លោក រ៉ុង ឈុន អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កុំ​ឱ្យ​តក់ស្លុត ឬ​រាថយ ទោះជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ

ដោយ ទីន ហ្សាការីយ៉ា
2023.05.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក រ៉ុង ឈុន អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កុំ​ឱ្យ​តក់ស្លុត ឬ​រាថយ ទោះជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ

លោក រ៉ុង ឈុន អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន


មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន ស្នើ​អ្នក​គាំទ្រ​របស់​ខ្លួន​កុំ​តក់ស្លុត កុំ​រាថយ​ បើ​ទោះជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​​កំពូល​ចុងក្រោយ​សម្រេច​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ក្នុង​ការបោះឆ្នោត​ខាង​មុខ​នេះ​ក្ដី។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន រិះគន់​ថា សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​ចរិត​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​ច្រាន​ចោល​បណ្ដឹង​របស់​បក្ស​ភ្លើង​ទៀន ដែល​ប្ដឹង​តវ៉ា​នឹង​សេចក្ដី​សម្រេច​ របស់​គ.ជ.ប ដែល​មិន​​​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ក្នុង​​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ អាណត្តិ​ទី៧ ខាង​មុខ។

ការបោះឆ្នោត​ថ្នាក់​ជាតិ​ថ្ងៃ​ទី២៣ ខែ​កក្កដា​ខាង​មុខ​នេះ នឹង​គ្មាន​វត្តមាន​គណបក្ស​ភ្លើងទៀន ចូលរួម​ប្រកួតប្រជែង​​ទេ។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ចុះ​ថ្ងៃ​ទី២៥ ខែ​ឧសភា ចាត់​ទុក​ពាក្យ​បណ្ដឹង​គណបក្ស​ភ្លើង​ទៀន ថា​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់​ ប៉ុន្តែ​បដិសេធ​ចោល​ដោយ​លើកឡើង​ថា ​ខុស​នឹង​គតិ​ច្បាប់។ ការ​សម្រេច​ដូច្នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទាំង​៩​រូប ជួប​ប្រជុំ​ដែល​ដឹកនាំ​ប្រធាន​ស្ថាប័ន​នេះ គឺ​លោក អ៊ឹម ឈុនលឹម កាល​ពី​ព្រឹក​ថ្ងៃ​ទី២៥ ខែ​ឧសភា។

អគ្គលេខាធិការ​រង និង​ជា​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ក្រោយ​ចប់​កិច្ចប្រជុំ​នោះ​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ទាត់​ចោល​បណ្ដឹង​គណបក្ស​ភ្លើង​ទៀន ពេល​នេះ ព្រោះ​ស្ថាប័ន​កំពូល​មួយ​នេះ រក​ឃើញ​ថា សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មិន​ចុះ​បញ្ជី​ឈរ​ឈ្មោះ​ឱ្យ​គណបក្ស​​ភ្លើង​ទៀន​គឺ​ត្រឹមត្រូវ​តាម​ច្បាប់។

លោក ព្រហ្ម វិចិត្រអក្ខរា៖ «ក្នុង​ការ​ផ្ទៀងផ្ទាត់​នេះ​ឃើញ​ថា ការអនុវត្ត​របស់ គ..ប គឺ​អនុវត្ត​ទៅតាម​មាត្រា២៧ និង​មាត្រា៣១ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​​អ៊ីចឹង​បើ​ការអនុវត្ត​នេះ​ត្រឹមត្រូវ​ហើយ​ស្រប​តាម​ស្មារតី​មាត្រា​នេះ​ហើយ​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​គឺ​ពិនិត្យ​លើ​លក្ខខណ្ឌ​ទម្រង់​ច្បាប់​ហ្នឹង​គឺ​កំណត់​ថា ជា​បណ្ដឹង​មួយ​ដែល​ផ្ទុយ​នឹង​ច្បាប់។ »)

គណបក្ស​ភ្លើង​ទៀន បាន​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កាលពី​ថ្ងៃ​ទី១៩ ឧសភា ប្រឆាំង​សម្រេច​របស់​គ.ជ.ប​ដែល​មិន​ចុះ​បញ្ជី​​ឈ្មោះ​ឱ្យ​គណបក្ស​នេះ​​អាច​ចូលរួម​ប្រកួត​បោះឆ្នោត​នៅ​ខែ​កក្កដា​ពេល​ខាងមុខ។ គ.ជ.ប បដិសេធ​ការ​ចុះ​បញ្ជី​របស់​គណបក្ស​ភ្លើង​ទៀន ដោយ​លើក​ហេតុផល​ថា​ព្រោះ​​គណបក្ស​នេះ​គ្មាន​ឯកសារ​​ច្បាប់​ដើម​នៃ​ការ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ​ដែល​​បញ្ជាក់​នីត្យានុកូលកម្ម ដោយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ​ឱ្យ​បាន​ត្រឹមត្រូវ​​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន លើកឡើង​ថា ការ​សម្រេច​បែប​នេះ របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាត់បង់​ជម្រើស​របស់​ខ្លួន​សម្រាប់​បោះឆ្នោត​ថ្ងៃ​ទី២៣ ខែកក្កដា​ ខាង​មុខ។ លោក រ៉ុង ឈុន បន្ត​ទៀត​ថា ជំហរ​ផ្ទាល់​អះអាង​ថា ជំហរ​របស់​លោក នៅតែ​គោរព​ស្មារតី​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ចុះ​កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា គឺ​ការ​តស៊ូ​មតិ​ដោយ​អហិង្សា​។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា នៅ​ពេល​នេះ​លោក​រង់ចាំ​មើល​ការ​សម្រេច​ជា​ផ្លូវការ​របស់​គណបក្ស​ភ្លើង​ទៀន សិន​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​នឹង​កោះ​ប្រជុំ​បន្ទាន់​មួយ​ដើម្បី​ឆ្លើយតប​នឹង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

លោក រ៉ុង ឈុន៖ «ជំហរ​ខ្ញុំ​នៅតែ​ដូច​ពីដើម​អ៊ីចឹង​ មិន​ប្រែប្រួល​ទេ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ការងារ​ពេល​នេះ​មិនមែន​ដូច​ខ្ញុំ​ធ្វើ​ការងារ​នៅ​សង្គម​ស៊ីវិល​ពីព្រោះ​យើង​ត្រូវ​គោរព​ទៅតាម​សំឡេង​ភាគច្រើន​ព្រោះ​ថា បើ​អង្គប្រជុំ​សំឡេង​ភាគច្រើន​សម្រេច​ថា ដកថយ យើង​នឹង​ពិចារណា ប៉ុន្តែ​ជំហរ​ខ្ញុំ​នៅតែ​តស៊ូ​មតិ​ក្នុង​ក្រុម​យ៉ាង​ស្អិត​រលួត បើសិន​ជា​យើង​ធ្វើ​អ្វីៗ​យើង​មិន​ទាមទារ​មិនដែល​គេ​ដាក់​ជើងពាន​ឱ្យ​យើង​ទេ។​​ »)

​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី២៥ ខែ​ឧសភា គណបក្ស​ភ្លើង​ទៀន មិន​ទាន់​ចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយតប​នឹង​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការបោះឆ្នោត។

ទាក់ទង​រឿង​នេះ​ដែរ កាលពី​គ.ជ.ប សម្រេច​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការបោះឆ្នោត​ខាង​មុខ​នេះ គណបក្ស​ភ្លើង​ទៀន ​ព្រមាន​ថា នឹង​ប្រមូល​ផ្តុំ​ថ្នាក់​ដឹកនាំ សមាជិក​ សកម្មជន​ និង​អ្នកគាំទ្រ ទូទាំង​ប្រទេស​ ដើម្បី​តស៊ូ​មតិ​ដោយ​សន្តិវិធី។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី យល់​ថា នៅ​ពេល​នេះ​មានតែ​កម្លាំង​ពីរ​ដែល​អាច​ជំរុញ​ឱ្យ​គណបក្ស​ភ្លើង​ទៀន អាច​ចូលរួម​ក្នុង​ការបោះឆ្នោត​បាន​គឺ​ការ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ និង​ភាព​ក្លាហាន​របស់​លោក សម រង្ស៊ី ក្នុង​

ការ​វិល​ចូល​ស្រុក​វិញ។

លោក សេង សារី៖ «ខ្ញុំ​មើល​ទៅ​កម្លាំង​ដែល​ភ្លើង​ទៀន​អាច​ហៅ​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ក៏​តិចតួច​ដែរ ប៉ុន្តែ​បើ​លោក សម រង្ស៊ី ត្រឡប់​ចូល​ស្រុក​វិញ​កម្លាំង​ងើប​ច្រើន​ធំ​ដូច​ខ្ញុំ​លើកឡើង​អ៊ីចឹង​ថា​ គណបក្ស​ភ្លើង​ទៀន អត់មាន​ទ្រព្យ​នយោបាយ​ទេ ខ្ញុំ​និយាយ​ក្នុង​រចនាសម្ព័ន្ធ​ណា អ្វី​ដែល​សំខាន់​គឺ​កម្លាំង​នយោបាយ​ជា​កម្លាំង​គាំទ្រ​លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ បើសិន​ជា​លោក សម រង្ស៊ី មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​គិត​ថា កម្លាំង​មាន​ច្រើន​ជាង​ហ្នឹង»

ទាក់ទង​ការ​លើក​ឡើង​របស់​បណ្ឌិត សេង សារី នេះ​ដែរ លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​គណបក្ស​ភ្លើង​ទៀន ប្រកាស​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ តែ​លោក​មិន​ទាន់​បញ្ជាក់​ពេល​វេលា​ជាក់លាក់​នៅ​ឡើយ​ទេ។

​មុន​ពេល​គ.ជ,ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ សម្រេច​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ក្នុង ការបោះឆ្នោត​ខាង​មុខ​នេះ រដ្ឋាភិបាល លោក ហ៊ុន សែន និង​ប្រព័ន្ធ​តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​មេដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​នោះ​រួម​មាន​៖ ការ​ដកហូត​ដី​ផ្ទះ​ឧត្ដម​ទីប្រឹក្សា​គណបក្ស​នេះ​គឺ​លោក គង់ គាំ សមត្ថកិច្ច​ចាប់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា និង​មន្ត្រី​ដទៃ​នៃ​គណបក្ស​នេះ​មួយ​ចំនួន​ដាក់​ពន្ធនាគារ​។ ចំណែក អនុប្រធាន​គណបក្ស​នេះ​មួយ​រូប​ទៀត​គឺ​លោក សុន ឆ័យ ចាញ់ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ត្រូវ​បង់​សំណង​ជំងឺចិត្ត​ទៅ​គណបក្ស​នេះ​​ជា​ប្រាក់​ចំនួន​១លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles