ការកាប់ទន្ទ្រានព្រៃយកដី៖ លោក ហ៊ុន សែន បញ្ជាឲ្យបង្រ្កាបដោយមិនខ្លាចបាត់បង់សន្លឹកឆ្នោត

កម្ពុជា-សង្គម
06/06/2023 – 08:01
ដោយ៖ សេង​ បារាំង
RFI

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជាផ្ទាល់មាត់ឲ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវសហការចុះបង្ក្រាបទប់ស្កាត់បទល្មើសកាប់ទន្ទ្រានព្រៃឈើរំលោភយកដីរដ្ឋ ឬរំលោភយកដីអ្នកដទៃឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ទោះបីជិតដល់ពេលបោះឆ្នោតក៏ដោយ។ ការចេញបទបញ្ជានេះ ត្រូវបានអ្នកដែលធ្វើកិច្ចការងារបរិស្ថានសាទរផងដែរ។​ សាទរដោយសារការរកឃើញបទល្មើសការកាប់ព្រៃឈើរបស់ពួកគេកន្លងមក តែងត្រូវបានមន្រ្តីក្រសួង ក៏ដូចជាអាជ្ញាធរមូលដ្ឋានបដិសេធ ហើយបែរជាមកចោទប្រ​កាន់ពួកគេថាធ្វើកិច្ចការងារខុស​ច្បាប់ និងមានរបៀបវារៈនយោបាយទៅវិញ។

ថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2019 ភ្លើងឆេះតំបន់មួយនៅជាប់ព្រៃ Amazon តាមបណ្តោយផ្លូវ BR-163 ក្នុងទីក្រុង Itaiuba រដ្ឋ Para ប្រទេសប្រេស៊ីល។ AP – Leo Correa


នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី នាព្រឹកថ្ងៃទី៦ មិថុនានេះលោក ហ៊ុន សែន បានលើកឡើងថា ឲ្យតែជិតដល់ពេលបោះឆ្នោត គឺតែងតែកើតមានអំពើលួចកាប់ព្រៃឈើ ទន្ទ្រានយកដីរដ្ឋ។ សម្រាប់អាណត្តិនេះ លោក ហ៊ុន សែន ថាមិនត្រូវថ្នាក់ថ្នមដើម្បីការពារសន្លឹកឆ្នោតឡើយ ពោលគឺត្រូវការ​ពារធនធានធម្មជាតិ ព្រៃឈើ និងការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់​។

បើតាមលោក ហ៊ុន សែន ឲ្យតែដល់រដូវបោះឆ្នោតមកដល់​ គឺតែងតែមានការកាប់ទន្ទ្រានព្រៃ ការរំលោភយកដីរដ្ឋ ឬចាប់យកដីគេឯង ពីសំណាក់ជនខិលខូច ឱកាសនិយម ឬក្រុមអ្នកមានលុយមានអំណាច។ លោក ហ៊ុន សែន បញ្ជាក់ថា ករណីបទល្មើសព្រៃឈើនេះ ឥឡូវកាប់ច្រើននៅខេត្តពោធិ៍សាត់ ដែលរបា​យ​ការណ៍នេះ លោកទទួលបានពីអភិបាលខេត្ត។ ក្រៅពីនេះ ក៏មានខេត្តមួយចំនួនទៀតបានបញ្ជូនព័ត៌​មានមកថា មានក្រុមខ្លះកាប់ព្រៃយកដីជាដើម។

ករណីនេះលោក ហ៊ុន សែន បានបញ្ជាឲ្យក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអាជ្ញាធរដែនដីត្រូវសហការចុះបង្ក្រាបទប់ស្កាត់បទល្មើសកាប់ទន្ទ្រានព្រៃឈើ រំលោភយកដីរដ្ឋ ឬរំលោភយកដីអ្នកដទៃឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាព ទោះបីជិតដល់ពេលបោះឆ្នោតក៏ដោយ។ បើតាមលោក ហ៊ុន សែន អ្នកមានលុយ និងអ្នកមានអំណាចមួយចំនួន ក៏ចូលរួមប្រព្រឹត្តអំពើខុសច្បាប់ទាំងនេះដែរ ដោយពួកគេជួលមនុស្សឲ្យទៅកាប់ព្រៃយកដី រួចហើយយកឈ្មោះប្រជាជនទៅពាំង ដល់ពេលរដ្ឋាភិបាលធ្វើសម្ប​ទានដីឲ្យប្រជាជន បែរជាដីធ្លីទាំងនោះក្លាយជាកម្មសិទ្ធិរបស់ពួកអ្នកមានលុយទៅវិញ។

ចំពោះបទបញ្ជាលោក ហ៊ុន សែនខាងលើនេះ ត្រូវបានលោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវ​ជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជាសាទរផងដែរ។ លោក ហេង គឹមហុង បានគូសបញ្ជាក់ថា កន្លងមកក្រុមយុវជនបានរកឃើញបទល្មើសព្រៃឈើកើតមានជាបន្តបន្ទាប់ តែបែរជាមន្រ្តីក្រសួង និងអាជ្ញាធរមូលដ្ឋានបដិសេធថាគ្មានករណីនេះកើតឡើងទៅវិញ ហើយបែរជាមកចោទក្រុមយុវជនថាធ្វើការងារដោយខុសច្បាប់ និងមានរបៀបវារនយោបាយជាដើម។

ដូច្នេះបទបញ្ជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននេះ សបញ្ជាក់ឲ្យឃើញថាបទល្មើសព្រៃឈើនៅតែកើត​​​មានដូចអ្វីដែលក្រុមយុវជនរកឃើញកន្លមកមែន ហើយជាផ្នែកដើម្បីរំលឹកដល់មន្រ្តីថ្នាក់ក្រោមក្នុងការជំរុញការអនុវត្តច្បាប់បង្រ្កាបបទល្មើសព្រៃឈើ។ នេះបើតាមលោក ហេង គឹមហុង។

គួរជម្រាបថា ពាក់ព័ន្ធបទល្មើសព្រៃឈើនេះ លោក ហ៊ុន សែន នៅយប់ថ្ងៃទី៥ ខែមិថុនា ក៏បានចេញសារសំឡេងពិសេសមួយ ដោយបានដាក់បទបញ្ជាដល់ក្រសួងស្ថាប័ន អាជ្ញាធរដែនដី កម្លាំងសមត្ថកិច្ច ត្រូវសហការទប់ស្កាត់បង្ក្រាបរាល់បទល្មើសដែលពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃឈើ បំផ្លាញធនធានធម្មជាតិ រំលោភយកដីរដ្ឋ ឬដីអ្នកដទៃ ដោយគ្មានការលើកលែងចំពោះមន្ត្រីណាម្នាក់ ឬពលរដ្ឋណាម្នាក់នោះឡើយ៕

What Next?

Recent Articles