ពលរដ្ឋ​បន្ត​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង លោក ថេង សាវឿន និង​សហការី​ទាំង​២

ដោយ យ៉ង ចាន់តារា
2023.05.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​បន្ត​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង លោក ថេង សាវឿន និង​សហការី​ទាំង​២

ម្ដាយលោក ថេង សាវឿន តវ៉ា​លើកបដា​នៅជាប់​របង​ក្រសួង​មហាផ្ទៃ នៅថ្ងៃទី២២ ឧសភា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ប្រជាពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ត​នានា នៅតែ​បន្ត​ការ​តវ៉ា​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ដោះលែង​លោក ថេង សាវឿន និង​សហការី​ឱ្យ​មាន​សេរីភាព​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​៣​រយ​នាក់​អាច​បញ្ជាក់​ពី​ស្អាតស្អំ​របស់​លោក ថេង សាវឿន ដែល​ថា លោក​គ្មាន​គំនិត​ផ្ដួលរំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។

ប្រជាពលរដ្ឋ​ជាង ៣​រយ​នាក់​មកពី​តាម​បណ្ដា​ខេត្ត​ជិត​ឆ្ងាយ នៅតែ​បន្ត​ទាមទារ​ឱ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ដោះលែង​លោក ថេង សាវឿន ព្រមទាំង​សហការី​២​នាក់​ទៀត​ចេញពី​ពន្ធនាគារ​ខេត្តរតនគិរី បើ​ទោះ​បី​ត្រូវ​ចំណាយ​ពេលវេលា ថវិកា ព្រមទាំង​គ្មាន​កន្លែង​សម្រាក​សមរម្យ នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាងណាក្ដី។

តំណាង​សហគមន៍​បទុមសាគរ ខេត្ត​កោះកុង លោកស្រី ជុ ស្រីនៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ឧសភា ថា ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​ការ​ប្រកាស​លទ្ធផល​នៃ​ការសម្រេច​របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ក្រោយ​តំណាង​ពលរដ្ឋ​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ស្ថាប័ន​ទាំងពីរ​។ លោកស្រី​បន្ត​ថា ក្រសួង​មហាផ្ទៃ​បានឱ្យ​ពលរដ្ឋ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិនបាន​សន្យា​ពី​ថ្ងៃ​កំណត់ ដែល​នឹង​ផ្ដល់​លទ្ធផល​នៃ​ការប្រជុំ​នោះ​ឡើយ។ តែ​យ៉ាងណា​លោកស្រី​ថា ពួក​លោក​ស្រី​នឹង​មិន​ត្រឡប់​ទៅ​ខេត្ត​វិញ​ជាដាច់ខាត លុះត្រា​តុលាការ​ដោះលែង​លោក ថេង សាវឿន និង​សហការី​ពីរ​នាក់​ទៀត​ចេញ​ពី​ពន្ធនាគារ​ដោយ​ឥត​លក្ខខណ្ឌ។

លោកស្រី ជុ ស្រីនៅ៖ «ម្សិលមិញ​ពួក​ខ្ញុំ​បាន​ធ្វើ​ក្បួន​ដង្ហែ​ពី​វត្ត​សាមគ្គី​រង្សី​មក​ក្រសួងមហាផ្ទៃ ដែរ តែ​ក្រសួងមហាផ្ទៃ​អត់​ទាន់​ឱ្យដំណឹង​ពី​(​ការប្រជុំ​ថ្ងៃទី​២១​ហ្នឹង ដោយសារតែ​អត់​ទាន់​បញ្ជូន​ទៅ​ថ្នាក់លើ ដើម្បី​ឱ្យ​តុលាការ​នៅ​រតនគិរី​ដោះលែង​សហការី​បី​រូប​ហ្នឹង»។

