ដោយ ទីន ហ្សាការីយ៉ា
2023.06.02
RFA

ពលរដ្ឋរស់នៅតំបន់បឹងតាមោក ខណ្ឌព្រែកព្នៅ នាំគ្នាតវ៉ាប្រឆាំងនឹងអាជ្ញាធរ នាពេលកន្លងទៅ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រជាពលរដ្ឋជម្លោះដីធ្លីនៅក្បែរតំបន់បឹងតាមោក ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បារម្ភពីសុវត្ថិភាពដោយសារអាជ្ញាធរខណ្ឌនេះតាមឃ្លាំមើលពួកគាត់គ្រប់ទីកន្លែង បន្ទាប់ពីពួកគាត់តវ៉ាទាមទារមិនឱ្យអាជ្ញាធររុះរើស្ពានសហគមន៍។ ពលរដ្ឋទាំងនេះចាត់ទុកទង្វើរបស់អាជ្ញាធរទាំងនេះគឺជាការគំរាមកំហែង រឹតត្បិតសេរីភាព និងជាគំរូអាក្រក់នៅក្នុងសង្គមប្រជាធិបតេយ្យ។
ប្រជាពលរដ្ឋរស់នៅក្បែរបឹងតាមោកលើកឡើងថា ការណ៍ដែលអាជ្ញាធរខណ្ឌព្រែកព្នៅតាមដានពួកគាត់ជាបន្តបន្ទាប់នេះ គឺបង្ហាញពីការរំលោភសិទ្ធិមនុស្ស និងមិនគោរពសិទ្ធិសេរីភាពបញ្ចេញមតិ។
ពលរដ្ឋរស់នៅក្បែរបឹងតាមោក លោកស្រី ហេង ស៊ីលាភ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០១ មិថុនា ថា លោកស្រីខកចិត្តចំពោះអាជ្ញាធរខណ្ឌព្រែកព្នៅ ដែលតែងគំរាមកំហែងលើពលរដ្ឋគ្រប់រូបភាពដោយគ្រាន់តែពួកគាត់ប្រើសិទ្ធិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីទាមទាររកយុត្តិធម៌តែប៉ុណ្ណោះ។ លោកស្រីបន្តថា លោកស្រីមិនបានធ្វើផ្ទុយពីច្បាប់នោះទេ ប៉ុន្តែក្រុមអាជ្ញាធរទាំងនោះមានទាំងស្លៀកពាក់ឯកសណ្ឋាន និងស្លៀកពាក់ស៊ីវិលតាមថតរូបពលរដ្ឋ ព្រមទាំងអង្គុយយាមពលរដ្ឋរាល់ថ្ងៃដោយមិនឱ្យចេញទៅណា។
លោកស្រី ហេង ស៊ីលាភ៖ «ខ្ញុំទាមទារដើម្បីជម្រករស់នៅប្រឹងរកលុយរកកាក់ដើម្បីចិញ្ចឹមកូនខ្ញុំមានកូនដល់ទៅ៥នាក់ រាល់ថ្ងៃជីវភាពខ្វះខាតខ្លាំងជំពាក់ធានាឡើង២ម៉ឺនដុល្លារដល់ហើយរកប្រាក់ខែកូនប្ដីមកបានកូនម្នាក់គាត់ធ្វើការហើយប្រាក់ខែប្ដីមកទុកគ្រាន់បង់ធនាគារខ្ញុំកាត់ដេរតិចតួចនៅផ្ទះហ្នឹងដើម្បីរកចំណូលហូបកូនរៀនទឹកភ្លើងឈឺជាលើខ្ញុំម្នាក់គត់»។
ស្រដៀងគ្នានេះដែរ តំណាងពលរដ្ឋបឹងតាមោកម្នាក់ទៀត លោកស្រី ប្រាក់ សុភា ថ្លែងថា លោកស្រីបារម្ភពីសុវត្ថិភាពដោយសារតែ អាជ្ញាធរតែងមកយាមនៅមុខផ្ទះលោកស្រីរាល់ថ្ងៃ សូម្បីតែលោកស្រីដើរហាត់ប្រាណនៅក្រោយផ្ទះក៏មិនបានដែរ ។ លោកស្រីបន្តថា ពលរដ្ឋរស់នៅបឹងតាមោកមិនមែនជាឧក្រិដ្ឋជនទេ ដូច្នេះអាជ្ញាធរគួរតែយកពេលវេលាបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាសមត្ថកិច្ចបម្រើរាស្ត្រឱ្យបានល្អ ជាជាងមកការពារសម្បត្តិឱ្យក្រុមហ៊ុនឯកជន។
លោកស្រី ប្រាក់ សុភា៖ «មីងសូមឱ្យពួកគាត់កុំឱ្យពេលវេលាខ្ជីខ្ជាមកតាមឃ្លាំមើលពួកមីងប្រសិនជាពួកមីងត្រូវធ្វើ មីងនៅតែធ្វើអ៊ីចឹងព្រោះអីមីងចង់ថា សិទ្ធិទាមទារលំនៅឋានសមរម្យ សិទ្ធិរស់រានមានជីវិត តើខុសដែរមែន? ហើយការជួបជុំប្រជាពលរដ្ឋដោយដៃទទេស្រែកសុំសិទ្ធិរស់នៅសោះតើខុសដែរមែន? អ៊ីចឹងពួកយើងគ្រាន់តែការពារលំនៅឋានពួកយើងតើវាខុសទៀតអត់»?។
ក្ដីបារម្ភនេះរបស់ពលរដ្ឋនេះគឺបន្ទាប់ពួកគាត់តវ៉ាទាមទារមិនឱ្យអាជ្ញាធររុះរើស្ពានដែលបានសាងសង់ទុកគ្រាន់ឆ្លងទៅបេះឈូក រាវខ្យង និងទាមទារឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិដើម្បីពួកគេរស់នៅលើដីបឹងតាមោកដោយស្របច្បាប់ និងអាចរកប្រាក់ផ្គត់ផ្គង់ជីវភាព។ ប៉ុន្តែអាជ្ញាធរបែរជាចោទប្រកាន់ពួកគេថា ធ្វើស្ពានលើដីរដ្ឋទៅវិញ និងបានប្រើហិង្សារុញទាត់ធាក់ស្ត្រីក្នុងសហគមន៍ជាច្រើននាក់ទៀតផង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខណ្ឌព្រែកព្នៅ លោក ឃឹម សំអាន និងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីសុំអធិប្បាយបានទេនៅថ្ងៃទី០១ មិថុនា។
ជុំវិញរឿងនេះនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADO) លោក អំ សំអាត យល់ឃើញថា ការគំរាមកំហែងនេះគឺជារូបភាពអាក្រក់ និងជាការបំភិតបំភ័យដែលប៉ះពាល់ស្មារតីរបស់ប្រជាពលរដ្ឋពីព្រោះ ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការដើរហើរ និងសំដែងមតិនៅពេលពួកគាត់ជួបអំពើអយុត្តិធម៌។ លោកបន្តថា អាជ្ញាធរគួរតែពិចារណាឡើងវិញចំពោះការធ្វើទុក្ខបុកម្នេញលើពលរដ្ឋស្លូតត្រង់ និងបើកលំហសិទ្ធិសេរីភាពដើម្បីឱ្យពលរដ្ឋចូលរួមអភិវឌ្ឍន៍សង្គម។
លោក អំ សំអាត៖ «ខ្ញុំយល់ថានៅក្នុងប្រទេសប្រជាធិបតេយ្យទង្វើទាំងអស់នេះវាមិនគួរកើតមានឡើងទេ សម្រាប់អាជ្ញាធរទៅលើពលរដ្ឋ រឿងអ្វីក៏ដោយវាត្រូវតែមានដំណោះស្រាយដោយសមស្រប ហើយវាត្រូវតែមានមធ្យោបាយក្នុងការដោះស្រាយជាជាងការដែលបំភិតបំភ័យប្រជាពលរដ្ឋ»។
បឹងតាមោកគឺជាបឹងមួយ ដែលនៅសេសសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញមានទំហំជាង ៣ពាន់ហិកតារ (៣.២៣៩) និងជាបឹងដែលពលរដ្ឋអាចអាស្រ័យផលបានពេលនេះប្រែក្លាយជាកន្លែងសម្រាប់សាងសង់ខុនដូ វីឡា និងផ្ទះល្វែងរបស់អ្នកមានអំណាចទៅវិញ។ ក្រៅពីនេះរដ្ឋាភិបាល លោក ហ៊ុន សែន បានបន្តកាត់ឆ្វៀល និងដោះដូរ ទៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងមនុស្សមួយក្រុម ដែលជាអ្នកមានលុយមានអំណាចជាពិសេសក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ចំណែកពលរដ្ឋរស់នៅអាស្រ័យផលលើដីតំបន់បឹងតាមោករាប់សិបឆ្នាំ ប្រឈមនឹងការបណ្ដេញចេញដោយសារពួកគេមិនព្រមទទួលយកដីដោះដូរដែលមិនអាចអាស្រ័យផលបាន។
ទោះបីជាបែបនេះក្ដីក៏ពលរដ្ឋរស់នៅក្បែរបឹងតាមោកប្ដេជ្ញាថា បន្តការទាមទារឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីជូនពួកគាត់ដើម្បីអាចឱ្យពលរដ្ឋរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ និងរកប្រាក់ដោះស្រាយជីវភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។