អ្នក​ជាប់​ឃុំ​បក្ស​ប្រឆាំង ១៤នាក់​ទៀត រួច​ទោស ក្រោយ​ពេល​សុំ​ទោស​លោក ហ៊ុន សែន

ដោយ មាន ឫទ្ធិ
2023.05.24
RFA

អ្នក​ជាប់​ឃុំ​បក្ស​ប្រឆាំង ១៤នាក់​ទៀត រួច​ទោស ក្រោយ​ពេល​សុំ​ទោស​លោក ហ៊ុន សែន

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជាប់ឃុំ ១៤នាក់​ផ្សេង​ទៀត ទទួល​បាន​លើកលែង​ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយ​ពេលសុំ​ទោស​លោក ហ៊ុន សែន។ រូបពីពលរដ្ឋ


ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ប្ដី​របស់​ខ្លួន​​ទទួល​បាន​លើកលែង​ទោស​ក្រោយ​សុំ​ទោស​លោក​នាយក​រដ្ឋមន្ត្រី សង្ស័យ​ថា មាន​រឿង​នៅ​ពី​ក្រោយ ដែល​ធ្វើ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​សុំ​ទោស​លោក ហ៊ុន សែន​ជា​បន្ត​បន្ទាប់​បែប​នេះ។ ចំណែក​លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន បង្ខំ​ឱ្យ​អ្នក​ជាប់​ឃុំ​ទាំង​នោះ​សុំទោស​ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ។ ការ​លើកឡើង​នេះ​ក្រោយ​ពេល​អ្នកជាប់ឃុំ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១៤នាក់​ផ្សេង​ទៀត ទទួល​បាន​លើកលែង​ក្រោយ​សុំ​ទោស​លោក ហ៊ុន សែន។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ស្នើ​ឱ្យ​មាន​ការ​យល់​ចិត្ត​សកម្មជន​បក្ស​ប្រឆាំង​​ដែល​សរសេរ​លិខិត​សុំទោស​ លោក​ ហ៊ុន សែន ដើម្បី​អាច​បាន​នៅ​ក្រៅ​ឃុំ។​ លោក សម រង្ស៊ី ថា ​ពួកគាត់​ទាំង​នោះ​​ត្រូវការ​សេរីភាព​ ដើម្បី​បន្ត​ជីវិត​ ហើយ​ដើម្បី​ត្រឡប់​ទៅ​ជួយ​ទ្រទ្រង់​ជីវភាព​ ក្រុម​គ្រួសារ។ លោក សម រង្ស៊ី លើកឡើង​ទៀត​ថា អ្នក​ទោស​មនសិការ​ទាំង​នោះ​ត្រូវ​បង្ខំចិត្ត​ ធ្វើ​លិខិត​សុំទោស​លោក ហ៊ុន សែន តាម​តែ​អ្វី​ដែល​ លោក ហ៊ុន សែន បង្ខំ​ឱ្យ​ពួកគាត់​​ធ្វើ ប្រសិន​បើ​សាមី​ខ្លួន​ចង់​ចេញ​ពី​ពន្ធនាគារ។ លោក សម រង្ស៊ី លើកឡើង​ដូច្នេះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថ្ងៃ​ទី២៤ ខែ​ឧសភា។

ទាក់ទង​រឿង​នេះ​ដែរ ប្រពន្ធ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ស៊ុន ធន់ គឺ​ លោក​ស្រី​ សេង ចាន់ថន ប្រាប់​វិទ្យុ​អាស៊ី​សេរីថា លោកស្រី​ដឹង​ថា លោកស្រី​រីករាយ​ដែល​បាន​ជួបជុំ​គ្រួសារ​ឡើងវិញ។ ទោះ​យ៉ាងណា លោកស្រី សោកស្ដាយ​ដែល​ប្ដី​លោកស្រី​ជាប់​ឃុំ​ដោយ​គ្មាន​កំហុស បែរ​ជា​ត្រូវ​ធ្វើ​លិខិត​សុំទោស​​លោក ហ៊ុន សែន ដើម្បី​ទទួល​បាន​សេរីភាព​នៅ​ពេល​នេះ។ លោក​ស្រី​ សេង ចាន់ថន សង្ស័យ​ថា អាច​មាន​អ្វី​នៅ​ពី​ក្រោយ ដែល​ធ្វើ​ឱ្យ​អ្នក​ជាប់​ឃុំ​បក្ស​ប្រឆាំង​នាំ​គ្នា​សុំទោស​លោក ហ៊ុន សែន ជាបន្តបន្ទាប់​បែបនេះ។

លោក​ស្រី សេង ចាន់ថន៖ «មិន​គួរ​បែប​ហ្នឹង​សោះ​ មិន​គួរ​ពួក​គាត់​សុំទោស​គេ ហើយ​សុំ​ចេញ​អ៊ីចឹង​ទេ គួរ​ណាស់​ពួក​គាត់​នៅ​ឱ្យ​គ្រប់​ព្រោះ​អី​ជិត​ដល់​ថ្ងៃ​ពួកគាត់ ព្រោះ​អី​ជិត​ដល់​ថ្ងៃ​ពួក​គាត់​ចេញ​ហើយ​នៅតែ​ប៉ុន្មាន​ខែ​ទៀត​ត្រូវ​ចេញ​ហើយ មិន​ដឹង​ថា តើ​ក្នុង​នោះ (ពន្ធនាគារមាន​ស្ថានភាព​បែប​ណា ពួក​ខ្ញុំ​នៅ​ខាង​ក្រៅ គឺ​អត់​ដឹង​ទាំង​អស់​គ្នា​គាត់​មាន​ទុក្ខ​លំបាក​យ៉ាង​ណា​យ៉ាង​ណី​ទេ បាន​ដល់​ថ្នាក់​សុំទោស​​ព្រោះ​នេះ​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​ក្បត់​ឧត្ដមគតិ​ខ្លួន​ឯង ដែល​គ្មាន​អ្វី​ឈឺ​ចាប់​ជាង​ហ្នឹង​ទៀត​ទេ»

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​សាច់ញាតិ​អ្នក​ជាប់ឃុំ​ផ្សេង​ទៀត ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា។

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ចុះ​កាល​ពី​ថ្ងៃទី២៣ ខែ​ឧសភា សម្រេច​លើកលែងទោស​អ្នក​ជាប់​ឃុំ​បក្ស​ប្រឆាំង​ចំនួន​១៤​រូប​ តាម​សំណើ​លោក ហ៊ុន សែន។ អ្នកជាប់ឃុំ​ទាំង​នោះ រួម​មាន លោក កែវ ថៃ លោក ថៃ គន្ធា និង​លោក ស៊ុន ធន់ ជា​ដើម។ ពួកគាត់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ​ចោទ​ប្រកាន់​ពី​បទ ​​​​​​រួម​គំនិត​ក្បត់​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់ ​មិន​ឲ្យ​យោធា​ស្ដាប់​បង្គាប់ ទាក់ទង​ផែនការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី។

គិត​ត្រឹម​ម៉ោង ២រសៀល​ថ្ងៃ​ទី២៤ ខែ​ឧសភា អ្នក​ជាប់​ឃុំ​ទាំង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ចេញ​ពី​ពន្ធនាគារ​ហើយ។

ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​នោះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក កែវ ថៃ បាន​សរសេរ​លិខិត​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ​សុំ​ទោស​និង​សុំ​ឱ្យ​លោក ហ៊ុន សែន ​ជួយ​ធ្វើ​អន្តរាគមន៍​លើកលែង​ទោស​លើ​រូប​លោក ដើម្បី​លោក​អាច​រស់នៅ​ជា​ពលរដ្ឋ​សាមញ្ញ​ជាមួយ​ក្រុម​គ្រួសារ។

ទាក់ទង​រឿង​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ​ប្រាប់​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​បង្ខិតបង្ខំ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ​ទាំង​នោះ​សុំ​ទោស​លោក ហ៊ុន សែន ទេ។