ប្រជាពលរដ្ឋ​ជាង​៣​រយ​នាក់ រួមមាន​កសិករ សកម្មជន​ដីធ្លី បាន​ដើរ​ដោយ​ថ្មើរជើង​ប្រមាណ​៧​គីឡូម៉ែត្រ ពី​វត្ត​សាមគ្គី​រង្សី ឆ្ពោះទៅ​ក្រសួងមហាផ្ទៃ​។ នៅ​ជាប់​នឹង​របង​ក្រសួង​មហាផ្ទៃ ដែល​បិទ​ស្លាក​អរគុណ​សន្តិភាព ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា ភាគច្រើន​ជា​ស្ត្រី​ដែល​មាន​វ័យ​ចំណាស់ នាំគ្នា​អង្គុយ​ទទូរ​កន្សែង ពាក់មួក នៅ​ក្រោម​កម្ដៅថ្ងៃ​ដើម្បី​រង់ចាំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ។ ពួកគាត់​ខ្លះ​លើក​រូបថត​លោក ថេង សាវឿន និង​សហការី​ទាំង​២ រីឯ​អ្នក​ខ្លះទៀត លើក​បដា​ដែល​សរសេរ​លើ​សម្បក​កេះ ដែល​ភ្ជាប់​ជាមួយ​សារ​ស្នើ​ឱ្យ​ដោះលែង​អ្នក​ទាំង​៣​។ ក្នុង​នោះ មាន​ពលរដ្ឋ​មួយចំនួន​ដួលសន្លប់ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​ខ្លះទៀត​ខ្យល់គរ ក្នុង​នោះ​ក៏​មាន​ស្ត្រី​សរសៃ​ខ្ចី បីកូន​តូច​មក​តវ៉ា​ផង​ដែរ។

ពលរដ្ឋ​ម្នាក់ទៀត​មកពី​សហគមន៍ ១៩៧​គ្រួសារ នៅ​ខេត្ត​កោះកុង លោកស្រី ដេត ហួ ឱ្យ​ដឹង​ថា លោកស្រី​នៅតែ​បន្ត​ការ​ទាមទារ​ឱ្យ​ដោះលែង​លោក ថេង សាវឿន និង​សហការី​២​នាក់​ទៀត បើ​ទោះបី​ការ​ធ្វើ​ដំណើរ​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជួប​ការ​លំបាក​យ៉ាងណាក្ដី​។ លោកស្រី​បញ្ជាក់​ថា លោក ថេង សាវឿន និង​ក្រុមការងារ​របស់​លោក​ជា​មនុស្ស​ស្អាតស្អំ មាន​ទឹកចិត្ត​ជួយ​កសិករ​ខ្មែរ និង​គ្មាន​បំណង​ញុះញង់ ឬ​ធ្វើ​បដិវត្ត​ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ។

លោកស្រី ដេត ហួ៖ «ចាស​ពួក​ខ្ញុំ​នៅតែ​អង្គុយ​រង់ចាំ​ដដែល រង់ចាំ​នៅ​ហ្នឹង​រហូត​។ ហើយ​មក​ដល់​ទីក្រុង​ភ្នំពេញ​នេះ​យើង​រង​ទុក្ខ​វេទនា​ប្រឈម​នឹង​អត់​មាន​ខោអាវ​ស្លៀក ហូប​អត់​គ្រប់គ្រាន់ ធម្មតា​យើង​អ្នក​អត់​អ្នកក្រ។ តែ​យ៉ាងណា​យើង​នៅតែ​តស៊ូៗ​ដល់​បាន​លោក​ទាំង​បី​ចេញ​មក​វិញ»

កាលពី​ថ្ងៃទី​២៣ ឧសភា អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដោយ​សន្មត​ថា ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន និង​សហការី​របស់​លោក បាន​លួច​ជួបជុំគ្នា​នៅ​ខេត្ត​រតនគិរី កាលពី​ថ្ងៃ​១៣ និង​១៤ ឧសភា ដោយ​មាន​ខ្លឹមសារ​ក្នុង​គោលដៅ​នយោបាយ ញុះញង់​ឱ្យ​កសិករ​បះបោរ ឈាន​ទៅ​ដល់​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ តំណាង​អយ្យការ​ខេត្ត​បាន​បើក​ការ​ស៊ើបសួរ​ទៅ​លើ​អង្គហេតុ លើ​លោក ថេង សាវឿន លោក ញ៉ិល ភាព លោក ថាន់ ហាច និង​អ្នកស្រាវជ្រាវ​ម្នាក់ទៀត គឺ​លោក​បណ្ឌិត ចាន់ វិបុល ក្រោម​បទ​ចោទ រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៥៣ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ តុលាការ​បានសម្រេច​ឃុំខ្លួន​លោក ថេង សាវឿន និង​សហការី​ពីរ​នាក់​ទៀត​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តរតនគិរី។

ទាក់ទិន​រឿង​នេះ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី លោក កែវ ភក្ដី បញ្ជាក់​ថា លោក​បណ្ឌិត ចាន់ វិបុល ពិតជា​មានឈ្មោះ​ពាក់ព័ន្ធ​ជាមួយ​លោក ជា សាវឿន និង​សហការី​២​នាក់​ទៀត ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ពិតប្រាកដ​មែន​។ តែ​យ៉ាងណា លោក​បន្ត​ថា រហូតមកដល់​ពេលនេះ​ចៅក្រម​ស៊ើបសួរ មិន​ទាន់​មាន​វិធានការ​តាម​នីតិវិធី ឬ​ចេញ​ដីកា​កោះហៅ​ទៅ​លើ​លោក ចាន់ វិបុល នៅឡើយ​ទេ។

លោក កែវ ភក្ដី៖ «ពាក់ព័ន្ធ​ជាមួយនឹង​ការ​ចាប់​ខ្លួន អត់​ទាន់​មាន​នីតិវិធី​យ៉ាងម៉េច​ទេ ព្រោះ​ចៅក្រម​ស៊ើបសួរ​គាត់​ទើប​តែ​ចាប់ផ្ដើម​នីតិវិធី ហើយ​ក៏បាន​ឃុំខ្លួន​មនុស្ស​តែ​៣​នាក់​ទេ គឺ​អត់​មាន​លោក ចាន់ វិបុល ទេ»។

ទាក់ទង​ទៅ​នឹង​ការ​ចាប់ខ្លួន​លោក ថេង សាវឿន និង​សហការី​២​នាក់​ទៀត​របស់​លោក​នេះ ក្រុម​អង្គការ សង្គម​ស៊ីវិល សហជីព និង​សមាគម​ចំនួន​៥៨ ស្ថាប័ន នៅ​ថ្ងៃទី​២៤ ឧសភា បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា ស្នើ​ឱ្យ​ដោះលែង និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ទៅលើ​ពួក​លោក​ទាំង​៣​នាក់។

ជុំ​វិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់ឃើញ​ថា ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ គឺជា​សក្ខីកម្ម​មួយ ដែល​អាច​បញ្ជាក់​ថា លោក ថេង សាវឿន លោក ញ៉ិល ភាព និង​លោក ថាន់ ហាច មិន​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ទេ។ លោក​បន្ត​ថា តុលាការ​គួរតែ​ស្ដាប់​ហេតុផល​របស់​ប្រជាពលរដ្ឋ ដែល​ជា​សាក្សី​រស់​ទាំង​ជាង ៣​រយ​នាក់​នេះ​ដើម្បី​ផ្ដល់​យុត្តិធម៌​ក្នុង​សង្គម និង​ដោះលែង​ថ្នាក់​ដឹកនាំ​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោក នី សុខា៖ «សកម្មភាព​របស់​អង្គការ​លោក ថេង សាវឿន ធ្វើ​ហាក់ដូច​គ្មានអ្វី​ដែល​ជា​ការ​រំលោភ​បំពាន​ទៅលើ​ផ្លូវច្បាប់​ទេ។ អ៊ីចឹង​យើង​ស្នើ​ឱ្យ​អាជ្ញាធរ ជាពិសេស​តុលាការ ពិចារណា​ឱ្យ​បាន​ដិតដល់​ក្នុង​បញ្ហា​អស់នេះ​។ ដំណោះស្រាយ ខ្ញុំ​គិតថា មាន​តែ​ទៅ​តាម​ផ្លូវច្បាប់​ដែល​តុលាការ​គួរតែ​ធ្វើការ​ពិចារណា​ឡើងវិញ​ទេ ដើម្បី​ឱ្យ​ជួយ​សម្រួល​ទៅ​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ក្នុង​ការដែល​ប្រជាពលរដ្ឋ​ឡើង​មក​តវ៉ា​នេះ»។

ទាក់ទង​ទៅ​នឹង​ការ​ចាប់ខ្លួន​លោក ថេង សាវឿន លោក ញ៉ិល ភាព និង​លោក ថាន់ ហាច នេះ ប្រជាពលរដ្ឋ និង​សកម្មជន​ដីធ្លី អះអាង​ថា ពួកគាត់​នឹង​នៅ​តវ៉ា​រហូត​ដល់​តុលាការ​ដៅ​លែង​លោក ថេ​ង សាវឿន និង​សហការី​ទាំង​២ ឱ្យ​មាន​សេរីភាព​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles