មេដឹកនាំ​​សហជីព​ណាហ្គា​វើលដ៍កញ្ញា ឈឹម ស៊ីថរត្រូវបាន​កាត់​ទោស​​​​ឱ្យ​ជាប់​ពន្ធ​នា​គារ​២​ឆ្នាំពី​បទញុះញង់

២៥ ឧសភា ២០២៣
កាន់ វិច្ឆិកា
វីអូអេខ្មែរ

ក្រុមបុគ្គលិក និងសហជីពណាហ្គាវើលដ៍ ឈរលើកបដា និងរូបថត គាំទ្រថ្នាក់ដឹកនាំសហជីពរបស់ខ្លួន នៅខឿនផ្លូវម្ខាងទៀតពីមុខតុលាការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
ក្រុមបុគ្គលិក និងសហជីពណាហ្គាវើលដ៍ ឈរលើកបដា និងរូបថត គាំទ្រថ្នាក់ដឹកនាំសហជីពរបស់ខ្លួន នៅខឿនផ្លូវម្ខាងទៀតពីមុខតុលាការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)


ភ្នំពេញ — សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទាទោសកញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU) ឱ្យជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ពី​បទ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​។

កញ្ញា​ ឈឹម ស៊ីថរ​ ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ ​និង​តំណាងសហជីព​ណាហ្គា​វើលដ៍​ចំនួន​៩​នាក់ ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ក្នុង​សំណុំ​រឿងញុះ​ញង់ ​អំឡុង​ពេល​នៃ​ការ​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដោះ​ស្រាយ​វិវាទ​ការ​ងារ​។ ប៉ុន្តែមាន​តែ​កញ្ញាស៊ីថរទេ ដែលត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ ហើយ​មេដឹកនាំ​សហជីព​រូបនោះត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ភ្លាម​ៗ​ក្រោយ​ពេល​ប្រកាស​សាលក្រម​។​

ចំណែក​សមាជិក​សហ​ជីព​ចំនួន​៨​នាក់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​ម្នាក់ៗ​ចន្លោះ​ពី​១ ទៅ​១​ឆ្នាំ​កន្លះ ពី​បទល្មើស​ដូចគ្នា។ ក្នុង​ចំណោម​នោះ ៥​នាក់​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១ឆ្នាំ​កន្លះ តែមិនឃុំ​ក្នុង​ពន្ធនាគារ ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យរបស់​តុលាការ និង​បី​នាក់​ទៀត​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ តែ​ពួកគេ​ត្រូវ​បាន​ព្យួ​រ​ទោស​។

លោក​សំ ចំរើន ​មេធាវី​ការពារក្តី​ឱ្យ​កញ្ញា ឈឹម ស៊ីថរ និងសមាជិក​សហជីព​ផ្សេង​ទៀត ​ប្រាប់ វីអូអេ​ថា តុលាការ​បាន​សម្រេច​ឱ្យ​កញ្ញា ឈឹម ស៊ីថរ ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ ​និង​តម្រូវ​ឱ្យ​កញ្ញា​បន្ត​ឃុំ​ខ្លួនក្នុង​ពន្ធនាគារ។ លោក​ថា សម្រាប់​សមាជិក​សហជីព​ផ្សេង​ទៀត​ត្រូវ​ជាប់​ទោស​ចន្លោះ​ពី​១​ឆ្នាំ​ ទៅ​១​ឆ្នាំ​កន្លះ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ព្យួរ​ទោស និងដាក់​ឱ្យស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ។

លោកមេធាវី សំ ចំរើន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
លោកមេធាវី សំ ចំរើន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

លោក សំ ចំរើន បន្ថែម​ថា មេធាវី​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ និង​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តីថា​នឹង​ត្រូវ​ប្តឹង​ទៅ​ឧទ្ធរណ៍ ឬ​យ៉ាង​ណានោះ​។

អ្នកស្រី ឃ្លាំង សុបិន្ត សមាជិក​សហជីព​ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​១​ឆ្នាំ​កន្លះ តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ប្រាប់​វីអូអេ​នៅផ្លូវ​ម្ខាងទល់​មុខសាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា តុលាការ​សម្រេច​ក្តីដោយ​គ្មាន​វិជ្ជាជីវៈ និង​គ្មាន​យុត្តិធម៌​សម្រាប់​កូដករ។

អ្នកស្រីថ្លែងថា៖ «យើង​ទទួល​បាន​ថ្ងៃ​ហ្នឹង គឺ​យើង​អស់​សង្ឃឹម ហើយ​យើង​ជឿជាក់​មុត​មាំ​ថា តុលាការ​ពិត​ជា​អត់​ដែល​មាន​រក​យុត្តិធម៌ឱ្យ​ជន​រងគ្រោះ​ទេ ​មាន​តែ​ផ្តល់​អយុត្តិធម៌​ដល់​អ្នក​ដែល​អត់​ធ្វើ​ខុស។​ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​សង្កេត​ឃើញ​ថា​ប្រទេស​យើង អ្នក​កាប់​ព្រៃឈើ ជួញដូរ​គ្រឿង​ញៀន ឃាតក ​ធ្វើ​រឿង​អាក្រក់ៗ​គេ​អត់​ញញើត​ទេ ព្រោះ​គេ​អត់​ជាប់​ទោស​កំហុស​អី​យូរ ឬ​ក៏អត់មាន​បទ​ចោទ​អី​ទេ ដោយ​ឡែក​អ្នកការពារ​សិទ្ធិ​មនុស្ស សិទ្ធិ​សេរីភាព​ការងារ​ហ៊ាន​និយាយ​អ្វី​ដែល​ជា​ការពិត គឺ​យើង​តែង​ទទួល​បាន​បទ​ចោទពិសេសៗ ឬ​ប្លែកៗ​តាម​អ្វី​ដែល​គេ​ច្នៃ​ឡើង​ឱ្យ​មើល​ទៅ​ទំនង»


ព័ត៌មាន​ទាក់ទង៖ តុលាការ​ចេញ​ដីកា​កោះ​ហៅ​កូដករ​ណាហ្គាវើលដ៍​ជា​បន្តបន្ទាប់ ខណៈ​កូដករ​មិន​បញ្ឈប់​កូដកម្ម

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។

កាលពី​ខែ​មករា ​ឆ្នាំ២០២២ ​កញ្ញា​ ឈឹម ស៊ីថរ ​ត្រូវ​បាន​ចាប់​ខ្លួន ​ហើយ​បញ្ជូន​ទៅ​តុលាការ​ពី​បទ«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ​បន្ទាប់​ពី​នាង​បាន​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍ ​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ទទួល​យក​បុគ្គលិក​ជា​ច្រើន​រយ​នាក់​ចូល​ធ្វើការ​វិញ​ និង​ផ្តល់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ដល់​បុគ្គលិក​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ទាំង​បង្ខំ។​

កញ្ញា ឈឹម ស៊ីថរ បាន​និង​កំពុង​ជាប់​ឃុំក្នុង​ពន្ធនាគារ​ជិតមួយ​ឆ្នាំមក​ហើយ ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​កញ្ញា​ដាក់​ឃុំ​ចំនួន​ពីរ​ដង​រួច​មក។

ក្រោយ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន សមាជិក​សហជីព​ដែល​ជាក្រុម​បុគ្គលិក​ណាហ្គា​វើលដ៍រាប់​រយ​នាក់​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ថ្នាក់​ដឹកនាំ​របស់​ពួកគេ និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដោះ​ស្រាយ​វិវាទ​ការងារ​ដែល​កើត​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។

ក្រុមបុគ្គលិក និងសហជីពណាហ្គាវើលដ៍ ឈរលើកបដា និងរូបថត គាំទ្រថ្នាក់ដឹកនាំសហជីពរបស់ខ្លួន នៅខឿនផ្លូវម្ខាងទៀតពីមុខតុលាការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
ក្រុមបុគ្គលិក និងសហជីពណាហ្គាវើលដ៍ ឈរលើកបដា និងរូបថត គាំទ្រថ្នាក់ដឹកនាំសហជីពរបស់ខ្លួន នៅខឿនផ្លូវម្ខាងទៀតពីមុខតុលាការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

ការ​បន្ត​ធ្វើ​កូដកម្ម​តវ៉ា​នៅ​ខាងមុខ​កាស៊ីណូ​ណាហ្គាវើលដ៍ និង​នៅ​តាម​កំណាត់​ផ្លូវ​ខ្លះៗ​ក្បែរ​រដ្ឋសភា​ជាតិ បាន​ធ្វើ​ឱ្យ​សមាជិកសហជីព​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់។​

​នៅ​មុនអំឡុង​ និង​ក្រោយ​ពេល​ប្រកាស​សាលក្រម​នៅ​ព្រឹក​នេះ គេ​ឃើញ​ក្រុម​បុគ្គលិកណាហ្គា​វើលដ៍ជាង​១០០​នាក់ នាំ​គ្នា​ឈរ​លើក​បដា​ និង​រូប​ថត គាំទ្រ​ថ្នាក់​ដឹកនាំ​សហជីព​របស់​ខ្លួន នៅខឿន​ផ្លូវ​ម្ខាង​ទៀត​ពី​មុខ​តុលាការ។

ក្រោយ​ការ​ប្រកាស​កាត់​ទោស​ថ្នាក់​ដឹកនាំ​របស់​ពួកគេ អ្នកឈរ​តវ៉ាខ្លះ​បានស្រែក​យំ ខ្លះ​បាន​ស្រែក​ថា​ ការ​កាត់​ទោស​ថ្នាក់ដឹកនាំ​របស់​ពួកគេ​គឺ​ជា​រឿងអយុត្តិធម៌ ហើយ​ពួកគេ​ប្រកាស​ថា នឹង​បន្ត​ការ​តវ៉ា​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង និង​ទម្លាក់​ចោល​បទចោទ​លើ​ថ្នាក់​ដឹកនាំ​សហជីព​របស់​ពួកគេ។

កញ្ញា ពៅ រស្មី អ្នកតវ៉ា​ដែល​ឈរ​គាំទ្រ​ថ្នាក់​ដឹកនាំ​សហជីព​របស់​ខ្លួននៅ​ខាង​មុខ​តុលាការ និយាយ​ថា ក្រុម​បុគ្គលិក​នាំគ្នា​តវ៉ាឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដោះស្រាយ​វិវាទ​ការងារ គឺ​ជា​រឿង​ឆ្នាំង​បាយ មិន​មែន​ជារឿង​នយោបាយនោះ​ទេ។ កញ្ញា​ថា ក្រុមបុគ្គលិក​នឹង​បន្តតវ៉ា​រហូត​ទទួល​បាន​ដំណោះ​ស្រាយ។

ក្រុមបុគ្គលិក និងសហជីពណាហ្គាវើលដ៍ ឈរលើកបដា និងរូបថត គាំទ្រថ្នាក់ដឹកនាំសហជីពរបស់ខ្លួន នៅខឿនផ្លូវម្ខាងទៀតពីមុខតុលាការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
ក្រុមបុគ្គលិក និងសហជីពណាហ្គាវើលដ៍ ឈរលើកបដា និងរូបថត គាំទ្រថ្នាក់ដឹកនាំសហជីពរបស់ខ្លួន នៅខឿនផ្លូវម្ខាងទៀតពីមុខតុលាការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

កញ្ញា​ប្រាប់​វីអូអេ​ថា៖ «ពួកខ្ញុំ​តវ៉ា​តែ​ជាមួយ​ថៅកែ​ណាហ្គាវើលដ៍​ទេ តែ​រាល់​ការ​ចោទ​ប្រកាន់​ជាច្រើន មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ អយុត្តិធម៌​សម្រាប់​គាត់​ខ្លាំង​មែន​ទែន​ ពួកខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​វា​អយុត្តិធម៌​ខ្លាំង​ណាស់ តែ​សម្រាប់​ពួកខ្ញុំ ពួកខ្ញុំ​នៅ​តែ​តវ៉ា​ដើម្បី​ទទួល​បាន​សិទ្ធិ​ការងារ ទោះជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ពួកយើង​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​តទៅ​ទៀតដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ ពីព្រោះ​រឿង​ហ្នឹង វាជា​រឿង​ឆ្នាំង​បាយ មិនមែន​ជា​រឿង​នយោបាយ​ទេ»។​

នាយក​គ្រប់គ្រង​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក អំ សំអាត ដែល​បាន​ចូល​ឃ្លាំមើលការ​ប្រកាស​សាលក្រម​នោះ​លើក​ឡើង​ថា សាលក្រម​របស់​តុលាការ​គឺជា​ការ​រឹតត្បិត​ និង​គំរាម​កំហែង​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​ជួបជុំ និងការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​របស់​បុគ្គលិក​ និង​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​។

លោក​ថ្លែងថា៖ «បញ្ហា​ណាហ្គាវើលដ៏​វា​កើត​ចេញ​អំពី​វិវាទ​ការងារ អ៊ីចឹង​ដំណោះ​ស្រាយ​វា​គួរតែ​មាន​ការ​ដោះស្រាយ​ទៅ​តាមបញ្ហា​ការងារ​។ ចំពោះ​ការ​ធ្វើ​កូដកម្ម ​ គឺ​គាត់​ធ្វើ​ត្រឹម​ត្រូវ​ស្របតាម​ផ្លូវ​ច្បាប់ ​ដែល​មាន​ការ​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធត្រឹមត្រូវ​តាម​ច្បាប់​ការងារ។ ដូច្នេះ​បញ្ហា​កូដកម្ម​វាមិនមែន​ជា​បទ​ល្មើស​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​នោះ​ទេ»

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ក្រុមប្រឹក្សា​សហជីព​អូស្ត្រាលី (ACTU) និង​អង្គការ​សម្ព័ន្ធ​ភាព​សកល​នៃ​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ហៅ​កាត់​ថា​ CIVICUS បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​បទចោទ​លើ​ថ្នាក់​ដឹកនាំ និង​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទាំង​៩ និង​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ ជា​បន្ទាន់។

អង្គការ​ទាំង​នេះ​លើក​ឡើងថា សាលក្រម​នេះ​មានចេតនា​បំបិទ​សំឡេង​សកម្ម​ជន និង​អ្នក​តស៊ូ​មតិ​សម្រាប់​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេនៅថ្ងៃព្រហស្បតិ៍​។

កាលពី​ដើម​ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២​ ដល់​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​កញ្ញា​ ឈឹម ស៊ីថរ​ ។ ពានរង្វាន់​នោះ​ផ្តល់​សម្រាប់​អ្នកដែលបង្ហាញ​ពី​ភាព​ក្លាហាន​យ៉ាង​ពិសេស ​និង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​លើក​កម្ពស់ ​និង​ការពារ​សិទ្ធិ​មនុស្ស​ដែល​គេ​ទទួល​ស្គាល់​ជា​សកល៕

What Next?

Recent Articles