ប្រវត្តិ​ជនជាតិ​ភាគតិ​ច​ភ្នងសកម្ម​ក្នុង​ការ​ចូលរួម​ទាមទារ​សិទ្ធិ​​ជនជាតិ​ដើមនៅ​ខេត្ត​មណ្ឌលគិរី

ដោយ សេក បណ្ឌិត
2023.05.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រវត្តិ​ជនជាតិ​ភាគតិ​ច​ភ្នងសកម្ម​ក្នុង​ការ​ចូលរួម​ទាមទារ​សិទ្ធិ​​ជនជាតិ​ដើមនៅ​ខេត្ត​មណ្ឌលគិរី

ស្ត្រី​ជនជាតិ​ដើម​ពូនង​ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការពារ​ធនធាន​ធម្មជាតិ លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច អ្នកស្រី ភ្លឹក ភារម្យ។ រូប៖ ហ្វេសប៊ុក អ្នកស្រី ភ្លឹក ភារម្យ


អ្នកស្រី ភ្លឹក ភារម្យ គឺជា​ស្ត្រី​ជនជាតិ​ដើម​ពូនង​ ឬ​ភ្នង​ ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការពារ​ធនធាន​ធម្មជាតិ លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច បង្រៀន​ភាសា និង​អក្សរ ដល់​សហគមន៍​ខ្លួន​ផង​ដែរ។ បន្ថែម​ពី​នេះ​អ្នកស្រី ភ្លឹក ភារម្យ ហ៊ាន​តវ៉ា​ជាមួយ​ឈ្មួញ និង​មន្ត្រី​ពុករលួយ​ដែល​គប់គិត​អនុញ្ញាត​ឱ្យ​ឈ្មួញ​យក​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​សហគមន៍​ផ្ទាល់ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ផ្សេង​ទៀត។

អ្នកស្រី ភ្លឹក ភារម្យ មិន​បាន​រៀន​ចប់​ថ្នាក់​ក្នុង​សាលារៀន​ក្ដី តែ​អ្នកស្រី​មិន​បាន​បោះបង់​ការសិក្សា ទោះបីជា​រៀបការ​ហើយ អ្នកស្រី​នៅ​បន្ត​ចូលរៀន​តាម​អង្គការ​ផ្សេងៗ ដោយ​អ្នកស្រី​យល់​ថា មានតែ​ការសិក្សា​ទេ ទើប​អាច​ជួយ​ការពារ​ធនធាន​ធម្មជាតិ និង​អភិរក្ស​ភាសា ប្រពៃណី ជនជាតិ​ដើម​បាន។

អ្នកស្រី ភ្លឹក ភារម្យ អាយុ​៤២ ឆ្នាំ គឺ​ជនជាតិ​ដើម​ភាគតិច​ពូនង​ដែល​ស្ថិតនៅ​ក្នុងភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។ អ្នកស្រី ភ្លឹក ភារម្យ ចាប់​ផ្ដើម​រៀន​ក្នុង​ឆ្នាំ​១៩៩១ ក្នុង​សាលា​មត្តេយ្យ​មួយ​កន្លែង​ក្នុង​សហគមន៍ ដោយ​មិន​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​រៀន​បន្ត ហើយ​ស្ថានភាព​គ្រួសារ​មាន​ការ​លំបាក​ផង អ្នកស្រី​បាន​សម្រេច​ចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៣។

ដំបូង​ឡើយ​អ្នកស្រី ភារម្យ ពុំ​បាន​សោកស្ដាយ​ដែល​បោះបង់​ការសិក្សា​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពី​អ្នកស្រី រៀបការ​នៅ​អាយុ ២០ មក អ្នកស្រី​ចាប់ផ្ដើម​ស្រលាញ់​ការរៀនសូត្រ​ឡើងវិញ​ទោះបី​បាន​រៀបការ​ហើយក៏​ដោយ​។ អ្នកស្រី​ចាប់ផ្ដើម​ចូល​សិក្សា​ភាសា​ខ្មែរ ភាសា​ពូនង និង​រៀន​កុំព្យូទ័រ​ជាមួយ​អង្គការ​សហការ​អន្តរជាតិ​កម្ពុជា​(ICC)។

នៅ​ឆ្នាំ​២០០៣ អ្នកស្រី ភារម្យ ចាប់ផ្ដើម​ធ្វើការ​នៅ​អង្គការ​សហការ​អន្តរជាតិ​កម្ពុជា​(ICC)​ក្នុង​ផ្នែក​ចូលរួម​និពន្ធ​សៀវភៅ​រឿងនិទាន​ដែល​ផ្សា​ភ្ជាប់​ជាមួយ​ជីវភាព​ជនជាតិ​ដើម​ភាគតិច ការ​បាត់​ធនធាន​ធម្មជាតិ និង​ល្បិចកល​មនុស្ស​មួយ​ចំនួន​ដែល​បោកប្រាស់​លើ​ជនជាតិ​ដើម​ភាគតិច។ អ្នកស្រី ភ្លឹក ភារម្យ បន្ថែម​ថា​មូលហេតុ​ដែល​អ្នកស្រី​និពន្ធ​រឿង​បែបនេះ​ដើម្បី​កុំឱ្យ​ជនជាតិ​ដើម​ភាគតិច​ផ្សេងៗ បន្ត​ចាញ់​បោក​ជន​ចំណូល​ស្រុក​មួយ​ចំនួន។

អ្នកស្រី ភារម្យ៖ «កាល​ឆ្នាំ​២០០៥ រហូត​មក​យើង​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី កាន់តែ​រីក​រាលដាល​ទៅ ក្រុមហ៊ុន​ក៏​ចូល​មក​យក​ដី​ពួក​យើង កាប់​ឈើ ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចាប់ផ្ដើម​បាត់បង់​ដី ខ្លះ​ក៏​ឱ្យ​ដី​ទៅ​ក្រុមហ៊ុន ខ្លះ​ក៏​ឱ្យ​ដី ឧបមា​ថាបើ​ឃើញ​ជនជាតិ​ខ្មែរ​យើង​ពួក​ម៉ាក់​ទាំងអស់ អត់​ដឹង​គេ​រកស៊ី​អី យើង​អត់​ដឹង​ថា គេ​ខូច​ទេ បើ​គេ​សុំ​ដី​ក៏​ឱ្យ​អ៊ីចឹង​ទៅ អ្នកខ្លះ​ឱ្យ​ទទេ​នៅ»។

ក្រៅពី​ជា​អ្នក​និពន្ធ​សៀវភៅ ក្នុង​ឆ្នាំ​២០០៧ អ្នកស្រី​បាន​ក្លាយ​ជា​ជា​គ្រូបង្រៀន​ភាសា​ខ្មែរ និង​ភាសា​ជនជាតិ​ពូនង​ដល់​សហគមន៍​ដែល​មិន​ចេះ​អក្សរ និង​ចូលរួម​ការពារ​បណ្ដុះបណ្ដាល​គ្រូ​សម្រាប់​បង្រៀន​ដល់​សហគមន៍​ផង​ដែរ។ អ្នកស្រី ភារម្យ បាន​សម្រេច​ចិត្ត​លាឈប់​ការងារ​ទាំង​ចិត្ត​នៅ​ស្រលាញ់​ក្នុង​ឆ្នាំ​២០១៦ ព្រោះ​មាន​ក្រុមហ៊ុន​បាន​ចូល​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ ព្រមទាំង​ចោទប្រកាន់ គំរាមកំហែង ទៅលើ​អ្នកស្រី និង​សមាជិក​សហគមន៍​ផ្សេងទៀត។

អ្នកស្រី ភារម្យ៖ «កាល​ហ្នឹង​មានការ​ចោទប្រកាន់​ពី​គណបក្សប្រឆាំង​ពី​អាជ្ញាធរ លួច​បរិហារ​ខ្ញុំ ឱ្យ​គេ​តាមដាន​ខ្ញុំ​ជាច្រើន ឱ្យ​មេភូមិ មេឃុំ សមត្ថកិច្ច​តាមដាន​ខ្ញុំ​ជាច្រើន គេ​ដើរ​កន្លែង​ណា​ក៏​មាន​គេ​តាមដាន​ខ្ញុំ​ដែរ ចាប់ពី​អាជ្ញាធរ​តាមដាន​ខ្ញុំ​រហូត ខ្ញុំ​ស្មោះត្រង់​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​មិនមែន​ជា​គណបក្ស​នយោបាយ តែ​ខ្ញុំ​ធ្វើ​នយោបាយ​ឱ្យ​គេ​ស្រលាញ់​ព្រៃឈើ​គឺ​ខ្ញុំ​ធ្វើ​មែន»។

ដើម្បី​ប្រឈម​មុខ​ចំពោះ​ការ​គំរាមកំហែង​ទាំងនេះ អ្នកស្រី ភ្លឹក ភារម្យ បាន​ធ្វើ​ដំណើរ​មកកាន់​ទីក្រុង​ភ្នំពេញ ឬ​ទៅ​រៀន​នៅ​បរទេស​នៅ​ពេល​មាន​វគ្គ​សិក្សា ឬ​សិក្ខាសាលា​រយៈពេល​ខ្លី​ទាក់ទង​ផ្នែក​ច្បាប់ សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល។

ដោយ​មើល​ពី​ភាព​ក្លាហាន និង​ចេះដឹង​ពី​សិទ្ធិ ក្នុង​ឆ្នាំ២០១៦ ដដែល អ្នកស្រី​ត្រូវ​បាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទូទាំង​ខេត្តមណ្ឌលគិរី​បោះឆ្នោត​ជា​រើស អ្នកស្រី ភ្លឹក ភារ​ម្យ ជា​អ្នកសម្របសម្រួល​បណ្ដាញ​ជនជាតិ​ដើម​ភាគតិច​ប្រចាំ​ខេត្ត​។ អ្នកស្រី​បន្ត​ថា ក្នុង​តួនាទី​នេះ អ្នកស្រី​រាយការណ៍ ដាក់​ពាក្យ​បណ្ដឹង​នៅ​ពេល​មាន​ក្រុមហ៊ុន ឈ្មួញ យក​ដី ឬ​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត។

ជុំវិញ​រឿង​នេះ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​សុខដុម លោក ជា មករា លើកឡើង​ថា លោក​ពុំ​បានដឹង​ជុំវិញ​ករណី​ការ​គំរាមកំហែង​លើ​អ្នកស្រី ភ្លឹក ភារម្យ ទេ និង​ស្នើ​ឱ្យមក​ដាក់ពាក្យ​បណ្ដឹង​ប្រសិនបើ​មាន​ការ​គំរាមកំហែង។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយតប​ពី​ចៅសង្កាត់​សុខដុម លោក ពៅ សុផាត បានទេ នៅ​ថ្ងៃទី​២៤ ខែ​ឧសភា​នេះ។

ប្រធាន​អង្គការ​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា (CIPO) អ្នកស្រី យុន ម៉ាណេ មើលឃើញ​ថា អ្នកស្រី ភ្លឹក ភារម្យ គឺជា​បុគ្គល​សំខាន់​ដែល​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ក្នុង​ការ​ចូលរួម​ទាមទារ​សិទ្ធិ​នៅ​ពេល​មាន​ការ​យក​ដី ឬ​បំផ្លាញ​ធនធាន​ធម្មជាតិ​សហគមន៍​ជនជាតិ​ដើម​ភាគតិច។ អ្នកស្រី ម៉ាណេ ថា​ការ​លះបង់​ដើម្បី​ប្រយោជន៍​សហគមន៍ និង​ប្រយោជន៍​សាធារណៈ​នេះ​បាន​ធ្វើ​ឱ្យ​អ្នកស្រី ភ្លឹក ភារម្យ និង ប្រជា​សហគមន៍​ផ្សេងទៀត​រង​បណ្ដឹង និង​ការ​គំរាមកំហែង​ទៅវិញ។

អ្នកស្រី ភ្លឹក ភារម្យ៖ «គាត់​ជា​មនុស្ស​ក្លាហាន​ហ៊ាន​ប្រឈម និង​លះបង់​ពេលវេលា និង​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​ប្រយោជន៍​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ក៏​ដូចជា​ផល​ប្រយោជន៍​សាធារណៈ​យើង តាមរយៈ​ការ​ចំណាយ​ពេលវេលា​ច្រើន​នៅក្នុង​ការចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ឬ​ការរំលោភ​ទៅលើ​ដីធ្លី និង​ជជែក​ដោះស្រាយ​បញ្ហា​ជា​លក្ខណៈ​រួម​ភាគច្រើន​អ្វី​ដែល​គាត់​ធ្វើ​ជួយ​ប្រយោជន៍​រួម»។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អ្នកស្រី ភ្លឹក ភារម្យ នៅតែ​រង​ពាក្យបណ្ដឹង​ពី​បទ «​បរិហារកេរ្តិ៍ និង ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍» របស់​ក្រុមហ៊ុន វីលេក ឌីវេឡុបមេន (Village Development) ដែល​ម្ចាស់​ក្រុមហ៊ុន​គឺ ភរិយា​អភិបាលរង​ខេត្ដ​មណ្ឌលគិរី លោក យឹម លុច ដែល​ក្រោយ​ពី​អ្នកស្រី​ចេញ​មុខ​តវ៉ា​ការពារ​ព្រៃ​សហគមន៍។ អ្នកស្រី​ក៏​ត្រូវ​បាន​មន្ត្រី​មួយ​ចំនួន​ធ្វើការ​នៅ​សាលាខេត្ត​នេះ គំរាម​សម្លាប់​ជាច្រើន​ដង និង​អ្នកទិញ​ដី​ភ្នំ​ដោះ​ក្រមុំ ដោយសារតែ​អ្នកស្រី​ចូលរួម​ប្រឆាំង បក​អាក្រាត ទៅ​លើ​មន្ត្រី​ពុករលួយ ឈ្មួញ​រកស៊ី​យក​ដី ឬ​បំផ្លាញ​ធនធាន​ធម្មជាតិ​ជាដើម ប៉ុន្តែ​អ្នកស្រី​ថា នឹង​មិន​បោះបង់​សកម្មភាព​ទោះបីជា​គេ​គំរាមកំហែង​បែបនេះ​ក៏ដោយ។

អ្នកស្រី ភ្លឹក ភារម្យ៖ «ឥឡូវ​ហ្នឹង​យើង​ក៏​មាន​បញ្ហា​គំរាម​សម្លាប់​ពី​ជនខិលខូច ពី​មន្ទីរ​ពាក់ព័ន្ធ​ដែល​គេ​កំពុងតែ​យក​ដី​រដ្ឋ គេ​កំពុងតែ​បំផ្លាញ​ព្រៃឈើ​អ៊ីចឹង ខ្ញុំ​មានការ​គំរាមកំហែង​ពី​មន្ត្រី​ដែល​ពុករលួយ​ទាំងនោះ ខ្ញុំ​ក៏​មាន​ការ​គំរាមកំហែង​ពី​ជនខិលខូច​ដែល​កំពុងតែ​យក​ដី​រដ្ឋ​ហ្នឹង​ដែរ គេ​គំរាមកំហែង​ខ្ញុំ​រហូតដល់​ប្ដឹង​ខ្ញុំ​ញុះញង់​ថាឱ្យ​ប្រជាជន​ទៅ​យក​ដី​គេ»។

អ្នកស្រី ភ្លឹក ភារម្យ បន្ត​ថា អ្នកស្រី​បាន​សម្រេច​គោលបំណង​របស់​ខ្លួន​បាន​មួយចំនួន​ដូចជា អាច​ចុះបញ្ជី​ព្រៃ​សហគមន៍​ចូល​ជា​តំបន់​ធនធានធម្មជាតិ អ្នកស្រី​បាន​បង្រៀន​សហគមន៍​ដទៃទៀត​ចូល​ចេះ​អភិរក្ស វប្បធម៌ ប្រពៃណី និង​អក្សរសាស្ត្រ​របស់​ជនជាតិ​ដើម​ភាគតិច​។ អ្នកស្រី​បន្ថែម​ថា នឹង​បន្ត​សកម្មភាព​បែបនេះ​បន្ត ព្រោះ​អ្នកស្រី​មិនអាច​អនុញ្ញាត​ឱ្យ​មាន​ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​វប្បធម៌ ប្រពៃណី ដោយ​មិនបាន​ចូលរួម​ការពារ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles