សកម្មជន​ព្រួយ​បារម្ភ​ថា ក្រុមហ៊ុន​មួយ​អាច​នឹង​កាប់​ឈើ​ក្នុង​ព្រៃឡង់​ដើម្បី​បោះ​បង្គោល​ភ្លើង

ដោយ នៅ វណ្ណារិន
2023.06.03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​ព្រួយ​បារម្ភ​ថា ក្រុមហ៊ុន​មួយ​អាច​នឹង​កាប់​ឈើ​ក្នុង​ព្រៃឡង់​ដើម្បី​បោះ​បង្គោល​ភ្លើង

លោក​ ហឿន​ សុភាព​ ថតក្រោយពីចប់កម្មវិធីជួបជុំសមាជិកបណ្ដាញព្រៃឡង់ នៅក្នុងព្រៃសហគមន៍ក្បាលខ្លា​ ស្ថិតក្នុងឃុំ​សណ្ដាន់​ ស្រុកសណ្ដាន់​ ខេត្តកំពង់ធំ នៅថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២២។ រូប៖ ពីលោក​ អូត​ ឡាទីន មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN)


ប្រជា​សហគមន៍ និង​សកម្មជន​បរិស្ថាន​ព្រួយ​បារម្ភ​ករណី​ក្រុមហ៊ុន ស្នេថេក ឯ.ក (SchneiTec Co.,Ltd) គ្រោង​បោះបង្គោល​ខ្សែភ្លើង​ឆ្លងកាត់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ដែល​អាច​ធ្វើ​ឲ្យ​ដើម​ឈើ​ធំៗ​នៅក្នុង​តំបន់​ព្រៃ​ឡង់​រាប់ពាន់​ដើម​បាត់បង់។ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់ ឬ​បញ្ចៀស​គម្រោង​នេះ កុំ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​អភិរក្ស។

បណ្ដាញ​សហគមន៍​ព្រៃឡង់ និង​សកម្មជន​បរិស្ថាន​ព្រួយបារម្ភ​បាត់បង់​ដើមឈើ​ធំៗ​នៅក្នុង​តំបន់​ព្រៃ​ឡង់ និង​មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​បន្ទាប់ពី​ក្រុមហ៊ុន ស្នេថក គ្រោង​សាងសង់​បង្គោល​ភ្លើង​អគ្គិសនី​ឆ្លង​កាត់​ដែន​ជម្រក​សត្វ​ព្រៃឡង់ ចាប់​ពី​ខេត្ត​ស្ទឹងត្រែង​ឆ្ពោះទៅ​ខេត្ត​កំពង់ធំ។

បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្តព្រះវិហារ​លោក ខេម សុឃី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២ ខែ​មិថុនា ថា ការ​អូស​ខ្សែភ្លើង និង​បោះបង្គោល​កាត់​តំបន់​ព្រៃឡង់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​តំបន់​ការពារ​មួយ​នេះ ដោយសារ​ក្រុមហ៊ុន​ត្រូវ​កាប់​ឆ្ការព្រៃ ដើម្បី​ធ្វើ​ផ្លូវ​សម្រាប់​បោះបង្គោល​ហើយ​គម្រោង​នេះ នឹង​ពុះ​ញែក​តំបន់​ព្រៃឡង់​ជា​ពីរ​ផ្នែក ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ក្រុម​ជនល្មើស​លួច​ចូល​ទៅ​កាប់ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់។ លោក​បន្ថែម​ថា អាជ្ញាធរ​ក៏ដូចជា​មន្ត្រី​ជំនាញ​គួរ​ចុះ​វាយ​តម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ និង​ផ្សព្វផ្សាយ​របាយការណ៍​ទាំងនោះ​ជា​សាធារណៈ។

លោក ខេម សុឃី៖ «បើសិនជា​យើង​មាន​ឆន្ទៈ​ក្នុង​ថែរក្សា​ព្រៃ​យើង​កុំ​ឲ្យ​មានការ​អូស​ខ្សែភ្លើង​កាប់ឆ្ការ​ឈើ​ដើម្បី​សង់​បង្គោល​ភ្លើង កាត់​តំបន់​ព្រៃឡង់​អី ព្រោះថា យើង​មិនមែន​អត់​កន្លែង​អូស​ខ្សែភ្លើង​ទេ​នៅ​តាម​ខេត្ត​ផ្សេងៗ​តាម​តំបន់​ភូមិឋាន​ដែល​ប្រជាពលរដ្ឋ​រស់នៅ»។

ស្រដៀង​គ្នា​នេះ​ដែរ បណ្ដាញ​សហគមន៍​ព្រៃឡង់​ម្នាក់​ទៀត នៅ​ខេត្ត​កំពង់ធំ គឺ​លោក ហឿន សុភាព បាន​ឲ្យ​ដឹង​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​អូស​ខ្សែភ្លើង​កាត់​តំបន់​ព្រៃ​ឡង់ ហើយ​សហគមន៍​របស់​លោក​ក៏​ធ្លាប់​លើក​ពី​កង្វល់​នេះ​ប្រាប់​ទៅ​ក្រសួង​បរិស្ថាន​រួច​ហើយ ប៉ុន្តែ​ពេល​នេះ​មិន​ទាន់​បាន​ទទួល​ចម្លើយ​នៅឡើយ​ទេ។ លោក​បន្ថែម​ថា គម្រោង​បោះបង្គោល​ខ្សែភ្លើង​នឹង​ដំណើរការ​យ៉ាង​រលូន ហើយ​ការ​កាប់​ឈើ និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​នឹង​កើត​ឡើង​យ៉ាង​អានាធិបតេយ្យ ប្រសិនបើ​អាជ្ញាធរ​ព្រងើយ​កន្តើយ​ដូច​សព្វថ្ងៃ​នេះ។

លោក ហឿន សុភាព៖ «ប៉ះពាល់​ដល់​និរន្តរភាព​ព្រៃឈើ ការបាត់បង់​កំណើន​កាន់តែ​កើនឡើង​ខ្លាំង​ទ្វេ​ជា​ពីរ​ជា​បី​ដងដោយ​សារ​ផ្លូវ​ស្រួល​ហើយ​ក្រុម​បទល្មើស​វា​ងាយស្រួល​ក្នុង​ការ​ឆ្លងកាត់​ដឹកជញ្ជូន​មាន​ហានិភ័យ​ខ្ពស់​ការ​កាប់​រាន​ដី​ព្រៃ​ការបង្កើត​ភូមិ​ក្រុម​អានាធិបតេយ្យ»។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក ជា វុទ្ធី បាន​នៅឡើយ​ទេ។ ចំណែក​នាយក​ក្រុមហ៊ុន ស្នេថេក លោក ហេង សុជាតិ ក៏​មិនអាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃទី​២ ខែ​មិថុនា។

កាលពី​ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស្នេថេក សាង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី និង​ត្រូវ​សាងសង់​បង្គោល​ខ្សែភ្លើង​ជាង​២០០​គីឡូម៉ែត្រ​ដែល​មាន​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ធ្យូង​ថ្ម​នៅ​ប្រទេស​ឡាវ​ត្រូវ​អូស​ខ្សែភ្លើង​ចូល​មក​កាន់​កម្ពុជា​ឆ្លងកាត់​ដែន​ជម្រកសត្វព្រៃ​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង និង​ខេត្តកំពង់ធំ។

សកម្មជន​បរិស្ថាន​ដែល​ចុះ​ស៊ើបអង្កេត​រឿង​នេះ​លោក អូត ឡាទីន លើកឡើង​ថា ការ​បោះបង្គោល​ភ្លើងអគ្គិសនី​នេះ​វា​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុម​ឈ្មួញ​រកស៊ី​ឈើ នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ និង​អ្នក​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ។ លោក​បន្ថែម​ថា នៅ​ពេល​ដែល​វត្តមាន​បង្គោល​ភ្លើង​ទាំងនេះ វា​ធ្វើ​ឲ្យ​មានការ​បាត់បង់​ព្រៃឈើ​ជា​កាន់តែ​ច្រើនឡើង ព្រោះ​សព្វថ្ងៃ​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ។

លោក អូត ឡាទីន៖ «វា​មាន​ហានិភ័យ​ខ្ពស់​ជាពិសេស​ចលនា​ការទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់​វា​អាច​មាន​ការ​រីក​រាលដាល​ធំ​ជាង​មុន ក៏​អាច​មាន​ច្រើនជាង​មុន ហើយ​បញ្ហា​នេះ​ប្រហែល​ជា​ពិបាក​ក្នុង​ការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព និង​មាន​គុណ​ភាព»។

បណ្ដាញ​សហគមន៍​ព្រៃឡង់ និង​សកម្មជន​បរិស្ថាន ស្នើ​ទៅ​រដ្ឋាភិបាល​គិត​ពិចារណា​ឡើង​វិញ ទៅ​លើ​គម្រោង​សាងសង់​បង្គោល​ភ្លើង​កាត់​តំបន់​ព្រៃឡង់ ព្រោះ​ពួកគេ​មើល​ឃើញ​ពី​ហានិភ័យ​ខ្ពស់​បណ្ដាល​ឲ្យ​មានការ​បាត់បង់​ព្រៃឈើ​នៅក្នុង​តំបន់​ការពារ ខណៈ​បច្ចុប្បន្ន​នេះ ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែល​ស្ថិត​នៅ​ជាប់​ខេត្ត​បួន គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង​ព្រះវិហារ និង​ខេត្តកំពង់ធំ កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំណាកស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles