កម្ពុជា-សង្គម
03/06/2023 – 09:09
ដោយ៖ សាំ ឧត្តម
RFI
លោក ហ៊ុន សែន ព្រមានរំលាយចោលអង្គការក្រៅរដ្ឋាភិបាលណា ដែលទទួលលុយពីបរទេស ហើយមិនរាយការណ៍នូវរបាយការណ៍ហិរញ្ញវត្ថុមករដ្ឋាភិបាល។ លោកបានលើកយកករណីផ្តល់លុយទៅឲ្យធ្វើបាតុកម្មក្នុងវិវាទការងារបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ បើតាមលោកនាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជានឹងបន្តប្រកាន់ជំហរមិនងាករេ ចំពោះការត្រួតពិនិត្យអំពីប្រភពលុយរបស់អង្គការសង្គមស៊ីវិលទាំងអស់ ខណៈលោកក៏បានផ្តាំទៅតំណាងពិសេសសិទ្ធិមនុស្ស UNនៅកម្ពុជាឱ្យ ក្រឡេកមើលបញ្ហាសិទ្ធិមនុស្សនៅប្រទេសខ្លួនមុនសិន ចាំមកពិនិត្យនៅកម្ពុជា។

តំណាងពិសេសសិទ្ធិមនុស្ស UN និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ © Internet
នៅចំពោះមុខកម្មករនយោជិតរាប់រយនាក់ ក្នុងសួនឧស្សាហកម្មខេមតុន ក្នុងខេត្តកណ្តាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្រើនរំឭកឱ្យអង្គការក្រៅរដ្ឋាភិបាលប្រុងប្រយ័ត្នចំពោះការផ្តល់លុយរបស់បរទេសទៅឱ្យក្រុមកូដករ ពីព្រោះលោក នឹងមិនលុបចោល សេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីអង្គការក្រៅរដ្ឋាភិបាល លើការត្រួតពិនិត្យ នូវរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគម អង្គការក្រៅរដ្ឋាភិបាលដែលមានវត្តមាននៅកម្ពុជានោះទេ។
លោក ហ៊ុន សែន ព្រមានរំលាយចោលតែម្តង ចំពោះអង្គការក្រៅរដ្ឋាភិបាលណាដែលមិនរាយការណ៍អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនមកកាន់រដ្ឋាភិបាលនោះទេ ដោយលោកអះអាងថាអង្គការខ្លះ កំពុងទទួលបានលុយពីបរទេស ដើម្បីបំផ្លាញ់ផលប្រយោជន៍កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ក៏ស្នើឱ្យប្រទេសលោកសេរី ដែលជានិច្ចកាលលោកប្រើភាសាការទូតថា មិត្តបរទេស ឱ្យដកខ្លួនចេញពី បញ្ហាវិវាទការងាររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍តាមរយៈការឈប់ផ្តល់កញ្ចប់ថវិកាតាមអង្គការក្រៅរដ្ឋាភិបាល។
ការព្រមានបែបនេះ លោក ហ៊ុន សែនអះអាងថា ដោយសារតែលោកព្រួយបារម្ភ ចំពោះអំពើភារវកម្មដែលមិនអាចដឹងមុន ពិសេសដោយសារ ស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ធ្វើឱ្យលោកត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែម ខណៈលោកមិនទុកចិត្តប្រទេសមួយចំនួនស្រាប់ផង។
ដោយឡែក នៅចំពោះមុខបញ្ហាសិទ្ធិមនុស្សវិញ លោក ហ៊ុន សែន ផ្តាំឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាដែលជាជនជាតិថៃ លោក វីទិត មុនថាបន (Vitit Muntarbhorn) គួរក្រឡេកមើលស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅប្រទេសរបស់ខ្លួន ជាជាងនិយាយពីកម្ពុជា ដោយផ្នែកតាមរបាយការណ៍របស់អង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។
បើតាម លោក ហ៊ុន សែន លោកមិនបានបង្អាប់អ្វីចំពោះរដ្ឋាភិបាលថៃឡើយ។ ប៉ុន្តែលោកចង់ឱ្យអ្នករាយការណ៍ពិសេសដែលជាជនជាតិថៃរូបនេះ រាយការណ៍អ្វីដែលពិតប៉ុណ្ណោះ។
ការចេញមករិះគន់អ្នករាយការណ៍ពិសេសរបស់ UN ធ្វើឡើងបន្ទាប់ពីអ្នករាយការណ៍ពិសេសរូបនេះបានចេញរបាយការណ៍វាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្ស និងលិទ្ធប្រជាធិបតេយ្យនៅកម្ពុជាថា កំពុងដើរថយក្រោយ ហើយបានបង្កផលប៉ះពាល់ដល់សិទ្ធិសម្រេចរបស់ពលរដ្ឋ នៅក្នុងកិច្ចការនយោបាយ ពិសេសទាក់ទិននឹងការចាប់ខ្លួនសកម្មជនបក្សប្រឆាំង និងបញ្ហារបស់កូដករណាហ្គាវើលដ៍ជាដើម៕