តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​មេ​ដឹកនាំ​សហជីព និង​សមាជិក​ណាហ្កាវើលដ៍ ពី ១ឆ្នាំ​ទៅ ២ឆ្នាំ​ពី​បទ​ញុះញង់

ដោយ នៅ វណ្ណារិន
2023.05.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​មេ​ដឹកនាំ​សហជីព និង​សមាជិក​ណាហ្កាវើលដ៍ ពី ១ឆ្នាំ​ទៅ ២ឆ្នាំ​ពី​បទ​ញុះញង់

​ក្រុម​កូដករ​ជាង ១០០នាក់ នៅ​ថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០២៣ នាំ​គ្នា​​មក​លើក​ទឹក​ចិត្ត​តំណាង​សហជីព​របស់​ពួក​គេ គឺ​កញ្ញា ឈឹម ស៊ីថរ នៅ​ខាងមុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្រឆាំង​នឹងការ​​ចោទ​ប្រកាន់​ពួក​គេ​អំពីបទ​ញុះញង់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ១ឆ្នាំ ទៅ ២ឆ្នាំ​។ រូបពីពលរដ្ឋ


សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី២៥ ឧសភា បាន​ប្រកាស​សាល​ក្រម​សំណុំ​រឿង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​លើ​ថ្នាក់​ដឹក​នាំ​សហជីព និង​សមាជិក​សហជីព​ណាហ្គា​វើលដ៍​ចំនួន ៧នាក់ ដាក់​ពន្ធនាគារ​ម្នាក់ៗ ចន្លោះ​ពី ១ឆ្នាំ ទៅ​ដល់ ២ឆ្នាំ។ ក្រុម​កូដករ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និង​លំអៀង​ទៅ​ខាង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​មេ​ដឹក​នាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ និង​សមាជិក ៦នាក់​ទៀត គឺ​កញ្ញា ឈឹម សុខន កញ្ញា ទូច សិរីមាស លោកស្រី ឃ្លាំង សុបិន្ត លោកស្រី ស៊ុន ស្រីពេជ្រ និង​លោកស្រី ហៃ សុភាព ឱ្យ​ជាប់​ពន្ធនាគារ​ជាង ១ឆ្នាំ​កន្លះ ដោយ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។ ចំណែក​ឯ​លោកស្រី រី សុវណ្ណឌី លោក សុខ ណារិទ្ធិ និង​លោក សុខ គង្គា ក៏​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន១ឆ្នាំដែរ ​ដោយ​តុលាការ​សម្រេច​ព្យួរ​ទោស។ ពួកគេ​ទាំង៦នាក់​នេះ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។​

សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​នៃ​ក្រុម​ហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៥ ឧសភា​ថា កញ្ញា​មិន​អាច​ទទួល​យក​បាន​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ឡើយ ពីព្រោះ​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ គ្រាន់​តែ​ប្រើ​សិទ្ធិ​ការងារ​ដើម្បី​ការពារ​អត្ថ​ប្រយោជន៍​ឱ្យ​ ក្រុម​កម្មករ​ប៉ុណ្ណោះ។ កញ្ញា​បន្ត​ថា​តុលាការ​ក្រុង​ភ្នំពេញ​មាន​ចេតនា​លំអៀង​ទៅ​ខាង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​ចង់​រំលាយ​សហជីព​ឯករាជ្យ​ចោល។​

កញ្ញា សៀក បញ្ញា៖ «ខ្ញុំ​សូម​លើក​ម្រាមដៃ​ស្នើ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ជួយ​មើល​នៅ​ករណី​វិវាទ​ការងារ​ណាហ្គាវើលដ៍ ដែល​តុលាការ​ឯករាជ្យ ច្រាន​ផ្លាក​តុលាការ​ឯករាជ្យ ប៉ុន្តែ ស៊ី​ឈ្នួល​ពី​ថៅកែ​ណាហ្គាវើលដ៍​មាន​យុត្តិធម៌​ដែល​ទេ​សម្រាប់​កម្មករ​ខ្មែរ អ៊ីចឹង​ប្រសិន​ជា​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្រសិន​ជា​តុលាការ​ស្រុក​ខ្មែរ​ស៊ី​ឈ្នួល​ពី​ជន​ជាតិ​បរទេស ស៊ី​ឈ្នួល​ពី​ថៅកែ​ណាហ្គា​វើលដ៍​ឱន​ក្បាល​បម្រើ​ថៅកែ​ណាហ្គាវើលដ៍ ដើម្បី​បំផ្លាញ​ច្បាប់​ជាតិ និង​អន្តរជាតិ ប្ដូរ​ចេញ​ប្ដូរ​តុលាការ​ស្រុក​ខ្មែរ​ហ្នឹង​ចេញ»

ក្រៅពី​តុលាការ​សម្រេច​ឱ្យ​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ចំនួន ៦នាក់ ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១ដល់ ២ឆ្នាំ នៅ​មាន​អតីត​សមាជិក​សហជីព ២នាក់​ទៀត គឺ​លោក សុខ ណារិទ្ធិ និង​លោក សុខ គង្គា ក៏​តុលាការ​ផ្ដន្ទា​ទោស​ជាប់​ពន្ធនាគារ​ចំនួន​ ១ឆ្នាំ​ លើ​សំណុំ​រឿង​ញុះញង់​ដោយ​ព្យួរ​ទោស​ឱ្យ​នៅ​ក្រៅ​ឃុំ។​ តុលាការ​ក៏​បាន​សម្រេច​ឱ្យ​បើក​ការិយាល័យ​សហជីព​នៅ​ខណ្ឌ​ចម្ការមន​របស់​ពួកគាត់​ឡើង​វិញ​ដែរ។


សមាជិក​សហជីព​ម្នាក់​ទៀត គឺ​លោក ណាំ ទីវន្ត សោក​ស្ដាយ​ដែល​តុលាការ​កាត់​ក្ដី​ដោយ​គ្មាន​ភាព​អព្យាក្រឹត ចំពោះ​តំណាង​សហជីព​ទាំង​៧នាក់​ពីព្រោះ​នេះ​ជា​វិវាទ​ការងារ​មិន​មែន​ជា​ការ​គៀង​គរ​ចង់​ផ្ដួល​រលំ​រដ្ឋាភិបាល​នោះ​ទេ។​ ​លោក​បន្ត​ថា​តុលាការ​គួរតែ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ពីព្រោះ​តុលាការ​បាន​ផឹក​ទឹក​សម្បថ​មុន​ពេល​ឡើង​ជា​តុលាការ​ដូច្នេះ​គួរតែ​ធ្វើ​ការ​ដោយ​ឈរ​លើ​គោល​ការ​ឯករាជ្យ។

លោក ណាំ ទីវន្ត «ខ្ញុំ​អត់​អាច​ទទួល​បាន​ទេ​បងអ្វី​ដែល​ខ្ញុំ​រំពឹង​ថា តុលាការ​នឹង​ ភាព​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ពេល​នេះ​ក្ដី​សង្ឃឹម​ទៅ​លើ​តុលាការ​វា​បាន​រលាយ​អស់​តែ​ម្ដង​ សោកស្ដាយ​មែន​ទែន​ដែល​ខ្ញុំ​ជឿ​ទុក​ចិត្ត​ទៅ​លើ​តុលាការ​គិត​ថា​តុលាការ​ឯករាជ្យ​គិត​ថា​តុលាការ​ដោះស្រាយ និង​កាត់​ក្ដី​ដោយ​ភាព​យុត្តិធម៌​ប៉ុន្តែ​វា​ផ្ទុយ​ពី​ការ​គិត​របស់​ពួក​ខ្ញុំ​ដែល​ជា​កម្មករ​ហ្នឹង​ជាក់ស្ដែង​តុលាការ​ពិត​ជា​អយុត្តិធម៌​មែនទែន»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៥ ឧសភា។

ទាក់ទិន​បញ្ហា​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​ណាហ្គាវើលដ៍​មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ​ ពីព្រោះ​ពួកគេ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​បនល្បែង​ណាហ្គាវើលដ៍​ដោះ​ស្រាយ​វិវាទ​ការងារ​ និង​ស្រប​តាម​ច្បាប់​ការងារ។ លោក​បន្ត​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​នេះ គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ជា​ការ​រំលោភ​សិទ្ធិ​ក្រុម​កូដករ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ប្រាសចាក​ពី​ការ​ធានា​ពី​ច្បាប់​ជាតិ​ និង​អន្តរជាតិ។

លោក អំ សំអាត៖ «ការ​ដែល​ផ្ដន្ទាទោស​នេះ​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ទាំង៩នាក់​ជាពិសេស​គឺ​កញ្ញា ​ឈឹម ស៊ីថរ និង​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​ផ្សេងៗ ទៀត ការ​ប្រកាស​សាលក្រម នេះ​វា​ហាក់​ដូច​ទៅ​ជា​រំលោភ ឬ​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត និង​រំលោភ​បំពាន​សិទ្ធិ​សហជីព ក៏ដូចជា អតីត​បុគ្គលិក និង​កម្មករ​ណាហ្គាវើលដ៍ ដែល​គាត់​ធ្វើ​កូដកម្ម ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ពី​វិវាទ​ការងារ​នោះ​ទៅ​វិញ»។

សវនាការ​នេះ​មាន​ការ​ចូលរួម​ឃ្លាំមើល​ពី​មន្ត្រី​ស្ថានទូត​អូស្ត្រាលី (Australia) មន្ត្រី​ស្ថានទូត​អាមេរិក (USA) អ្នក​សង្កេត​ការណ៍​អង្គការ​សហ​ប្រជាជាតិ (UN) មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ផង​ដែរ។

ចំណែក​នៅ​ខាងក្រៅ​របង​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ មាន​ក្រុម​កូដករ​ប្រមាណ​ជាង ១០០នាក់ បាន​មក​លើក​ទឹក​ចិត្ត​តំណាង​សហជីព​របស់​ពួក​គេ។ ពួកគេ​នាំ​គ្នា​ស្រែក​ទាំង​ក្ដី​ឈឺចាប់​មិន​អាច​ទទួល​យក​បាន​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​តំណាង​សហជីព​របស់​ពួកគេ​បាន​ឡើយ​ ដោយ​មាន​អ្នក​មួយ​ចំនួន​លើក​បដា​ថា​សិទ្ធិ​ធ្វើ​កូដកម្ម​មិនមែន​ជា​ការ​ញុះញង់។ អ្នក​មួយ​ចំនួន​ទៀត​នាំ​គ្នា​ពាក់​វ៉ែនតា និង​​យក​ក្រណាត់​ពណ៌​ខ្មៅ​ចង​មាត់ ដែល​បង្ហាញ​ថា​តុលាការ​ពុក​រលួយ​មិន​ឯករាជ្យ​ធ្វើ​ការ​បម្រើ​ឱ្យ​ពួក​អ្នក​មាន​អំណាច​ និង​បំបិទ​សិទ្ធិ​សេរីភាព​ក្រុម​កូដករ។ ជាមួយ​គ្នា​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មាន​កង​កម្លាំង​សមត្ថកិច្ច និង​ជន​ស្លៀក​ពាក់​ស៊ីវិល​ប្រមាណ ៥០នាក់ តាម​ថត​រូប​ក្រុម​កូដករ និង​ឈរ​យាម​យ៉ាង​តឹងរ៉ឹង។

កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ចំនួន ៩នាក់ ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ កាល​ពី​ដើម​ឆ្នាំ២០២២ ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ លុះ​ដល់​ខែមីនា ឆ្នាំ២០២២ តុលាការ​បាន​ដោះ​លែង​ពួក​គេ​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។ ក៏​ប៉ុន្តែ​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​លើក​ទីពីរ​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ក្រោយ​ពី​កញ្ញា​វិល​ត្រឡប់​មក​ពី​ការ​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី (Australia) ក្រោម​បទ​ចោទ​ល្មើស​បម្រាប ពី​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ប៉ុន្តែ​មេធាវី និង​កញ្ញា ឈឹម ស៊ីថរ អះអាង​ថា​ខ្លួន​មិន​ដឹង​ពី​បម្រាម​របស់​តុលាការ​ឡើយ។ ចំណែក​ឯ​កូដករ​ប្រមាណ​៩នាក់​ទៀត​ ក៏​ជាប់​បណ្ដឹង​នៅ​តុលាការ​ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles