សំណុំរឿងក្បត់ជាតិ៖ សកម្មជនអតីតបក្សសង្រ្គោះជាតិ១៤រូបទៀតត្រូវលើកលែង ក្រោយសុំទោសលោក ហ៊ុន សែន

កម្ពុជា-នយោបាយ
24/05/2023 – 08:06
ដោយ៖ ជួប នរក្សា
RFI

សកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន១៤រូបផ្សេងទៀត ដែលជាប់ទោសក្នុងសំណុំរឿងរួមគំនិតក្បត់ជាតិ និងផែនការមាតុភូមិនិវត្តន៍៩វិច្ឆិការបស់លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលើកលែងទោស នៅថ្ងៃទី២៣ឧសភា២០២៣។ © Internet


 សកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន១៤រូបផ្សេងទៀត ដែលជាប់ទោសក្នុងសំណុំរឿងរួមគំនិតក្បត់ជាតិ និងផែនការមាតុភូមិនិវត្តន៍៩វិច្ឆិការបស់លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលើកលែងទោស នៅថ្ងៃទី២៣ឧសភា២០២៣។ ការលើកលែងទោសនេះធ្វើឡើង បន្ទាប់ពីសកម្មជននៃអតីតគណបក្សប្រឆាំងទាំង១៤រូប បានសរសេរលិខិតដាច់ដោយឡែកពីគ្នា សុំការអន្តរាគមន៍ និងសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកលែងទោស។

សកម្មជនអតីតគណបក្សសង្រ្គោះជាតិ ទាំង១៤រូប ដែលត្រូវបានលើកលែងទោសពេលនេះ រួមមាន លោក គង់ សំអាន, ថៃសុគន្ធា, ឡុង ផារី, ឃឹម ភាណា, សុខ ចាន់ថា, ពៀត ម៉ាប់, កែវ ថៃ, ជុំ ចាន់, ស៊ុន ធន់, ងិន ឃាន, យឹម សារ៉េត, ញ៉ែម វាន, ឃុត ច្រិក, និងលោក វឿន វាសនា។ សកម្មជនអតីតគណបក្សសង្រ្គោះជាតិទាំង១៤រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទរួម​គំនិត​ក្បត់ ​និង​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាមរយៈការចូលរួមក្នុង «ច​លនា​សង្គ្រោះ​ជាតិ» ដែល​បង្កើត​ឡើង​នៅ​ក្រៅ​ប្រទេស​ ​ដោយ​អតីត​មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ នៅឆ្នាំ​២០​១៨​ ហើយនិងការចូលរួមផែនការមាតុភូមិនិវត្តន៍៩វិច្ឆិកា២០១៩ របស់លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ។

ការលើកលែងទោសសកម្មជនអតីតគណបក្សសង្រ្គោះជាតិទាំង១៤រូប ដែលគេស្គាល់ថា ជាមន្ត្រី ជាចៅសង្កាត់ និងជាជំទប់ ដែលបានជាប់ឆ្នោតកាលពីបោះឆ្នោតឆ្នាំ២០១៧នេះ បានធ្វើឡើង តាមរយៈលិខិតសុំការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តាមរយៈលិខិតចំនួន១៤ច្បាប់របស់ក្រុមសកម្មជនអតីតគណបក្សសង្រ្គោះជាតិ គឺ បានសុំការអភ័យទោសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែការចូលរួមជាមួយគណបក្សប្រឆាំង ហើយបានសន្ទនាតាមទូរស័ព្ទ ជាហេតុនាំឲ្យមានកំហុសប៉ះពាល់ដល់រដ្ឋាភិបាល។

បន្ថែមពីនេះ ពួកគេបានអះអាងថា ការដឹកនាំរបស់លោក ហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយប្រជាពលរដ្ឋរស់នៅបានសុខសាន្ត។ នេះបើតាមលិខិតរបស់សកម្មជនអតីតគណបក្សសង្រ្គោះជាតិទាំង១៤រូប នៅថ្ងៃទី១៨ឧសភា។

សូមបញ្ជាក់ថា នៅក្នុងសំណុំរឿងក្បត់ជាតិរបស់សកម្មជនអតីតគណបក្សសង្រ្គោះជាតិទាំង១៤រូប ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ។ ​តែយ៉ាងណាទោសសម្រាប់៥ឆ្នាំនេះ តុលាការសម្រេចឱ្យអនុវត្តទោសត្រឹមចំនួន៣ឆ្នាំ៨ខែ ហើយទោសដែលនៅសល់ គឺត្រូវបានព្យួរ។ នេះបើតាមការបញ្ជាក់របស់មេធាវី លោក សំ សុគង់។

នាអំឡុងពេលជាប់ពន្ធនាគារនេះដែរ ក្រុមបណ្តាសាច់ញាតិរបស់សកម្មជនអតីតគណបក្សសង្រ្គោះជាតិ បានចេញតវ៉ាជាហូរហែ ដែលគេស្គាល់ថា ជាក្រុមស្ត្រីថ្ងៃសុក្រ។ ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាញឹកញយបានប៉ះទង្គិចជាមួយនឹងអាជ្ញាធរ នាអំឡុងពេលដែលពួកគេចេញតវ៉ា ដើម្បីទាមទារដោះលែងស្វាមី និងសាច់ញាតិដែលជាប់ពន្ធនាគារ។ ក្នុងនោះ អ្នកស្រី​ សេង ចាន់ថន​ ភរិយា​របស់​លោក​ ស៊ុន ធន់​ អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ និង​ទើបតែទទួលបានការលើកលែងទោសពេលនេះ ត្រូវបាន​រាំងខ្ទប់​ដោយកម្លាំង​សន្ដិសុខ​ខណ្ឌ៧មករា​ ពីការតវ៉ា​ជាសាធារណៈ​នៅខាងក្រៅ​សាលាដំបូង​រាជធានីភ្នំពេញ។ នេះបើតាមការរៀបរាប់របស់អង្គការលីកាដូ កាលពីថ្ងៃទី៤កញ្ញា២០២០។

មកដល់ពេលនេះមានសកម្មជនអតីតបក្សសង្រ្គោះជាតិចំនួន២៤រូបហើយ ដែលទទួលបានការលើកលែងទោស និងត្រូវបានដោះលែង នៅក្នុងសំណុំរឿងក្បត់ជាតិ ក្រោយពេលដែលពួកគេបានសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាក់ស្តែង នៅដើមខែឧសភា គឺលោក គង់ ម៉ាស់ និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិ​ចំនួន៩រូប ក៏ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលើកលែងទោស តាមសំណើរបស់នាយករដ្ឋមន្ត្រី៕

What Next?

Recent Articles