ក្រុម​ហ៊ុន វ័ន ម័រ ដែល​បាន​ទទួល​សិទ្ធិ​កាន់​កាប់​ដី​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ នៅ​មុខ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី ២២ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ក្រុម​យុវជន​បរិស្ថាន​លើក​បដា «បញ្ឈប់​ការ​កាត់​ឧទ្យាន​ជាតិ​នៅ​កម្ពុជា» និង​ផលិត​ផល​របស់​ក្រុម​ហ៊ុន វ័ន ម័រ ដែល​បាន​ទទួល​សិទ្ធិ​កាន់​កាប់​ដី​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ នៅ​មុខ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី ២២ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក​ថ្លែង​ថា​៖ «រូបភាព​ក្រុមសកម្មជន​នយោ​បាយ​ជ្រកក្រោម​ផ្លាក​អ្នក​គិត​គូ​ពី​ធម្មជាតិ​បាន​និង​កំពុង​តែ​ធ្វើនេះ​គឺគ្រាន់​តែយុទ្ធនាការ​ទុច្ចរិត​ស៊ី​ឈ្នួល​ជនបរទេស ដឹកនាំ​ដោយ​ឈ្មោះ​ អាឡិច ដើម្បី​គោល​បំណង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា និង​ប្រឆាំង​ទៅ​នឹង​ដំណើរ​ការ​អភិវឌ្ឍរបស់​កម្ពុជា​តែ​ប៉ុណ្ណោះ»

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ ផៃ​ ស៊ីផាន បាន​បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ស្នើ​ឱ្យ​ទាក់​ទង​ទៅក្រសួង​បរិស្ថាន​ និងក្រសួង​រៀបចំ​ដែន​ដីវិញ។

វីអូ​អេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ សេង​ ឡុត ​អ្នក​នាំ​ពាក្យ​ក្រសួងដែនដី​បាន​នៅ​ឡើយ​ទេ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ រដ្ឋាភិបាល​បាន​កាត់​ផ្ទៃដី​ទំហំ​៦៤៩​ហិកតា ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃភ្នំ​ឱរ៉ាល់ ឃុំក្តុល​សែនជ័យ និងឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់​ឆ្នាំង សម្រាប់​ផ្តល់ឱ្យក្រុម​ហ៊ុន​វ័ន ហ្វ្រេត​ធើនីធី(One Fraternity) ដែល​គ្រប់​គ្រង​ដោយ​អ្នកស្រី ជឹង សុគន្ធាវី សម្រាប់​វិនិ​យោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារ​ភ្ជាប់​ធម្មជាតិ។ នេះ​បើ​តាម​អនុ​ក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​វីអូអេ​ទទួល​បាន។

ចំណែក​កាលពី​ខែមិថុនា​ ឆ្នាំ២០២៣​ រដ្ឋាភិបាល​ក៏​បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​២២១,៩៤​ហិកតា ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុ​រាម្រិត​កុសមៈ​គិរីរម្យ ​ក្នុង​ភូមិសាស្ត្រឃុំត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្រាប់​ផ្តល់ឱ្យ​ក្រុម​ហ៊ុនវ័ន ម័រ (One More) ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី ជឹង សុគន្ធាវី ដែរ។ នេះ​បើ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល។

ចំណែក​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២២ រដ្ឋាភិបាល​ក៏​បាន​កាត់​ផ្ទៃ​ដី​ទំហំ​៧០​ហិកតា ស្ថិត​ក្នុងដែន​ជម្រក​សត្វ​ព្រៃ​កែវសីម៉ា​ ចំណុច​ទឹកធ្លាក់​ក្បាលព្រះ ភូមិ​ពូ​ត្រុំ សង្កាត់រមនា ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី​សម្រាប់​ផ្តល់ឱ្យ​ក្រុមហ៊ុន​ One Prosperity ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី ជឹង សុគន្ធាវី ដែរ។ នេះ​បើ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​វីអូអេ​ទទួល​បាន៕

What Next?

Recent Articles