លោក សុខ ឥសាន៖ «មាន​ពីណា​បង្ខិតបង្ខំ​សាមីខ្លួន​នៅ​តាស សួរ​គាត់​ទៅ​ដឹង​ហើយ»

បើ​ទោះជា មន្ត្រី​បក្ស​កាន់អំណាច​អះអាង​បែប​នេះ​ក្ដី ​តែ​អតីត​អ្នក​ជាប់​ឃុំ​បក្ស​ប្រឆាំង​​ឱ្យ​ដឹង​ថា នៅ​ក្នុង​ពន្ធនាគារ គឺ​មាន​មនុស្ស​របស់​លោក ហ៊ុន​ សែន ដើរ​បញ្ចុះបញ្ចូល​ឱ្យ​អ្នក​ជាប់​ឃុំ​បក្ស​ប្រឆាំង​ធ្វើ​លិខិត​សុំទោស​លោក ហ៊ុន សែន ដើម្បី​អាច​បាន​នៅ​ក្រៅ​ឃុំ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា ពាក្យ​សុំទោស​របស់​អ្នក​ជាប់​ឃុំ​បក្ស​ប្រឆាំង​ពេល​នេះ គឺ​ដើម្បី​អាច​ឱ្យ​ពួកគាត់​រួច​ផុត​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ដើម្បី​ទទួល​បាន​សេរីភាព​។ លោក​ គឹម សុខ បន្ត​ទៀត​ថា ការ​ដែល​លោក ហ៊ុន សែន រៀបចំ​ឱ្យ​មាន​អ្នក​ជាប់​ឃុំ​ទាំង​នោះ​សុំទោស​លោក​នៅ​ពេល​នេះ ព្រោះ​លោក ហ៊ុន​ សែន ​ចង់​បាន​រូបភាព​នេះ យក​ទៅ​អួត​ប្រាប់​សហគមន៍​អន្តរជាតិ ថា​លោក​បាន​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​នោះ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បើក​លំហ​ប្រជាធិបតេយ្យ​មុន​ការបោះឆ្នោត។

លោក គឹម សុខ៖ «ដូច្នេះ​មានតែ​លោក ហ៊ុន សែន រៀប​ឆាក​ផ្សេងៗ​ឱ្យ​មើល​ឃើញ​ថា អ្នក​ដែល​ធ្លាប់​ប្រឆាំង​នឹង​គាត់​ពី​មុន​អ្នក​ធ្លាប់​ជាប់​គុក​ទៅ​សុំទោស​គាត់​គឺ​អ្នក​ទាំង​អស់​ហ្នឹង​សំដែង​អំពី​ការ​ដឹង​កំហុស​ចំពោះ​គាត់​ដើម្បី​គាត់​យក​ទៅ​ផ្សាយ»

នៅ​រយៈពេល​​ចុង​ក្រោយ​នេះ អ្នក​ជាប់​ឃុំ​បក្ស​ប្រឆាំង​ជាង​២០​នាក់​​ហើយ ​ទទួល​បាន​សេរីភាពឡើងវិញ ​ក្រោយ​ពេល​​សុំ​ទោស​លោក ហ៊ុន​ សែន។ ទោះ​យ៉ាងណា​រូប​ភាព​នេះ​ហាក់​មាន​ការរៀបចំ​ឱ្យ​អ្នក​ជាប់​ឃុំ​គណបក្ស​សង្គ្រោះជាតិ​​ទាំង​នោះ​ ធ្វើ​ជា​លិខិត​និង​ចេញ​ជា​វីដេអូ ពី​ក្នុង​ពន្ធនាគារ សុំ​ទោស​លោក ហ៊ុន សែន ជា​​បន្តបន្ទាប់ ហើយ​លោក ហ៊ុន សែន ក៏​បាន​ស្នើ​ទៅ​ព្រះមហាក្សត្រ​ឱ្យ​លើកលែង​ទោស​ពួកគេ​ទាំង​នោះ​ខណៈ​ការបោះឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles