ពលរដ្ឋ​ប្រហែល​ ១០០​នាក់​បន្ត​ប្រមូល​ផ្ដុំ​នៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក ថេង សាវឿន និង​សហការី​

ដោយ សុជីវី
2023.05.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ប្រហែល​ ១០០​នាក់​បន្ត​ប្រមូល​ផ្ដុំ​នៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក ថេង សាវឿន និង​សហការី​

 រូបពីពលរដ្ឋ


ក្រុម​ពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ ឱ្យ​មាន​សេរីភាព​វិញ​។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង​មិន​ឱ្យ​ឡើង​ភ្នំពេញ​ដើម្បី​ចូលរួម​ការ​តវ៉ា​នេះ។

ក្រុម​ពលរដ្ឋ​ប្រហែល​១​រយ​នាក់ បន្ត​ការ​តវ៉ា​ក្នុង​ទឹក​មុខ​ក្រៀមក្រំ នៅ​ក្បែរ​ច្រក​ចូល​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​២៥​ឧសភា ដោយ​អ្នក​ខ្លះ​អង្គុយ​និង​អ្នក​ខ្លះ​ទៀត​អស់​កម្លាំង​ដេកសម្រាក លើ​ចិញ្ចើម​ផ្លូវ​ក្រោយ​ម្លប់​ដើម​ឈើ អំឡុង​ពេល​អាកាស​ធាតុ​កំពុង​ក្ដៅ​ខ្លាំង ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​និង​បុគ្គលិក​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា។

កសិករ​មក​ពី​ខេត្ត​កោះកុង​លោកស្រី ជុំ ស្រីនៅ ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋ​មួយ​ចំនួន រួម​ទាំង​លោកស្រី ត្រូវ​បាន​ចាប់​កោសខ្យល់ ដោយសារ​អស់​កម្លាំង​មិន​ស្រួល​ក្នុង​ខ្លួន បន្ទាប់​ពី​នាំ​គ្នា​ចេញ​តវ៉ា​ជាច្រើន​ថ្ងៃ​មក​នេះ ពុំ​បាន​សម្រាក​និង​ហូបចុក​គ្រប់គ្រាន់​។ លោកស្រី​បន្ត​ថា នៅ​ពេល​ពលរដ្ឋ​អ្នក​តវ៉ា​ខ្យល់គរ​ឬ​មិន​ស្រួលខ្លួន ពុំ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​កងកម្លាំង​សមត្ថកិច្ច​ឡើយ ថ្វីត្បិត​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​និង​កង​សន្តិសុខ​ជាច្រើន​នាក់ ចាំ​ឃ្លាំមើល​ការ​តវ៉ា​ក្ដី។

លោក​ស្រី​ថា៖«និយាយ​រួម​ទៅ​បង មុន​ហ្នឹង​បន្តិច បើ​សិន​សហគមន៍ គាត់​អត់​កោសខ្យល់​ឱ្យ​ខ្ញុំ ខ្ញុំ​ត្រូវ​អត់​ដឹង​ខ្លួន​ឬ​យ៉ាង​ម៉េច​ទេ ព្រោះ​ខ្ញុំ​ទៅ​ម្ដង​ៗ ស្រឺតៗ ៗ អ៊ីចឹង​ទៅ បាន​មីង​ៗ បង​ៗ ប្អូន​ៗ នៅ​ជិត​ហ្នឹង កោសខ្យល់​ឱ្យ»

ក្រុម​ពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​នានា ដូចជា​ខេត្ត​ត្បូង​ឃ្មុំ ស្វាយរៀង ព្រៃវែង កោះកុង ព្រះសីហនុ និង​ខេត្ត​កណ្ដាល បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ក្រសួង​មហាផ្ទៃ​តាំង​ពី​ថ្ងៃ​ទី​១៩​ឧសភា ខណៈ​យប់​ឡើង ពួកគាត់​នាំគ្នា​ទៅ​សម្រាក​នៅ​ក្នុង​វត្ត​សាមគ្ដីរង្សី ឬ​ហៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម នៅ​សង្កាត់​ស្ទឹងមានជ័យ។ ក្រុម​ពលរដ្ឋ​ទាំង​នោះ​អះអាង​ថា មូលហេតុ​ដែល​ពួក​គាត់​ចេញ​តវ៉ា​អស់​ជាច្រើន​ថ្ងៃ​មក​នេះ ដោយ​ចំណាយ​ទាំង​ថ្លៃ​ហូបចុក​និង​ការ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​នេះ ដោយសារ​ពួក​គាត់​ឈឺចាប់​ចំពោះ​ការ​ឃាត់ខ្លួន​និង​ការ​ចោទប្រកាន់​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ ឈ្មោះ ញិល ភាព និង​លោក ថាន់ ហាច ពី​បទ​ញុះញង់​និង​រួម​គំនិត​ក្បត់​។ ពលរដ្ឋ​ទាំង​នោះ​បញ្ជាក់​ថា អ្នក​ទាំង​បី គ្រាន់​តែ​ចុះ​ណែនាំ​វិធី​ធ្វើ​កសិកម្ម​និង​បង្រៀន​ពី​ការ​ប្រើប្រាស់​សិទ្ធិ​ផ្សេង​ៗ ទៅ​ដល់​ក្រុម​កសិករ​ប៉ុណ្ណោះ​។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​កណ្ដោល ឃុំ​កណ្ដោល ស្រុក​បទុមសាគរ ខេត្ត​កោះកុង​លោក ឈឹម សាផាន លើកឡើង​ដែរ​ថា ក្រុម​កងកម្លាំង​សមត្ថកិច្ច បាន​ពង្រាយ​នៅ​តាម​ផ្ទះ​របស់​ពលរដ្ឋ និង​ស្ទាក់​នៅ​តាម​ផ្លូវ ដើម្បី​រារាំង​មិន​ឱ្យ​ក្រុម​ពលរដ្ឋ​ផ្សេង​ទៀត ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​ការ​តវ៉ា​នេះ​។ ទោះជាយ៉ាងណាក៏ដោយ លោក​បន្ត​ថា ក្រុម​ពលរដ្ឋ​ជាច្រើន នៅ​តែ​ព្យាយាម​លួច​មក​ភ្នំពេញ ដើម្បី​ផ្លាស់ប្ដូរ​គ្នា ឱ្យ​អ្នក​កំពុង​តវ៉ា​ត្រឡប់​ទៅ​ផ្ទះ​។

លោក​ថា​៖​«​អ៊ីចឹង​ផែនការ​យើង​ធ្វើ​ដូច​ភ្លៀង​រលឹម យើង​អត់​ដក​(​ឈប់​តវ៉ា​)​។ ទី​១ យើង​រៃ​លុយ​គ្នា​ខ្លួន​ឯង ព្រោះ​យើង​ឃើញ​ថា លោក ថេង សាវឿន អត់​ដែល​បង្ហាត់​បង្រៀន​សហគមន៍​ឱ្យ​ធ្វើ​បដិវត្តន៍​កសិករ​ម៉េច អត់​យល់​ពាក្យ​ហ្នឹង អត់​សោះ​។ បង្ហាត់​បង្រៀន​តែ​ចេះ​ប្រើ​ជី​ធម្មជាតិ ក្នុង​ការ​ដាំ​ដំណាំ ហើយ​ចែក​ពូជ​មាន់​ដល់​កសិករ​»​។

ចំណែក​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​រស្មី​សាមគ្គី ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ លោកស្រី មុំ សុភី បាន​លើកឡើង​ដែរ​ថា ក្រុម​លោកស្រី​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤​ឧសភា ហើយ​ត្រូវ​ក្រុម​សមត្ថកិច្ច​ស្រុក ខល​ទៅ​គំរាម​ចាប់​ដាក់​ពន្ធនាគារ ប្រសិន​បើ​ហ៊ាន​ត្រឡប់​មក​តវ៉ា​នៅ​ភ្នំពេញ​ដើម្បី​ឱ្យ​ដោះលែង​លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់​ទៀត​។

លោកស្រី​ថា​៖​«​នៅ​ខាង​ខ្ញុំ ទៅ​និង​មក​វិញ​មួយ​ឡាន ព្រោះ​អី ពួក​ខ្ញុំ​អត់​បាន​ត្រៀម​លក្ខណៈ​ទៅ​ដេក អ្នក​ខ្លះ​ក៏​យក​សំលៀកបំពាក់ អ្នក​ខ្លះ​ក៏​អត់ ពួក​គាត់​ត្រឡប់​មក​វិញ ហើយ​ពួក​គាត់​បាន​ពិភាក្សា​គ្នា​ហើយ​ថា ឱ្យ​នាំ​ពលរដ្ឋ​ហ្នឹង​ទៅ​ឱ្យ​ច្រើន​វិញ ព្រោះ​ខ្ញុំ​ទៅ​តែ​មួយ​ឡាន ចង់​ទៅ​៣​ទៅ​៤​ឡាន​ទៅ​ម្ដង​ទៀត ហើយ​ពួក​ខ្ញុំ​នឹង​ដេក​នៅ​ណុង​លែង​មក​វិញ​»​។

ជុំវិញ​ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី​២៥​ឧសភា​។

លោក ថេង សាវឿន លោក ញិល ភាព និង​លោក ថាន់ ហាច កំពុង​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​រតនគីរី បន្ទាប់​ពី​តុលាការ​សម្រេច​ចោទប្រកាន់​អ្នក​ទាំង​៣ ពី​បទ​ញុះញង់​និង​រួម​គំនិត​ក្បត់​កាល​ពី​ថ្ងៃ​ទី​២២​ឧសភា ដែល​បទ​ចោទប្រកាន់​នេះ អាច​ប្រឈម​ជាប់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​។

ទោះជាយ៉ាងណាក៏ដោយ កាល​ពី​ថ្ងៃ​ទី​២៤​ឧសភា សហគមន៍​មាន​ទំនាស់​ដីធ្លី​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦១​ផ្សេង​គ្នា បាន​សេចក្ដី​ថ្លែងការណ៍​រួម​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទាំង​៣​ជា​បន្ទាន់ ដោយ​ចាត់​ទុក​ការ​ចោទប្រកាន់​នោះ គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើកឡើង​ថា ក្រុម​ពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​នេះ ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​មួយ​ទៅ​ដល់​អ្នក​ដែល​ធ្លាប់​ជួយ​បង្រៀន​ពួកគាត់​ពី​វិស័យ​កសិកម្ម​។ លោក​បន្ត​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចោទប្រកាន់​លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ ជា​ការ​គំរាមកំហែង​មួយ​ទៅ​ដល់​អ្នក​ធ្វើ​ការងារ​ពាក់ព័ន្ធ​ផ្នែក​សិទ្ធិមនុស្ស​ផ្សេង​ទៀត។

លោក​ថា​៖​«​ការ​ចាប់​ខ្លួន​និង​ការ​ចោទប្រកាន់​ពួកគាត់ ក៏​វា​ជា​សារ​មួយ ដែល​ផ្ញើ​ទៅ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត មាន​ន័យ​ថា ជា​សារ​មួយ​ដែល​បំភិតបំភ័យ ដែល​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​ទៅ​លើ​សេរីភាព ក្នុង​ការ​បង្កើន​នូវ​សកម្មភាព​ស្របច្បាប់​របស់​អង្គការ​មួយ​ៗ​»​

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថ្នាក់​ដឹកនាំ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​ដែរ​។ អង្គការ​អន្តរជាតិ​ចាត់​ទុក​ការ​ចោទប្រកាន់​នោះ មាន​ចរិត​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles