អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ថា លោក ហ៊ុន សែន កំពុង​កើត​រោគ​ភ័យខ្លាច​ស្រមោល លោក សម រង្ស៊ី

ដោយ សេក បណ្ឌិត
2023.06.02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ថា លោក ហ៊ុន សែន កំពុង​កើត​រោគ​ភ័យខ្លាច​ស្រមោល លោក សម រង្ស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស​សង្គ្រោះជាតិ។ Photo Courtesy


អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​ចាប់អារម្មណ៍​ផ្តោត​លើ​ដំណើរ​ទស្សនកិច្ច​របស់​របស់​លោក សម រង្ស៊ី និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ស្និទ្ធ​នឹង​លោក​បាន​មក​ដល់​ទឹកដី​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី ជាពិសេស​ចុងក្រោយ​នេះ ក្រុម​លោក សម រង្ស៊ី បាន​មកដល់​ប្រទេស​ម៉ាឡេស៊ី ដែល​ស្ថិត​នៅ​កៀក​នឹង​កម្ពុជា​មែន​ទែន។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​បញ្ចេញ​ទស្សនៈ​យល់​ឃើញ​ថា លោក ហ៊ុន សែន កំពុង​កើតរោគ​ភ័យខ្លាច​ស្រមោល​លោក សម រង្ស៊ី។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​ចែក​រម្លែក ឬ​share នូវ​ព័ត៌មាន​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​របស់​លោក សម រង្ស៊ី នៅ​ម៉ាឡេស៊ី។

ជាមួយ​គ្នា​នេះ​ពួកគាត់​ហាក់​មាន​ក្តី​សង្ឃឹម​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ថា លោក សម រង្ស៊ី អាច​មាន​លទ្ធភាព​ប្រើ​ជំនាញ​ការទូត​របស់​លោក​ក្នុង​ការ​ត្រួសត្រាយ​បើកផ្លូវ​ប្រជាធិបតេយ្យ​ឡើង​វិញ​សម្រាប់​កម្ពុជា ខណៈ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​បាន​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី ហើយ​មេដឹកនាំ​ទាំងនោះ​ជា​បុគ្គល​និយម​ប្រជាធិបតេយ្យ​ដូច​លោក​ដែរ។


ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ ដែល​ដាក់​ឈ្មោះ​ថា ស្រឡាញ់​នយោបាយ ទ្បូយ​ប្រាំបួន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គាត់​ថា៖ «ពួកគាត់​ទៅដល់​ប្រទេស​ម៉ាឡេស៊ី ដោយមាន​បងប្អូន​ខ្មែរ​អ៊ីស្លាម​ទៅ​ទទួល​យ៉ាង​កក់ក្តៅ​។ បើ ហ៊ុន សែន នៅ​មិន​ក្លាហាន​បើក​ឱ្យ​ភ្លើងទៀន​ចូល​ប្រកួត​ទេ នាង​ខ្ញុំ​សង្ឃឹមថា​លោក​ប្រធាន​ស្តីទី​សមរង្ស៊ី​នឹង​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​ទាមទារ​ដោយ​អហិង្សា​យក​លទ្ធិ​ប្រជាធិបតេយ្យ​សេរីភាព និង​អំណាច​ជូន​ពលរដ្ឋ​ខ្មែរ​វិញ ឱ្យ​បាន​មុននឹង​កៀក​ថ្ងៃ​បោះឆ្នោត​ក្លែងក្លាយ​មក​ដល់​ដែល​នឹង​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃ​២៣ កក្កដា ២០២៣ ខាងមុខ ដោយសារ​គ​.​ជ​.​ប​និង​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បំបាត់​បេក្ខភាព​បក្ស​ប្រឆាំង​ដ៏​ធំ​តែមួយគត់​នៅ​កម្ពុជា គឺ​បក្ស​ភ្លើងទៀន​ព្រោះ​ខ្លាច​ចាញ់ឆ្នោត។ សូម​ពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គ្នា​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​ទទួល​បាន​ប្រទេស​មួយ​ដែល​មាន​ការបោះឆ្នោត​ដោយ​សំងាត់ សេរី ត្រឹម​ត្រឹមត្រូវ​ពិត​ប្រាកដ។ សូម​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ដែល​ជា​ជនរួមជាតិ រួម​ឈាម រួម​ទឹកដី រួម​ផ្ទៃ​មាតា សាច់ញាតិ បង ប្អូន ក្មួយ ចៅ ចៅទួត​របស់​យើង។ នាង​ខ្ញុំ​សូម​បួងសួង​ដល់​វិញ្ញាណ​បុព្វបុរស​ខ្មែរ​និង​វត្ថុ​សក្ក​សិទ្ធ​ក្នុង​លោក​ទាំងអស់​ជួយ​ឱ្យ​កម្ពុជា​យើង​បាន​រួច​ពី​ការដឹកនាំ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន និង​ពលរដ្ឋ​រួច​ផុត​ពី​ទុក្ខ​ភ័យ​ទាំងពួង»។

ដោយឡែក ម្ចាស់​គណនី​ហ្វេសប៊ុ​ក​មួយទៀត​ដែល​ដាក់​ឈ្មោះថា Mono Tep គាត់​ក៏បាន​សរសេរ​ទាក់ទង​នឹង​រឿង​នេះ​ដែរ​ថា​៖ «លោក សម រង្ស៊ី ទៅ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី ដោយ​មាន​ភ្នាក់ងារ​មន្ត្រី​ការពារ​ជាតិ ប្រទេស​ម៉ាឡេស៊ី​មក​ការពារ​សុវត្ថិភាព​លោក​ក្នុង​ព្រលាន​យន្តហោះ​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ប្រទេស​ម៉ាឡេស៊ី។ បន្ទាប់មក​លោក សម រង្ស៊ី ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ម៉ាឡេស៊ី នៅក្នុង​រដ្ឋសភា​ប្រទេស​ម៉ាឡេស៊ី។

ចំណែក ព័ត៌មាន​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បណ្តេញ​លោក សម រង្ស៊ី និង​ប្រតិភូ​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​នោះ មិន​ពិត​ទេ ហ៊ុន សែន ផ្សាយ​ព័ត៌មាន​ភូតភរ​បោកប្រាស់ ប្រជាពលរដ្ឋ​ខ្មែរ​សុទ្ធសាធ។

រួច​ពី​ការងារ​ជាមួយ​ប្រតិភូ​អម​ដំណើរ​ដើរ​កម្សាន្ត ក្នុង​ទីក្រុង​កូឡាឡាំពួរ និង​ជាមួយ​បងប្អូន​ខ្មែរឥស្លាម ដែល​រស់​នៅ ប្រទេស​ម៉ាឡេស៊ី។

លោក សម រង្ស៊ី និង​គណៈប្រតិភូ បាន​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​២៩ ឧសភា និង​បាន​ជួប​តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​មួយចំនួន ជជែក​អំពី​បញ្ហា​លំហ​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​របប​លោក ហ៊ុន សែន កំពុងតែ​បំផ្លាញ​ចោល ថ្វី​ត្បិត​មន្ត្រី​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ព្យាយាម​ទៅ​រារាំង និង​សុំ​ឲ្យ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី កុំ​ឱ្យ​លោក សម រង្ស៊ី បន្ត​នៅ​ម៉ាឡេស៊ី​យ៉ាងណាក្ដី។

ក្រុម​អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ​លើកឡើង​ថា លោក សម រង្ស៊ី បាន​ទៅ​ជាន់​ទឹកដី​ម៉ាឡេស៊ី​ជាថ្មី​ទៀត ក្រោយពី​របប​លោក ហ៊ុន សែន រារាំង​មិន​ឲ្យ​លោក​វិល​ទៅ​កម្ពុជា​កាលពី​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩ នោះ ប្រៀប​ដូចជា​បាន​ទះកំផ្លៀង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច្នោះ​ដែរ។

ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ នៅ​ក្រោយ​ពេល​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អួតអាង ក្រោយពី​លោក​បាន​ជួប​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពី​ខែមីនា​ឆ្នាំ​២០២៣​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម មិន​ឲ្យ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ជាន់​ទឹកដី ឬ​ប្រើប្រាស់​ទឹកដី​ម៉ាឡេស៊ី ដើម្បី​ធ្វើ​នយោបាយ​ប្រឆាំង​នឹង​រូបលោក​ឡើយ។

ម្ចាស់​គណនី​​ហ្វេសប៊ុក​ផ្សេង​ទៀត ដែល​ដាក់​ឈ្មោះ​ថា ខ្មែរ​ហ្វ័រខ្មែរ ( Khmer Fourkhmer) បញ្ចេញ​ទស្សនៈ​បែប​ទំនង​ចំអក​ឲ្យ​លោក ហ៊ុន សែន ថា​៖ មក​ក្បែរ សោះ ភ័យ​ដល់​ម្លឹង ភ័យ​ខ្លាំង​រហូត​ដល់​ឮ​តែ​ឈ្មោះ ចង់​ប្រកាច់ ដាច់​ខ្យល់​….!!

រីឯ​ម្ចាស់​គណនី​យ​ហ្វេសប៊ុក​ផ្សេងទៀត​ដាក់​ឈ្មោះថា​៖ បង ពេ​ជ្យ (Bong Pich) ក៏​បាន​សរសេរ​សារ​ចំអក លោក ហ៊ុន សែន​ដែរ​ថា​៖ ចង់​ចាប់​គេ ម៉េច​ក៏ មិន​ឱ្យ​គេ​ចូល​ស្រុក​ទៅ ហើយ​ចាប់​ទៅ​ឆ្ងល់​ដែរ​តើ​…?

ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សុខ រី បាន​សរសេរ​ដាក់​ជា​ចម្ងល់​ដែរ​ថា​៖ ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប មាន​ចម្ងល់​យ៉ាង​ខ្លាំង​ថា ហេតុអ្វី​បានជា​សម្ដេច​ខ្លាច​លោក សម រង្ស៊ី ម្ល៉េះ បើ​លោក សម រង្ស៊ី មក​មិន​ស្រួល ? ព្រោះ​សម្តេច​ចង់​ចាប់​ដាក់គុក​ផង​ចាំបាច់​រារាំង​ធ្វើ​អី​..? ។

ដោយឡែក ម្ចាស់​គណនី​ហ្វេសប៊ុ​ក ឈ្មោះ សុ​វណ្ណា​(Sovan Na) មើល​ឃើញ​ថា លោក ហ៊ុន សែន សព្វថ្ងៃ​កំពុង​កើតរោគ​ភ័យខ្លាច​ស្រមោល​លោក សម រង្ស៊ី​….។

ចំណែក ឯ​ម្ចាស់​គណនី​ហ្វេសប៊ុ​ក ឈ្មោះ សុខ មករា វិញ យល់ថា​៖ «រដ្ឋាភិបាល​ឯក​បក្ស ភ័យ អី ភ័យ​យ៉ាងនេះ ប្រហែល​ដើរ​ជិត​ដល់​មាត់ជ្រោះ​ហើយ​…!!»

ដោយឡែក ម្ចាស់​គណនី​ហ្វេសប៊ុក ដាក់​ឈ្មោះ ជា​ភាសា​ថៃ ថា ប្រជាជន​កម្ពុជា​(ประชาชน กัมพูชา) សរសេរ​ថា​៖ «ហ៊ុន សែន ស្អប់ លោក​ប្រធាន សម រង្ស៊ី ព្រោះ​លោក សម រង្ស៊ី បាន​បង្ហាញ​ថា គាត់​ជា​ឃាតក​សម្លាប់​ខ្មែរ»។

ស្របពេល​ម៉ាឡេស៊ី​នៅតែ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី ប៉ុន្តែ​លោក ហ៊ុន សែន នៅតែ​សង្ឃឹមថា ប្រទេស​ថៃ​ដែល​នឹង​មាន​រដ្ឋាភិបាល​ថ្មី កើត​ចេញ​ពី​ការបោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ នឹង​មិន​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ចូល​ទឹកដី​របស់​ខ្លួន ដូចជា​ម៉ាឡេស៊ី​ឡើយ​។ លោក ហ៊ុន សែន ព្រមាន​ជាមុន​ថា លោក​នឹង​ឱ្យ​គេ​ប្រើ​កាំភ្លើង​ធំ​ឬ​គ្រាប់​បេ ប៊ី​.​អឹម​២១ ដើម្បី​បាញ់​កម្ទេច ប្រសិនបើ​លោក សម រង្ស៊ី ដឹកនាំ​ក្រុម​អ្នកគាំទ្រ​ឆ្លងដែន​ប្រទេស​ថៃ ដើម្បី​វិល​ចូល​កម្ពុជា​វិញ។

ឆ្លើយតប​នឹង​ការ​គំរាម​បែបនេះ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​(​វ៉ាន់ឌី វ៉ាន់ដា​ហ្គា​) សរសេរ​សារ ហាក់​ចង់​ឌឺដង​ឲ្យ​លោក ហ៊ុន សែន ថា​៖ «សម្តេច​គាត់​និយាយ​លេង​ទេ គាត់​មិន​ហ៊ាន​បាញ់​បេ​អី​ទេ​…!!»។

ប៉ុន្តែ លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា តែ​ថា គឺ​ធ្វើ​ហើយ​…!!

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយទៀត ដែល​ដាក់​ឈ្មោះថា​៖ ប៉ាវ ជុំ (Pao Chum ) បញ្ចេញ​ទស្សនៈ​ដោយ​ក្តី​សង្ឃឹមថា​៖ សម រង្សី មក​តាម​ថែ​ពលករ​ចំណាកស្រុក លោក រ៉ុង ឈុន រួម​ជាមួយ​ខ្មែរ​ក្នុង​ស្រុក នៅ​ថ្ងៃ​តែ​មួយ​ច្បាស់​ជា​ផ្អើល​ដល់​ពិភពលោក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles